អាជ្ញាធរ​កម្ពុជា​អះអាង​ថា បិទ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ជិត ២​រយ​ទីតាំង

0
32
កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៩នាក់ ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួត​ពិនិត្យ​ឆែកឆេរ ករណី​លបលួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam) នៅ​ចំណុច​ផ្ទះ​វីឡា​ជួល ស្ថិត​នៅ​ភូមិ​សាលាកំរើក សង្កាត់​សាលាកំរើក ក្រុង​សៀមរាប កាល​ពី​ថ្ងៃ​ទី២ ធ្នូ ២០២៥។ រូប៖ ទទក
កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៩នាក់ ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួត​ពិនិត្យ​ឆែកឆេរ ករណី​លបលួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam) នៅ​ចំណុច​ផ្ទះ​វីឡា​ជួល ស្ថិត​នៅ​ភូមិ​សាលាកំរើក សង្កាត់​សាលាកំរើក ក្រុង​សៀមរាប កាល​ពី​ថ្ងៃ​ទី២ ធ្នូ ២០២៥។ រូប៖ ទទក

មន្ត្រីជាន់ខ្ពស់​កម្ពុជា​អះអាង​ថា សមត្ថកិច្ច​បាន​បិទ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ជិត ២​រយ​ទីតាំង និង​ឃាត់ខ្លួន​ជនសង្ស័យ​យ៉ាង​ហោច ១៧៣​នាក់​នៅក្នុង​យុទ្ធនាការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​អនឡាញ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ។ អ្នកឃ្លាំមើល​វាយតម្លៃ​ថា យុទ្ធនាការ​បង្ក្រាប​នេះ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គ្មាន​ឆន្ទៈ​ចាប់​មេខ្លោង​កំពូលៗ​ដែល​មាន​ឥទ្ធិពល និង​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​ឡើយ ដែល​ធ្វើ​ឱ្យ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នឹង​មិន​សាបរលាប​ចេញ​ពី​កម្ពុជា​នោះ​ទេ។

ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​អនឡាញ​លោក ឆៃ ស៊ីណារិទ្ធ អះអាង​ថា ជនសង្ស័យ​ចំនួន ១៧៣​នាក់​ដែល​ជា​មេ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​ចាប់តាំងពី​ចុងឆ្នាំ​២០២៥ មក។ ចំណែក ជនបរទេស​ដែល​ទាសករ​តាម​អនឡាញ ១​ម៉ឺន ១​ពាន់​នាក់​ផ្សេងទៀត​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា។

លោក ឆៃ ស៊ីណារិទ្ធ ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រស៍ (Reuters) កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ​ថា កម្ពុជា​បាន​ខិតខំ​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ដែល​បង្ក​ជា​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ទូទាំង​ពិភពលោក​។ លោក​ថា ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​ប៉ុន្មាន​សប្ដាហ៍​មកនេះ សមត្ថកិច្ច​បាន​បិទ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​របស់​ក្រុម​ឧក្រិដ្ឋជន​យ៉ាង​ហោច ១៩០ ទីតាំង​ដែល​អគារ​អនឡាញ​ទាំងនោះ​មាន​នៅ​ខេត្តកំពត និង​បណ្ដា​ខេត្ត​ជាប់​ព្រំដែន។

លោក ឆៃ ស៊ីណារិទ្ធ បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ចំនួន ១៧៣​នាក់​គឺជា​ឧក្រិដ្ឋជន​ជាន់ខ្ពស់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​ចោទ​ប្រកាន់​ឧក្រិដ្ឋជន ចេន ហ្ស៊ី ហើយ​កម្ពុជា​បាន​ធ្វើ​បត្យាប័ន​បញ្ជូន​ទៅ​កាត់ទោស​នៅ​ប្រទេស​ចិន។

ក្រោយ​មាន​ការ​ចាប់ខ្លួន​ក្រុម​មេខ្លោង​កំពូល​ជាពិសេស​គឺ​ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) ជនបរទេស​រាប់​ម៉ឺន​នាក់​ដែល​អ្នកខ្លះ​គឺជា​ជនរងគ្រោះ​នៃ​អំពើ​ឆបោក​តាម​អន​ឡាញ​បាន​នាំគ្នា​សម្រុក​រត់​ចេញ​ពី​អគារ​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដូចជា​ឃ្មុំ​បែក​សម្បុក។ មក​ដល់​ពេល​នេះ ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​មួយចំនួន​រស់នៅ​ដោយ​ឯកោ និង​ដើរ​ដេក​តាម​ដងផ្លូវ​ដូចជា​ជនអនាថា ដើម្បី​រង់ចាំ​ស្ថានទូត​របស់​ខ្លួន​រៀបចំ​ឯកសារ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។ អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ចាត់ទុក​បញ្ហា​នេះ​ថា ជា​វិបត្តិ​មនុស្សធម៌​អន្តរជាតិ​នៅ​កម្ពុជា និង​រិះគន់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ថា វិធានការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​គ្មាន​តម្លាភាព និង​ស្តង់ដារ​ក្នុង​ការ​ជួយ​សង្គ្រោះ​ជនរងគ្រោះ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា សាទរ​ចំណាត់ការ​បង្ក្រាប​របស់​សមត្ថកិច្ច ប៉ុន្តែ​លោក​ថា ការ​បង្ក្រាប​ទីតាំង​អគារ​អនឡាញ និង​ចាប់ខ្លួន​ជនសង្ស័យ​នា​ពេល​កន្លងមក​មិនទាន់​ចំ​គោលដៅ​មេខ្លោង​ធំៗ​ដែល​ធ្វើ​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​មាន​ទំនុកចិត្ត​នៅឡើយ​។ លោក​ថា មេខ្លោង​ធំៗ​ដែល​ជា​មន្ត្រី​កំពូលៗ និង​ឧកញ៉ា​គ្រាក់ៗ​ដែល​អាមេរិក និង​ស្ថាប័ន​ជំនាញ​បង្ហាញមុខ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​អនឡាញ​កន្លងមក​រដ្ឋាភិបាល​ក្រុងភ្នំពេញ​គួរតែ​ស៊ើបអង្កេត និង​ចាប់ខ្លួន​ពួកគេ ដើម្បី​ស្ដារ​មុខមាត់​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ។

លោក ស៊ឹង សែនករុណា៖ «ប្រសិនជា​ធ្វើ​ឱ្យ​ឃើញ​តែ​រូបភាព ហើយ​អ្វីៗ​នៅ​ពី​ក្រោយខ្នង​នៅតែ​បន្ត​ដដែល​ខ្ញុំ​គិតថា គ្មាន​តម្លៃ​អ្វី​ដែល​គេ​អាច​ជឿជាក់​បានទេ ហើយ​កម្ពុជា​នៅតែ​ជាប់​ឈ្មោះ​អសោច​នៅ​លើ​ឆាក​អន្តរជាតិ​អ៊ីចឹង គឺ​មិនអាច​លាង​សម្អាត​បាន​នៅ​ខណៈ​ពេល​ដែល​បណ្ដា​ប្រទេស​ផ្សេងៗ ប្រទេស​ដែល​គេ​មាន​ពលរដ្ឋ​កំពុង​តែរ​ង​គ្រោះ និង​កំពុងតែ​តាមដាន​លើ​វិធានការ​ហ្នឹង​ដែរ»។

ទោះជា​អាជ្ញាធរ​អះអាង​ពី​ការ​ឃាត់ខ្លួន​បណ្ដាញ​មេខ្លោង​មួយចំនួន​ចុងក្រោយ ប៉ុន្តែ​សមត្ថកិច្ច​មិនបាន​បង្ហាញមុខ​ឱ្យ​សាធារណជន​បានឃើញ​នោះ​ទេ​។ ក្រៅ​ពី​នេះ ការ​បង្ក្រាប​ចុងក្រោយ​របស់​រដ្ឋាភិបាល​ត្រកូល ហ៊ុន ដោយសារតែ​រង​សម្ពាធ​ពី​អន្តរជាតិ​នោះ​ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ការ​បង្ក្រាប​ធ្វើឡើង​ដោយ​ច្បោលៗ​ពោល​ទីតាំង​អគារ​ឆបោក​តាម​អន​ឡាញ​របស់​អ្នក​មាន​អំណាច​ដូចជា សមាជិក​ព្រឹទ្ធសភា​បក្ស​កាន់អំណាច​លោក លី យ៉ុងផាត់ នៅ​អូរ​ស្មាច់ និង​អគារ​ម្ចាស់​កាស៊ីណូ​ក្រោន​នៅ​ប៉ោយប៉ែត​គឺ​លោក កុក អាន ជាដើម​នៅតែ​ដំណើរការ​។ លើស​ពី​នេះ ទីតាំង​អគារ​ឆបោក​តាម​អនឡាញ​ដែល​សមត្ថកិច្ច​ធ្លាប់​ចុះ​បង្ក្រាប​នៅ​តំបន់​មួយចំនួន​ដូចជា​នៅ​ភ្នំ​បូកគោ​ខេត្តកំពត ក៏​ត្រូវ​បាន​ពលរដ្ឋ​រាយការណ៍​ថា មាន​ជនបរទេស​ជាច្រើន​ត្រូវ​គេ​បញ្ជូន​ឱ្យទៅ​ធ្វើ​ការងារ​នៅ​ខាងក្នុង​អគារ​វិញ​ជា​បណ្ដើរៗ​ហើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ