
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ជឿថា កម្លាំងសាមគ្គី និងស្មារតីស្នេហាជាតិរបស់ពលរដ្ឋខ្មែរ អាចយកឈ្នះសត្រូវឈ្លានពានទឹកដី ខណៈដែលកម្ពុជាកំពុងត្រូវបានយោធាថៃ រំលោភដីធ្លី និងបំផ្លិចបំផ្លាញផ្ទះសម្បែង របស់ពលរដ្ឋយ៉ាងព្រៃផ្សៃ។ ប៉ុន្តែ អ្នកវិភាគថា ការសូត្រចាំមាត់របស់ លោក ហ៊ុន សែន អំពីពាក្យ«សាមគ្គីជាតិ» នេះ គ្រាន់តែជាសារប្រជាភិថុតិ។
នៅក្នុងសារចំនួន៣ទំព័រ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានលើកឡើង នៅថ្ងៃទី៧ ខែមករា ថា ថ្វីត្បិត នៅក្នុង២០២៥កន្លងមក កម្ពុជាជួបឧបសគ្គ មួយចំនួន ដោយសារតែបញ្ហាប្រែប្រួល សេដ្ឋកិច្ចសាកល និងបញ្ហាឈ្លានពានទឹកដីរបស់យោធាថៃ មកលើកម្ពុជាក្ដី លោកជឿជាក់ថា ការសាមគ្គីគ្នា និងការមានស្មារតីស្នេហាជាតិតែមួយរបស់ពលរដ្ឋ នឹងអាចឈ្នះសត្រូវបានគ្រប់ពេលវេលា។
ការលើកឡើងរបស់ លោក ហ៊ុន សែន នេះធ្វើឡើង នៅក្នុងថ្ងៃខួបលើកទី៤៧ នៃទិវាជ័យជំនះ៧មករា ឬជាថ្ងៃ ដែលកងទ័ពវៀតណាម បានចូលលុកលុយស្រុកខ្មែរ និងផ្ដួលរំលំរបបខ្មែរក្រហម បានដោយជោគជ័យ ក្នុងអំឡុង ឆ្នាំ១៩៧៩។
អ្នកនយោបាយចាស់វស្សារូបនេះ ក៏បានអំពាវនាវឱ្យពលរដ្ឋបន្តលើកកម្ពស់ ស្មារតីស្នេហាជាតិ ប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងពង្រឹងភាពម្ចាស់ការខ្លួនឯង ដើម្បីធានាដល់ការការពារ និងកសាងប្រទេសជាតិ។ លោកមានជំនឿថា កម្លាំងមហាសាមគ្គី និងស្មារតីស្នេហាជាតិដ៏មោះមុត នឹងបន្តយកឈ្នះលើរាល់ឧបសគ្គ មិនថាឧបសគ្គធំប៉ុណ្ណាក៏ដោយ។ លោកថា ពលរដ្ឋ ត្រូវចងចាំ ប្រវត្តិសាស្ត្រ ចងចាំឧក្រិដ្ឋកម្មបំផ្លាញមរតកវប្បធម៌ដែលជាដួងព្រលឹងរបស់ជាតិ ចងចាំការប្រមាថ របស់អ្នកដទៃ ដែលរំលោភបំពានមកលើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
ទន្ទឹមគ្នានោះ លោក ហ៊ុន សែន បានបញ្ជាក់ពីជំហរក្នុងជម្លោះនិងប្រទេសថៃថា កម្ពុជានៅតែប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំដើម្បីសម្រេចនូវគោលដៅចម្បងរបស់ខ្លួន គឺការបញ្ចប់ទុក្ខវេទនា របស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ដំណោះស្រាយបញ្ហាដោយយុត្តិធម៌ និងចីរកាល។ ជាមួយគ្នានោះលោកថា នឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬ សេចក្ដីថ្លៃថ្នូររបស់ខ្លួន ឱ្យទៅប្រទេសថៃឡើយ។
ទោះជាយ៉ាងណា អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៧ ខែមករាថា ស្របពេលដែលលោក ហ៊ុន សែន តែងតែលើកឡើងឱ្យពលរដ្ឋសាមគ្គីជាតិ តែជាក់ស្ដែង លោក ហ៊ុន សែន ត្រូវបានគេមើលឃើញថា ជាអ្នកដែលបំបែកបំបាក់ផ្ទៃក្នុងជាតិដ៏លេចធ្លោ ។ ជាពិសេស អ្នកនយោបាយបក្សប្រឆាំង និងសកម្មជនសង្គមជាច្រើន ត្រូវបានចាប់ដាក់គុក និងចោទប្រកាន់តាមប្រព័ន្ធតុលាការទាំងអយុត្តិធម៌។ លោកថា ករណីនេះ ហាក់បង្ហាញថា វាគ្រាន់តែជាសារប្រជាភិថុតិ និងពិសពុលរបស់លោក ហ៊ុន សែន។
លោក សេង វណ្ណលី៖ «នៅពេលដែលគណបក្សប្រឆាំងត្រូវបានរំលាយ និងចាប់ខ្លួន។ សកម្មជនដីធ្លី និងបរិស្ថានត្រូវបានរឹតត្បិត យុវជនមានការភ័យខ្លាចក្នុងការបញ្ចេញមតិ។ កត្តាត្រង់នេះ អាចធ្វើឱ្យកម្លាំងសាមគ្គី ដែលលោក ហ៊ុន សែន ចង់បាននោះចុងខ្សោយទៅវិញទេ ព្រោះពលរដ្ឋមួយផ្នែកធំ មានអារម្មណ៍ថា ត្រូវបានផាត់ចេញពីដំណើរការកសាងជាតិ។ ប្រសិនបើមានសត្រូវឈ្លានពានពីខាងក្រៅមែន កម្លាំងការពារជាតិរឹងបំផុត គឺការឯកភាពជាតិផ្ទៃក្នុង។ ប្រសិនបើពលរដ្ឋនៅក្នុងស្រុកនៅតែមានជម្លោះ ឬមានអារម្មណ៍ថាធ្វើបាប ដោយអាជ្ញាធរខ្លួនឯង វានឹងក្លាយជាចំណុចខ្សោយមួយ ដែលសត្រូវទាញយកផលប្រយោជន៍បាន»។
គិតត្រឹមថ្ងៃទី៧ មករា អង្គការលីកាដូ បានកត់សម្គាល់ឃើញថា អ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី សហជីព អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គម មានចំនួនជិត១០០ (៩១)នាក់ ដែលត្រូវបានចាប់ឃុំខ្លួនដាក់ក្នុងពន្ធនាគារដោយសារតែការអនុវត្តសិទ្ធិរបស់ខ្លួនស្របតាមច្បាប់។ អ្នកឃ្លាំមើលលើកឡើងថា ដើម្បីឱ្យកម្ពុជារួចផុតពីការឈ្លានពាន ការគំរាមកំហែង ពីប្រទេសជិតខាង ស្របពេលពិភពលោក កំពុងតែច្របូកច្របល់ ក្នុងការប្រកួតប្រជែងអំណាចផងនោះ រដ្ឋាភិបាល ដឹកនាំ ដោយ លោក ហ៊ុន ម៉ាណែត គួរតែប្ដេជ្ញាចិត្ត បង្រួបបង្រួមផ្ទៃក្នុងជាតិពិតប្រាកដ កុំនិយាយដើម្បីតែផលប្រយោជន៍នយោបាយនោះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ប្រាប់អាស៊ីសេរីថា ការចាប់អ្នកនយោបាយបក្សប្រឆាំង និងសកម្មជនសង្គមដាក់គុក គឺដោយសារតែអ្នកទាំងនោះប្រព្រឹត្តខុសច្បាប់ ហើយបញ្ចេញមតិហួសដែនកំណត់។ លោកថា ពុំជាប់ពាក់ព័ន្ធ នឹងការសាមគ្គីជាតិនោះឡើយ។
លោក ជា ធីរិទ្ធ៖ «ក្រុមមួយចំនួននៅពេលដែលអ្នកដែលចោទប្រកាន់មូលបង្កាច់និយាយខុសការពិត លាបពណ៌អ្នកដទៃ ប៉ះពាល់សិទ្ធិអ្នកដទៃដល់ ពេលមានច្បាប់ដាក់ទោសទណ្ឌ គាត់ចាប់ផ្ដើមនិយាយថា គ្រាន់តែជាការបញ្ចេញមតិ ហេតុអីចាប់គេដាក់គុកអីជាច្រើន។ អ៊ីចឹង ខ្ញុំសូមឱ្យយើងពិចារណាដោយខ្លួនឯង ថាតើវាគ្រាន់តែជាពាក្យសម្ដីដែលមិនប៉ះពាល់ដល់អ្នកដទៃ ត្រូវបានគេចាប់ដាក់គុក ឬយើងចូលចិត្តនិយាយមូលបង្កាច់ បរិហារបង្ខុសការពិត។ ដូច្នេះយើងសូមមានសុភវិនិច្ឆ័យបែងចែកឱ្យច្បាស់រវាងការសាមគ្គី និងបុគ្គលដែលប្រព្រឹត្តផ្ទុយពីច្បាប់ នឹងជារឿងដាច់ដោយឡែក»។
ទោះជាយ៉ាងណាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន និងជាអ្នកវិភាគ លោក ប៉ោ មករា លើកឡើងថា ច្រើនទសវត្សមកនេះ ពលរដ្ឋខ្មែរឆ្អែតឆ្អន់ នឹងអំពើឈ្លានពានរបស់បរទេស និងការបែកបាក់ផ្ទៃក្នុងជាតិ ជាច្រើនជំនាន់មកហើយ ខណៈបញ្ហាទាំងនោះ កើតចេញពីអ្នកនយោបាយ ដែលមិនសូវគិតពី ផលប្រយោជន៍ជាតិជាធំ ហើយប្រកាន់បក្ខពួកនិយម ជិះជាន់អ្នកទន់ខ្សោយ ហើយអំពើអយុត្តិធម៌ជាច្រើន មិនដោះស្រាយឱ្យបានត្រឹមត្រូវ។
ជាមួយគ្នានោះ លោកថា ការបង្រួបបង្រួមជាតិ និងសាមគ្គីជាតិ របស់ពលរដ្ឋ ពុំមែនជារឿងពិបាកនោះទេ ព្រោះអ្វីទាំងអស់ ត្រូវផ្ដើមចេញពីអ្នកនយោបាយបក្សកាន់អំណាចជាមុន តាមរយៈការដោះលែងអ្នកទោសនយោបាយ សកម្មជនសង្គម និងសកម្មជនសិទ្ធិមនុស្សទាំងអស់ឱ្យមានសេរីភាពឡើងវិញ។ មួយទៀត លោកថា ត្រូវតែលុបបំបាត់ការចោទប្រកាន់គ្នា ដោយគ្មានហេតុផល ដែលបង្កទៅជាអំពើស្អប់ខ្ពើមគ្នា មិនចេះចប់ មិនចេះហើយ។
លោក ប៉ោ មករា៖ «ក្នុងករណីដែលយើងគ្រប់គ្នា ក៏ដូចជាមេដឹកនាំគ្រាន់តែនិយាយហើយគ្មានការអនុវត្ត គ្មានភាពជាគំរូទេ ខ្ញុំគិតថា ពាក្យសាមគ្គី វាគ្រាន់តែជាការសូត្រ វាគ្រាន់តែការសរសេរ។ អ៊ីចឹងវាអត់បានអីជា ប្រយោជន៍ដល់ប្រជាជាតិខ្មែរ។ យើងចាំបាច់ណាស់ ប្រជាជាតិមួយ ត្រូវតែមានសាមគ្គីគ្នា ក្នុងគ្រាលំបាក ព្រោះយើងត្រូវមានការឈ្លានពានពីបរទេស ដូចជាប្រទេសថៃបច្ចុប្បន្ននេះ ភាពសាមគ្គី ភាពឯកភាពជាតិ គឺសំខាន់បំផុត»។
ទន្ទឹមគ្នានោះ អ្នកវិភាគថា ជាង៣ទសវត្សន៍នៃការដឹកនាំ របស់ លោក ហ៊ុន សែន បន្តរហូតដល់កូនគឺ លោក ហ៊ុន ម៉ាណែត កម្ពុជា ពុំដែលមានពន្លឺនៃការសាមគ្គីជាតិ និងវប្បធម៌ នយោបាយបង្រួបបង្រួមជាតិម្ដងណាឡើយ គឺមានតែនយោបាយ គុំកួន កម្ទេច និងបំបែកបាក់គ្នា។ ក្នុងនោះ យុទ្ធសាស្ត្រ ដែលលោក ហ៊ុន សែន តែងតែយកមកប្រើដើម្បីធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង គឺយុទ្ធសាស្ត្រ ឌីហ្វីដ (DIFID) រួមមាន ការបំបែកកម្លាំងបក្សប្រឆាំង ទុកឱ្យអ្នកពួកគេរស់នៅដោយភាពឯកា និងចាប់ចង ឬចោទប្រកាន់តាមរយៈប្រព័ន្ធតុលាការ។ មួយវិញទៀត គឺការបញ្ចុះបញ្ចូលអ្នកមានមតិផ្ទុយ ឬបក្សប្រឆាំង ឱ្យចុះចូលជាមួយបក្សកាន់អំណាច និងប្រគល់តួនាទីមួយចំនួននៅក្នុងរដ្ឋ ឬឯកជន ដើម្បីបិទមាត់ អ្នកទាំងនោះ មិនឱ្យរិះគន់រដ្ឋាភិបាលបន្ត៕










