

អាជ្ញាធរស្រុករវៀងបានកោះហៅតំណាងពលរដ្ឋរងគ្រោះដីធ្លីម្នាក់ឲ្យចូលឆ្លើយបំភ្លឺ ពាក់ព័ន្ធរឿងដឹកនាំពលរដ្ឋចេញតវ៉ាដែល ក្រុមហ៊ុន គ្លប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (Global Green (Cambodia) Energy Development) របស់លោក ទ្រី ដាលុច រំលោភយក។ ពលរដ្ឋចាត់ទុកការកោះហៅនេះ គឺជាការគំរាមកំហែង និងបំបាក់ស្មារតីរបស់ពលរដ្ឋ កុំឲ្យចេញតវ៉ារឿងបញ្ហាដីធ្លី។
ពលរដ្ឋរងគ្រោះដីធ្លី ដែលក្រុមហ៊ុន កូនលោក ទ្រី ភាព គឺ លោក ទ្រី ដាលុច រំលោភយកប្រមាណជាង៣០នាក់ នៅថ្ងៃទី១១ ខែឧសភា មកពីឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ បានប្រមូលផ្ដុំគ្នានៅមុខអធិការដ្ឋាននគរបាលស្រុករវៀង ដោយសារតំណាងរបស់ពួកគាត់ម្នាក់ ឈ្មោះ ឡុំ សែ ត្រូវបានអាជ្ញាធរកោះហៅឲ្យចូលបំភ្លឺ ពាក់ព័ន្ធរឿងពាក្យបណ្តឹងរបស់ក្រុមហ៊ុន គ្លូបលហ្គ្រីន របស់លោក ទ្រី ដាលុច។
តំណាងពលរដ្ឋរងគ្រោះដីធ្លី លោក អាន បូ អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១១ ខែឧសភាថា តំណាងរបស់ពួកគាត់ម្នាក់ ត្រូវបានប៉ូលស អធិការដ្ឋាននគរបាលស្រុករវៀង កោះហៅឲ្យចូលឆ្លើយបំភ្លឺពាក់ព័ន្ធនឹងរឿងតវ៉ា ជុំវិញក្រុមហ៊ុន គ្លបលហ្គ្រីន រំលោភយកដីស្រែចម្ការរបស់ពួកគាត់។ លោកចាត់ទុកការកោះហៅ របស់អាជ្ញាធរនៅពេលនេះ គឺជាការគំរាមកំហែង និងបំបាក់ស្មារតី របស់ពលរដ្ឋមិនឲ្យចេញតវ៉ា ពាក់ព័ន្ធនឹងវិវាទដីធ្លីជាមួយក្រុមហ៊ុន គ្លបល ហ្គ្រីន។ លោកថា អាជ្ញាធរគួរតែកោះហៅភាគីខាងក្រុមហ៊ុនទៅសាកសួរវិញ ពីព្រោះក្រុមហ៊ុនគឺជាអ្នករំលោភយកដីរបស់ពលរដ្ឋ។
លោក អាន បូ៖ «ខ្ញុំចង់ឲ្យអាជ្ញាធរនិងពួកការសែតក្នុងស្រុកជួយដោះស្រាយឲ្យប្រជាពលរដ្ឋឲ្យបានឆាប់រហ័សកុំឲ្យមានការអុសបន្លាយបន្តទៀតឲ្យជួយដល់សហគមន៍ខ្ញុំបាទឲ្យបានលឿនហើយដោះស្រាយដីធ្លីឲ្យបានឆាប់រហ័សព្រោះខ្ញុំជាថៅកែធ្វើដំទ្បូង ធ្វើស្រូវ អត់មានដីឯណាទេ មានតែដីធ្វើស្រែចំការ បើពួកគាត់មិនដោះស្រាយភ្លាមៗទេ ពួកខ្ញុំអ្នកធ្វើស្រែចំការជិតដល់ហើយ ដូច្នេះខ្ញុំអត់សុខចិត្តទេ»។
សមាគមអាដហុក អះអាងថា តំណាងពលរដ្ឋឈ្មោះ ឡុំ សែ រស់នៅភូមិទន្លាប់ ឃុំរួសរាន់ ត្រូវបានប៉ូលិសស្រុករវៀងបង្ខំឲ្យផ្ដិតមេដៃ បញ្ឈប់រាល់សកម្មភាពតវ៉ា ឬដាក់ញត្តិទាមទារពាក់ព័ន្ធនឹងបញ្ហាដីធ្លី ដែលមានទំនាស់ជាមួយក្រុមហ៊ុន គ្លបលហ្គ្រីន ប្រសិនបើលោក ឡុំ សែ មិនព្រមឈប់នោះទេ ក្រុមហ៊ុន គ្លបលហ្គ្រីន នឹងប្ដឹងរូបលោក ទៅតុលាការខេត្តព្រះវិហារ។ លើសពីនោះ បានចោទលោក ឡុំ សែ ថា បានដឹកនាំប្រជាពលរដ្ឋដាក់ញត្តិតវ៉ារឿងដីធ្លី និងរៀបចំវេទិកាសាធារណៈ នៅក្នុងសហគមន៍ដែលមិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទង អធិការរងស្រុករវៀង លោក យៀង ប៊ុនយ៉េ ដែលកោះហៅតំណាងពលរដ្ឋ និងអភិបាលស្រុករវៀង លោក ហោ ប៊ុនហួ ដើម្បីសុំការបកស្រាយបានទេនៅថ្ងៃទី១១ ខែឧសភា។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី យល់ឃើញថា អាជ្ញាធរគួរតែរកដំណោះស្រាយឲ្យពលរដ្ឋ ទើបសាកសមជានគរបាលយុត្តិធម៌ មិនមែននាំគ្នាដាក់បន្ទុក និងគំរាមកំហែងពលរដ្ឋបែបនេះឡើយ។
លោក យិន ម៉េងលី៖ «មានការលំបាកសម្រាប់ពួកគាត់ក្នុងការស្វែងរកដំណោះស្រាយ នេះហើយដែរយើងថាប្រព័ន្ធយុត្តិធម៌ពិបាករកដំណោះស្រាយឲ្យប្រជាពលរដ្ឋទន់ខ្សោយ ព្រោះអ្នកមានលុយមានអំណាចវិញអាចចាត់ការលឿន យើងចង់ឲ្យអាជ្ញាធរងាកមករកដោះស្រាយឲ្យប្រជាពលរដ្ឋវិញជៀសជាងក្នុងការដាក់បន្ទុកទៅលើតំណាងរបស់ពួកគាត់ណាមួយនោះដើម្បីបញ្ឈប់ការតវ៉ា អានឹងមិនមែនជាដំណោះស្រាយល្អទេនៅក្នុងសង្គមប្រជាធិបតេយ្យ»។
ក្រុមហ៊ុន គ្លប៊ល ហ្គ្រីន របស់លោក ទ្រី ដាលុច ក្រៅពីដណ្ដើមយកដីស្រែចម្ការរបស់ប្រជាពលរដ្ឋ នៅខេត្តព្រះវិហារ និង ខេត្តស្ទឹងត្រែងហើយនោះ ក្រុមហ៊ុននេះ ក៏បានច្បាមយកដីព្រៃក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ភាគខាងជើង រាប់ពាន់ហិកតារផងដែរ។ លើសពីនោះ ក្រុមហ៊ុនរបស់លោក ទ្រី ដាលុច បានបំផ្លិចបំផ្លាញផ្លូវជាតិចំនួន២ខ្សែ ក្នុងនោះ ផ្លូវជាតិលេខ២១៣ ចាប់ពីផ្លូវបំបែកស្រុកឆែប រហូតដល់ផ្លូវបំបែកភ្នំដែក នៃស្រុករវៀង និងផ្លូវជាតិលេខ៦២ ចាប់ពីផ្លូវបំបែកភ្នំដែក រហូតដល់ខេត្តកំពង់ធំ និងធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមដងផ្លូវរងផលប៉ះពាល់សុខភាពផ្លូវដង្ហើម និងសួតធ្ងន់ធ្ងរ ដោយសារការដឹកជញ្ជូនបង្កឱ្យមានដីហ៊ុយខ្លាំង។
ក្រុមហ៊ុន គ្លប៊ល ហ្គ្រីន របស់លោក ទ្រី ដាលុច បានរុករក និងធ្វើអាជីវកម្មរ៉ែដែកអស់រយៈពេល៣ឆ្នាំមកហើយ ក្រោយពីក្រុមហ៊ុននេះទទួលបានសិទ្ធិពីរដ្ឋាភិបាល កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។ បច្ចុប្បន្នក្រុមហ៊ុនមួយនេះ កំពុងតែធ្វើអាជីវកម្មរ៉ែដែកក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង រួចដឹកយកទៅលក់នៅក្រៅប្រទេស ។ ក្រុមហ៊ុន គ្លប៊ល ហ្គ្រីន គឺជាកម្មសិទ្ធិរបស់លោក ទ្រី ដាលុច ដែលជាកូនប្រុសច្បងរបស់អ្នកឧកញ៉ា ទ្រី ភាព ល្បីល្បាញខាងរកស៊ីឈើ និងបំផ្លិចបំផ្លាញធនធានធម្មជាតិនៅកម្ពុជា។ បច្ចុប្បន្នលោក ទ្រី ដាលុច គឺជាទីប្រឹក្សារបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស៊ី.ឌី.ស៊ី (CDC)៕









