«ទំនាក់ទំនង​រវាង​កម្ពុជា​និង​អាមេរិក​នឹង​ផុយ​ស្រួយ» បើ​កម្ពុជា​មិន​ធ្វើតាម​ការ​ចង់​បាន​របស់​ក្រុង​វ៉ាស៊ីនតោន

0
28
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងពិធីចុះហត្ថលេខា​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ បណ្ដាញសង្គម
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងពិធីចុះហត្ថលេខា​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ បណ្ដាញសង្គម

អ្នកឃ្លាំមើល​សង្គម​អះអាង​ថា វត្តមាន​នាវាចម្បាំង​ជើង​ទឹក​អាមេរិក​នៅ​លើ​ទឹកដី​កម្ពុជា​គឺជា​សញ្ញា​វិជ្ជមាន​ក្នុង​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​អាមេរិក ក៏ប៉ុន្តែ​ទំនាក់ទំនង​នេះ​ស្ថិត​នៅ​ក្នុង​ភាព​ផុយស្រួយ​ដោយសារតែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​តែងតែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​បើក​លំហ​សេរីភាព​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើងវិញ។ ទំនាក់ទំនង​រវាង​កម្ពុជា និង​អាមេរិក បាន​ធ្លាក់ចុះ​នៅ​ឆ្នាំ​២០១៧ ក្រោយពី​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ផ្អាក​ធ្វើ​សមយុទ្ធ​ឆ្មាំ​អង្គរ ហើយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ដាក់​ក្តី​សង្ស័យ​អំពី​ជំហរ​កម្ពុជា​ថា មាន​ទំនោរ​ទៅ​រក​មហា​យក្ស​ចិន។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ បាន​អះអាង​ថា កា​រៀបចំ​សមយុទ្ធ​ឆ្មាំ​អង្គរ​ឡើងវិញ គឺជា​សញ្ញា​វិជ្ជមាន​ដែល​កម្ពុជា និង​សហរដ្ឋអាមេរិក​អាច​វិល​ទៅ​រក​ភាព​ល្អ​ប្រសើរ​ក៏ប៉ុន្តែ​វា​គ្រាន់តែ​ជា​ចំនុច​ចាប់ផ្តើម​តែប៉ុណ្ណោះ។

លោក សេក សុជាតិ បាន​អះអាង​បន្ថែម​ថា សហរដ្ឋ​សហរដ្ឋអាមេរិក​ចង់​ឃើញ​កម្ពុជា​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​បើក​ទូលាយ​លំហូរ​សេរីភាព នយោបាយ​ស្របតាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា និង​ការ​ប្រកាន់​យក​គោលនយោបាយ​ការបរទេស​អព្យាក្រឹត្យ​អចិន្ត្រៃយ៍។ លោក សេក សុជាតិ ក៏​កត់សម្គាល់​ផង​ដែរ​ថា ទំនាក់ទំនង​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (Donald Trump) គឺ​មាន​ភាព​ប្រសើរ​មួយ​ចំនួន ហើយ​កម្ពុជា​ក៏​បាន​ឆ្លើយតប​ទៅ​នឹង​លោក ដូណាល់ ត្រាំ ដែល​អញ្ជើញ​កម្ពុជា​ឲ្យ​ចូលក្នុង​ក្រុមប្រឹក្សា​សន្តិភាព​ពិភពលោក។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ។ រូប៖ ហ្វេសប៊ុក

លោក សេក សុជាតិ៖ «សង្ឃឹម​ថា រាល់​លក្ខខណ្ឌ​ដែល​សហរដ្ឋអាមេរិក​បាន​ស្នើ​ឡើង​គឺ​កម្ពុជា និង​ពិចារណា​ជាពិសេស​ការ​ដោះស្រាយ​បញ្ហា​លំហូរ​លទ្ធិប្រជាធិបតេយ្យ លំហូរ​សេរីភាព​នយោបាយ ហើយនឹង​ការ​ដោះស្រាយ​បញ្ហា​ជាមួយនឹង​បញ្ហា​សង្គម រឺ​ក៏​ពាក់ព័ន្ធ​ជាមួយ​នឹង​នយោបាយ​កម្ពុជា​អីចឹង​ជាដើម​។ ហើយ​រឿង​មួយ​ដែល​សំខាន់​គឺ​កម្ពុជា​អាច​នឹង​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​សហរដ្ឋអាមេរិក​ក៏ដូចជា​អាច​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម បើសិនជា​កម្ពុជា​អាច​ធ្វើ​ខ្លួន​ឲ្យ​ក្លាយជា​ប្រទេស​មួយ​ដែល​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ហើយ​ស្រប​ទៅ​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស»។

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ខាងមុខ​នាវា USS CINCINNATI(LCS 20) ក្នុង​មូលដ្ឋាន​សមុទ្រ​រាម នា ថ្ងៃទី​២៦ ខែ​មករា លោក​នាយ​ឧត្ដមនាវី សាមូអែល ប៉ាប៉ារូ (Samuel Paparo) មេបញ្ជាការ​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​ប្រចាំ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក អះអាង​ថា នឹងមាន​សមយុទ្ធ​ឆ្មាំ​អង្គរ​ឡើងវិញ នៅ​ចុងឆ្នាំ​២០២៦ ឬ​នៅ​ដើមឆ្នាំ​២០២៧។

លោក សាមូអែល ប៉ាប៉ារូ បាន​ឱ្យ​ដឹង​ថា អាមេរិក​យកចិត្តទុកដាក់​យ៉ាង​ហ្មត់ចត់ លើ​សមយុទ្ធ​រួមគ្នា​នេះ ហើយ​អះអាង​ថា កំពុង​រៀបចំ​ផែនការ​។ លោក​ថា នា​ពេល​អនាគត​អាមេរិក​នឹង​ពង្រឹង​ភាពជា​ដៃគូ​ជាមួយ​កម្ពុជា​បន្ថែម​ទៀត ដើម្បី​រួមគ្នា​ទទួល​បាន​ស្ថិរភាព និង​សន្តិសុខ។

សមយុទ្ធ​ឆ្មាំ​អង្គរ​រវាង កម្ពុជា​-​អាមេរិក ខកខាន​អស់​ជិត ១០​ឆ្នាំ​ហើយ​ចាប់តាំងពី ឆ្នាំ​២០១៧​មក​។ រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា ការ​ផ្អាក​សមយុទ្ធ​ជាមួយ​អាមេរិក គឺ​ដើម្បី​ផ្ដោត​លើ​ការរៀបចំ​ការបោះឆ្នោត​ឃុំ​សង្កាត់ និង​យុទ្ធនា​ការ​ប្រឆាំង​គ្រឿងញៀន​ថ្នាក់​ជាតិ។ ទោះជា​យ៉ាងណា កម្ពុជា​នៅតែ​បន្ត​ធ្វើ​សមយុទ្ធ «នាគ​មាស» ជាមួយ​ចិន និង​កាន់តែ​ធំ​ឡើងជា​រៀងរាល់​ឆ្នាំ ដែល​ធ្វើ​ឱ្យ​គេ​មើល​ឃើញ​ថា កម្ពុជា​លំអៀង​ទៅ​រក​ប្រទេស​ចិន ខណៈ​សហរដ្ឋអាមេរិក​វិញ​តែង​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ពី​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។

កន្លងមក លោក ហ៊ុន សែន មិនសូវ​សប្បាយ​ចិត្តនឹង​សហរដ្ឋអាមេរិក​នោះ​ទេ ដោយសារតែ​ប្រទេស​មហាអំណាច​ប្រជាធិបតេយ្យ​មួយ​នេះ​តែងតែ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​គោរព​សិទ្ធិមនុស្ស និង​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ ដោយ​បើកចំហ​ឱ្យ​គណបក្ស​នយោបាយ​មកពី​គ្រប់​និន្នាការ​អាច​ប្រកួតប្រជែង​នយោបាយ​ប្រកបដោយ​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌។ កាល​នៅក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថែមទាំង​បាន​បើក​កកាយ​ប្រវត្តិសាស្ត្រ​មក​ចោទប្រកាន់​លើ​សហរដ្ឋអាមេរិក ថា បាន​ធ្វើ​កំហុស​២ ទៅ​លើ​កម្ពុជា ក្នុង​សម័យ​សង្គមរាស្ត្រនិយម និង​របប​ខ្មែរក្រហម។ ទន្ទឹម​គ្នា​នេះ​បុរស​ខ្លាំង​រូប​នេះ​ក៏​ព្រមាន​សហរដ្ឋអាមេរិក កុំឱ្យ​ធ្វើ​កំហុស​លើក​ទី​៣ មក​លើ​កម្ពុជា​ផង​ដែរ។

កំហុស​ធំៗ ដែល​លោក ហ៊ុន សែន លើកឡើង​នេះ រួមមាន ការ​គាំទ្រ​រដ្ឋប្រហារ​យោធា​នៅ​ទីក្រុង​ភ្នំពេញ​ទម្លាក់​សម្ដេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ចេញពី​ព្រះប្រមុខរដ្ឋ នៅ​ឆ្នាំ​១៩៧០ ដែល​នាំ​ឱ្យ​មាន​របប​ប្រល័យពូជសាសន៍ ប៉ុល ពត សម្លាប់​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់​។ ចំណែក​កំហុស​ទី​២ គឺ​ការ​គាំទ្រ​អាសនៈ​របស់​ខ្មែរក្រហម នៅ​អង្គការ​សហប្រជាជាតិ រហូតដល់​ទៅ​ជាង ១២​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​១៩៧៩ រហូតដល់​ឆ្នាំ​១៩៩១។

ទោះជា​យ៉ាងណា រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ហាក់​កំពុង​ព្យាយាម​បោះដៃ​ទៅ​រក​អាមេរិក​វិញ ក្រោយពី​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ចូលរួម​ជ្រោមជ្រែង​ស្វែងរក​ដំណោះស្រាយ​បទ​ឈប់​បាញ់​ក្នុង​សង្គ្រាម​ឈ្លានពាន​របស់​យោធា​ថៃ​មក​លើ​កម្ពុជា​។ ទោះជា​បែបនេះ​ក្តី អ្នកឃ្លាំមើល​លើកឡើង​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​អាមេរិក​មិន​អាច​ប្រសើរ​បាន​ទេ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​នៅ​បន្ត​រំលោភសិទ្ធិ​ពលរដ្ឋ និង​គាបសង្កត់​អ្នកនយោបាយ​ប្រឆាំង​ដូច​បច្ចុប្បន្ន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ