
មន្ត្រីការបរទេស និងអ្នកនយោបាយថៃបានព្រមានកម្ពុជាកុំឱ្យជ្រៀតជ្រែកក្នុងកិច្ចការនយោបាយ និងរឿងបោះឆ្នោតរបស់ថៃ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការស្ដារទំនាក់ទំនងរវាងប្រទេសទាំង២ និងបទឈប់បាញ់ ដែលមានភាពផុយស្រួយ។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពី មេស្ថាប័នសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានធ្វើអត្ថាធិប្បាយថា ប្រសិនបើនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចានវីរៈគុល (Anutin Chanvirarkul) ចាញ់ឆ្នោត នោះលទ្ធភាពនៃការផ្ទុះសង្គ្រាមនៅតាមព្រំដែនលើកទី៣ រវាងកម្ពុជា និងថៃ នឹងថយចុះ។
រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានព្រមានដោយសម្ដីធ្ងន់ៗ មកកាន់កម្ពុជាថា ប្រសិនបើកម្ពុជា ចង់បន្តទំនាក់ទំនង ជាមួយថៃបន្តទៀត មន្ត្រីកម្ពុជាត្រូវចេះប្រយ័ត្នប្រយែង ក្នុងការប្រើប្រាស់ពាក្យសម្ដី ជាពិសេសរឿងរ៉ាវដែលពាក់ព័ន្ធនឹងរឿងនយោបាយរបស់ប្រទេសថៃ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី១២ ខែមករា លោក ស៊ីហាសាក់ បានចាត់ទុក ការធ្វើអត្ថាធិប្បាយរបស់មេស្ថាប័នសិទ្ធិមនុស្សកម្ពុជា ថា ជាការញុះញង់ និងជាការជ្រៀតជ្រែកក្នុងកិច្ចការនយោបាយថៃ។
ក្រៅពីព្រមានកម្ពុជាហើយនោះ លោក ស៊ីហាសាក់ បានរម្លឹកឡើងវិញ ចំពោះការលួចថតសំឡេងថ្នាក់ដឹកនាំថៃកន្លងមក ពីសំណាក់ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ដែលលោកចោទថា គឺជាទង្វើខុសច្បាប់ និងមានចេតនាញុះញង់ ហែកហួរ ឱ្យអ្នកនយោបាយថៃបែកបាក់គ្នា។
ការព្រមានរបស់ភាគីថៃនេះ ធ្វើឡើងបន្ទាប់ពីទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៨ ខែមករា ថា ប្រសិនបើនាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោក អានុទីន ចាន់វីរៈគុល ចាញ់ឆ្នោត នោះការផ្ទុះសង្គ្រាមព្រំដែនលើកទី៣ នឹងមានកម្រិតទាប ដោយលោកលើកឡើងថា យោធាថៃបានឈ្លានពានកម្ពុជា គឺដោយសារមានការគាំទ្រពីរដ្ឋាភិបាលរបស់លោក អានុទីន។
លោក កែវ រ៉េមី បន្តថា ប្រសិនបើគណបក្សប្រជាជនថៃ ឬគណបក្សភឿថៃ បានឈ្នះឆ្នោត ពួកគេនឹងមិនលេងល្បែងសង្គ្រាមនោះទេ ពីព្រោះគណបក្សទាំងពីរនេះ ផ្ដោតទៅលើសេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ ជាជាងធ្វើសង្គ្រាមជាមួយប្រទេសជិតខាង។
ឆ្លើយតបនឹងការលើកឡើងនេះ លោក អានុទីន ដែលជាមេបក្សភូមិចៃថៃ បានលើកឡើងថា មន្ត្រីកម្ពុជាគ្មានសិទ្ធិមកប្រាប់ពលរដ្ឋថៃ ថា ត្រូវបោះឆ្នោតឱ្យគណបក្សណាមួយនោះឡើយ។ លោកបានអះអាងថា ចំពោះការចោទប្រកាន់របស់មន្ត្រីសិទ្ធិមនុស្សកម្ពុជា មកកាន់លោកបែបនេះ គឺមកពីកម្ពុជាខ្លាចវត្តមានរបស់លោក និងបារម្ភអំពីការទាមទារទឹកដី ដែលយោធាថៃកំពុងឈរជើងនោះ មកវិញមិនបាន។

ដោយឡែក បេក្ខជនដែលឈរឈ្មោះជាតំណាងរាស្ត្រមួយចំនួន មកពីគណបក្សប្រជាជនថៃ និងគណបក្សភឿថៃ បានបញ្ចេញប្រតិកម្មស្រដៀងគ្នា ដោយពួកគេបានប្រាប់ពលរដ្ឋថៃ កុំឱ្យស្ដាប់តាមការណែនាំរបស់មេស្ថាប័នសិទ្ធិមនុស្សកម្ពុជា គឺលោក កែវ រ៉េមី។ ក្រុមតំណាងរាស្ត្រថៃ បានអះអាងថា គណបក្សរបស់ពួកគេ គ្មានជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលកម្ពុជានោះឡើយ ហើយចំពោះរឿងបញ្ហាបូរណភាពទឹកដីវិញ គណបក្សនីមួយៗ សុទ្ធតែមានគោលនយោបាយការពារជាតិដូចៗគ្នា។
ក្នុងនោះសមាជិកសភារបស់ថៃ បានចាត់ទុកការអត្ថាធិប្បាយរបស់លោក កែវ រ៉េមី គឺជា «យុទ្ធសាស្ត្រនយោបាយថោកទាប» របស់បក្សកាន់អំណាចកម្ពុជា ដែលព្យាយាមបង្កើត «សម្ព័ន្ធភាពបញ្ច្រាស» សម្រាប់ក្រុមរបស់លោក ហ៊ុន សែន នៅក្នុងប្រទេសថៃ។
ពួកគេលើកឡើងថា នៅពេលដែលលោក ហ៊ុន សែន បង្ហាញការគាំទ្រចំពោះគណបក្សនយោបាយរបស់ថៃណាមួយ នោះនឹងនាំភាពចង្រៃទៅដល់គណបក្សនោះដោយសារប្រជាពលរដ្ឋថៃ លែងគាំទ្រ និងងាកមកគាំទ្រក្រុមនយោបាយផ្សេងទៀត ដែលអាចនឹងផ្ដល់ផលប្រយោជន៍ដល់លោក ហ៊ុន សែន។
កាលពីឆ្នាំ២០២៣ លោក ហ៊ុន សែន បានផ្សព្វផ្សាយពាក្យចចាមអារ៉ាមនៅលើបណ្ដាញសង្គមថា ប្រសិនបើលោក ភីថា លិមចារើនរ៉ាត (Pita Limjaroenrat) ក្លាយជានាយករដ្ឋមន្ត្រី ពលករខ្មែរទាំងអស់ នឹងត្រូវបញ្ជូនត្រឡប់ទៅកម្ពុជាវិញ។ ក្រោយការប្រកាសនេះ បានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋថៃ ទៅលើគណបក្សឆ្ពោះទៅមុខ (Move Forward) នៅពេលនោះ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កែវ រ៉េមី ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៣ ខែមករា។
ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ ប្រទេសថៃ បានព្រមានមកកម្ពុជា ជាច្រើនលើកមកហើយ មានដូចជា ការព្រមាន ដោយចោទថា កម្ពុជាបានបង្ហោះដ្រូនចូលក្នុងទឹកដីថៃ ការព្រមានក្រោយហេតុការណ៍ផ្ទុះគ្រាប់ នៅតំបន់មុំបី ការព្រមានមិនឱ្យកម្ពុជាទាមទារតំបន់ដែលយោធាថៃកំពុងឈរជើង និងការព្រមានមិនឱ្យកម្ពុជាប្រើប្រាស់ពាក្យ «ថៃឈ្លានពានកម្ពុជា» ជាដើម។
ជុំវិញរឿងនេះ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី យល់ឃើញថា ការលើកឡើងរបស់លោក កែវ រ៉េមី អាចនឹងនាំផលវិបាកមកឱ្យកម្ពុជាកាន់តែច្រើន ព្រោះនៅក្នុងធម្មនុញ្ញអាស៊ាន បានកំណត់មិនឱ្យរដ្ឋជាសមាជិក លូកដៃចូលក្នុងកិច្ចការផ្ទៃក្នុង របស់រដ្ឋជាសមាជិកដទៃទៀតនោះឡើយ។ លោកបន្តថា នៅក្នុងកាលៈទេសៈ ដែលកម្ពុជា និងថៃ កំពុងមានជម្លោះព្រំដែន លោក កែវ រ៉េមី មិនគួរលើកឡើងបែបនេះឡើយ ព្រោះជារឿយៗជម្លោះរឿងនយោបាយ បានឈានដល់អារម្មណ៍ជាតិនិយម របស់ប្រជាពលរដ្ឋប្រទេសទាំង២។
លោក សេង វណ្ណលី៖ «សម្រាប់បុគ្គល ដែលមានតួនាទីជាមន្ត្រីសាធារណៈ ការបញ្ចេញមតិលើបណ្ដាញសង្គម ក៏មិនមែនជារឿងឯកជនទាំងស្រុងនោះទេ។ រាល់ពាក្យសម្ដី ដែលគេសរសេរចេញទៅ ត្រូវបានគេភ្ជាប់ជាមួយតួនាទីផ្លូវការរបស់បុគ្គលនោះ ដែលអាចប៉ះពាល់ដល់ប្រទេសជាតិទាំងមូល។ លោក អានុទីន ចាន់វីរៈគុល គឺជាអ្នកនយោបាយ ដ៏មានឥទ្ធិពលម្នាក់ នៅក្នុងប្រទេសថៃ ដូច្នេះការរិះគន់ចំៗ មកលើរូបលោក ពីសំណាក់មន្ត្រីកម្ពុជា ត្រូវបានគេមើលឃើញថា ជាការវាយប្រហារលើអធិបតេយ្យភាព លើការសម្រេចចិត្តរបស់ម្ចាស់ឆ្នោតថៃ»។
ប្រទេសថៃ គ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកសភា នៅថ្ងៃទី៨ ខែកុម្ភៈ ខាងមុខនេះ។ អ្នកតាមដានស្ថានការណ៍នយោបាយថៃ បានលើកឡើងថា ការបោះឆ្នោតរបស់ថៃ នៅពេលនេះ គឺជាឱកាសសំខាន់ ក្នុងការជ្រើសរើសមេដឹកនាំ ដែលអាចគ្រប់គ្រងប្រទេសរហូតដល់ចប់អាណត្តិពេញលេញ ដើម្បីដោះស្រាយវិបត្តិនយោបាយដ៏រ៉ាំរ៉ៃ និងសេដ្ឋកិច្ច ដែលកំពុងតែចុះដុនដាប។ ក៏ប៉ុន្តែ ប្រសិនបើការបោះឆ្នោតនេះ នឹងមានបញ្ហាដោយប្រការណាមួយ នោះក្រុមយោធាថៃ អាចនឹងឡើងមកក្ដោបក្ដាប់ប្រទេសម្ដងទៀត៕









