សកម្មជន​បរិស្ថាន​រក​ឃើញ​ថា មន្ត្រី​បរិស្ថាន​ជា​អ្នក​កាង​ជនល្មើស​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់

0
66
រូបភាព​ដើម​ត្បែង កកោះ ផ្ដៀក ដួងចែម និង​ដើម​ច្បោះ​នៅ​តំបន់​ព្រៃ​ឡង់​ត្រង់​ចំណុច ក្បាលជាំប្រមេ ភូមិសាស្ត្រ​ខេត្តព្រះវិហារ ថត​នៅ​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៦។ រូបភាព​សកម្មជន​ការពារ​ព្រៃឡង់
រូបភាព​ដើម​ត្បែង កកោះ ផ្ដៀក ដួងចែម និង​ដើម​ច្បោះ​នៅ​តំបន់​ព្រៃ​ឡង់​ត្រង់​ចំណុច ក្បាលជាំប្រមេ ភូមិសាស្ត្រ​ខេត្តព្រះវិហារ ថត​នៅ​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៦។ រូបភាព​សកម្មជន​ការពារ​ព្រៃឡង់

សកម្មជន​បរិស្ថាន​រក​ឃើញ​ថា មន្ត្រី​បរិស្ថាន​ខេត្តព្រះវិហារ​ជា​អ្នក​កាង​ការពារ​ឲ្យ​ក្រុម​ជនល្មើស​កាប់​ឈើ​ធ្វើ​អាជីវកម្ម​នៅក្នុង​តំបន់​ព្រៃឡង់។ ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​ជុំវិញ​តំបន់​ព្រៃឡង់ ប្ដេជ្ញាចិត្ត​ការពារ​ព្រៃឡង់​ឲ្យ​បាន​គង់វង្ស។

ស្រប​ពេល​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ប្ដេជ្ញាចិត្ត​នៅក្នុង​សណ្ឋាគារ​ថា នឹង​ការពារ​ព្រៃឡង់​ឲ្យ​បាន​គង់វង្ស​។ សកម្មជន​បរិស្ថាន ចុះ​ល្បាត​រក​ឃើញ​បទល្មើស​ចម្រុះ​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់ ខេត្ត​ព្រះវិហារ ដោយ​ក្រុម​ជនល្មើស​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​បរិស្ថាន​ចំនួន​៣០​ម៉ឺន​រៀល ជា​ថ្នូរ​ក្នុង​ការ​ចូល​ទៅ​កាប់​ឈើ​ធ្វើ​អាជីវកម្ម និង​ជួយ​ការពារ​សុវត្ថិភាព​ដល់​ជនល្មើស​ទាំងនោះ។

អ្នកការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន លោក ម៉ា ចិត្រា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១២ ខែ​ឧសភា​ថា បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ខេត្តព្រះវិហារ មាន​ចម្រុះ ដូចជា​ការ​បរបាញ់​សត្វ ទន្ទ្រាន​ដី​ព្រៃ និង​កាប់​ឈើ​ធ្វើ​អាជីវកម្ម។ លោក​ថា ក្រុម​អ្នក​កាប់​ឈើ បាន​ប្រាប់​ពួក​លោក​ថា ពួកគេ​បាន​បង់លុយ​ឲ្យ​ទៅ​មន្ត្រី​បរិស្ថាន​ចំនួន​៣០​ម៉ឺន​រៀល ជា​ថ្នូរ​ដើម្បី​ចូល​កាប់​ឈើ​ក្នុង​តំបន់​ការពារ និង​ជួយ​ការពារ ឬ​ជួយ​មើលផ្លូវ​មិន​ឲ្យ​នរណា​ប៉ះពាល់​នោះ​ទេ។

លោក ម៉ា ចិត្រា៖ «ក្នុងនាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​សំណូមពរ​ទៅដល់​រដ្ឋាភិបាល​ឬក៏​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឲ្យ​គាត់​ស៊ើបអង្កេត​ពាក់ព័ន្ធ​បញ្ហា​វិនាសកម្ម​ព្រៃឈើ​ព្រោះ​មើល​ឃើញ​ថា វា​អាច​ជា​កត្តា​អំពើ​ពុករលួយ​នេះឯង​នាំ​ឲ្យ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​ឥត​ឈប់ឈរ»។

កាលពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១០ ខែឧសភា សកម្មជន​បរិស្ថាន​ចំនួន​៦​នាក់​បាន​ចុះ​សិក្សា​ស្រាវជ្រាវ និង​ល្បាត​ព្រៃ​ក្នុង​តំបន់​ព្រៃ​ឡង់​រយៈពេល​៣​យប់ ៤​ថ្ងៃ ដោយ​ដកហូត​បាន​អាវុធ​កែឆ្នៃ​ចំនួន​៦​ដើម រណាយន្ដ​សម្រាប់​អារឈើ​ចំនួន​៣​គ្រឿង គោ​យន្ដ​៦​គ្រឿង និង​បាន​ជួប​ជនល្មើស​ចំនួន​២០​នាក់ ដែល​បាន​កាប់​ផ្ដួល​ដើមឈើ​មូល​ធំៗ​នៅក្នុង​តំបន់​អភិរក្ស​អស់​ជាច្រើន​ដើម។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ លោក មឿន សុភេទ និង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ដើម្បី​សុំ​ការ​បកស្រាយ​បាន​ទេ នៅ​ថ្ងៃទី​១២ ខែ​ឧសភា។

ចំណែក​សកម្មជន​ការពារ​ព្រៃ​ឡង់​ខេត្តព្រះវិហារ លោក ខេម សុឃី ឲ្យ​ដឹង​ថា ករណី​អំពើពុករលួយ រវាង​ជនល្មើស និង​មន្ត្រី​បរិស្ថាន មិនមែន​ជា​រឿង​ថ្មី​ឡើយ ដោយ​ករណីនេះ​កើតមាន​យូរណាស់​មក​ហើយ គ្មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​បង្ក្រាប និង​ស្រាវជ្រាវ និង​ចាត់វិធានការ​ទៅលើ​មន្ត្រី​ខិលខូច​ទាំងអស់​នេះ​ឡើយ​។ លោក​ថា ប្រសិនបើ​បន្ត​ឲ្យ​មាន​ករណី​បែប​នេះ​ទៀត ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ផ្សេង​ទៀត​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ នឹង​វិនាស​ហិនហោច​ជាក់​ជាមិនខាន។

លោក ខេម សុឃី៖ «សម្រាប់​ខ្ញុំ​ថា​មិនមែន​ជា​រឿង​ថ្មី​ទេ ការ​យកលុយ​យក​កាក​ឬ​ការ​សូកប៉ាន់​ដល់​អ្នក​ដែរ​ពាក់ព័ន្ធ​ក្នុង​ការ​ការពារ​ព្រៃឈើ​កន្លងមក​ក្រុមហ៊ុន​នៅ​ជាប់​ព្រៃទ្បង់ ក៏ដូចជា គល់​អំពិល​ជាដើម​ក៏​ធ្លាប់​សូកប៉ាន់​ដល់​មន្ត្រី​ដែរ សម្រាប់​ខ្ញុំ​ចង់​ឲ្យ​មន្ត្រី​ថ្នាក់លើ​កុំ​ហាមឃាត់​ដល់​ប្រជា​សហគមន៍​ដែរ​ចុះ​ល្បាត ឲ្យ​គាត់​ស្វែងយល់​អំពី​ប្រជា​សហគមន៍​និង​ស៊ើប​មើល​មន្ត្រី​ក្រោម​ឱវាទ​របស់​គាត់​នឹង​ថា តើ​គាត់​បាន​ប្រព្រឹត្តិ​អំពើ​ទាំងអស់​នោះ​អត់»។

ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​មាន​ផ្ទៃដី​ជិត ៥​សែន (៤៨៩.៦៦៣) ហិកតារ ជាប់​ខេត្ត​ចំនួន​៤ រួមមាន ខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្តកំពង់ធំ ត្រូវ​បាន​រដ្ឋាភិបាល បង្កើតជា​តំបន់​ដែន​​ជម្រក​សត្វព្រៃ​នៅក្នុង​ឆ្នាំ​២០១៦​។ ប៉ុន្តែ​រយៈពេល​ជិត ១០​ឆ្នាំ​មកនេះ អង្គការ​ជាតិ​និង​អន្តរជាតិ បាន​ចេញ​របាយការណ៍​ជា​បន្តបន្ទាប់​ថា ដែនជម្រកសត្វព្រៃ​ព្រៃឡង់​តែងតែ​រង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម និង​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ​ពី​សំណាក់​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ជុំវិញ​តំបន់​នោះ​យ៉ាង​អនាធិបតេយ្យ។

ក្រុមហ៊ុន​ចិន​ឈ្មោះ​ខេមបូឌាន ខេ​៨៨ អ៊ិន​ដាស​ស្ត្រី​(Cambodian K88 Industry) ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ នៅក្នុង​ភូមិសាស្ត្រ​តំបន់​ការពារ​ព្រៃឡង់​ភាគ​ខាងត្បូង ក្នុង​ខេត្តកំពង់ធំ និង​ខេត្តក្រចេះ។ រូប៖ បណ្ដាញសង្គម

ក្រៅ​ពី​នោះ ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ បច្ចុប្បន្ន​ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​ចំនួន​៥ ដែល​កំពុង​ច្បាម​យក​ធ្វើ​ធនធាន​រ៉ែ​ផ្សេងគ្នា ក្នុង​នោះ មាន​ដូចជា ក្រុមហ៊ុន គ្លប៊ល ហ្គ្រីន កំពុង​ច្បាម​យក​រ៉ែ​ដែក ទំហំ​ជាង​១​ម៉ឺន (១៤.៨៩៤) ហិកតារ នៅ​ភាគ​ខាងជើង​នៃ​តំបន់​ព្រៃ​ឡង់ នៃ​ខេត្តព្រះវិហារ និង​ខេត្តស្ទឹងត្រែង ក្រុមហ៊ុន ឡេត ចេង ម៉ាញនី​ង កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស នៅ​ភាគ​ខាងត្បូង ក្នុង​ខេត្តកំពង់ធំ​លើ​ព្រៃ​ដី​ជិត​១​ម៉ឺន​ហិកតារ និង​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ខេ​ភី ស៊ី​មែន នៅ​ភាគ​ខាងកើត ក្នុង​ខេត្តក្រចេះ ហើយ​ថ្មីៗ​នេះ រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ខេមបូឌាន ខេ​៨៨ អ៊ិនដាសស្ត្រី (Cambodian K88 Industry) ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ថ្មី​បន្ថែម​ទៀត​នៅក្នុង​ភូមិសាស្ត្រ​តំបន់​ការពារ​ព្រៃ​ឡង់​ភាគ​ខាងត្បូង ក្នុង​ខេត្ត​កំពង់ធំ និង​ខេត្ត​ក្រចេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ