

សមាជសេរីភាពពិភពលោក World Liberty Congress (WLC) និងអ្នកនយោបាយបក្សប្រឆាំង ទទូចឱ្យ សហភាពអឺរ៉ុបលើកយកបញ្ហាគាបសង្កត់សេរីភាពសារព័ត៌មាន និងរំលោភសិទ្ធិមនុស្ស មកពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងហ្សឺណែវ និងទីក្រុងព្រុចសែល ក្នុងសប្តាហ៍នេះ។ ពួកគេថា សហភាពអឺរ៉ុបនឹងបាត់តម្លៃជាអ្នកការពារសិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិជាសកល បើមិនជជែកបញ្ហាទាំងនេះជាមួយលោក ហ៊ុន ម៉ាណែត។
បើទោះជាប្រមុខរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យមានការរួបរួមជាតិជាច្រើនដងក្នុងពេលយោធាថៃឈ្លានពានក្តី អាជ្ញាធររដ្ឋាភិបាលនៅតែបន្តចាប់អ្នកសារព័ត៌មានដាក់ពន្ធនាគារ និងធ្វើទុក្ខបុកម្នេញមន្ត្រីបក្សប្រឆាំង និងអ្នកមានមតិផ្ទុយ ជាហេតុជំរុញឱ្យអង្គការការពារសិទ្ធិមនុស្សជាតិ អន្តរជាតិ និងបក្សប្រឆាំងបន្តអំពាវនាវឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងស្នើឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា បើទោះជាស្ថានភាពពិភពលោកក្នុងពេលបច្ចុប្បន្នហាក់ស្ថិតក្នុងសភាពមិនសូវមានសណ្តាប់ធ្នាប់ក្តី លោកជឿជាក់ថា សហភាពអឺរ៉ុបនៅតែលើកយកបញ្ហាគាបសង្កត់លើសេរីភាពសារព័ត៌មាននិងសិទ្ធិមនុស្ស និងការបញ្ចេញមតិ មកពិភាក្សាជាមួយលោកហ៊ុន ម៉ាណែត បើមិនដូច្នេះទេ លោកថា សហភាពអឺរ៉ុបនឹងបាត់តម្លៃជាអ្នកការពារសិទ្ធិមនុស្ស និងសេរីភាពក្នុងការបញ្ចេញមតិជាសកល។
ទោះជាយ៉ាងណា លោក គឹម សុខ បញ្ជាក់ថា សហភាពអឺរ៉ុបហាក់នៅថ្នមចិត្តរដ្ឋាភិបាលរបស់លោកហ៊ុន ម៉ាណែត សិន ប៉ុន្តែប្រសិនបើពេលណាមួយដែលប្រជាពលរដ្ឋខ្មែរបង្ហាញភាពក្លាហានប្តូរក្រុមគ្រួសារហ៊ុនចេញពីអំណាច លោកជឿថា ពេលនោះសហភាពអឺរ៉ុបនឹងប្រកាសផ្តាច់ចំណងជាមួយរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ពីព្រោះសហភាពអឺរ៉ុបគាំទ្រប្រជាធិបតេយ្យ និងមិនចង់មានទំនាក់ទំនងជាមួយមេដឹកនាំបែបផ្ដាច់ការនោះឡើយ។
លោក គឹម សុខ៖ «បើសហភាពអឺរ៉ុបមិននិយាយអំពីការធ្វើទុក្ខបុកម្នេញសេរីភាពសារព័ត៌មាននិងការរំលោភសិទ្ធិមនុស្សជាមួយលោក ហ៊ុន ម៉ាណែត ទេ មានន័យថាទី១សហភាពអឺរ៉ុបបាត់ភាពជាខ្លួនឯងរឺក៏បាត់ភាពជាជើងឯកអំពីការការពារសេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្សហើយនឹងលទ្ធិប្រជាធិបតេយ្យហើយ។ ទី២ វាទៅជាទឹកដីអឺរ៉ុបក្លាយទៅជាទីលានស្រូបយកមុខមាត់ការទូតរបស់មេដឹកនាំផ្ដាច់ការនៅតំបន់អាស៊ីទីវិញ»។
ការអះអាងរបស់អ្នកនាំពាក្យរូបនេះបន្ទាប់ពី សមាជសេរីភាពពិភពលោក World Liberty Congress (WLC) បានចេញសេចក្តីប្រកាសព័ត៌មានថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរបស់កម្ពុជាកំពុងតែរងនូវការគាបសង្កត់កាន់តែខ្លាំងឡើង។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អ្នកសារព័ត៌មានឯករាជ្យនៅកម្ពុជា ត្រូវបានចាប់ខ្លួន ឬចោទប្រកាន់ពាក់ព័ន្ធនឹងការរាយការណ៍របស់ពួកគេលើបណ្ដាញឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងបញ្ហាផ្សេងៗទៀតដែលជាផលប្រយោជន៍សាធារណៈ។ ពួកគេត្រូវបានចោទប្រកាន់ថា ផ្សព្វផ្សាយព័ត៌មានមិនពិតញុះញង់និងរំលោភលើឯកជនភាព ជាដើមក្នុងចេតនាបំភិតបំភ័យ និងបំបិទមាត់អ្នកសារព័ត៌មានស៊ើបអង្កេត។
សមាជសេរីភាពពិភពលោក អះអាងថា រដ្ឋាភិបាល បង្កើតយុទ្ធនាការជាប្រព័ន្ធប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ រួមទាំងការយាយីតាមផ្លូវតុលាការ និងការបិទការិយាល័យសារព័ត៌មានដោយបង្ខំ។ ដូច្នេះពួកគេថាបើសហភាពអឺរ៉ុបអនុញ្ញាតឱ្យកិច្ចប្រជុំកម្រិតខ្ពស់ជាមួយលោក ហ៊ុន ម៉ាណែត ដំណើរការទៅមុខដោយមិនដោះស្រាយការរំលោភទាំងនេះឱ្យបានច្បាស់លាស់នោះទេ វានឹងធ្វើឱ្យប៉ះពាល់ដល់ការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបដែលតែងតែ តាំងខ្លួនជាអ្នកការពារសិទ្ធិមនុស្ស និងសេរីភាពក្នុងការបញ្ចេញមតិជាសកល។ ពួកគេបញ្ជាក់បន្ថែមថា ភាពស្ងៀមស្ងាត់នៅចំពោះមុខការគាបសង្កត់នឹងត្រូវបានបកស្រាយថា ជាការយល់ព្រមដោយសម្ងាត់ជាមួយជនផ្ដាច់ការ។ ផ្ទុយទៅវិញ សកម្មភាពច្បាស់លាស់ និងជាសាធារណៈ នឹងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការការពារសេរីភាពជាមូលដ្ឋាននៅទូទាំងពិភពលោក។
ការអះអាងនេះ ខណៈប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់លោកឆ្ពោះទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) ជាលើកដំបូង ដែលបង្កើតឡើងដោយលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ លោក ហ៊ុន ម៉ាណែត នឹងបន្តធ្វើទស្សនកិច្ចការងារនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប ដូចជាប្រទេសស្វីស និងបែលហ្សិកជាដើម រហូតដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។
ទាក់ទងទៅនិងការគាបសង្កត់កាន់តែខ្លាំងឡើងទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរបស់កម្ពុជា អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាលេខ ១៦១ ក្នុងចំណោម ១៨០ ប្រទេសនៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៥ ដែលជាការធ្លាក់ចុះបន្ថែមទៀតពីចំណាត់ថ្នាក់ ១៥១ កាលពីឆ្នាំ២០២៤ ដែលចំណាត់ថ្នាក់នេះឆ្លុះបញ្ចាំងពីទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយកាន់តែយ៉ាប់យ៉ឺន។ នៅក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង១១ប្រទេស កម្ពុជាមានចំណាត់ថ្នាក់ស្ថានភាពសេរីភាពសារព័ត៌មានល្អជាងប្រទេសមីយ៉ាន់ម៉ា ឬភូមាដែលស្ថិតចំណាត់ថ្នាក់ទី១៦៩ និងវៀតណាមដែលស្ថិតនៅលេខរៀងទី១៧៣៕









