
អ្នកជំនាញព័ត៌មាន និងសង្គមស៊ីវិល ជំរុញឲ្យក្រសួងព័ត៌មានអន្តរាគមន៍ទៅតុលាការឲ្យដោះលែងចាងហ្វាងការផ្សាយព័ត៌មាន HVNN TV online លោក ហែម វណ្ណា ផ្សាយរឿងឆបោកអនឡាញ ដោយថា ការចោទប្រកាន់ និងឃុំខ្លួនអ្នកសារព័ត៌មាននេះ គឺផ្ទុយពីការប្ដេជ្ញារបស់រដ្ឋាភិបាល ដែលតាំងចិត្តក្នុងការលុបបំបាត់ការឆបោកអនឡាញចេញពីកម្ពុជា។ ការជំរុញនេះ បន្ទាប់ពីក្រសួងព័ត៌មាន អះអាងថា ខ្លួនកំពុងតាមដានករណីអ្នកសារព័ត៌មាននៅខេត្តបន្ទាយមានជ័យ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកុម្ភៈ។
អ្នកជំនាញព័ត៌មាននិងសង្គមស៊ីវិល ទទូចទៅក្រសួងព័ត៌មានអន្តរាគមន៍ជួយឲ្យមានការដោះលែងលោក ហែម វណ្ណា និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាន បើមិនដូច្នេះទេ រដ្ឋាភិបាលនឹងបរាជ័យក្នុងការលុបបំបាត់ទីតាំងឆបោកអនឡាញនៅកម្ពុជា។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានប្រាប់សារព័ត៌មានគាំទ្ររដ្ឋាភិបាល (freshnews) ថា ក្រសួងព័ត៌មានបានតាមដានយ៉ាងជាប់លាប់ករណីពាក់ព័ន្ធនឹងការចាប់ខ្លួន អ្នកសារព័ត៌មាន ១រូប នៅខេត្តបន្ទាយមានជ័យ ហើយថា បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីទទួលព័ត៌មានបន្ថែមជុំវិញករណី ដែលបានកើតឡើងពាក់ព័ន្ធនឹងអ្នកសារព័ត៌មាន។
លោកថា ក្រសួងព័ត៌មានត្រៀមខ្លួនក្នុងការផ្តល់ការគាំទ្រផ្នែកច្បាប់ដោយអាចពិនិត្យសំណើមកក្រសួង ដើម្បីក្រសួងចូលរួមផ្តល់ការគាំទ្រផ្នែកច្បាប់លើសំណុំរឿងអាចរាប់ទាំងការគាំទ្រក្នុងដំណើរការនីតិវិធីតុលាការ។
លោក ទេព អស្នារិទ្ធ ថា អាជ្ញាធរពាក់ព័ន្ធ ត្រូវផ្តល់អាទិភាពដល់ការធានាតម្លាភាព និងយុត្តិធម៌ ស្របតាមច្បាប់កំណត់ ដោយធានាថា អង្គហេតុ និងអង្គច្បាប់ ក៏ដូចជាព័ត៌មានពាក់ព័ន្ធ និងការស្រាវជ្រាវ ត្រូវបានដាក់បញ្ចូលក្នុងដំណើរការនៃសំណុំរឿងសម្រាប់ការពិនិត្យ និងពិចារណាគ្រប់ជ្រុងជ្រោយ។
ជុំវិញរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគម ការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី ស្នើឲ្យក្រសួងព័ត៌មានសហការជាមួយក្រសួងយុត្តិធម៌ ផ្ដល់មេធាវី ឬធានាឲ្យលោក ហែម វណ្ណា នៅក្រៅឃុំខ្លួនបណ្ដោះអាសន្ន ពីព្រោះការចោទប្រកាន់ និងឃុំខ្លួន អ្នកសារព័ត៌មានផ្សាយរឿងឆបោកអនឡាញ កំពុងរងការរិះគន់ពីអង្គការជាតិ និងអន្តរជាតិ។
លោក យិន ម៉េងលី៖ «គាត់ទៅឡាយពីបញ្ហាឧក្រិដ្ឋកម្មអនឡាញ ដែលជាបញ្ហាមួយនៅអន្តរជាតិ គេផ្ដោតអារម្មណ៍យ៉ាងខ្លាំងមកលើកម្ពុជា សូម្បីតែថៃក៏វាយកលេសដែរ ថៃក៏វាយកលេស ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មហ្នឹងដែរ។ រដ្ឋាភិបាលក៏ចេញប្រឆាំងដែរ។ យើងឆ្ងល់ ហេតុអីបានខាងកងរាជអាវុធហត្ថចំណាត់ការ តើមានបញ្ជាពីខាងណាមកបានចំណាត់ការទៅលើគាត់? ហើយតុលាការក៏សម្រេចឃុំខ្លួនទៀត ។ នេះជារឿងមួយ ដែលមានយើងការសោកស្ដាយ ហើយយើងសង្ឃឹមថា ក្រសួង នឹងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីឲ្យអ្នកសារព័ត៌មានរូបនេះ បានមកជួបជុំគ្រួសារវិញ ហើយធ្វើយ៉ាងម៉េចកុំឲ្យបញ្ហាហ្នឹងកើតឡើងដដែលចំពោះ អ្នកសារព័ត៌មានទៀត»។
លោក ហែម វណ្ណា ចាងហ្វាងកាសែតHVNN TV Online ត្រូវបានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកុម្ភៈ ក្រោយបានរាយការណ៍ព័ត៌មានតាមអនឡាញពីទីតាំងអគារមួយកន្លែងនៅក្នុងក្រុងប៉ោយប៉ែត ដែលសង្ស័យថា ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងការប្រើប្រាស់ហិង្សាលើជនជាតិចិន។ នៅក្នុងវីដេអូនោះ លោកបានរៀបរាប់ថា ទីតាំងឆបោកអនឡាញនោះ ស្ថិតនៅខាងក្រោយបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រមាណ ១០០ ម៉ែត្រប៉ុណ្ណោះ ដោយហាក់ចង់បញ្ជាក់ថា បើវានៅជិតគ្នាបែបនេះ សមត្ថកិច្ចគួរតែបានដឹងអំពីបញ្ហានេះ។
ទោះជាយ៉ាង ក្រោយការផ្សាយនេះ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនលោកសួរនាំ និងបញ្ជូនទៅឃុំនៅពន្ធនាគារខេត្តបន្ទាយមានជ័យ ដោយតុលាការចោទប្រកាន់បទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និង «ស្តាប់ឮនិងថតពាក្យសម្ងាត់ឯកជន» តាមមាត្រា ៤៩៥ និង ៣០១ នៃក្រមព្រហ្មទណ្ឌ។
ចំណែកអ្នកកាសែត២នាក់ទៀត នៅខេត្តតាកែវ ដែលផ្សាយអំពីទីតាំងឆបោកតាមប្រព័ន្ធអនឡាញដែរ ក៏ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន នៅថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៦ ដោយចោទថា ផ្សាយព័ត៌មានប្រឌិត និងចាត់ទុកការផ្សាយរបស់ពួកគេថា ធ្វើឲ្យអ្នកវិនិយោគភ័យខ្លាច។
នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ណុប វី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៣ ខែកុម្ភៈថា អ្នកសារព័ត៌មាន មានតួនាទីសំខាន់ ក្នុងការចង្អុលបង្ហាញអំពីទីតាំង ដែលត្រូវបានយកទៅប្រើប្រាស់ខុសច្បាប់។
លោកថា ការប្ដឹងផ្ដល់ និងចោទប្រកាន់លើអ្នកសារព័ត៌មានបែបនេះ គឺជាការដើរផ្ទុយពីគោលនយោបាយនិងឆន្ទៈរបស់រដ្ឋាភិបាល ក្នុងការលុបបំបាត់ទីតាំងឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា។
លោក ណុប វី ស្នើឲ្យសមត្ថកិច្ចដែលប្ដឹង និងចាប់ខ្លួនអ្នកសារព័ត៌មាន ពិចារណាឡើងវិញ ពីព្រោះការប្រើប្រាស់ប្រព័ន្ធច្បាប់ ដើម្បីធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាននេះ អាចនឹងធ្វើឲ្យយុទ្ធនាការបង្ក្រាបទីតាំងឆបោកតាមអនឡាញរបស់រដ្ឋាភិបាលបរាជ័យ។
លោក ណុប វី៖ «ខ្ញុំយល់ឃើញថា វិធានការរបស់រដ្ឋាភិបាល នៅក្នុងការបោសសំអាតទីកន្លែងប្រព្រឹត្តបទល្មើសទាំងអស់ហ្នឹងមិនទទួលបានជោគជ័យទេ ព្រោះ យើងដឹងហើយ កន្លងមករដ្ឋាភិបាលលោកបានលើកឡើងហើយថា ការបង្ក្រាបល្បែងខុសច្បាប់ ឬរឿង Scammer រឿងអីនេះ គឺវាទាមទារឲ្យមានការចូលរួមទាំងអស់គ្នា ប៉ុននៅពេលដែលមានការចូលរួមពីផ្នែកខាងវិស័យសារព័ត៌មាន ទៅជាអ្នកសារព័ត៌មាន ដែលជាអ្នកផ្លុំកញ្ចែ ដែលជាអ្នកបញ្ចេញព័ត៌មានទាំងអស់ហ្នឹង ទៅជាត្រូវទទួលរងការចាប់ខ្លួនទៅវិញ។ នៅពេលដែលយើងឃើញហើយថា ការ អវត្តមានក្នុងការប្រើប្រាស់ច្បាប់ស្ដីពីរបបសារព័ត៌មាន កំពុងធ្វើឲ្យអ្នកសារព័ត៌មាន ដែលជាអ្នកបញ្ចេញព័ត៌មានទាំងអស់ហ្នឹង ទៅជាអ្នករងគ្រោះ»។
អង្គការសង្គមស៊ីវិល ចាត់ទុកការចាប់ឃុំខ្លួនលោក ហែម វណ្ណា ជាការបំបិទសំឡេងរបស់អ្នកសារព័ត៌មានបន្ថែមទៀត ក្រោយពីអ្នកសារព័ត៌មានយ៉ាងហោចណាស់ចំនួន៥នាក់ហើយ ត្រូវបានអាជ្ញាធរចាប់ខ្លួនដោយសារការផ្សព្វផ្សាយព័ត៌មាន ចាប់តាំងពីខែមករាមក។ ពួកគេទាមទារឲ្យរដ្ឋាភិបាលគោរព និងការពារសេរីភាពអ្នកសារព័ត៌មាន ដើម្បីពួកគេអាចបំពេញមុខងារវិជ្ជាជីវៈដោយមិនមានការភ័យខ្លាច ការយាយី ការបំភិតបំភ័យ និងការចាប់ដាក់ពន្ធនាគារ៕










