

អ្នកជំនាញការទូត និងអ្នកវិភាគនយោបាយជំរុញឲ្យរដ្ឋាភិបាលកម្ពុជាត្រូវមានការអនុវត្តជាក់ស្តែងប្រឆាំងនឹងអ្នកមានឥទ្ធិពលដែលជួយអ្នកសម្របសម្រួលឲ្យមានឧស្សាហកម្មឆបោកនេះ។ ពួកគាត់យល់ថា ការព្រងើយកន្តើយ វានឹងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិនបរទេស ព្រមទាំងរុញប្រទេសកម្ពុជាឲ្យចូលទៅក្នុងបញ្ជីតាមដានរបស់អន្តរជាតិ ជាមួយនឹងឧក្រិដ្ឋកម្មឆ្លងដែន។
អ្នកឃ្លាំមើលសង្កេតឃើញថា យុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញរបស់រដ្ឋាភិបាលក្រុងភ្នំពេញជាពិសេសទៅលើមេក្លោងឧក្រិដ្ឋកម្មអនឡាញជនជាតិខ្មែរដើមកំណើតលោក ចេន ហ្ស៊ី និងឃាត់ខ្លួនជនរងគ្រោះ ព្រមទាំងចាប់ជនល្មើសតូចតាច គឺជាការបន្លំភ្នែកសហគមន៍ជាតិ និងអន្តរជាតិ ដើម្បីបិទបាំង និងការពារក្រុមមេខ្លោងឧក្រិដ្ឋជនធំៗ ដែលកំពុងរកស៊ីឲ្យក្រុមគ្រួសារត្រកូល ហ៊ុនតែប៉ុណ្ណោះ។
សាស្ត្រាចារ្យជំនាញការទូត និងកិច្ចការសកលនៅមហាវិទ្យាល័យ Occidental College សហរដ្ឋអាមេរិក លោកបណ្ឌិត អៀ សុផល បានប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៣ កុម្ភៈ ថា ភាពស្ងៀមស្ងាត់របស់រដ្ឋាភិបាលក្នុងការបង្ក្រាបឧស្សាហកម្មបោកប្រាស់អនឡាញជាប្រព័ន្ធ គឺឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចនយោបាយជុំវិញឧស្សាហកម្មបោកប្រាស់អនឡាញ ពីព្រោះក្រុមឥស្សរជនដែលនៅពីក្រោយឧស្សាហកម្មអនឡាញទាំងនោះទទួលបានផលចំណេញ។ ដូច្នេះបើរដ្ឋាភិបាលបង្ក្រាបនឹងគំរាមកំហែងដល់ផលប្រយោជន៍អ្នកដែលមានអំណាចទាំងនោះ។ លោកថា ការទទួលស្គាល់ទំហំនៃបញ្ហាក៏នឹងបង្ហាញពីការបដិសេធជាផ្លូវការអស់រយៈពេលជាច្រើនឆ្នាំរបស់រដ្ឋាភិបាលផងដែរ។ រដ្ឋាភិបាលចូលចិត្តបង្ក្រាបមួយករណីមួយករណីៗជាជាងបង្ក្រាបជាប្រព័ន្ធ។
លោកបណ្ឌិត អៀ សុផល បន្ថែមទៀតថា រដ្ឋាភិបាលត្រូវទទួលស្គាល់ថា ឧស្សាហកម្មឆបោកតាមអ៊ីនធឺណិតឥឡូវនេះគឺជាឧក្រិដ្ឋកម្មសេដ្ឋកិច្ចកម្រិតថ្នាក់ជាតិ មិនមែនជាការប្រមូលផ្តុំនៃករណីដាច់ដោយឡែកនោះទេ។ ការឆ្លើយតបពិតប្រាកដតម្រូវឱ្យមានបីជំហានគឺ៖ ការអនុវត្តជាក់ស្តែងប្រឆាំងនឹងអ្នកដែលមានឥទ្ធិពលសម្របសម្រួលឱ្យមានការឆបោកតាមអនឡាញ មិនមែនគ្រាន់តែកម្មករកម្រិតទាបនោះទេ។ ប្រតិបត្តិការជាមួយការអនុវត្តច្បាប់អន្តរជាតិនិងការត្រួតពិនិត្យដោយឯករាជ្យលើតំបន់សេដ្ឋកិច្ចពិសេស និងបរិវេណដែលជួញដូរមនុស្ស និងកម្លាំងពលកម្មដោយបង្ខំ។ ហើយលុះត្រាតែរដ្ឋាភិបាលកំណត់គោលដៅបង្ក្រាបអ្នកការពារបណ្ដាញឧក្រិដ្ឋកម្មនេះ បើមិនដូច្នេះទេបញ្ហានឹងនៅតែបន្តកើតមាន។
លោកបណ្ឌិត អៀ សុផល បន្ថែមទៀតថា បើរដ្ឋាភិបាលនៅតែព្រងើយកណ្តើយ គឺប្រទេសកម្ពុជានឹងខូចកេរ្តិ៍ឈ្មោះកាន់តែខ្លាំង ហើយវាធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិន ហើយរុញប្រទេសកម្ពុជាចូលទៅក្នុងបញ្ជីតាមដានអន្តរជាតិ ដោយភ្ជាប់ប្រទេសកម្ពុជាជាមួយនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ហើយវាកាន់តែពិបាកសម្រាប់ប្រទេសកម្ពុជាក្នុងការអះអាងប្រាប់អន្តរជាតិថា ខ្លួនជាតួអង្គដែលមានទំនួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងទៅនឹងបទល្មើសអនឡាញ ដោយសារបណ្ដាញទាំងនោះបោកប្រាស់ប្រាក់រាប់ពាន់លានដុល្លារពីជនរងគ្រោះនៅអាស៊ី អឺរ៉ុប និងអាមេរិកខាងជើង និងជំរុញលំហូរជួញដូរមនុស្សទូទាំងពិភពលោក។
ចំណែកអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ បានប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៣ កុម្ភៈ ថា សមិទ្ធផលដែលរដ្ឋាភិបាលកម្ពុជាបង្ក្រាបទៅលើមេឧក្រិដ្ឋជនឆបោកអនឡាញដែលជាជនបរទេសរាប់ពាន់នាក់ដែលនេះគឺជាអ្វីដែលអន្តរជាតិចង់បាន ក៏ប៉ុន្តែរឿងដែលសំខាន់គឺពិភពលោកចង់ឃើញការបង្ក្រាបមេៗនៅពីខាងក្រោយក្រុមឧក្រិដ្ឋជនទាំងនោះ ដើម្បីឲ្យអ្នកវិនិយោគិនបរទេសមានទំនុកចិត្តមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

លោក សេក សុជាតិ៖ «ក្នុងស្ថានភាពនេះគឺយើងចង់ឃើញរដ្ឋាភិបាល បន្តអនុវត្តនៅគោលការណ៍នេះបន្ថែមទៀតទៅលើបុគ្គល រឺក៏អ្នកដែលនៅពីខាងក្រោយនៃបទល្មើសធំៗ ទាក់ទងជាមួយអនឡាញនាពេលបច្ចុប្បន្ន ពីព្រោះ ជាទូទៅមិនអាចមានមនុស្ស រឺក្រុមណាមួយអាចអនុវត្តទៅបានដោយគ្មានផែនការរឺក៏គ្មានការរៀបចំជាខ្សែរយះរឺក៏បណ្ដាញត្រឹមត្រូវដែរហើយ អ្វីដែលយើងចង់ឃើញគឺចង់ឲ្យរដ្ឋាភិបាលពិចារណាដោះស្រាយបញ្ហាសម្រាប់ជនដែលនៅពីខាងក្រោយបទល្មើសបន្ថែមទៀតមិនថា ជា ខ្មែររឺក៏ជាបរទេសអីទេ គឺចង់ឃើញការអនុវត្តន៍មួយដែលមានភាពត្រឹមត្រូវច្បាស់លាស់»។
អតីតឧកញ៉ា ហេង សុទ្ធី ដែលត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ១៣ឆ្នាំ ដោយសារតែលាតត្រដាងមន្ត្រីធំៗនៅកាងពីក្រោយខ្នងការឆបោកអនឡាញ របស់អ្នកមានអំណាច អ្នកមានលុយ មន្ត្រីកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា កន្លងមកថា ឧកញ៉ា ហ៊ុន តូ ជាមេខ្លោងឆបោកតាមអនឡាញ ជួញដូរមនុស្ស និងគ្រឿងញៀន លោក គួច ចំរើន គឺជាអ្នកការពារឧក្រិដ្ឋកម្មល្បែងស៊ីសង ខុសច្បាប់នៅព្រះសីហនុ ស្នងការនគរបាលជាតិ លោក ស ថេត ទទួលបានលុយ ៥លានដុល្លារ ពីឧក្រិដ្ឋជន។ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែទទួលសំណូកពីឧក្រិដ្ឋជនក្នុងពេលបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ពីឧក្រិដ្ឋជនផ្តល់កម្ចីអនឡាញខុសច្បាប់ រួមទាំងចេញមុខការពារក្រុមឧក្រិដ្ឋជនខុសច្បាប់។
គេសង្កេតឃើញថា ក្រុមឧកញ៉ាដែលអន្តរជាតិរកឃើញថា ជាឧក្រិដ្ឋជន សុទ្ធសឹងតែជាមនុស្ស ដែលនៅកៀកនឹងគ្រួសារហ៊ុនរួមមាន ឧកញ៉ា លី យ៉ុង ផាត់ ឧកញ៉ា កុក អាន ឧកញ៉ា ហ៊ុន តូ និងឧកញ៉ា ចេន ហ្ស៊ី (Chen zhi) ទីប្រឹក្សាលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលត្រូវតុលាការចិនរកឃើញថា ជាឧក្រិដ្ឋជនលាងលុយ និងឆបោកតាមអនឡាញជាដើម។

ទាក់ទងបញ្ហានេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ដែលក្នុងនោះក៏មានក្រសួងមហាផ្ទៃ ជាសេនាធិការស្នូល គ្មានថ្ងៃបន្ធូរដៃឱ្យក្រុមឧក្រិដ្ឋជន មានឱកាសប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scames) ជាដាច់ខាត បើទោះបីជាពេលនេះ រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា បានកំពុងរ៉ាប់រងបន្ទុកដោះស្រាយផលប៉ះពាល់បង្កឡើងដោយអំពើឈ្លានពានពីប្រទេសជិតខាងក៏ដោយ។
ទោះជាយ៉ាងណា អ្នកឃ្លាំមើល សង្កេតឃើញថា ការបង្ក្រាបឧក្រិដ្ឋកម្មឆបោកឆ្លងដែននៅពេលនេះ គឺធ្វើចំពោះតែករណីតូចតាចប៉ុណ្ណោះដោយបន្សល់ទុកនៅឧក្រិដ្ឋកម្មទ្រង់ទ្រាយធំ និងមេខ្លោងធំៗជាពិសេសក្រុមអ្នកកាន់អំណាចកំពូលៗ។
ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញនេះដែរ សមាជិកសភាអាមេរិកក៏កំពុងដាក់មន្ត្រីកំពូលៗរបស់កម្ពុជា និងគ្រួសាររបស់ពួកគេ រួមទាំងអ្នកជំនួញធំៗមួយចំនួនចូលក្នុងបញ្ជីដាក់ទណ្ឌកម្មក្នុងសេចក្តីស្នើច្បាប់ (H.R5490) ។ អ្នកទាំងនោះរួមមានដូចជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ឧបនាយករដ្ឋមន្ត្រីលោក នេត សាវឿន អគ្គស្នងការរងនគរបាលជាតិ និងត្រូវជាប្អូនថ្លៃរបស់លោក ហ៊ុន ម៉ាណែត គឺលោក ឌី វិជ្ជា បងប្អូនជីដូនមួយរបស់លោក ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ អភិបាលខេត្តកណ្តាល លោក គួច ចំរើន ម្ចាស់ក្រុមហ៊ុនកាស៊ីណូក្រោន និងជាសមាជិកព្រឹទ្ធសភារបស់បក្សកាន់អំណាច លោក កុក អាន អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ និងកូនប្រុសអតីតឧបនាយករដ្ឋមន្ត្រីលោក យឹម ឆៃលី គឺលោក យឹម លក្ខណ៍ ជាដើម៕









