

មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលបារម្ភជាខ្លាំងករណីរដ្ឋាភិបាលក្រុងភ្នំពេញ ឯកភាពពន្លឿនការបោះបង្គោលព្រំដែន ដែលនៅសេសសល់ឲ្យបានឆាប់រហ័សជាមួយប្រទេសវៀតណាម ខណៈកម្ពុជាកំពុងបែកបាក់ជាតិ និងកំពុងរងការឈ្លានពានពីយោធាថៃ។ ពួកគាត់យល់ថា ការពន្លឿនបោះបង្គោលព្រំដែនក្នុងពេលនេះ នឹងធ្វើឲ្យកម្ពុជា ចាញ់ប្រៀបហើយបាត់បង់ទឹកដីមួយចំណែកធំទៅវៀតណាម។
ខណៈពលរដ្ឋខ្មែរនៅទិសខាងលិច កំពុងរងគ្រោះនិងឈឺចាប់ចាប់ពីការបាត់បង់ទឹកដីទៅក្រោមការគ្រប់គ្រងរបស់យោធាថៃនោះ ពេលនេះពលរដ្ឋខ្មែរនៅទិសខាងកើត ក៏កំពុងព្រួយបារម្ភពីការបាត់បង់ទឹកដីទៅវៀតណាមដែរ។ ការបារម្ភនេះ គឺបន្ទាប់ពីរដ្ឋាភិបាលត្រកូល”ហ៊ុន” និងរដ្ឋាភិបាលវៀតណាម បានប្រកាសឯកភាពគ្នាពន្លឿនការដោះដូរដី និងបន្តបោះបង្គោលព្រំដែននៃប្រទេសទាំងពីរដែលនៅសេសសល់ឲ្យឆាប់ចប់ជាស្ថាពរ។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន ជឿថា ការពន្លឿនបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាមដែលនៅសល់១៦ភាគរយទៀតឲ្យឆាប់ចប់នេះ គឺលោក ហ៊ុន សែន នឹងកាត់ទឹកដីខ្មែរបន្ថែមទៀតដើម្បីសងគុណវៀតណាមដែលលើកបន្តុបលោកឲ្យកាន់អំណាចតាំងពីទសវត្សរ៍ទី៨០មក។ «»
ការលើកឡើងនេះ គឺបន្ទាប់ពីប្រធានបក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម (To Lam) បានឯកភាពគ្នាជំរុញការដោះស្រាយនិងបោះបង្គោលព្រំដែនដែលនៅសេសសល់ ឲ្យបានឆាប់រហ័ស ដើម្បីកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិ ការនិងការអភិវឌ្ឍ ជាពិសេសជំរុញការតភ្ជាប់និងបង្កើតតំបន់អភិវឌ្ឍនៅសងខាងព្រំដែននៃប្រទេសទាំងពីរ។ ការឯកភាពគ្នានេះគឺធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលរវាងប្រមុខដឹកនាំគណបក្សកាន់អំណាចនៃប្រទេសទាំងពីរ កាលពីថ្ងៃទី៦ ខែកុម្ភៈ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា ថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃទី៨កុម្ភៈដោយបញ្ជាក់បន្ថែមថា ការឯកភាពគ្នាពន្លឿនបោះបង្គោលព្រំដែននេះ ព្រោះមេដឹកនាំកម្ពុជា និងវៀតណាម រួមទាំងមេដឹកនាំឡាវផង បានឯកភាពគ្នាថា មិនចង់ទុកជម្លោះព្រំដែនដល់កូនចៅជំនាន់ក្រោយ។ លោកអះអាងថា ទោះបីកម្ពុជា កំពុងមានជម្លោះជាមួយថៃក្តី ក៏ការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម និងឡាវ នេះ នឹងមិនធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពជាតិទេ ព្រោះភាគីទាំងបីប្រកាន់គោលការណ៍សន្តិភាព គោរពតាមច្បាប់ និងសិទ្ធិសញ្ញានានា ព្រមទាំងក្រុមបច្ចេកទេស។ «»
ទោះជាយ៉ាងណា លោក អ៊ុំ សំអាន យល់ថា មូលហេតុដែលវៀតណាម ឯកភាពបោះបង្គោលព្រំដែនដោយសន្តិវិធីជាមួយកម្ពុជានេះ ព្រោះលោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត យល់ព្រមកាត់ទឹកដីតាមការចង់បានរបស់វៀតណាម។ ម្យ៉ាងវិញទៀត អតីតតំណាងរាស្ត្របក្សប្រឆាំងរូបនេះ ពន្យល់ថា ការបោះបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាមនេះ គឺយោងតាមសន្ធិសញ្ញាឆ្នាំ១៩៨២ និងឆ្នាំ១៩៨៥ ក្នុងសម័យកាលកម្ពុជា ឋិតក្រោមអាណានិគមវៀតណាមនោះ គឺធ្វើឲ្យកម្ពុជា បាត់បង់ទឹកដីជាច្រើនទាំងដែនគោក និងដែនទឹក ទៅឲ្យវៀតណាម។ «»
ព្រំដែនគោកប្រទេសកម្ពុជា ជាប់នឹងប្រទេសវៀតណាម មានបណ្ដោយ ១.២៧០គីឡូម៉ែត្រ។ ចាប់ពីឆ្នាំ២០០៥ រហូតបច្ចុប្បន្ន ភាគីទាំងពីរបានឯកភាពគ្នាបោះបង្គោលព្រំដែនបានជាង ៨៤ភាគរយហើយ នៅសល់១៦ភាគរយទៀត។ ដោយឡែកព្រំដែនទឹកមានប្រវែងជាង ២.៥០០គីឡូម៉ែត្រ មិនទាន់វាស់វែងនៅឡើយ។ចំពោះការបោះបង្គោលព្រំដែនគោកកន្លងមក តែងតែមានពលរដ្ឋខ្មែរ យំស្រែកបាត់បង់ដីស្រែនិងដីចំការជាបន្តបន្ទាប់ ដូចជា ករណីនៅខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀងជាដើម។ ប៉ុន្តែអាជ្ញាធររដ្ឋាភិបាលកម្ពុជា មិនត្រឹមតែមិនដោះស្រាយទេ ថែមទាំងចាប់ពលរដ្ឋ និងអ្នកនយោបាយបក្សប្រឆាំងដាក់គុកជាហូរហែ ដូចជាករណីទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ជាដើម។ លើសពីនេះ ពលរដ្ឋ និងអ្នកឃ្លាំមើល ពិនិត្យឃើញថា ការដោះដូរដីរវាងកម្ពុជានិងវៀតណាម ដូចជានៅខេត្តត្បូងឃ្មុំ ស្វាយរៀង រតនគិរី និងមណ្ឌលគិរីជាដើម គឺជាការយកដីខ្មែរ ដោះដូរជាមួយដីខ្មែរ ទៅឲ្យវៀតណាម។
ទាក់ទងនឹងរឿងនេះដែរ ប្រធានអង្គការសម្ពន្ធខ្មែរ ដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក អ៊ិន ណាត មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា មិនគួរឯកភាពលឿនពេកក្នុងការរួសរាន់បោះបង្គោលព្រំដែននោះទេ ក្នុងពេលកម្ពុជា កំពុងបែកបាក់ជាតិ និងកំពុងរងការឈ្លានពានពីក្រុមយោធាថៃ។ លោក អ៊ិន ណាត ជឿថា វៀតណាម សម្លឹងឃើញផលប្រយោជន៍ធំធេង ទើបវៀតណាម ចង់ពន្លឿនបោះបង្គោលព្រំដែនជាមួយកម្ពុជាឲ្យឆាប់ចប់។ លោកបន្ថែមថា ផែនទី និងសន្ធិសញ្ញាឆ្នាំ១៩៨២ និងឆ្នាំ១៩៨៥ ដែលលោក ហ៊ុន សែន និងវៀតណាម ប្រើសម្រាប់បោះបង្គោលព្រំដែននេះ គឺបង្កើតឡើងដោយវៀតណាម ដូច្នេះផែនទី និងសន្ធិសញ្ញាទាំងនេះ មិនស្របនឹងរដ្ឋធម្មនុញ្ញកម្ពុជា និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើយ។ «»
គណបក្សប្រឆាំង និងអ្នកឃ្លាំមើល យល់ឃើញថា ការពន្លឿនដោះដូរដី និងការបោះបង្គោលព្រំដែនដែលធ្វើឡើងក្នុងដំណាក់កាលដែលកម្ពុជា កំពុងមានវិបត្តិជាច្រើន ដូចជា វិបត្តិនយោបាយ គ្មានឯកភាពជាតិ វិបត្តិសេដ្ឋកិច្ច បញ្ហាឧក្រិដ្ឋកម្មឆបោកឆ្លងដែន ជាពិសេសសង្គ្រាមឈ្លានពានពីប្រទេសថៃ ហើយបែរជាបក្សកាន់អំណាចសម្រេចដោយឯកច្ឆន្ទបែបនេះ គឺលោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត នឹងចៀសមិនផុតពីការរិះគន់ និងការទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រឡើយ ចំពោះការធ្វើឲ្យបាត់បង់ទឹកដីខ្មែរជាបន្តបន្ទាប់ទៅប្រទេសជិតខាងនេះ៕








