ប្រមុខ​ការទូត​កម្ពុជា និង​ថៃ​តតាំង​គ្នា​រឿង​វិវាទ​ព្រំដែន​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់ UN

0
82
រដ្ឋមន្ត្រី​ក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន (ឆ្វេង) និងរដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ថ្លែងក្នុងកិច្ចប្រជុំ​នៅអង្គការសហប្រជាជាតិ។ រូប៖ គេហទំព័រ UN
រដ្ឋមន្ត្រី​ក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន (ឆ្វេង) និងរដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ថ្លែងក្នុងកិច្ចប្រជុំ​នៅអង្គការសហប្រជាជាតិ។ រូប៖ គេហទំព័រ UN

ប្រមុខ​ការទូត​កម្ពុជា និង​ថៃ​បាន​លើកយក​ជម្លោះព្រំដែន មក​និយាយ​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ​។ ភាគី​កម្ពុជា បាន​លើកឡើង​ពី​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ ចូលក្នុង​ទឹកដី​កម្ពុជា និង​រារាំង​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ អាច​ត្រឡប់​ទៅកាន់​ផ្ទះសម្បែង​វិញ​បាន។ ចំណែក​ភាគី​ថៃ បាន​ចោទ​កម្ពុជា ថា​ប្រឌិត​រឿង ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​ប្រទេស​ថៃ ជុំវិញ​រឿង​វិវាទ​ព្រំដែន​។ ក្រៅ​ពី​នេះ តំណាង​ភាគី​ប្រទេស​ទាំងពីរ ក៏បាន​លើកយក​ករណី​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត មក​និយាយ​ផង​ដែរ។

បន្ទាប់ពី​វាយ​ប្រហារ​គ្នា នៅ​លើ​សារព័ត៌មាន និង​ប្រាប់​តំណាង​អន្តរជាតិ អំពី​រឿង​ជម្លោះព្រំដែន​រួចមក ពេលនេះ​ប្រមុខ​ការទូត​កម្ពុជា និង​ថៃ បាន​តតាំង​គ្នា​ដោយ​ផ្ទាល់​ហើយ។

ថ្លែង​នៅក្នុង​សម័យប្រជុំ​លើក​ទី​៦១ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​លើកឡើង​ថា បទ​ឈប់​បាញ់​ជា​លើក​ទី​២ រវាង​កម្ពុជា​-​ថៃ ដែល​ធ្វើឡើង​កាលពី​ចុងឆ្នាំ​២០២៥ នៅតែ​មាន​ភាព​ផុយស្រួយ ដោយសារ​យោធា​ថៃ បាន​ចូល​កាន់កាប់​ទឹកដី​កម្ពុជា កាន់តែ​ជ្រៅ លើស​ពី​តំបន់ ដែល​ភាគី​ថៃ​បាន​ទាមទារ។

នៅក្នុង​សុន្ទរកថា ជា​ភាសា​បារាំង លោក ប្រាក់ សុខុន បាន​អះអាង​ថា នៅក្នុង​ភូមិ​មួយចំនួន នៅ​តាម​បណ្ដោយ​ព្រំដែន​ដែល​យោធា​ថៃ​បាន​កាន់កាប់​នោះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ៦​សែន​នាក់ ត្រូវ​បាន​បណ្ដេញ​ចេញពី​ផ្ទះ​ដោយ​បង្ខំ ក្នុង​នោះ​មាន​ពលរដ្ឋ​ជាង ៨​ម៉ឺន​នាក់ មិនទាន់​អាច​វិល​ត្រលប់​ទៅកាន់​ផ្ទះសម្បែង​របស់​ពួកគេ​វិញ ប្រកបដោយ​សុវត្ថិភាព និង​សេចក្ដីថ្លៃថ្នូរ បាន​នៅ​ឡើយ។

លោក​បញ្ជាក់​ថា ក្នុង​អំឡុង​យោធា​ថៃ ត្រួតត្រា​តំបន់​របស់​កម្ពុជា​នោះ ផ្ទះសម្បែង​ពលរដ្ឋ​ជាច្រើន​ខ្នង​ត្រូវ​បាន​បំផ្លាញ ដោយ​ជំនួស​មកវិញ នូវ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​យោធា​ថៃ​បាន​សាងសង់ ខណៈ​ផ្លូវ​ធ្វើដំណើរ ត្រូវ​យោធា​ថៃ​រាយ​បន្លា​លួស និង​ទូ​កុងតឺន័រ បិទ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ អាច​វិលត្រឡប់​ទៅកាន់​ផ្ទះសម្បែង​របស់​ពួកគេ​នោះ​ឡើយ។

រដ្ឋមន្ត្រីការបរទេស​កម្ពុជា រូប​នេះ លើកឡើង​ទៀត​ថា ក្នុង​អំឡុង​មាន​ភាព​តានតឹង​នោះ កម្ពុជា​បាន​ប្រកាន់​គោលជំហរ​អត់ធ្មត់ និង​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ផ្ដល់​ជំនួយ​មនុស្សធម៌ ដល់​ជនភៀសសឹក និង​អនុវត្ត​បទ​ឈប់​បាញ់​យ៉ាង​ម៉ឺងម៉ាត់ តាមរយៈ​ការប្រើប្រាស់​យន្តការ​សន្ទនា​ដោយ​សន្តិវិធី ដើម្បី​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ។

នៅ​ចុងបញ្ចប់​សុន្ទរកថា តំណាង​ភាគី​កម្ពុជា បាន​អំពាវនាវ​ឱ្យ​ភាគី​ថៃ ត្រូវ​គោរព​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ឱ្យ​បាន​ពេញលេញ និង​ស្មោះត្រង់ តាមរយៈ​កាត​ដក កម្លាំង​ចេញពី​ទឹកដី​កម្ពុជា ដែល​ជា​ឧបសគ្គ​ចម្បង ចំពោះ​ការ​វិល​ត្រឡប់​របស់​ជនស៊ីវិល​ខ្មែរ​ទៅកាន់​លំនៅឋាន​របស់​ពួកគេ​វិញ​។ ជាមួយ​គ្នា​នេះ កម្ពុជា​ក៏បាន​ជំរុញ​ឱ្យ​ប្រទេស​ថៃ ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ដោយ​ផ្អែក​តាមច្បាប់​អន្តរជាតិ និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ រស់នៅ​ជាមួយគ្នា​ដោយ​សន្តិភាព ស្ថិរភាព និង​ការ​គោរព​គ្នា​ទៅវិញ​ទៅមក។

ក្រោយពី​បញ្ចប់​សុន្ទរកថា របស់​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បាន​ឡើង​មក​ថ្លែង​បន្ទាប់។

នៅក្នុង​សុន្ទរកថា ជា​ភាសា​អង់គ្លេស លោក ស៊ីហាសាក់ បាន​លើកឡើង ដោយ​ការពារ​ជំហរ​របស់​ប្រទេស​ថៃ លើ​ស្ថានភាព​ព្រំដែន​ជាមួយ​កម្ពុជា និង​បាន​ចោទ​កម្ពុជា​ថា បាន​បង្ខូច​កេរ្តិ៍ឈ្មោះ​ប្រទេស​ថៃ តាមរយៈ​ការ​ប្រឌិត​អង្គហេតុ។ លោក​ចោទ​ទៀត​ថា ភាព​តានតឹង​រវាង​កម្ពុជា និង​ថៃ បាន​កើត​ឡើង​ដោយសារ​កម្ពុជា បាន​ជ្រៀតជ្រែក​ចូល​ទៅ​ក្នុង​នយោបាយ​របស់​ប្រទេស​ថៃ ជាច្រើនលើក និង​បង្ករឿង ញុះញង់ ទើប​បណ្តាល​ឱ្យ​មានការ​វាយប្រហារ​គ្នា ដោយ​មិន​រើស​ទីតាំង រហូត​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​របស់​ជន​ស៊ីវិល។

នៅក្នុង​អង្គប្រជុំ ដែល​មាន​តំណាង​ប្រទេស​អន្តរជាតិ​មាន​ចំនួន​តិចតួច​ចូលរួម​ស្ដាប់ លោក ស៊ីហាសាក់ បាន​អះអាង​ថា ប្រទេស​ថៃ​ធ្លាប់​ផ្ដល់​ទីជម្រក​ដល់​ពលរដ្ឋ​ខ្មែរ ដែល​រត់គេច​ពី​សង្គ្រាមស៊ីវិល ដូច្នេះ​ប្រទេស​ថៃ គ្មាន​បំណង​ចង់​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​កម្ពុជា​នោះ​ទេ ព្រោះ​ថៃ​យល់​ថា សន្តិភាព​របស់​ខ្លួន មិន​អាច​បំបែក​ចេញពី​កម្ពុជា​បាន​ឡើយ។

ប្រមុខ​ការទូត​ថៃ រូប​នេះ ចោទប្រកាន់​ទៀត​ថា ទោះបី​ជា​មាន​បទ​ឈប់​បាញ់​ក៏ដោយ ប្រទេស​កម្ពុជា​បាន​ពង្រីក​ជម្លោះព្រំដែន ដោយ​អូសទាញ​អន្តរជាតិ ឱ្យមក​ជំពាក់ជំពិន​ក្នុង​រឿង​នេះ ជំនួស​ឱ្យ​ការ​កសាង​ទំនុកចិត្ត​ឡើងវិញ ក្នុង​នាម​ជា​ប្រទេសជិតខាង។

ជាមួយ​គ្នា​នេះ លោក​បាន​ថ្លែង​ការពារ​សកម្មភាព​របស់​យោធា​ថៃ ដែល​កំពុង​ធ្វើ​សកម្មភាព​ឈ្លានពាន​កម្ពុជា​ថា ជា​ការ​អនុវត្ត​តាម​លក្ខខណ្ឌ​ទី​ពីរ នៃ​ខ្លឹមសារ​ក្នុង​សេចក្ដីប្រកាស​រួម ដែល​តម្រូវ​ឱ្យ​កងកម្លាំង​របស់​ភាគី​ទាំងពីរ បន្ត​ឈរជើង​នៅ​លើ​ទីតាំង​បច្ចុប្បន្ន។

ក្រៅពី​ជជែក​គ្នា​រឿង​ព្រំដែន តំណាង​ភាគី​ប្រទេស​ទាំងពីរ ក៏បាន​លើក​យក​ករណី​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត មក​និយាយ​ផង​ដែរ។

ក្នុង​នោះ លោក ប្រាក់ សុខុន បាន​លើកឡើង​ពី​សមិទ្ធផល​របស់​កម្ពុជា ក្នុង​ការ​បោសសម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ នៅ​ក្នុង​រយៈកាល​ចុងក្រោយ​នេះ​។ ចំណែក​លោក ស៊ីហាសាក់ បាន​លើកឡើង​អំពី​ប្រតិបត្តិការ​ឆបោក​ឆ្លងដែន ថា​ជា​វិបត្តិ​សិទ្ធិមនុស្ស​សកល ដែល​បណ្ដាល​មក​ពី​នីតិរដ្ឋ​ទន់ខ្សោយ​នៅក្នុង​ប្រទេស ជា​មេ​បណ្ដាញ​ឧក្រិដ្ឋ​កម្ម​នេះ ដែល​លោក​ចង​សំដៅ​មក​លើ​ប្រទេស​កម្ពុជា។

ទាក់ទង​នឹង​ការ​តតាំង​គ្នា​នៅ​កម្រិត​អង្គការ​សហ​ប្រជាជាតិរ​វាង​ប្រមុខ​ការទូត​ទាំងពីរ​នេះ ប្រធាន​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា ការ​លើកឡើង​របស់​លោក ប្រាក់ សុខុន មាន​ទម្ងន់ និង​ភាព​ច្បាស់លាស់ ដែល​ភ្ជាប់​ជាមួយ​ទិដ្ឋភាព​ជាក់ស្ដែង ខណៈ​ការ​បកស្រាយ​របស់​ភាគី​ថៃ មាន​ភាព​ផ្ទុយ​គ្នា​ស្រឡះ ពី​សកម្មភាព​របស់​យោធា​ថៃ។ លោក​ថា ថៃ​ដែល​មាន​កម្លាំងយោធា​ខ្លាំង​ជាង​កម្ពុជា បាន​បើក​ការវាយប្រហារ​យ៉ាង​សន្ធប់ ទាំង​ផ្លូវអាកាស ផ្លូវគោក និង​ផ្លូវទឹក មក​លើ​កម្ពុជា ដែល​ជា​ប្រទេស​មាន​កម្លាំង​យោធា​ខ្សោយ​ជាង។

លោក ម៉ែន ណាត៖ «គ្រប់​ចំណុច​នៃ​កិច្ចព្រមព្រៀង គឺ​និយាយ​ពី​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​រួមគ្នា នៅ​តំបន់​ព្រំដែន។ ប៉ុន្តែ​ភាគី​ថៃ បែរជា​បង្កជម្លោះ យក​យន្តហោះ និង​កាំភ្លើង​មក​បាញ់ ធ្វើសង្គ្រាម​ជាមួយ​ប្រទេស​កម្ពុជា​។ បែបនេះ​មិន​ហៅថា ប្រតិបត្តិការ​នោះ​ទេ គេ​ហៅថា​ការឈ្លានពាន​មក​លើ​កម្ពុជា ក្រោម​លេស​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ»។

យ៉ាងណា​ក៏ដោយ​ចុះ អ្នកឃ្លាំមើល​លើកឡើង​ថា ដើម្បី​ទាមទារ​ទឹកដី​ពី​យោធា​ថៃ​មកវិញ កម្ពុជា​ចាំបាច់​ត្រូវ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ​ដើម្បី​ប្ដឹង​ភាគី​ថៃ ព្រោះ​ការ​តតាំង​នៅ​លើ​ឆាក​ការទូត គឺជា​ការ​បង្ហាញ​ពី​សក្ខីកម្ម​ប៉ុណ្ណោះ ដែល​មិន​ទាន់​មាន​លក្ខណៈ​រឹងមាំ និង​ពេញលេញ​តាមច្បាប់​អន្តរជាតិ​នៅឡើយ​ទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ