

អតិថិជនមួយចំនួនដែលខ្ចីលុយពីធនាគារព្រីនស៍ (Princes)កំពុងរងសម្ពាធខ្លាំង និងមានបញ្ហាផ្លូវចិត្តក្រោយត្រូវមន្ត្រីធនាគារគំរាមកំហែងជាបន្តបន្ទាប់ បង្ខំឱ្យលក់ផ្ទះសម្បែងក្នុងតម្លៃទាប ដើម្បីសងបំណុលធនាគារ។ មន្ត្រីសិទ្ធិមនុស្សលើកឡើងថា ធនាគារគ្មានសិទ្ធិគំរាមកំហែង ឬបង្ខិតបង្ខំឱ្យកូនបំណុលលក់ទ្រព្យសម្បត្តិឡាយឡុងនោះឡើយ។
អំពើឆបោកតាមអនឡាញ និងអំពើលាងលុយកខ្វក់អន្តរជាតិដែលជាប់ពាកព័ន្ធនឹងប្រធានក្រុមហ៊ុនព្រីនស៍ ចេន ហ្ស៊ី មិនត្រឹមតែបំផ្លាញមុខមាត់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងកំពុងជះឥទ្ធិពលដល់ជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរដែលខ្ចីលុយពីធនាគារព្រីនស៍ និងកំពុងប្រឈមហានិភ័យបាត់បង់ផ្ទះសម្បែងដោយការរឹបអូសដោយបង្ខំ។
អតិថិជនខ្ចីលុយពីធនាគារព្រីនស៍ម្នាក់គឺលោកស្រី ហុង ធីតា ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៣ ខែមករាថា លោកស្រីបានខ្ចីលុយពីធនាគារព្រីនស៍ចំនួនជាង ៤ម៉ឺនដុល្លារតាំងពីមុនជំងឺរាតត្បាតកូវីដ-១៩ (Covid-19) និងបង់ការប្រាក់ដល់ធនាគារជាប្រចាំ តែក្រោយមកមន្ត្រីធនាគារបែរជាលើកឡើងថា បំណុលដែលលោកស្រីជំពាក់ធនាគារបានកើនឡើងរហូតជាង ៦ម៉ឺនដុល្លារ។ ក្រោយបែករឿងរ៉ាវអាស្រូវឧក្រិដ្ឋជន ចេន ហ្ស៊ី ពាក់ព័ន្ធអំពើឧក្រិដ្ឋកម្មនោះលោកស្រីក៏តែងតែរងការគំរាមកំហែងជាបន្តបន្ទាប់ពីមន្ត្រីធនាគារដោយបង្ខំឱ្យលក់ផ្ទះឡាយឡុង ដើម្បីបង់បំណុល បើទោះបីលោកស្រីស្នើសុំបង់តាមលទ្ធភាពយ៉ាងណាក្ដី។
លោកស្រី ហុង ធីតា បញ្ជាក់ថា បច្ចុប្បន្នកំពុងមានជំងឺផ្លូវចិត្តហើយត្រូវលេបថ្នាំជាប្រចាំ និងព្រួយបារម្ភខ្លាំងចំពោះការរឹបអូសផ្ទះសម្បែងលោកស្រីដោយបង្ខំ។ លោកស្រីក៏ស្នើឱ្យរដ្ឋាភិបាល និងធនាគារជាតិចេញមុខអន្តរាគមន៍ឱ្យធនាគារព្រីនស៍ពន្យារពេលដល់អតិថិជនសម្រាប់រកលុយបង់បំណុល ដោយសារតែស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នពួកគាត់រកចំណូលមិនសូវបាន។
លោកស្រី ហុង ធីតា៖ «គាត់ [មន្ត្រីធនាគារ] ចេះតែមកអ៊ីចឹងទៅហើយសេដ្ឋកិច្ចយើងធ្លាក់រកអីអត់បានចិញ្ចឹមកូន អាហារបីពេលយើងរកមិនចង់គ្រប់ឱ្យកូន គាត់ចេះតែមកនិយាយបំភ័យយើង ដល់អ៊ីចឹងយើងភ័យ យើងគិត យើងបារម្ភ មួយរយៈមុននិយាយទៅគាត់និយាយគំរាមខ្លាំងណាស់ គាត់ចេះតែលើកឡើងថា រឹបអូសគាត់ឡាយឡុងទ្រព្យយើងតម្លៃថោកចេះមួយ ចេះពីរបង្ខិតបង្ខំឱ្យយើងលក់ឱ្យបានលឿនអ៊ីចឹង។ គិតទៅលុយខ្ញុំតែជាង ៤ម៉ឺន ឡើងដល់ ៦ម៉ឺនជាងទាំងខ្ញុំខំប្រឹងបង់ការប្រាក់រយៈពេលឡើងយូរ។ ដូចថា អារក ប្រជាជនដែលកំពុងពិបាក ព្រោះសេដ្ឋកិច្ចធ្លាក់មករហូត។ ឥឡូវខ្ញុំភ័យខ្ញុំបារម្ភខ្លាចតែគេចុះមករឹបអូសផ្ទះឆៅៗយកទៅដាក់ឡាយឡុងលក់ថោកព្រោះខ្ញុំបារម្ភខ្លាចអត់កន្លែងឱ្យកូននៅព្រោះកូន ៤នាក់តូចៗ ហើយមានម៉ែចាស់ជរាមួយទៀត។ មួយយប់ៗខ្ញុំដេកអត់លក់វាប៉ះពាល់អារម្មណ៍ ហើយបើសិនជាខាងធនាគារយោគយល់ឱ្យបង់ដូចតាមលទ្ធភាពអាហ្នឹងចេះតែខំ»។
ក្រោយចាប់ខ្លួនមេក្រុមហ៊ុនព្រីនស៍គឺឧក្រិដ្ឋជន ចេន ហ្ស៊ី បញ្ជូនត្រឡប់ទៅប្រទេសចិនធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី៨ ខែមករា បានចេញសេចក្ដីប្រកាសថា ធនាគារព្រីនស៍ត្រូវបានផ្អាកសេវាកម្មទាំងអស់រួមទាំងការទទួលដាក់ប្រាក់ និងការផ្តល់កម្ចី។ ទោះជាយ៉ាងណា ធនាគារជាតិបានតែងតាំង និងបញ្ចូលក្រុមហ៊ុនថ្មីឈ្មោះ ម៉ូរីសុនកាក់ អិមខេអេ អូឌីត អាខោនធីង (Morisonkak MKA Audit-Accounting) និងបញ្ជាក់ថា អតិថិជនដែលខ្ចីលុយពីធនាគារព្រីនស៍ត្រូវបន្តទទួលខុសត្រូវសងប្រាក់ទៅតាមកិច្ចសន្យា ទោះបីមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំថ្មីក៏ដោយ។
ចំណែក អតិថិជនខ្ចីលុយពីធនាគារព្រីនស៍ម្នាក់ទៀតគឺលោកស្រី ម៉ម កាដែត យល់ថា ការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់ធនាគារព្រីនស៍នេះ គឺក្រុមហ៊ុន ឬធនាគារព្រីនស៍នៅតែអាចមានឱកាសបន្តលាងលុយកខ្វក់បានដដែល។
លោកស្រី ម៉ម កាដែត៖ «ខ្ញុំចង់សួរទៅធនាគារជាតិថា លុយដែលយកមកឱ្យពួកខ្ញុំខ្ចីសុទ្ធតែលុយកខ្វក់ដែលទទួលស្គាល់ពេញពិភពលោកហើយ។ ហេតុអីធនាគារជាតិប្រើក្រុមហ៊ុនថ្មីមួយទៀតមកជំនួសភ្លាមៗតែងតាំងភ្លាមៗ? ហើយខ្ញុំធ្លាប់ដឹង ធ្លាប់ឮហើយថា ម្ចាស់ធនាគារគឺលោក ចេន ហ្ស៊ី សម្រាប់ខ្ញុំគិតថា ក្រុមហ៊ុនមកជំនួសថ្មីនេះលុយរបស់ចេន ហ្ស៊ី ដដែលហ្នឹង។ សម្រាប់ខ្ញុំបើគាត់ហៅឡើងតុលាការខ្ញុំចង់សួរទៅលោកតុលាការវិញខ្ញុំខ្ចីលុយ ក ហេតុអ្វីខ្ញុំត្រូវទៅសង ខ វិញនេះមិនមែនខ្ញុំគេចវេះទេ តែខ្ញុំវែកញែក»។
លោកស្រី ម៉ម កាដែត ជាអតិថិជនម្នាក់ដែលអះអាងថា រងការគំរាមកំហែងពីមន្ត្រីធនាគារព្រីនស៍បង្ខិតបង្ខំឱ្យលក់ផ្ទះសម្បែងក្នុងតម្លៃថោក ដើម្បីសងបំណុល ក្រោយពីលោកស្រីបានខ្ចីប្រាក់ពីធនាគារព្រីនស៍ចំនួន ១៦ម៉ឺនដុល្លារ ដើម្បីបើកសាលារៀន ប៉ុន្តែអាជីវកម្មបរាជ័យ។ លោកស្រីថា ទោះបានស្នើសុំបង់ប្រាក់តាមលទ្ធភាពក៏ភាគីធនាគារមិនព្រមទទួលយកឡើយ ហើយភាគីធនាគារថែមទាំងដាក់ពាក្យប្ដឹងតុលាការ ដើម្បីឱ្យលក់ទ្រព្យសម្បត្តិឡាយឡុងបង់បំណុល។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ទង្វើរបស់មន្ត្រីធនាគារដែលគំរាមកំហែងបង្ខំឱ្យអតិថិជនលក់ទ្រព្យសម្បត្តិបង់បំណុលនោះគឺជាអំពើខុសច្បាប់។ លោកថា ភាគីធនាគារ ឬក្រុមហ៊ុនគ្មានសិទ្ធិគំរាមរឹបអូសទ្រព្យសម្បត្តិពីកូនបំណុលឡើយ ប្រសិនបើគ្មានការសម្រេចសាលក្រមជាស្ថាពរដោយតុលាការ។ លោកបន្ថែមថា អតិថិជនខ្ចីប្រាក់ពីធនាគារព្រីនស៍គឺមានភាពស្មុគស្មាញច្រើន ដោយសារតែមេក្រុមហ៊ុននេះជាប់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្ម។
លោក អំ សំអាត៖ «វាអត់មានអីត្រូវចាប់បង្ខំឱ្យអតិថិជនលក់ទ្រព្យសម្បត្តិផ្ទះសម្បែង ដើម្បីសងធនាគារឱ្យបានច្រើនអីនោះទេ គឺត្រូវអនុវត្តតាមគោលការណ៍នៃធនាគារជាតិកម្ពុជាឱ្យអតិថិជនជំពាក់ប្រាក់ ឬខ្ចីហ្នឹងដូចធនាគារដទៃទៀត ឬមីក្រូហិរញ្ញវត្ថុដទៃទៀតដែលបង់ទៅតាមលទ្ធភាព ទៅតាមគោលការណ៍អនុគ្រោះ តាមគោលការណ៍នៃកម្ចី ដែលមិនអាចធ្វើការចាប់បង្ខំធ្វើទុក្ខបុកម្នេញគំរាមកំហែងរឹបអូស ឬបង្ខំឱ្យលក់ទ្រព្យសម្បត្តិណាមួយទេ អាហ្នឹងគឺជារឿងខុសច្បាប់ប្រសិនជាគ្មានដីកា ឬសាលក្រមជាស្ថាពរណាមួយពីតុលាការ។ អ៊ីចឹងអ្នកដែលបង្ខំ ឬរឹបអូសខុសច្បាប់ត្រូវទទួលទោសផ្លូវច្បាប់ទៀត។ អ៊ីចឹងគោលការណ៍នៃកម្ចីត្រូវអនុវត្តដូចធនាគារដទៃទៀត គោលការណ៍អនុគ្រោះក៏អនុវត្តដូចគ្នាដែរ»។
ទាក់ទងនឹងរឿងនេះ ទូរទស្សន៍អាស៊ីសេរីបានព្យាយាមទាក់ទងអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាអ្នកស្រី ជា សិរី ប៉ុន្តែទូរស័ព្ទហៅចូលជាច្រើនដង គ្មានអ្នកទទួលនៅថ្ងៃទី១៣ ខែមករា។
ក្រៅពីអតិថិជនរងការគំរាមឱ្យលក់ទ្រព្យសម្បត្តិបង់បំណុល អ្នកដែលទិញអចលនទ្រព្យពីគម្រោងរបស់ក្រុមហ៊ុនព្រីនស៍ក៏មានបញ្ហាប្រឈមដែរ ក្រោយមានការចាប់ខ្លួនឧក្រិដ្ឋជន ចេន ហ្ស៊ី។ និយតករអាជីវកម្មអចលនវត្ថុ និងបញ្ចាំកាលពីថ្ងៃទី១២ ខែមករា ឱ្យដឹងថា អាជីវកម្មអភិវឌ្ឍលំនៅឋាន អគារខុនដូរទាំងអស់ និងអគារសហកម្មសិទ្ធិពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍ចំនួន ៥គម្រោងត្រូវបានផ្អាកប្រតិបត្តិការលក់។ ប្រភពដដែលឱ្យដឹងថា អតិថិជនដែលបានចុះកិច្ចសន្យាលក់-ទិញផ្ទះជាមួយគម្រោងពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍ ត្រូវបន្តអនុវត្តកាតព្វកិច្ចរហូតដល់បញ្ចប់កិច្ចសន្យាលក់-ទិញជាស្ថាពរ។ ទោះជាយ៉ាងណា អតិថិជនខ្លះដែលបានបញ្ចប់កិច្ចសន្យាលក់-ទិញជាស្ថាពរលើគម្រោងអចលនទ្រព្យរបស់ក្រុមហ៊ុនព្រីនស៍អះអាងនៅតាមបណ្ដាញសង្គមថា ពួកគាត់នៅមិនទាន់បានទទួលប្លង់ផ្ទះនៅឡើយ។
អតិថិជនដែលខ្ចីលុយពីធនាគារព្រីនស៍លើកឡើងថា ប្រសិនបើពួកគាត់បានដឹងថា ក្រុមហ៊ុនមួយនេះជាប់ពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់ ក៏ពួកគាត់មិនខ្ចីលុយពីធនាគារព្រីនស៍មករកស៊ីដែរ។ អតិថិជនដែលខ្ចីលុយពីធនាគារព្រីនស៍ថា ពួកគាត់ប្រៀបដូចត្រូវបណ្ដាសា ដោយសារតែការរកស៊ីតែងបរាជ័យព្រោះប្រភពលុយដែលខ្ចីពីធនាគារព្រីនស៍នោះពួកគាត់ជឿថា បានមកពីអំពើឆបោក និងការកេងប្រវ័ញ្ចកម្លាំងញើសឈាមអ្នកដទៃ។ យ៉ាងណាក៏ដោយអតិថិជនអះអាងថា ពួកគាត់គ្មានបំណងគេចវេះពីការទទួលខុសត្រូវបង់សងធនាគារឡើយ ប៉ុន្តែចង់ស្នើឱ្យរដ្ឋាភិបាល និងធនាគារជាតិជួយសម្រួលឱ្យពួកគាត់អាចបង់លុយតាមលទ្ធភាព និងអំពាវនាវឱ្យបញ្ឈប់ទង្វើមន្ត្រីធនាគារកុំឱ្យបន្តគំរាមកំហែងប្ដឹងពួកគាត់ទៅតុលាការ ដើម្បីរឹបអូស ឬដាក់លក់ផ្ទះសម្បែងឡាយឡុង ដើម្បីបង់សង់ធនាគារ៕









