

អ្នកឃ្លាំមើលសង្គមកម្ពុជា អះអាងថា ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា» ថ្មីដែលធ្វើឡើងក្នុងស្ថានភាពប្រញាប់ប្រញាល់ អាចនឹងបង្កភាពស្មុគស្មាញនៅពេលអនុវត្តទៅលើយុវជន ដោយបារម្ភពីការអនុវត្តគ្មានតម្លាភាព មិនស្មើភាព និងបង្កប់ដោយអំពើពុករលួយ។ ការអះអាងនេះ គឺបន្ទាប់ពីសមាជិករដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ថ្មីជាឯកច្ឆន្ទ ដោយសំឡេងគាំទ្រ១១៤ លើ១១៤សំឡេង។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការបង្កើតច្បាប់គឺជារូបភាពល្អ ប្រសិនជាច្បាប់នោះបង្កើតឡើងដើម្បីការពារនូវផលប្រយោជន៍ជាតិ និងផលប្រយោជន៍របស់សង្គម។ ប៉ុន្តែលោកថា នៅកម្ពុជាវាជាបញ្ហាត្រង់ថាច្បាប់បង្កើតទៅតាមបរិបទនយោបាយ រឺក៏អ្នកនយោបាយជាអ្នកចង់បាន។
លោក សឹង សែនករុណា៖ «បើសិនជាច្បាប់ហ្នឹងកើតទៅមែនអ្នករងគ្រោះគឺជាកូនរបស់ ប្រជាពលរដ្ឋស្លូតត្រង់ អ្នករងទុក្ខ ហើយវាអាចពាក់ព័ន្ធនឹងអំពើពុករលួយជាដើម អ្នកដែលមានបាន មានលុយមានថវិកាអាចសូកប៉ាន់ទៅលើមន្ត្រីដែលបំពេញតួនាទី កូនចៅដែលជាប់កាតព្វកិច្ចអាយុត្រូវដល់បញ្ចូលកាតព្វកិច្ច ចូលកិច្ចការយោធា បែរជាអាចរួចផុត កូនអ្នកមានលុយ មានអំណាចរួចផុតអីចឹងទៅ កូនដែលជាប្រជាពលរដ្ឋតូចតាច ជនស្លូតត្រង់គឺរងគ្រោះអីចឹងទៅ»។
លោក ស៊ឹង សែនករុណា បន្ថែមទៀតថា បើសិនជាច្បាប់យកមកអនុវត្តឲ្យស្មើស្មើភាពគ្នា ត្រឹមត្រូវច្បាស់លាស់ នោះនឹងបង្កើតនូវកម្លាំងធនធានការពារជាតិយ៉ាងពិតប្រាកដ គឺត្រូវមានការបណ្ដុះបណ្ដាល រៀនសូត្រឲ្យបានត្រឹមត្រូវ ប៉ុន្តែបើសិនជាធ្វើឡើងឲ្យតែល្អមើល យកគ្នាទៅច្បាំងដោយមិនទាន់មានការបណ្ដុះបណ្ដាលត្រឹមត្រូវទេនោះគឺ ជារឿងមួយដែលមិនគួរឲ្យកើតមានទាល់តែសោះ។
ការអះអាងរបស់ប្រធានអង្គការប្រជាធិបតេយ្យខ្មែររូបនេះ បន្ទាប់ពីរដ្ឋសភានៅថ្ងៃទី១២ឧសភានេះ បានបោះឆ្នោតអនុម័តជាឯកច្ឆន្ទ សេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ដែលនឹងបើកផ្លូវឲ្យពលរដ្ឋខ្មែរទាំង ២ភេទ មានអាយុ ១៨ឆ្នាំដល់ ២៥ឆ្នាំឲ្យចូលទៅបម្រើវិស័យកងទ័ព ដែលមានរយៈពេលចាប់ពី ១៨ខែ ទៅ២៤ ខែ និងទទួលបានការបណ្តុះបណ្តាលជំនាញយោធា សម្រាប់ត្រៀមការពារប្រទេស និងជាប្រយោជន៍រួមដល់សង្គមជាតិ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា សេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» មាន៨ជំពូក និង២០មាត្រា។ ចំពោះការបំពេញកាតព្វកិច្ចយោធារបស់ពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ច្បាប់នេះក៏បានផ្តល់ការលើកលែងចំពោះភិក្ខុសង្ឃ បុព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានលើកឡើងក្នុងអង្គប្រជុំវិសាមញ្ញ ថា ច្បាប់នេះមានគោលបំណងពង្រឹងវិស័យ ការពារជាតិ ការពារបូរណភាពទឹកដី បណ្ដុះស្មារតីស្នេហាជាតិ និងអភិវឌ្ឍវិន័យដល់យុវជនខ្មែរ។ លោកស្នើឱ្យប្តូរផ្នត់គំនិតដែលថា ការបំពេញកាតព្វកិច្ចយោធាជាបន្ទុក ប៉ុន្តែត្រូវគិតថា នេះជាកិត្តិយសសម្រាប់ខ្លួនឯង និងគ្រួសារ។
ទាក់ទងទៅនឹងបញ្ហានេះ អ្នកជំនាញច្បាប់ និងជាអ្នកវិភាគឯករាជ្យលោក វ៉ន ចាន់ឡូត ថ្លែងថា ច្បាប់ថ្មីនេះមានភាពឆកល្វែងច្រើន នឹងបង្កឲ្យមានភាពស្មុគស្មាញជាច្រើននៅពេលអនុវត្ត ដោយសារខ្វះការពិគ្រោះយោបល់ជាសាធារណៈ ជាពិសេសជាមួយប្រជាពលរដ្ឋខ្មែរដែលគ្រប់អាយុត្រូវទៅបំពេញកាតព្វកិច្ចយោធា។ លោកថា យុវជនខ្មែររាប់ម៉ឺននាក់ កំពុងរៀនសូត្រ និងធ្វើការនៅក្រៅប្រទេស និងតាមក្រុមហ៊ុនឯកជននានានៅក្នុងស្រុក ប៉ុន្តែលោកមិនទាន់ឃើញមានយន្តការជាក់លាក់ដែលត្រូវអនុវត្តចំពោះក្រុមហ៊ុន នៅពេលបុគ្គលិករបស់ពួកគេត្រូវចេញមកបំពេញកាតព្វកិច្ចយោធានោះទេ។
លោក វ៉ន ចាន់ឡូត បន្ថែមទៀតថា ទោះបីជាកម្ពុជា រងនូវការឈ្លានពានពីប្រទេសថៃក៏ដោយ ច្បាប់នេះពុំគួរចាត់ទុកជា ច្បាប់ប្រញាប់នោះទេ នៅបណ្ដាប្រទេសជាច្រើនគេកំពុងតែរកវិធីដើម្បីកាត់បន្ថយចំនួន ទាហានសកម្មដោយប្ដូរមកវិញនូវការប្រើប្រាស់បច្ចេកវិទ្យា ដែលអាចកាត់បន្ថយការបាត់បង់ជីវិតទាហានសកម្ម ដូច្នេះកម្ពុជាគួរតែពិចារណាព្យួរច្បាប់នេះជាបណ្ដោះអាសន្នសិន។
សេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធាដែលសភាទើបអនុម័តនេះបានកំណត់ថា ជនដែលគេចវេះក្នុងពេលប្រទេសមានសន្តិភាព ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី៦ខែ ទៅឆ្នាំ២ បើក្នុងករណីប្រទេសមានសង្គ្រាម ឬ រងការឈ្លានពានពីបរទេស ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ ៥ឆ្នាំ។
អ្នកឃ្លាំមើលបារម្ភថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធារបស់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នឹងគ្មានតម្លាភាពនោះទេ រវាងកូនអ្នកមានលុយមានអំណាច និងកូនមកពីគ្រួសារក្រីក្រ ប្រសិនបើគ្មានការរៀបចំប្រព័ន្ធគ្រប់គ្រង និងការហ្វឹកហ្វឺន ប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ៕









