

អ្នកឃ្លាំមើលសង្គមនិងអ្នកនយោបាយប្រឆាំង លើកឡើងថា នយោបាយខ្មែរមានឫសគល់នៃការបែកបាក់រាប់ទសវត្សរ៍ ដូច្នេះការបង្រួបបង្រួមនយោបាយគឺមិនមែនត្រឹមតែជាការនិយាយឲ្យល្អស្តាប់នោះទេ ប៉ុន្តែទាមទារឲ្យ ភាគីជម្លោះ មានឆន្ទៈពិតប្រាកដក្នុងការចុះសម្រុងគ្នា ។ ការលើកឡើងនេះ គឺក្រោយពីលោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត តែងតែបញ្ចេញសារអំពាវនាវឲ្យពលរដ្ឋគ្រប់និន្នាការនយោបាយរួបរួមគ្នាសាមគ្គីជាតិ ប៉ុន្តែនៅតែបន្តចាប់ចងនិងធ្វើទុក្ខបុកម្នេញលើសំឡេងរិះគន់និងសំឡេងប្រឆាំងឥតឈប់ឈរ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ បានឲ្យដឹងថា ដើម្បីការពារទឹកដី មេដឹកនាំកម្ពុជា និងប្រជាជាតិខ្មែរគ្រប់និន្នាការទាំងអស់ ត្រូវតែសាមគ្គីគ្នា ឈប់ឈ្លោះប្រកែកគ្នា ឬចាត់ទុកគ្នាជាសត្រូវ ដោយសារតែទស្សន:នយោបាយផ្សេងគ្នា។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ រូបនេះបន្ថែមថា ការបង្រួបបង្រួមជាតិទាមទារឱ្យបុគ្គលមានអំណាចចរចាខ្ពស់។
ទោះជាយ៉ាងណា លោក សេក សុជាតិ បន្ថែមថា ប្រសិនបើចង់បង្រួបបង្រួមអ្នកនយោបាយខ្មែរ ប្រហែលជាមិនអាចធ្វើបានក្នុងនាមជា អ្នកនយោបាយម្នាក់ឯង នោះទេ ប៉ុន្តែខ្មែរអាចធ្វើបានគឺត្រូវរៀបចំឱ្យមានអ្នកផ្ដួចផ្ដើមយន្តការច្បាប់ និងវេទិកាសន្ទនាជាតិ។
លោក សេក សុជាតិ៖ «រដ្ឋាភិបាលនិងគណបក្សកាន់អំណាចមានតួនាទីធំជាងគេនៅក្នុងការសម្រេចចិត្តដូច្នេះហើយបើសិនជាអ្នកធំសម្រេចឱ្យមានការផ្សះផ្សាជាតិអ្វីៗគឺនឹងអាចដោះស្រាយបានទាំងអស់»។
ការអះអាងរបស់អ្នកឃ្លាំមើលសង្គមរូបនេះ បន្ទាប់ពីលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត តែងតែអំពាវនាវជាច្រើនដង ព្រមទាំង សរសេរលើហ្វេសប៊ុករបស់លោកថែមទៀត អំពាវនាវឲ្យខ្មែររួបរួមសាមគ្គីជាតិ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី មិនបានបង្ហាញឱ្យឃើញលទ្ធផលនោះទេ។
ទាក់ទងទៅនឹងបញ្ហានេះអ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា រដ្ឋាភិបាលគ្រួសារហ៊ុនគឺគ្មានគោលនយោបាយផ្សះផ្សាជាតិនោះទេ គោលដៅរបស់គេគឺបំបែកប្រជាជាតិខ្មែរដើម្បីរក្សាអំណាចគ្រួសាររបស់គេ។

លោក គឹម សុខ៖ «ទោះបីជាពួកមេដឹកនាំក្រុមគ្រួសារហ៊ុនប្រឹងស្រែកក្តែងៗអំពីការរួបរួមសាមគ្គីខ្មែរតែមួយក៏ដោយ ក៏ប៉ុន្តែមែនទែនទៅគឺអំណាចក្រុមគ្រួសារហ៊ុនហ្នឹងឯងដែលជាឧបសគ្គនៃការបង្រួបបង្រួមជាតិកម្ពុជា»។
របាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ក្នុងខែធ្នូ ឆ្នាំ២០២៥ ឱ្យដឹងថា មានអ្នកនយោបាយ និងសកម្មជនចំនួន ៩២នាក់ ដែលកំពុងជាប់ពន្ធនាគារ ដោយសារការប្រើសេរីភាពបញ្ចេញមតិ។ បន្ថែមលើនេះទៀត ក្នុងមករា ឆ្នាំ២០២៦នេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងតុលាការចាប់សកម្មជន មូលដ្ឋានរបស់គណបក្សប្រឆាំង ចំនួន ៣នាក់ថែមទៀត ពាក់ព័ន្ធនឹងការបញ្ចេញមតិរបស់ពួកគាត់ អំពីស្ថានភាពព្រំដែន។
អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុន ពិបាកសម្រេចចិត្តផ្សះផ្សាបង្រួបបង្រួមជាតិ ឱ្យមានការស្ដារប្រជាធិបតេយ្យ សេរីពហុបក្ស ពីព្រោះគណបក្សប្រជាជនកម្ពុជា បារម្ភពីការចាញ់ការបោះឆ្នោត ប្រសិនបើកសេរីភាពនយោបាយ៕









