

ប្រពន្ធអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ទទូចឲ្យតុលាការ និងរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដោះលែងប្ដីវិញ ខណៈតុលាការនៅបន្តឃុំខ្លួនលោក ថាច់ សេដ្ឋា បើទោះបីលោកបានអនុវត្តទោសគ្រប់ចំនួន តាំងពីថ្ងៃទី២០ ខែមេសា មកម្ល៉េះ។ សង្គមស៊ីវិលចាត់ទុកការបន្តឃុំខ្លួនលើសថ្ងៃដោយគ្មានការបញ្ជាក់មូលហេតុនេះជារឿងខុសច្បាប់។
ប្រពន្ធលោក ថាច់ សេដ្ឋា ចាត់ទុកការបន្តឃុំខ្លួនប្ដីលោកស្រីដោយគ្មានការជូនដំណឹង នេះ ថាជារឿងអយុត្តិធម៌ និងជាការដាក់សម្ពាធផ្លូវចិត្តគ្រួសារ ខណៈកូនៗលោកស្រី កំពុងរង់ចាំឪពុកចេញពីពន្ធនាគារ ដើម្បីជួបជុំគ្រួសារវិញ។
កាលពីថ្ងៃទី២៨ ខែមេសា មេធាវីការពារក្ដីឲ្យលោក ថាច់ សេដ្ឋា បានដាក់ពាក្យស្នើ សុំតុលាការដោះលែងកូនក្ដីឲ្យមានសេរីភាព បន្ទាប់ពីលោកបានអនុវត្តទោសគ្រប់ ចំនួនតាមនីតិវិធីច្បាប់តាំងពីថ្ងៃទី ២០ ខែមេសា។ប៉ុន្តែមកទល់ពេលនេះ នៅមិនទាន់មានចម្លើយពីខាងតុលាការនៅឡើយ។
ប្រពន្ធរបស់លោក ថាច់ សេដ្ឋា គឺលោកស្រី ថាច់ សុខបូរ៉ានី ប្រាប់ទូរទស្សន៍ អាស៊ីសេរីនៅថ្ងៃទី០៨ ខែឧសភាថា លោកស្រីឈឺចាប់ នៅពេលដែលប្ដីរបស់លោកស្រីជួបរឿងអយុត្តិធម៌ផ្ទួនៗបែបនេះ។ លោកស្រីថា ប្ដីលោកស្រីបានអនុវត្ត ទោសគ្រប់ចំនួនតាមច្បាប់ហើយ ប៉ុន្តែមកដល់ថ្ងៃនេះ តុលាការនៅតែមិនព្រម ដោះលែងប្ដីលោកស្រីឲ្យមានសេរីភាព។
លោកស្រី ថាច់ សុខបូរ៉ានី៖ «ឈឺរកកន្លែងនិយាយលែងឃើញ គឺមិនដឹងនិយាយ ប្រាប់អ្នកណាឲ្យធូរចិត្ត ឈឺណាស់តស៊ូម្នាក់ឯង គិតមើលមេគ្រួសារផង ស្ត្រីផង មើលការខុសត្រូវកូននៅផ្ទះ ហើយគាត់អនុវត្តទោសគ្រប់ខែគ្រប់ថ្ងៃ គេមិន ដោះលែង ហើយគាត់នៅក្នុងនោះ គាត់មានជំងឺបេះដូងទៀត»។
លោកស្រី ថាច់ សុខបូរ៉ានី ទទូចឲ្យតុលាការ និងរដ្ឋាភិបាលដោះលែងប្ដីលោកស្រី វិញ ពីព្រោះការបន្តឃុំខ្លួនប្ដីតាមទំនើងចិត្តនៅពន្ធនាគារបន្តទៀតនេះ គឺជាការដាក់សម្ពាធផ្លូវចិត្ត លើគ្រួសារ ជាពិសេសកូនៗ ដែលកំពុងរង់ចាំឪពុក។
លោកស្រី ថាច់ សុខបូរ៉ានី៖ «ខ្ញុំទៅមើលគាត់ម្សិលមិញ ខ្ញុំសួរថា បងឯងម៉េចក្នុងខ្លួន បងឲ្យលីកាដូយកឈាមបងឯងទៅមើល គាត់ថា មិនអីទេ គាត់កុហកខ្ញុំ។ ពេទ្យ លីកាដូថា គាត់មិនស្រួលទេ ហើយគេមិនដោះលែងគាត់។ មីងដេកយប់មិញ មីងដេកមិនលក់ទេ មានការឈឺចាប់ខ្លួន ដែលគាត់អនុវត្តទោសរួចរាល់ គ្រប់ កំណត់របស់គាត់ គេមិនដោះលែងគាត់ឲ្យមានសេរីភាព គាត់អាយុ ៧០ ឆ្នាំហើយ។ អាយុប៉ុណ្ណឹងហើយ ឲ្យគាត់ចេញមកព្យាបាលបេះដូងគាត់ទៅ រឿងមិនដោះលែងគាត់ អយុត្តិធម៌ចំពោះគាត់ណាស់»។
ទូរទស្សន៍អាស៊ីសេរី មិនអាចសុំការបំភ្លឺជុំរឿងវិញនេះ ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានទេ នៅថ្ងៃទី០៨ ខែឧសភានេះ។
អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា មានដើមកំណើតខ្មែរក្រោម ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ អំឡុងពេល ដែលរដ្ឋាភិបាលរបស់ត្រកូលហ៊ុន បើកយុទ្ធនាការរារាំង និងកម្ទេចគណបក្ស ប្រឆាំង នៅមុនការបោះឆ្នោត ដែលលោក ហ៊ុន សែន និងក្រុមមេដឹកនាំកំពូលៗ របស់បក្សប្រជាជនកម្ពុជា ត្រៀមផ្ទេរអំណាចជាប្រព័ន្ធឲ្យកូនៗរបស់ពួកគេ។
តុលាការគ្រប់ជាន់ថ្នាក់ បានផ្ដន្ទាទោសលោក ថាច់ សេដ្ឋា នៅក្នុងសំណុំ រឿងចេញ សែកអត់ប្រាក់ឲ្យជាប់ពន្ធនាគារ១៨ខែ។ ចំណែកសំណុំរឿងញុះញង់មួយ ទៀត តុលាការផ្ដន្ទាទោសឲ្យលោក ថាច់ សេដ្ឋា ជាប់ពន្ធនាគារ ៣ឆ្នាំ ទាក់ទង លោក និយាយ ពីប្រវត្តិគណបក្សប្រជាជនកម្ពុជា ស្តូបមិត្តភាពកម្ពុជាវៀតណាម និងប្រវត្តិ ៧មករានៅក្នុងវេទិកាជាមួយអ្នកគាំទ្រនៅក្រៅប្រទេស កាលខែមករាឆ្នាំ២០២៣។ការកាត់ទោសលោក ថាច់ សេដ្ឋា ទាំងពីរសំណុំរឿងនេះ ត្រូវបានគេមើល ឃើញថា ជារឿងនយោបាយសុទ្ធសាធ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា តាមនីតិវិធីច្បាប់ ទណ្ឌិតណាដែលបាន អនុវត្តទោស គ្រប់ចំនួនហើយ គឺតុលាការត្រូវតែដោះលែងឲ្យមានសេរីភាពវិញ លើកលែងតែមានដីកាឃុំខ្លួនថ្មី ពាក់ព័ន្ធនឹងសំណុំរឿងផ្សេងទៀត។ លោកថា ការបន្តឃុំខ្លួនដោយគ្មានដីកានេះ ជារឿងខុសច្បាប់។ទោះជាយ៉ាងណា លោក អំ សំអាត ថា អង្គការសង្គមស៊ីវិលនៅតែទទូច ឲ្យតុលាការ ដោះលែងអ្នកទោសមនសិការទាំងអស់ឲ្យមានសេរីភាព ដើម្បីបង្រួបបង្រួមជាតិ និងឯកភាពជាតិឡើងវិញ។
លោក អំ សំអាត៖ «អង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកសិទ្ធិមនុស្ស តែងតែអំពាវនាវថា សុំឲ្យដោះលែងទៅលើសកម្មជននយោបាយ អ្នកនយោបាយ សកម្មជន បរិស្ថាន សកម្មជនសិទ្ធិមនុស្ស និងការងារសង្គម ដើម្បីបន្ធូរបន្ថយបរិយាកាស ក៏ដូចជា បង្រួបបង្រួមជាតិ ការឯកភាពជាតិ ការសាមគ្គីភាពជាតិ និង រួបរួម ខ្មែរតែមួយ។ វាដល់ពេលដែលកម្ពុជាយើងត្រូវពិនិត្យ អនុវត្តទៅលើបញ្ហាទាំងអស់នេះហើយ» ។
ទោះបីប្រទេសកម្ពុជា រងការឈ្លានពានទឹកដីពីប្រទេសជិតខាងក៏ដោយ ក៏រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នៅតែបន្តចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញលើ អ្នកនយោបាយ សកម្មជនបរិស្ថាន និងសកម្មជនសង្គម អ្នកប្រើប្រាស់បណ្តាញសង្គម ព្រមទាំងអ្នកសារព័ត៌មាន។
អ្នកឃ្លាំមើលលើកឡើងថា វិធានការរបស់រដ្ឋាភិបាលគ្រួសារត្រូលហ៊ុន ដែលធ្វើបាបសកម្មជនប្រឆាំង ឬសកម្មជនប្រជាធិបតេយ្យ ដោយមិនញញើតច្បាប់បែបនេះ គឺជាការបង្កើតវិបត្តិធ្វើឲ្យបែកបាក់ជាតិធ្ងន់ធ្ងរ ហើយបន្សល់ទុកតែការឈឺចាប់ ពិបាកផ្សះផ្សាគ្នាក្នុងសង្គមនៅថ្ងៃអនាគត ដែលធ្វើឱ្យប្រទេសជាតិកាន់តែធ្លាក់ចុះខ្សោយ ហើយបរទេសជិតខាងប្រមាថមើលងាយជាតិខ្មែរ៕








