កម្ពុជា និង​ថៃ​ខ្វែងគំនិត​គ្នា​រឿង​យន្តការ​ដោះស្រាយ​វិវាទ​ដែនសមុទ្រ​ក្រោយ​ថៃ​លុបចោលMOU ២០០១

0
42
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ថ្លែង​នៅ​ទីក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ថ្លែង​នៅ​ទីក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត

កម្ពុជា និង​ថៃ​នៅតែ​បន្ត​ខ្វែងគំនិត​គ្នា​ជុំវិញ​ការ​ជ្រើសរើស​យន្តការ​ដោះស្រាយ​វិវាទ​ដែនសមុទ្រ ក្នុង​តំបន់​ដែល​ភាគី​ទាំងពីរ​អះអាង​ថា «​ត្រួតស៊ីគ្នា​»​។ ក្នុង​នោះ ប្រមុខ​ការទូត​ថៃ​បាន​បដិសេធ​ចំពោះ​ការប្រើប្រាស់​យន្តការ​ចរចា​ដោយ​ចាប់បង្ខំ​ពី​សំណាក់​កម្ពុជា និង​ថា ការចរចា​ដែនសមុទ្រ​ត្រួតស៊ីគ្នា ត្រូវ​ធ្វើ​ឡើង​ដោយ​ផ្អែកលើ​អនុសញ្ញា​ច្បាប់​សមុទ្រ​។ ចំណែក​ប្រមុខ​រដ្ឋ​ស្ដីទី លោក ហ៊ុន សែន បាន​លើកឡើង​ថា នឹង​មិន​មានការ​ចរចា​ទ្វេភាគី​ទៀត​នោះ​ឡើយ។

ក្រោយ​រដ្ឋាភិបាល​ថៃ​បានសម្រេច​លុបចោល​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ឆ្នាំ​២០០១ ឬ MOU44 ដោយ​ឯកតោភាគី​ជាមួយ​កម្ពុជា​រួចមក ពេលនេះ​ភាគី​ទាំងពីរ​ហាក់​និយាយ​មិន​ត្រូវ​គ្នា ចំពោះ​ការ​ឯកភាព​លើ​យន្ត​ការដែល​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ដោះស្រាយ​ជម្លោះដែនសមុទ្រ​នោះ​ឡើយ។

រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បាន​អះអាង​នៅ​ថ្ងៃទី​១២ ខែ​ឧសភា នេះ​ថា លោក​មិន​បានដឹង​រឿង​កម្ពុជា​ចុះបញ្ជី MOU ឆ្នាំ​២០០១ នៅ​អង្គការសហប្រជាជាតិ មុន​ថៃ​លុបចោល​នោះ​ឡើយ ហើយ​ប្រទេស​ថៃ​ក៏បាន​លុបចោល​កិច្ចព្រមព្រៀង​នេះ​ចោល​រួចហើយ​ដែរ ដូច្នេះ​តទៅ​ខាងមុខ កម្ពុជា និង​ថៃ​មានតែ​ប្រើប្រាស់​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ ឬ​(UNCLOS)​ប៉ុណ្ណោះ ដើម្បី​ដោះស្រាយ​ជម្លោះដែនសមុទ្រ​នៅ​តំបន់​ត្រួតស៊ីគ្នា។

តែ​យ៉ាងណា កាលពី​ម្សិលមិញ លោក ស៊ីហាសាក់ ក៏បាន​ប្រតិកម្ម​ផង​ដែរ​ថា ប្រទេស​ថៃ​មិនបាន​ឯកភាព​ចំពោះ​ការប្រើប្រាស់​យន្តការ​ផ្សះផ្សា​ដោយ​ចាប់បង្ខំ​(Compulsory Conciliation)​របស់ (UNCLOS) ដែល​ស្នើ​ឡើង​ដោយ​កម្ពុជា ដូច​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​កម្ពុជា​នោះ​ឡើយ​។ លោក​បាន​និយាយ​បែប​ឌឺដង​ថា វា​ជា​ស្ទីល​របស់​កម្ពុជា​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​មុន​ពេល​ចរចា ដើម្បី​យក​ប្រៀប​លើ​ភាគី​ថៃ។

ប្រមុខ​ការទូត​ថៃ​រូប​នេះ បាន​បញ្ជាក់​ថា ការចរចា​រឿង​វិវាទ​ដែនសមុទ្រ​រវាង​កម្ពុជា និង​ថៃ​ដោយ​ប្រើប្រាស់​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​(UNCLOS) គឺធ្វើ​ឡើង​តែ​ក្នុង​រង្វង់​ក្របខ័ណ្ឌ​អនុសញ្ញា​ស្ដីពី​ច្បាប់​សមុទ្រ​ទៅតាម​ដំណាក់កាល​ជា​ជំហានៗ ក៏ប៉ុន្តែ​ភាគី​ថៃ​នៅតែ​ផ្ដល់​អាទិភាព​ចរចា​ទ្វេភាគី​ជា​ចម្បង។

ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង​នេះ ប្រមុខ​រដ្ឋស្ដីទី និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃនេះ ដោយ​ជាន់កែង​ប្រទេស​ថៃ​ថា ពាក្យ​«​ផ្ដល់​អាទិភាព​ចរចា​ទ្វេភាគី​ជា​ចម្បង​»​របស់​ភាគី​ថៃ​នេះ មាន​ភាព​ផ្ទុយ​ស្រឡះ​ពី​សកម្មភាព​របស់​ភាគី​ថៃ ដែល​បាន​លុបចោល MOU ឆ្នាំ​២០០១ ជា​ឯកតោភាគី ដែល​ជា​ការលុបចោល​ក្របខណ្ឌ​នៃ​ការចរចា​ទ្វេភាគី​រួចស្រេច​ទៅ​ហើយ​សម្រាប់​ការចរចា​ដែនសមុទ្រ​ត្រួតស៊ីគ្នា។

ទន្ទឹម​គ្នា​នេះ​លោក ហ៊ុន សែន បាន​រំលឹក​ដល់​រាជរដ្ឋាភិបាល​របស់​កូនប្រុស​លោក កុំ​បើក​ការចរចា​ទ្វេភាគី​ជាមួយ​ថៃ​លើ​បញ្ហា​សមុទ្រ និង​ដើរ​ត្រង់​ឆ្ពោះទៅ​យន្តការ​ច្បាប់​សមុទ្រ ឆ្នាំ​១៩៨២​តែម្តង ដោយ​មិន​រង់ចាំ​ការយល់ព្រម​ណាមួយ​ពី​ភាគី​ថៃ​នោះ​ឡើយ។

នៅក្នុង​សំណេរ​ដដែល លោក ហ៊ុន សែន បាន​ឌឺដង​ទៅកាន់​ប្រទេស​ថៃ​ថា លោក​សោកស្ដាយ​ដែល​ប្រទេស​ថៃ​លុប MOU ឆ្នាំ​២០០១​ចោល តែ​ក៏​អរគុណ​ចំពោះ​ការ​ត្រួសត្រាយ​ផ្លូវ​ឱ្យ​កម្ពុជា​ប្រើ​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ ដែល​ជា​ច្បាប់​អន្តរជាតិ​ជំនួស​វិញ។

រដ្ឋាភិបាល​ថៃ​របស់​លោក អនុទីន ឆាន់វីរៈគុល​(Anutin Chanvirarkul) បានសម្រេច​លុបចោល​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ឆ្នាំ​២០០១​ស្ដីពី​តំបន់​ដែនសមុទ្រ​ត្រួត​គ្នា​រវាង​កម្ពុជា​-​ថៃ កាលពី​ថ្ងៃទី​៥ ខែឧសភា​។ ប្រទេស​ថៃ បា​នរក​លេស​លុបចោល​កិច្ចព្រមព្រៀង​នេះ ក្រោយ​ពី​ធ្វើសង្គ្រាម​ឈ្លានពាន​ព្រំដែន​គោក​ជា​បន្តបន្ទាប់​មក​លើ​កម្ពុជា ដែល​ធ្វើឱ្យ​មាន​ភាព​ចម្រូងចម្រាស​រវាង​ភាគី​ទាំងពីរ​ក្នុង​ការ​កំណត់​យក​យន្តការ​ថ្មី​ដើម្បី​ដោះស្រាយ​វិវាទ​ដែនសមុទ្រ ខណៈ​វិវាទ​ព្រំដែន​គោក​នៅ​មិនទាន់​ដោះស្រាយ​ចប់​នៅឡើយ។

ទោះជា​យ៉ាងណា ក្រោយ​ការលុបចោល MOU44 នេះ បាន​ធ្វើ​អ្នកនយោបាយ​ថៃ​មានការ​ខ្វែងគំនិត​គ្នា ដោយ​ក្រុម​អភិរក្សនិយម​បាន​គាំទ្រ​ការសម្រេច​លុបចោល​នេះ ដោយ​ពួកគេ​យល់ថា កម្ពុជា​អាច​នឹង​ប្រើប្រាស់ MOU44 នេះ​ដើម្បី​ទាមទារ​កាន់កាប់​ដែនសមុទ្រ​ក្នុង​តំបន់​ត្រួតស៊ីគ្នា រួម​ទាំង​មួយ​ចំណែក​នៃ​កោះ​គុជ។

ចំណែក​អ្នកនយោបាយ​ថៃ​មួយ​ក្រុម​ទៀត​យល់ថា ការលុបចោល MOU44 នឹង​ធ្វើ​ឱ្យ​ថៃ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​របស់​កម្ពុជា ក្នុង​ការ​ទាញ​ថៃ​ឡើង​ទៅលើ​ឆាក​អន្តរជាតិ និង​ជា​ការ​បើក​ឱកាស​ឱ្យ​ភាគី​ទី​បី​ចូល​មក​ពាក់ព័ន្ធ ដែល​ធ្វើ​ឱ្យ​ប្រទេស​ថៃ អាច​នឹង​ត្រូវ​បាត់បង់​ផលប្រយោជន៍​នៅក្នុង​ដែនសមុទ្រ​ទៅកាន់​ភាគី​កម្ពុជា។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន សង្កេត​ឃើញ​ថា ការចរចា​ដោះស្រាយ​វិវាទ​ដែនសមុទ្រ​រវាង​កម្ពុជា និង​ថៃ អាច​នឹង​ជាប់​គាំង​ដោយសារ​ភាគី​ថៃ​មានបំណង​អូស​ក្រឡា និង​ប្រើ​វិធី​ចរចា​ដើម្បី​យក​ប្រៀប​លើ​កម្ពុជា​។ លោក​បន្ត​ថា យន្តការ​ដោះស្រាយ​ដែល​ល្អ​បំផុត​នោះ គឺ​ការ​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ (PCA) និង​តុលាការអន្តរជាតិ​សម្រាប់​ច្បាប់​សមុទ្រ (ITLOS) ដោយ​ប្រើប្រាស់​ឯកសារ និង​ផែនទី​ដែល​បន្សល់ទុក​ពី​អាណានិគម​បារាំង។

លោក អ៊ុំ សំអាន៖ «ប៉ុន្តែ​ខ្ញុំ​យល់ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នឹង​មិន​ប្ដឹង​ថៃ​នោះ​ទេ ព្រោះតែ​កាលណា​ប្ដឹង​ថៃ​ទៅកាន់​តុលាការអន្តរជាតិ វា​អាច​ប៉ះពាល់​ទៅដល់​កោះត្រល់ និង​កោះ​ក្រចកសេះ​ដែល​លោក ហ៊ុន សែន កាត់​ទៅ​ឱ្យ​វៀតណាម ក្រោយ​ចុះសន្ធិសញ្ញា​ដែន​ទឹកជា​ប្រវត្តិសាស្ត្រ​ដោយ​ខុសច្បាប់ កាលពី​ឆ្នាំ​១៩៨២»។

តំបន់​ដែនសមុទ្រ​ដែល​កម្ពុជា និង​ថៃ​ទាមទារ និង​អះអាង​ថា ជា​តំបន់​ត្រួតស៊ីគ្នា មាន​ទំហំ​២៦០០០​គីឡូម៉ែត្រ​ការ៉េ និង​ត្រូវ​គេ​វាយ​តម្លៃ​ថា មាន​ប្រេង​និង​ឧស្ម័ន​មានតម្លៃ​៣០០​ពាន់​លាន​ដុល្លារ​។ ក្រៅពី​មាន​កំណប់​ប្រេង និង​ឧស្ម័ន​ដ៏​មហាសាល តំបន់​ឈូង​សមុទ្រ​នេះ​ក៏​ជា​តំបន់​ដែន​នេសាទ ដែល​មាន​វិសាលភាព និង​ជា​ផ្លូវ​សមុទ្រ​ធ្វើ​នាវាចរ​សម្រាប់​វិស័យ​ពាណិជ្ជកម្ម និង​វិស័យ​ការពារ​ជាតិ​ផង​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ