

អតិថិជនក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់លោក ហ៊ុន តូ លើកឡើងថា ពួកគាត់នៅតែមិនអាចដកលុយចេញពីគណនីបាននោះទេ ហើយក្រុមហ៊ុនបានព្យាយាមបង្កលក្ខណៈកាន់តែស្មុគស្មាញចំពោះអតិថិជនណាដែលចង់ដកលុយចេញពីគណនី។ ទន្ទឹមគ្នានេះ អ្នកឃ្លាំមើលរិះគន់ថា រដ្ឋាភិបាលត្រកូល ហ៊ុន កំពុងឃុបឃិតជាមួយក្រុមហ៊ុនខុសច្បាប់របស់លោក ហ៊ុន តូ ដោយបើកចំហ ដោយសារតែគ្មានចំណាត់ការស៊ើបអង្កេតលើអ្នកពាក់ព័ន្ធ និងបណ្ដោយឱ្យក្រុមហ៊ុនគ្មានអាជ្ញាប័ណ្ណដំណើរការដដែល។
បន្ទាប់ពីផ្អាកសេវាកម្មប្រតិបត្តិការហិរញ្ញវត្ថុរយៈពេលជាង ១ខែមក រហូតមកដល់ពេលនេះក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ ដែលប្តូរមកឈ្មោះ អេច-ផេ (H-Pay) នោះបានបើកដំណើរការធម្មតា ប៉ុន្តែក្រុមហ៊ុននេះនៅតែព្យាយាមបង្កកលុយរបស់អតិថិជនដែលមានក្នុងគណនី។

អតិថិជនម្នាក់ថ្លែងសុំមិនបញ្ចេញឈ្មោះព្រោះបារម្ភពីសុវត្ថិភាពប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៧ ខែមករាថា ប្រាក់របស់នាងក្នុងគណនីនៅតែត្រូវបានក្រុមហ៊ុនបង្កក ហើយមិត្តភ័ក្ដិរបស់នាងជាច្រើននាក់ទៀតដែលមានលុយក្នុងគណនី ហួយវ័ន ផេ ក៏មិនអាចដកលុយយកមកប្រើប្រាស់បានដែរ។ អតិថិជនរូបនេះព្រួយបារម្ភខ្លាចបាត់លុយពីគណនី ដោយសារតែក្រុមហ៊ុនបានដាក់លាក់ខណ្ឌតឹងរ៉ឹង និងបង្កលក្ខណៈកាន់តែស្មុគស្មាញចំពោះអតិថិជនណាដែលមានបំណងដកលុយក្នុងចំនួនច្រើនចេញពីគណនី។
ពលរដ្ឋលាក់ឈ្មោះ៖ «ខ្ញុំទាក់ទងគ្នាខ្ញុំទៅគេថា អត់ទាន់បើកទេ ក្រុមហ៊ុនថាថ្ងៃទី១០ ខែមករា ទាំងដែលគេបិទក្រដាសបញ្ជាក់ប្រាប់តាំងពីដំបូងហ្នឹងថា ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ប៉ុន្តែមកដល់ថ្ងៃទី៥ ថ្ងៃទី៦ ហើយគេនៅតែអត់បើកគេថា ចាំថ្ងៃទី១០ ទៀត។ ខ្ញុំសួរអ្នកដែលនៅកំពង់សោម អ្នកនៅភ្នំពេញដែលគាត់ប្រើ ហួយវ័ន គាត់ថា នៅតែដកអត់ទាន់បាន និយាយទៅគឺអាចដកជាមួយអ្នកដែលប្ដូរប្រាក់គាត់រកស៊ីខាងប្ដូរប្រាក់បាន គ្រាន់តែថា គេត្រូវកាត់សេវាថ្លៃៗ»។
ក្រុមហ៊ុន ហួយវ័ន ផេ បានផ្អាកដំណើរអាជីវកម្មអស់រយៈពេលជាង ១ខែមកហើយ និងបានប្ដូរឈ្មោះ យីហោ មកជាឈ្មោះ អេច-ផេ វិញកាលពីខែធ្នូ ឆ្នាំ២០២៥ ក្រោយអាមេរិកដាក់ទណ្ឌកម្មមិនឱ្យមានប្រតិបត្តិការសាច់ប្រាក់ចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិក ដោយសារតែរកឃើញថា ក្រុមហ៊ុននេះជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មលាងលុយកខ្វក់ដ៏ធំសម្បើមឱ្យក្រុមអ្នករកស៊ីឆបោកតាមអនឡាញ (Online Scam)។
ទាក់ទងនឹងរឿងនេះ បុគ្គលិកនៃភ្នាក់ងារក្រុមហ៊ុន ហួយវ័ន ផេ ម្នាក់ថ្លែងមិនបញ្ចេញឈ្មោះប្រាប់កាសែតក្នុងស្រុក (Camboja) ថ្មីៗនេះថា បច្ចុប្បន្នអតិថិជនដែលមានលុយក្នុងគណនី ៥រយដុល្លារ ឬតិចជាងនេះ ទើបអាចដកបាន។ ចំណែកឯ អតិថិជនដែលមានលុយក្នុងគណនីច្រើនជាងនេះ ត្រូវរង់ចាំសេចក្ដីជូនដំណឹងពីភ្នាក់ងារក្រុមហ៊ុន អេច-ផេ ថា អាចដកបានប៉ុន្មាន និងដកបាននៅពេលណា។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញបញ្ហានេះពីអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាអ្នកស្រី ជា សិរី បាននៅឡើយគិតត្រឹមម៉ោងផ្សាយនេះ។
មកដល់ពេលនេះ ក្រុមហ៊ុន របស់លោក ហ៊ុន តូ នៅតែបន្តដំណើរការដោយគ្មានអាជ្ញាប័ណ្ណ និងថែមទាំងបង្កការលំបាកដល់អតិថិជនមិនអាចដកលុយបាន ប៉ុន្តែរដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន គ្មានវិធានការ និងស៊ើបអង្កេតឃាត់ខ្លួនអ្នកពាក់ព័ន្ធយកមកទទួលខុសត្រូវនៅឡើយ។

ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ ព្រមានថា ការណ៍ដែលរដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន មិនហ៊ានចាត់វិធានការលើសាច់ញាតិខ្លួនឯងគឺលោក ហ៊ុន តូ ស្មើនឹងបើកដៃឱ្យបណ្ដាញឧក្រិដ្ឋជនពង្រីកឧក្រិដ្ឋកម្មលាងលុយកខ្វក់ និងអំពើឆបោកតាមអនឡាញនៅកម្ពុជាកាន់តែធំ។ អ្នកស្រីថា បើរដ្ឋាភិបាលចាប់ខ្លួនលោក ហ៊ុន តូ នោះអតិថិជននឹងទទួលបានយុត្តិធម៌ ហើយក៏ជារូបភាពដំបូងបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រឆាំងនឹងអំពើឧក្រិដ្ឋកម្មដែរ។
អ្នកស្រី មូរ សុខហួរ៖ «ភាពអសមត្ថភាពលោក ហ៊ុន ម៉ាណែត ជាមួយលោក ហ៊ុន សែន ក្នុងការបង្ក្រាបមជ្ឈមណ្ឌលឆបោកតាមអនឡាញ (Scam Center) ក្នុងប្រទេសកម្ពុជាមិនបានលោក ត្រាំ (Trump) អាចធ្វើអីលើសពីហ្នឹងទៅទៀតដូចជានៅវេណេហ្ស៊ុយអេឡា។ យើងអត់ចង់ឃើញអ៊ីចឹងទេ។ នេះគឺជាការទទួលខុសត្រូវមួយដ៏ធំណាស់ចំពោះលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ក្នុងការចាត់វិធានការបន្ទាន់យ៉ាងហោចចាប់ផ្ដើមពី ហួយវ័ន ផេ ហ្នឹងឱ្យហើយទៅព្រោះជារឿងក្មួយរបស់គាត់។ យើងរងគ្រោះថ្មីៗហ្នឹងដោយសារតែថៃយករឿងឆបោកតាមអនឡាញ (Scam Online) ហ្នឹងយកមកធ្វើជាលេសកម្ទេចប្រទេសកម្ពុជា គេចង់កម្ទេច។ ឥឡូវលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ ហួយវ័ន ផេ គេដកអាជ្ញាប័ណ្ណទៅហើយមានន័យថា បានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មអីមួយហើយ។ យ៉ាងហោចណាស់ ហ៊ុន តូ ត្រូវតែមានការឃាត់ខ្លួនបញ្ជូនទៅតុលាការដែរ»។
អ្នកស្រី មូរ សុខហួរ ដាស់តឿនដល់រដ្ឋាភិបាលក្រុងភ្នំពេញ កុំបណ្ដោយឱ្យអំពើឧក្រិដ្ឋកម្មរុញកម្ពុជាធ្លាក់ក្នុងវិបត្តិកាន់តែជ្រៅដូចប្រទេសវេណេហ្ស៊ុយអេឡា។ អ្នកស្រីព្រមានថា ប្រសិនបើលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅតែធ្វើមិនដឹងមិនឮ និងបន្តកាងការពារក្រុមឧក្រិដ្ឋជន នោះអនាគតអាចជួបវាសនាស្រដៀងមេដឹកនាំវេណេហ្ស៊ុយអេឡា ដែលត្រូវអាមេរិកចាប់ខ្លួនយកទៅកាត់ទោស៕









