

នៅរយៈពេលចុងក្រោយនេះ មេបក្សកាន់អំណាច លោក ហ៊ុន សែន តែងដឹកដៃចៅប្រុស និងចៅស្រីរបស់លោកឲ្យដើរតាមនិងអង្គុយហែហមលោកនៅតាមវេទិកាសំណេះសំណាលជាមួយមន្ត្រីរាជការតាមបណ្តាខេត្តនានា។ អ្នកឃ្លាំមើលកត់សម្គាល់ថា ក្នុងពេលលោក ហ៊ុន សែន បង្ក្រាបសំឡេងប្រឆាំងឥតស្រាកស្រាន្តនេះ លោកកំពុងបន្តអនុវត្តផែនការផ្ទេរអំណាចដល់ចៅៗរបស់លោកជាជំហានៗយ៉ាងច្បាស់លាស់។
បើទោះបីជាមេបក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានសម្រេចបំណងនៅក្នុងការផ្ទេរអំណាចឲ្យកូនៗ និងសាច់ញាតិរបស់លោកកាន់តំណែងជានាយករដ្ឋមន្ត្រី និងតំណែងសំខាន់ៗក្នុងជួររដ្ឋាភិបាលក្តី ក៏ប៉ុន្តែពេលនេះរូបភាពចៅប្រុស និងចៅស្រីរបស់លោក ដែលតែងដើរហែហមលោកតាមវេទិកាសាធារណៈនោះ ត្រូវគេរំពឹងថា ពួកគេ កំពុងត្រូវបានជីតារៀបចំឲ្យត្រៀមឡើងកាន់តំណែងជាមេដឹកនាំកម្ពុជានៅពេលខាងមុខដែរ។
ក្នុងរយៈពេលចុងក្រោយនេះ រូបភាព និងវីដេអូជាច្រើនរបស់ចៅប្រុសនិងចៅស្រីរបស់លោក ហ៊ុន សែន ពីរនាក់ គឺម្នាក់ឈ្មោះ ហ៊ុន ចាន់បញ្ញាបុត្រ ជាកូនប្រុសច្បងរបស់លោក ហ៊ុន ម៉ានី និងក្មេងស្រីម្នាក់ទៀតឈ្មោះ ហ៊ុន ពេជ្រមុន្នីវលក្ខណ៍ ជាកូនស្រីច្បងរបស់លោក ហ៊ុន ម៉ាណែត ដែលមានអាយុខ្ទង់១៨ឆ្នាំ បានលេចចេញជាបន្តបន្ទាប់តាមប្រព័ន្ធឃោសនារបស់គណបក្សកាន់អំណាច។ ក្មេងប្រុសស្រីទាំងពីររូបនេះ តែងជិះឡានទំនើបជាមួយជីតារបស់ពួកគេដែលការពារដោយអង្គរក្សជាច្រើន ដើម្បីចុះទៅធ្វើវេទិកាសំណេះសំណាលជាមួយមន្ត្រីរាជការតាមខេត្តនានា។ ទោះបីជាចៅៗលោក ហ៊ុន សែន នៅវ័យក្មេងក្តី ក៏មន្ត្រីរាជការត្រូវបង្ហាញការគោរពដល់ពួកគេដែរ។ ជាពិសេសក្មេងប្រុសស្រីទាំងពីរនាក់នេះ អាចអង្គុយនៅលើវេទិកាកិត្តិយសខាងក្រោយលោក ហ៊ុន សែន ស្ថិតក្នុងចំណោមមន្ត្រីកំពូលៗចាប់តាំងពីថ្នាក់ឧបនាយករដ្ឋមន្ត្រី រហូតដល់រដ្ឋមន្ត្រីជាដើម។
ការនាំចៅៗចុះសំណេះសំណាលជាមួយមន្ត្រីរាជការនៅតាមខេត្តនានា នៅពេលនេះ អ្នកឃ្លាំមើលជឿថា លោក ហ៊ុន សែន មានបំណងស្ទាបស្ទង់សតិអារម្មណ៍ឬទឹកចិត្តមន្ត្រីរាជការ ព្រមទាំងព្យាយាមពន្យល់និងបញ្ចុះបញ្ចូលមន្ត្រីរាជការឲ្យយល់ពីសភាពការណ៍សព្វថ្ងៃ និងបន្តគាំទ្រការគ្រប់គ្រងប្រទេសរបស់ក្រុមគ្រួសារត្រកូល”ហ៊ុន”។ ការធ្វើដូច្នេះព្រោះ លោក ហ៊ុន សែន ដឹងថា ការដឹកនាំប្រទេសរបស់លោក និងកូនលោក កំពុងរងការរិះគន់ថា អសមត្ថភាពការពារទឹកដី និងយកប្រទេសទៅរកស៊ីខុសច្បាប់ជាមួយក្រុមឧក្រិដ្ឋជនចិន ព្រមទាំងអសមត្ថភាពដោះស្រាយបញ្ហាអយុត្តិធម៌សង្គមជាដើម។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅអូស្ត្រាលី លោក ស៊ឹង សែនករុណា ថ្លែងថា ការបង្ហាញខ្លួនចៅៗរបស់លោក ហ៊ុន សែន ជាសាធារណៈជាបន្តបន្ទាប់នេះ គឺបង្ហាញច្បាស់ថា លោក ហ៊ុន សែន កំពុងរៀបចំឲ្យពួកគេ ត្រៀមស្នងតំណែងជាមេដឹកនាំប្រទេសកម្ពុជានៅពេលអនាគតដែលផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ។ «»
លោក ស៊ឹង សែនករុណា បន្ថែមថា ការអនុវត្តផែនការត្រៀមផ្ទេរអំណាចដល់ចៅ ៗរបស់លោក ហ៊ុន សែន នេះ នឹងកាន់តែធ្វើឲ្យប្រជាពលរដ្ឋ និងប្រទេសជាតិ រងគ្រោះបន្ថែមទៀត។ «»
កាលពីខែមេសាកន្លងទៅ យុវជន ហ៊ុន ចាន់បញ្ញាបុត្រ ដែលជាកូនប្រុសច្បងរបស់លោក ហ៊ុន ម៉ានី ជាមួយនឹងភរិយាមុនរបស់លោក គឺអ្នកស្រី យឹម ឆៃលីន ដែលល្បីល្បាញរឿងហៃសូនោះ បានបញ្ចប់ការសិក្សាពីសាលាយោធានៅចក្រភពអង់គ្លេស។ យុវជន ហ៊ុន ចាន់បញ្ញាបុត្រ ជារឿយក៏បង្ហាញពីសម្លៀកបំពាក់ថ្លៃៗនិងប្រើជីវិតហ៊ឺហាដូចម្តាយរបស់លោកដែរ។ អ្នករិះគន់ មើលឃើញថា ការសិក្សានៅសាលាយោធាអង់គ្លេសនេះ មិនមែនជាសមត្ថភាពរបស់យុវជនហ៊ុន ចាន់បញ្ញាបុត្រ ទាំងស្រុងទេ ប៉ុន្តែជាការជួយជ្រោមជ្រែងពីអំណាចនយោបាយរបស់ជីតា។ លើសពីនេះ ទោះបីជាបញ្ចប់ការសិក្សាពីសាលាយោធានៅបរទេសក្តី ក៏គេមើលឃើញថា យុវជន ហ៊ុន ចាន់បញ្ញាបុត្រ ដើរតាមពីក្រោយជីតា ដើម្បីរង់ចាំឡើងកាន់តួនាទីធំៗដែលគេរៀបចំឲ្យរួចជាស្រេចដើម្បីការពារអំណាចគ្រួសារ ជាជាងការពារប្រទេសជាតិ។
ចំណែកកូនស្រីច្បងរបស់លោក ហ៊ុន ម៉ាណែត យុវតី ហ៊ុន ពេជ្រមុន្នីវលក្ខណ៍វិញ នាងកំពុងរៀននៅសាលាភ្នំពេញអន្តរជាតិ ដែលជាសាលាថ្លៃបំផុតបំផុតនៅស្រុកខ្មែរ។ កូនស្រីច្បងរបស់លោក ហ៊ុន ម៉ាណែត រូបនេះ ក៏ជារឿយចូលប្រជុំ និងដើរមើលពីរៀបធ្វើការងារនៅតាមក្រសួងមួយចំនួនដែរ ដូចជាក្រសួងយុត្តិធម៌ជាដើម។ ក្រៅពីចៅៗទាំងពីរនាក់នេះ លោក ហ៊ុន សែន ក៏ធ្លាប់នាំចៅស្រីម្នាក់ទៀត គឺកញ្ញា ផនសែន ទេពធីតា ដែលជាកូនស្រីរបស់អ្នកស្រី ហ៊ុន ម៉ាណា និងប្តីមុនរបស់អ្នកស្រី ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅសហរដ្ឋអាមេរិក កាលពីថ្ងៃ២០២២។លោក ហ៊ុន សែន បានបញ្ជាក់ថា ការនាំចៅស្រីទៅជាមួយនេះ គឺដើម្បីឱ្យចៅស្រីរៀនសូត្រពីការងារ។
ទាក់ទងនឹងរឿងនេះ សមាជិកសភាអូស្ត្រាលីដើមកំណើតខ្មែរលោក តាក់ ម៉េងហ៊ាង មើលឃើញថា ទាំងលោក ហ៊ុន សែន និងមន្ត្រីកំពូលៗគណបក្សកាន់អំណាចផ្សេងទៀត ហាក់ចាត់ទុកប្រទេសកម្ពុជា ជាក្រុមហ៊ុនឯកជនរបស់ខ្លួនទៅហើយ ដូច្នេះការផ្ទេរអំណាចឲ្យកូនៗរបស់ពួកគេ ហើយត្រៀមផ្ទេរអំណាចដល់ចៅទៀតនេះ គឺវាមិនមែនជារឿងចម្លែកនោះទេ។ លោកបន្តថា ការធ្វើដូច្នេះ នឹងធ្វើឲ្យមានការថ្នាំងថ្នាក់ចិត្តពីមន្ត្រីដែលធ្លាប់តស៊ូជាមួយគ្នា និងជាការបំបាត់ឱកាសមិនឲ្យយុវជនខ្មែរចូលរួមប្រកួតប្រជែងដើម្បីអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន។ «»
កន្លងមក លោក ហ៊ុន សែន បានរៀបចំផែនការផ្ទេរអំណាចជានាយករដ្ឋមន្ត្រីឱ្យកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ជាជំហានៗយ៉ាងច្បាស់លាស់ និងសម្រេចបានជោគជ័យទាំងស្រុងមកទល់ពេលនេះ។ ក្រៅពីកូនប្រុសច្បង កូនៗផ្សេងទៀត និងសាច់ញាតិរបស់លោក ក៏ត្រូវបានតែងតាំងក្នុងតំណែងឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រី និងតំណែងកំពូលៗជាច្រើនទៀត។លោក ហ៊ុន សែន ធ្លាប់ប្រកាសថា ការផ្ទេរអំណាចនេះ នឹងបន្តពីលោកដល់កូនលោក ហើយនឹងបន្តរហូតដល់ចៅរបស់លោកទៀត។
ទោះបីជាយ៉ាងណា ក្រុមអ្នកឃ្លាំមើល យល់ថា ផែនការផ្ទេរអំណាចរបស់គ្រួសារលោក ហ៊ុន សែន នេះ អាចប្រឈមនឹងបញ្ហាស្ថិរភាពយូរអង្វែង ដោយសារការមិនមានតុល្យភាពអំណាចគ្នារវាងត្រកូល “ហ៊ុន” និងត្រកូលផ្សេងទៀត ព្រមទាំងបញ្ហាអយុត្តិធម៌កើនឡើងនៅក្នុងសង្គម៕









