ឧក្រិដ្ឋជន ចេ​ន ហ្ស៊ី ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​ប្រទេស​ចិន

0
903
អតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន (ស្ដាំ) ជួបលោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្ដិភាព។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
អតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន (ស្ដាំ) ជួបលោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្ដិភាព។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) ស្ថាបនិកក្រុមហ៊ុនព្រីនស៍គ្រុប (Prince Group) និងជាទីប្រឹក្សារបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត រួមទាំងបុគ្គលពីរនាក់ទៀតឈ្មោះ ស៊ូ ជី លាង (Xu Ji Liang) និងឈ្មោះ សៅ ជី ហួយ (Shao Ji Hui) ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី០៦ ខែមករា ដើម្បីបញ្ជូនទៅប្រទេសចិន។

ក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសព័ត៌មាននៅយប់ថ្ងៃទី០៧ ខែមករាថា ការចាប់ផ្ដើមនេះ ធ្វើឡើងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងផ្នែកតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសចិន។

(ពីឆ្វេងទី៣) ​លោក ចេន ហ្សី (Chen Zhi) ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប (Prince Group) ជួបលោក ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ រួប​ហ្វេសប៊ុក លោក ហ៊ុន សែន

​សារព័ត៌មាន​ស៊ីស៊ីថាមស៍ (CC Times) ជា​ភាសា​ចិន​ ចុះផ្សាយ​នៅ​ថ្ងៃទី៧ មករា ថា លោក ចេន ហ្ស៊ី ត្រូវ​បាន​ចាប់​ខ្លួន​​នៅ​កម្ពុជា ហើយ​ធ្វើ​បត្យាប័ន​​បញ្ជូន​ទៅ​ប្រទេស​ចិន ដើម្បី​ស៊ើបអង្កេតបន្ត​នៅ​ថ្ងៃនេះ។

កាលពី​ខែតុលា ឆ្នាំ​២០២៥ តុលាការ​សហព័ន្ធ​របស់​អាមេរិក​បាន​ដាក់​ពាក្យ​បណ្តឹង​រឹបអូស​ទ្រព្យសម្បត្តិ ១៥​ពាន់​លាន​ដុល្លារ​ពី​ក្រុមហ៊ុន ព្រីន គ្រុប (Prince Group) របស់​ឧក្រិដ្ឋជន​ខ្មែរ​ដើមកំណើត​ចិន​លោក ចេន ហ្ស៊ី (Chen Zhi)។ រីឯ​រដ្ឋាភិបាល​អង់គ្លេស​ក៏​បាន​ដាក់​ទណ្ឌកម្ម និង​បង្កក​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​នេះ​ប្រមាណ ១៧៦​លាន​ដុល្លារ ខណៈ​សិង្ហ​បុរី និង​រដ្ឋបាល​ក្រុង​ហុងកុង​ក៏បាន​ចាត់វិធានការ​ស្រដៀង​គ្នា​នេះ​ដែរ។ លោក ចេន ហ្ស៊ី កាន់​សញ្ជាតិ​ខ្មែរ និង​មាន​តួនាទី​ជាទី​ប្រឹក្សា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន។

ក្រោយ​ការ​ប្រកាស​បង្កក​ទ្រព្យសម្បត្តិ​ដោយ​សហរដ្ឋអាមេរិក និង​តាម​ចាប់ខ្លួន​លោក ចេន ហ្សី រដ្ឋាភិបាល​កម្ពុជា​ហាក់​នៅ​ស្ងាត់ស្ងៀម ហើយ​លោក ចេន ហ្សី ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​សម្ងំ​លាក់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ក្រោម​ការ​ការពារ​របស់​គ្រួសារ​ត្រកូល​ហ៊ុន​ដោយសារតែ​ឧក្រិដ្ឋជន​រូប​នេះ ត្រូវ​គេ​ដឹង​ថា​ធ្លាប់​បាន​ផ្តល់​ប្រាក់​ជាច្រើន​ទៅ​ឱ្យ​គ្រួសារ​ត្រកូល​ហ៊ុន​ប្រើប្រាស់​ដើម្បី​ពង្រឹង​អំណាច និង​ស៊ីចាយ​ហ៊ឺហា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ