

ក្រុមអ្នកឃ្លាំមើលសង្គមអះអាងថា ប្រទេសថៃនៅតែចិញ្ចឹមចិត្តបើកការវាយប្រហារឈ្លានមកលើប្រទេសកម្ពុជាសាជាថ្មីទៀត ដោយព្យាយាមបង្កើតឱ្យមានព្រឹត្តិការណ៍ផ្សេងៗដើម្បីចោទមកលើកម្ពុជា។ ការកត់សម្គាល់របស់អ្នកឃ្លាំមើលនេះ គឺក្រោយពីភាគីថៃបានចោទប្រកាន់កម្ពុជាថា បានផ្លោងគ្រាប់ចូលទឹកដីថៃនៅព្រឹកថ្ងៃទី៦ មករា ដែលជាការរំលោភលើបទឈប់បាញ់ ខណៈកម្ពុជាអះអាងថា មានការផ្ទុះគ្រាប់ចេញពីគំនរសំរាមបានបណ្តាលឱ្យកងកម្លាំងកម្ពុជាដែលកំពុងបំពេញការងារនៅខេត្តព្រះវិហាររងរបួសធ្ងន់ និងស្រាលចំនួន ២នាក់។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវលោកបណ្ឌិត សេក សុជាតិ បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា បច្ចុប្បន្ននេះភាគីថៃកំពុងតែបង្កើតព្រឹត្តិការណ៍ផ្សេងៗចោទមកលើកម្ពុជាដើម្បីរកលេសបើកការវាយប្រហារឈ្លានពានមកលើប្រទេសកម្ពុជា។
លោក សេក សុជាតិ បានអះអាងទៀតថា ភាគីថៃបានដឹងខ្លួនថា ខ្លួនគឺជាអ្នកបង្កហេតុបង្កើតវិនាសកម្មសង្គ្រាមមកលើព្រំដែនកម្ពុជា ហើយអន្តរជាតិបានមើលឃើញអំពីបញ្ហានេះ ដូច្នេះថៃមិនមានអ្វីតតាំងជាមួយកម្ពុជាតាមផ្លូវច្បាប់នោះទេ។ លោកថា ភាគីថៃគ្មានជម្រើសអ្វីក្រៅតែពីប្រើប្រាស់ប្រដាប់អាវុធមកលើកម្ពុជានោះទេ។ លោកថា នេះក៏ជាទង្វើមួយបំផ្លាញសណ្ដាប់ធ្នាប់អន្តរជាតិផងដែរ ប្រសិនសហគមន៍អន្តរជាតិ បណ្តោយឲ្យថៃធ្វើតាមអំពើចិត្តមកលើកម្ពុជា។
លោក សេក សុជាតិ៖ «គឺជាភាពអាម៉ាស់របស់ថៃ ហើយថៃចង់ប្រើប្រាស់អាវុធនេះបន្តទៀត ដើម្បីបង្ក្រាបការចោទប្រកាន់ ឬក៏លប់បំបាត់នូវការចោទប្រកាន់ថា ខ្លួនជាប្រទេសបំពាន ហើយថៃកំពុងតែរកឱកាសដើម្បីបំបាក់កម្ពុជា ដើម្បីកុំឲ្យមានឥទ្ធិលពលនៅក្នុងការតស៊ូជាមួយខ្លួនតាមរយៈប្រដាប់អាវុធ ក៏ប៉ុន្តែវាគឺជាភាពល្ងង់ខ្លៅនៅពេលអ្នកដឹកនាំមួយស្រលាញ់អំណាចតាមរយៈចុងកាំភ្លើង រីការប្រើប្រាស់អាវុធហ្នឹង។ ដូច្នេះគឺចង់យកបញ្ហាទាំងអស់ហ្នឹងយកមកដាក់ទីលានសង្គ្រាមដើម្បីប្រកួតយកចាញ់ឈ្នះ»។
ការលើកឡើងរបស់អ្នកឃ្លាំមើលនេះ គឺក្រោយពីសារព័ត៌មាន The Nation របស់ថៃ បានដកស្រងសម្ដី អ្នកនាំពាក្យកងទ័ពថៃ ឧត្តមសេនីយ៍ឯក វីនថៃ ស៊ូវ៉ារី (Winthai Suvari) ថា កងទ័ពបានរាយការណ៍ថា បានឮសំឡេងបាញ់មួយគ្រាប់ពីភាគីកម្ពុជា នៅម៉ោង ៧:៤០ នាទី ព្រឹកថ្ងៃ ទី៦ ខែមករា។ បើតាមការអះអាងរបស់យោធាថៃ គ្រាប់កាំភ្លើងត្បាល់ត្រូវបានបាញ់ចូលទៅក្នុងទឹកដីថៃ នៅច្រកចុងបូក (Chong Bok) ក្នុងស្រុកណាំយួន (Nam Yuen) ខេត្តឧប៊ុនរ៉ាចាថានី (Ubon Ratchathani) បណ្តាលឱ្យទាហានថៃម្នាក់រងរបួសស្រាលដោយសារអំបែងគ្រាប់។
រីឯអគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ លោក ឆាតឆៃ បាងក្វាវ (Chatchai Bangkw) បានមានប្រសាសន៍ថា លោកកំពុងរង់ចាំភ្លើងខៀវពីនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃគឺលោក អនុទីន ចាន់វីរៈគុល (Anutin Charnviraku) ដើម្បីកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិថា តើត្រូវផ្អាកកិច្ចព្រមព្រៀងរួមចុងក្រោយជាមួយកម្ពុជា ឬអត់ បន្ទាប់ពីការផ្ទុះគ្រាប់នៅព្រឹកថ្ងៃទី៦ មករា។
ទោះជាយ៉ាងណា ពាក់ព័ន្ធនឹងការផ្ទុះគ្រាប់នៅពេលនេះ អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា បានអះអាងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា កងកម្លាំងរបស់កម្ពុជា២នាក់រងរបួសធ្ងន់ និងស្រាល ដោយសារផ្ទុះគ្រាប់ចេញពីគំនរសំរាមក្នុងភូមិសាស្ត្រមុំបី ខេត្តព្រះវិហារ នៅពេលដែលកងកម្លាំងកម្ពុជាកំពុងរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅមូលដ្ឋានឈរជើងរបស់ខ្លួនក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា នាវេលាម៉ោង៧ និង២៧ព្រឹកថ្ងៃទី៦ ខែមករា។
អ្នកនាំពាក្យក្រសួងការពារជាតិ អះអាងបន្ថែមថា ក្រុមការងារសម្របសម្រួលរវាងភាគីកម្ពុជា-ថៃ បានធ្វើការរួមគ្នាក្នុងករណីខាងលើនេះ និងថា ក្រុមទំនាក់ទំនងនៃប្រទេសទាំងពីរបានសាកសួរ និងផ្តល់ព័ត៌មាន ដើម្បីដោះស្រាយជាមួយគ្នារួចហើយអំពីបញ្ហានេះ។
ជាមួយគ្នានេះ ក្រសួងការពារជាតិបានគូសបញ្ជាក់សាជាថ្មីពីការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃបទឈប់បាញ់រវាងកម្ពុជា-ថៃ, សេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងឯកសារព្រមព្រៀងផ្សេងៗ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័សស្ថានការណ៍ព្រំដែនរវាងប្រទេសទាំងពីរ។
សេចក្ដីថ្លែងការណ៍បានបន្ដថា ថៃត្រូវគោរពដោយស្មោះត្រង់ចំពោះលក្ខខណ្ឌ និងស្មារតីនៃការព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីប្រកាសរួមស្ដីពីសន្តិភាព និងការដោះស្រាយ ជម្លោះដោយសន្តិវិធីរវាងកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខានៅទីក្រុង គូឡាឡាំពួរ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
បច្ចុប្បន្នយោធាថៃបានកាន់កាប់ទឹកដីកម្ពុជា ១៤ទីតាំង ក្នុងខេត្តចំនួន៤ មានភូមិព្រៃចាន់ ភូមិជោគជ័យ ភូមិបឹងត្រកួន តំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា តំបន់អានសេះ តំបន់តាថាវ តំបន់ភ្នំទ្រព្យ តំបន់អូរស្មាច់ ប្រាសាទខ្នា ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ និងតំបន់ចូកគ្រួស៕









