

ពលករខ្មែរជាច្រើននាក់ ប្រថុយឆ្លងដែនខុសច្បាប់ មកធ្វើការនៅប្រទេសថៃ ខណៈដែលស្ថានភាព នៅតាមបន្ទាត់ព្រំដែន កំពុងតែតានតឹងនៅឡើយ។ ការធ្វើចំណាកស្រុកមកធ្វើការនៅប្រទេសថៃជាថ្មីនេះ ពួកគាត់ថា ដោយសារតែនៅក្នុងស្រុក ពិបាករកការងារធ្វើឱ្យបានទៀងទាត់ និងពុំសូវមានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ។
បើទោះជា កន្លងមកនេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញតួលេខជាហូរហែ មកថា កម្ពុជាផ្ដល់ ឱកាសការងារ ជាង៩ម៉ឺនកន្លែង(៩៥.១៨២) សម្រាប់ ទទួលពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ អំឡុងពេលប្រទេសទាំងពីរ កំពុងមានជម្លោះជាមួយគ្នាក្ដី ពលករខ្មែរខ្លះដែលមកដល់ស្រុកកំណើតហើយនោះ នៅតែពិបាករកការងារធ្វើឱ្យបានសមរម្យ និងមានប្រាក់ចំណូលទៀងទាត់ ទើបធ្វើឱ្យពួកគាត់ មានជីវភាពកាន់តែលំបាកនៅក្នុងគ្រួសារ។
មានស្រុកកំណើតនៅ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លោកស្រី គឹម លី បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា គ្រួសារលោកស្រី ដែលមានគ្នា ចំនួន៦នាក់ រួមនឹងពលករផ្សេងទៀតជិត ២០នាក់ផងនោះ បានធ្វើដំណើរថ្មើរជើងទាំងយប់ងងឹត អស់រយៈពេលជាង៥ម៉ោង ឆ្លងកាត់ ព្រំដែនកម្ពុជា-ថៃ ដើម្បី មករកការងារធ្វើ។ លោកស្រីថា មកធ្វើការនៅប្រទេសថៃនេះ បានជិត ១ខែហើយ ដោយសារតែនៅក្នុងស្រុក ពិបាករកការងារធ្វើពេក។
លោកស្រីត្អូញត្អែរថា ការធ្វើដំណើរថ្មើរជើងដោយខុសច្បាប់ ចូលទឹកដីថៃ ខណៈដែលកម្ពុជា កំពុងមានជម្លោះប្រដាប់អាវុធ ជាមួយប្រទេសថៃនេះ គឺជារឿងដែលគ្រោះថ្នាក់បំផុត រួមដោយក្ដីភ័យខ្លាចគ្រប់ពេលវេលា ប៉ុន្តែ លោកស្រីថា គ្មានជម្រើសឡើយ ព្រោះប្រសិនបើ លោកស្រី បន្ត ក្រាញននៀលនៅស្រុកខ្មែរ បន្តទៀតនោះ មិនដឹងបានលុយឯណា ចិញ្ចឹមគ្រួសារ និងសងបំណុលធនាគារគ្រប់នោះទេ។
លោកស្រី គឹម លី៖ «ខ្ញុំបានសាកល្បងទៅធ្វើការហើយ ទៅដល់ខេត្តកោះកុង ហើយមកវិញធ្វើការនៅប៉ោយប៉ែត។ និយាយរួម មិនមែនតែខ្ញុំទេ គឺគ្រប់គ្នា ធ្វើការងារហើយ លុយទល់តែ ១ខែ ឬ១ខែជាង បានបើក។ សុំបើកចាយ ៤-១០ ឬ ៤-៥ម៉ឺនរៀល បើកអត់បាន។ ការងារធ្វើមិនមែនធ្វើមួយជាន់រួច ហើយបើកលុយទេ គឺទល់តែរួចអគារមួយ ៥ជាន់ ៦ជាន់ បានបើកលុយ។ អគារមួយៗ មិនមែនធ្វើមួយខែ ពីរខែរួចទេ។ អគារខ្លះធ្វើច្រើនខែ បានរួច ដូច្នេះការបើកលុយវាលំបាក ពួកខ្ញុំមកថៃនេះ ក៏ចោលលុយ ដែលធ្វើការនៅខ្មែរ»។
ជម្លោះព្រំដែន កម្ពុជា-ថៃ ចាប់ផ្ដើមតានតឹងជាថ្មីក្រោយពី ទាហានថៃបាញ់មកលើ ទាហានខ្មែរ កាលពីថ្ងៃទី២៨ ខែឧសភា បានបណ្ដាលឱ្យទាហានខ្មែរ ម្នាក់បានបាត់បង់ជីវិត។ ក្រោយមកទៀត ជម្លោះនេះកាន់តែកើនកម្ដៅរហូតឈានទៅដល់ ការផ្ទុះអាវុធ ដាក់គ្នារវាងទាហានខ្មែរ និងទាហានថៃតាមព្រំដែន អស់រយៈពេល៥ថ្ងៃ។ រីឯ ពលករខ្មែរដែលកំពុងធ្វើ ការនៅប្រទេសថៃ មានប្រមាណ ៩២ម៉ឺននាក់ បានវិលត្រឡប់មកកម្ពុជាវិញ ព្រោះបារម្ភពីសុវត្ថិភាព។
បើទោះជាកម្ពុជា-ថៃបានចុះហត្ថលេខាលើបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមសន្តិភាពនៅប្រទេសម៉ាឡេស៊ី ក្អីសកម្មភាពឈ្លានពានទឹកដី របស់ទាហានថៃមកលើទឹកដី កម្ពុជា ពុំទាន់បានបិទបញ្ចប់នៅឡើយ។ ករណីនេះ បានធ្វើឱ្យ ជម្លោះកម្ពុជា-ថៃ នៅតែបន្តអូសបន្លាយជាង៤ខែមកហើយ។ ចំណែក ព្រំដែននៃប្រទេសទាំងពីរបានបន្តបិទទាំងស្រុង ចាប់តាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥មក ។
ពលករខ្មែរធ្វើការនៅប្រទេសថៃម្នាក់ទៀត កញ្ញា សឿន សុភី លើកឡើងថា កញ្ញាបានវិលត្រឡប់មកស្រុកកំណើតវិញ កាលពីថ្ងៃទី២៥ ខែកក្កដា អំឡុងពេលប្រទេសទាំងពីរកំពុងផ្ទុះអាវុធដាក់គ្នាយ៉ាងខ្លាំង។ កញ្ញាបន្តថា ក្រោយមកដល់ស្រុកកំណើតវិញ បានប្រហែលពីរសប្ដាហ៍ កញ្ញាក៏បានដាក់ពាក្យធ្វើការនៅតាមរោងចក្រ ប៉ុន្តែ ពុំមានអ្នកទទួលឱ្យធ្វើការនោះទេ ព្រោះកញ្ញា ពុំមានឯកសារគ្រប់គ្រាន់ ដូចជា អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ។ បន្ទាប់មកទៀត កញ្ញាក៏បានទៅធ្វើឯកសារទាំងនោះ ប៉ុន្តែត្រូវរង់ចាំបីខែទើបរួច ធ្វើឱ្យកញ្ញាជួបផលលំបាក ព្រោះគ្មានចំណូល។
អំឡុងពេលនៃការរង់ចាំធ្វើឯកសារមិនទាន់ហើយនោះ កញ្ញាក៏បានដាក់ពាក្យធ្វើការជាអ្នក ឆុងកាហ្វេមួយកន្លែង នៅរាជធានីភ្នំពេញ បានប្រហែល១អាទិត្យ ក៏ដាក់ពាក្យឈប់វិញ ព្រោះតែថ្លៃឈ្នួលថោកពេក គឺ ១ថ្ងៃបានត្រឹម១ម៉ឺន ៥ពាន់ (១៥.០០០)រៀល។ បញ្ហានេះ បង្ខំឱ្យកញ្ញាឈប់ធ្វើការ ហើយត្រឡប់មកស្រុកកំណើតនៅខេត្តបាត់ដំបង វិញ ហើយក៏បានព្យាយាម រកការងារធ្វើនៅតាមកន្លែងផ្សេងជាច្រើន តែពុំបាន។ រួចមក ក៏សម្រេចចិត្តមកប្រទេសថៃ ដោយដើរថ្មើរជើងពីព្រំដែនខ្មែរ ចូលទឹកដីថៃ ជាមួយនឹងពលករខ្មែរ ប្រមាណ១០នាក់ទៀត ដើម្បីរកការងារធ្វើ។ កញ្ញាយល់ថា នៅស្រុកខ្មែរ ពិបាករកការងារធ្វើ ហើយការងារខ្លះឱ្យថ្លៃឈ្នួលថោកពេក ពុំអាច ចាយវាយគ្រប់គ្រាន់។
យើងអត់មានអត្តសញ្ញាណប័ណ្ណ ហើយបើយើងមានអត្តសញ្ញាណហើយ អត់មានសំបុត្របញ្ជាក់កំណើត ក៏គេមិនយកយើងធ្វើការដែរនិងអត់សៀវភៅគ្រួសារ។ និយាយរួមទៅ បើយើងអត់ឯកសារណាមួយ គឺអត់អាចធ្វើការបានទេ។ អ៊ីចឹងហើយ វាពិបាក។ ចំណែកប្រាក់ខែ វាអត់បានថ្លៃ យើងរកទៅបែបថា ត្រឹមទិញតែបាយហូប ហើយវាអត់សូវសល់។ បើកន្លែងដែលគេអត់ត្រូវការឯកសារ ក៏វាអត់សូវមានច្រើនដែរ វាមាន១ -២ -៣ អ៊ីចឹងទៅ។ ជួនកាលមនុស្សគេពេញអ៊ីចឹងទៅ ក៏គេលែងយក។
លើសពីនោះ លោកស្រី គឹម លី សង្កេតឃើញថា ពលករខ្មែរដែលត្រឡប់មកស្រុកកំណើតវិញ អំឡុងពេលមាន ជម្លោះព្រំដែនកម្ពុជាថៃ មានច្រើននាក់ ដែលអត់ការងារធ្វើ ហើយអ្នកខ្លះទៀត ត្បិតថា ពួកគាត់មានការងារធ្វើផ្នែក សំណង់ និង ការងាររោងចក្រកាត់ដេរពិតមែន ប៉ុន្តែ ថ្លៃឈ្នួលទទួលបានថោកពេក ពុំអាចចំណាយគ្រប់គ្រាន់នោះទេ ព្រោះត្រូវបែងចែក ឱ្យគ្រួសារផង ថ្លៃជួលបន្ទប់គេង និងសងធនាគារផង។ លោកស្រីថា បើប្រៀបធៀប ពេលធ្វើការនៅប្រទេសថៃ បានចំណូលច្រើនជាង ព្រោះពួកគាត់អាចធ្វើការបាន ទាំងពេលយប់ និងពេលថ្ងៃ។
លោកស្រីស្នើឱ្យរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជា គួរតែឆាប់បញ្ចប់ជម្លោះព្រំដែនឱ្យបានឆាប់ ហើយចាប់ផ្ដើមបើកព្រំដែនឡើងវិញ ដើម្បីឱ្យពលរដ្ឋអាចចេញចូលបានធម្មតា។ លោកស្រីយល់ថា ការបន្តអូសបន្លាយ ក្នុងការបិទព្រំដែនយូរបែបនេះ បានបង្កផលប៉ះពាល់ជាខ្លាំង ដល់ជីវភាពពលរដ្ឋ រវាងប្រទេសទាំងពីរ។ លើសពីនោះ លោកស្រីត្អូញត្អែរថា បច្ចុប្បន្ន ពលករខ្មែរ ដែលចង់ឡើងមកធ្វើការនៅប្រទេសថៃ គឺមានការប្រថុយប្រថានខ្ពស់ ហើយត្រូវបង់ថ្លៃឱ្យមេខ្យល់ សម្រាប់ពលករម្នាក់ ចន្លោះ ពី ២០០ដុល្លារ ទៅ ២៥០ដុល្លារ
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី ពុំអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៥ ខែវិច្ឆិកា ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
កាលថ្ងៃទី១០ ខែវិច្ឆិកា សារព័ត៌មានថៃ The Nation Thailand បានស្រង់សំដីអគ្គលេខាធិការនៃនាយករដ្ឋមន្ត្រី អ្នកស្រី ត្រៃស៊ុលី ត្រៃសរណៈគូល (Traisulee Traisoranakul) ថា នាយករដ្ឋមន្ត្រី លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) បានសម្រេចផ្អាកការចុះហត្ថលេខាលើសេចក្ដីព្រាង របស់ក្រសួងមហាផ្ទៃ ដែលអនុញ្ញាតឱ្យពលរដ្ឋខ្មែរ ដែលមានលិខិតអនុញ្ញាតការងារផុតកំណត់ អាចបន្តស្នាក់នៅក្នុងប្រទេសថៃជាបណ្ដោះអាសន្ន។
បន្ថែមពីនោះ អាជ្ញាធរថៃបានរកឃើញថា ពលករខ្មែរ ប្រមាណជិត ១០ម៉ឺននាក់ ដែលកាន់លិខិតអនុញ្ញាត ធ្វើការរបស់ពួកគាត់បានផុតកំណត់ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ដោយមិនអាចកំណត់អត្តសញ្ញាណ ឬកំណត់ទីតាំង បានត្រឹមត្រូវទេ។ ការផ្អាកភ្លាមៗនេះធ្វើឡើង ស្របពេលដែលភាគីថៃ បានប្រកាសដកខ្លួន ពីកិច្ចព្រមព្រៀងបទឈប់បាញ់ ជាមួយនឹងកម្ពុជា ដោយចោទកម្ពុជាថាបានដាក់មីន បណ្ដាលឱ្យទាហានថៃពីរនាក់របួសធ្ងន់ តែត្រូវបានកម្ពុជាច្រានចោល។
ជុំវិញបញ្ហានេះ អ្នកធ្វើការការពារផ្នែកសិទ្ធិ ពលករចំណាកស្រុកសង្កេតឃើញថា ក្រោយពីនាយករដ្ឋមន្ត្រីថៃ បានផ្អាកផ្ដល់សិទ្ធិស្នាក់នៅដល់ពលករខ្មែរ ដោយស្វ័យប្រវត្តិជាបណ្ដោះអាសន្ននោះ បានបង្កជាក្ដីបារម្ភ ដល់ពលករខ្មែរ មួយចំនួនដែលធ្វើការដោយខុសច្បាប់ និងពលករខ្មែរដែលទើបតែចូលមក ប្រទេសថៃ ក្នុងពេលថ្មីៗនេះ ព្រោះខ្លាចប៉ូលិសថៃចាប់ខ្លួន បញ្ជូនមកខ្មែរវិញ ដែលធ្វើឱ្យពួកគាត់ មានជីវភាពកាន់តែលំបាក។
មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ ប្រចាំប្រទេសថៃ លោក លឹង សុផុន ប្រាប់ទូរទស្សន៍អាស៊ីសេរីថា បច្ចុប្បន្ននេះ ពលករខ្មែរមួយចំនួន ដែលធ្វើការនៅប្រទេសថៃ ហើយពុំបានវិលត្រឡប់ទៅស្រុកកំណើតវិញ ពួកគាត់នៅតែរងការធ្វើទុក្ខបុកម្នេញពីប៉ូលិសថៃជាហូរហែ ជាពិសេសពលករ ដែលពុំមានឯកសារគ្រប់គ្រាន់ ត្រូវបានពួកប៉ូលិសថៃខិលខូចមួយចំនួន ចាប់ខ្លួន ហើយផាកពិន័យជាប្រាក់ ម្ដងៗ ចន្លោះពី ៣ពាន់បាត ស្មើ១០០ដុល្លារ ទៅ ៧ពាន់បាត ឬជាង២០០ដុល្លារ។ លោកថា ករណីបែបនេះកើតមានស្ទើរតែរាល់ថ្ងៃ។
លោកសង្កេតឃើញថា បច្ចុប្បន្ន មានពលករខ្មែរ លួចឡើងមកធ្វើការនៅប្រទេសថៃ ក្នុង១ថ្ងៃរាប់រយនាក់ ដោយសារតែពួកគាត់ ពិបាករកការងារធ្វើ នៅក្នុងស្រុក។ រីឯ ពលករខ្មែរខ្លះទៀត ដែលលួចឡើងមកប្រទេសថៃ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន រួចបញ្ជូនមកខ្មែរវិញ ជាហូរហែ។
លោក លឹង សុផុន៖ «ដឹងហើយថា ប្រទេសដែលនៅជាប់គ្នាតាមព្រំដែន យើងមិនគួរណាបិទទេ ពីព្រោះពលរដ្ឋទាំងពីរប្រទេស មិនអាចចែកគ្នាដាច់ទេ។ ទាំងការរស់នៅ និងទាំងការគាត់បើកមុខរបរ រកស៊ីស្វែងរកប្រាក់ចំណូល គឺប្រាស្រ័យគ្នាទៅវិញ ទៅមក ។ ខ្ញុំចង់ឃើញរដ្ឋាភិបាលនឹងពន្លឿនឱ្យបានលឿនបំផុត ដើម្បីភាពងាយស្រួល ដល់ពលរដ្ឋខ្មែរយើង និងពលរដ្ឋថៃ វិលត្រឡប់ឱ្យដូចដើម»។
អ្នកការពារសិទ្ធិពលករចំណាកស្រុករូបនេះបានអះអាងថា ចាប់តាំងពីថ្ងៃទី១ សីហា រហូតដល់ ខែវិច្ឆិកានេះ លោករកឃើញ មានពលករខ្មែរ ប្រមាណជាង ១ពាន់នាក់ហើយ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន បញ្ជូនមកកម្ពុជាវិញ អំឡុងពេលដែលពួកគាត់ព្យាយាមចូលមកប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើ ខណៈដែលជម្លោះព្រំដែននៃប្រទេសទាំងពីរ កំពុងតែតានតឹងនៅឡើយ។
វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) កាលពីថ្ងៃទី២៧ ខែ សីហា បានរកឃើញថា ពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញមាន ប្រមាណ ៩២ម៉ឺននាក់ ហើយ អ្នកដែលមានការងារធ្វើ មានត្រឹមតែ ១៩ម៉ឺននាក់ប៉ុណ្ណោះ។ ករណីនេះ ធ្វើឱ្យអ្នកការពារសិទ្ធិពលករព្រួយបារម្ភថា ប្រសិនបើពលរដ្ឋនៅតែបន្តអត់ការងារធ្វើច្រើនបែបនេះ ពួកគាត់កាន់តែជួបផលលំបាកក្នុងជីវភាព ដូច្នេះ ប្រសិនបើរដ្ឋាភិបាល អាចព្យាយាម បញ្ចប់ជម្លោះព្រំដែនរវាងកម្ពុជាថៃឱ្យបានឆាប់ គឺជារឿងដ៏ប្រសើរ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ពលរដ្ឋឡើងវិញ៕









