

អ្នកវិភាគលើកឡើងថា ការវិលត្រឡប់ចូលក្នុងឆាកនយោបាយរបស់អតីតមេដឹកនាំថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នឹងធ្វើឱ្យមានការប្រែប្រួលលើបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ជាពិសេសលោក ថាក់ស៊ីន នឹងមិនភ្លេចនោះឡើយ ក្នុងការរកវិធីសងសឹកទៅលើអតីតប្អូនធម៌គឺ លោក ហ៊ុន សែន ដែលបានហែកកេរ្តិ៍លោក រហូតត្រូវជាប់ពន្ធនាគារ។ ការថ្លែងនេះ គឺធ្វើឡើងបន្ទាប់ពីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាមេដឹកនាំនយោបាយចាស់វស្សារបស់គណបក្សភឿថៃ ត្រូវតុលាការថៃដោះលែងឱ្យនៅក្រៅឃុំមុនការកំណត់។
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវតុលាការថៃដោះលែងចេញពីពន្ធនាគារនៅមុនពេលកំណត់ កាលព្រឹកថ្ងៃទី១១ ខែឧសភា បន្ទាប់ពីអនុវត្តទោសបាន ៨ខែ។
ក្នុងទឹកមុខញញឹម និងកាត់សក់ខ្លី លោក ថាក់ស៊ីន បានដើរចេញពីច្រកទ្វារពន្ធនាគារ ខ្លងប្រេម(Klong Prem) នៅក្រុងបាងកក (Bangkok) ក្នុងសំលៀកបំពាក់អាវពណ៌សដៃខ្លី និងខោខូវប៊យវែង ដើម្បីបិទបាំងឧបករណ៍អេឡិចត្រូនិកតាមដានអ្នកទោស ដែលគេបានភ្ជាប់ទៅនឹងកជើងរបស់លោក រហូតគ្រប់ចំនួនអនុវត្តទោសរយៈពេល១ឆ្នាំ។
ក្រោយពីបានឆ្លងផុតពីទ្វារពន្ធនាគារ លោក ថាក់ស៊ីន បានជួបកូនស្រីបង្កើតដែលជាអតីតនាយករដ្ឋមន្ត្រីថៃ គឺអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) រួមទាំងសមាជិកគ្រួសារ និងសកម្មជនជនអ្នកគាំទ្រគណបក្សភឿថៃ ដើម្បីច្រៀងចម្រៀងជាតិនៅមុខពន្ធនាគារ ក៏ប៉ុន្តែលោកមិនបានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននោះឡើយ ដោយលោកបានចូលក្នុងរថយន្ត និងធ្វើដំណើរទៅកាន់ភូមិគ្រឹះរបស់លោក។
តុលាការកំពូលរបស់ទីក្រុងបាងកក បានសម្រេចឱ្យលោក ថាក់ស៊ីន អនុវត្តទោស១ឆ្នាំឡើងវិញនៅក្នុងពន្ធនាគារ កាលពីខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីរកឃើញថា ការផ្ទេរអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ ពីពន្ធនាគារទៅកាន់មន្ទីរពេទ្យកាលពីឆ្នាំ២០២៣ គឺជារឿងខុសច្បាប់ និងមានចេតនាពន្យារការស្នាក់នៅមន្ទីរពេទ្យ។
នៅមុនការសម្រេចរបស់តុលាការថៃនេះ ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ជាអតីតប្អូនធម៌របស់លោក ថាក់ស៊ីន និងបានបែកបាក់គ្នា បានបរិហារកេរ្តិ៍លោក ថាក់ស៊ីន ដែលជាបងធម៌ថា បានសម្ដែងធ្វើពុតជាឈឺដើម្បីរួចផុតពីការជាប់ឃុំក្នុងនៅក្នុងពន្ធនាគារ កាលលោកបានទៅសួរសុខទុក្ខលោក ថាក់ស៊ីន ដល់ភូមិគ្រឹះ។ ជាមួយគ្នានេះ លោក ហ៊ុន សែន បានប្រាប់ពីរឿងលោក ថាក់ស៊ីន ធ្លាប់ទម្លាយរឿងផ្ទៃក្នុងរបស់រដ្ឋាភិបាលថៃប្រាប់លោកជាច្រើនដង ដោយលោក ហ៊ុន សែន បានចោទលោក ថាក់ស៊ីន និងកូនស្រី គឺអ្នកស្រី ផែថងថាន ទៅក្នុងទោសក្បត់ជាតិ និងប្រមាថព្រះមហាក្សត្រថៃ។
ទាក់ទិនរឿងនេះ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការវិលត្រឡប់ចូលក្នុងនយោបាយរបស់លោក ថាក់ស៊ីន នឹងឱ្យបរិបទនយោបាយថៃមានភាពរស់រវើកឡើងវិញ ប៉ុន្តែក៏នឹងធ្វើឱ្យមានការប្រែប្រួលស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ ដែលអ្នកនយោបាយថៃប្រើប្រាស់ធ្វើជាឧបករណ៍ ដើម្បីរកការគាំទ្រពីអ្នកជាតិនិយមផងដែរ។
លោក សេង វណ្ណលី៖ «ហើយក្ដីបារម្ភចំពោះការសងសឹករបស់លោក ថាក់ស៊ីន ទៅលើលោក ហ៊ុន សែន ខ្ញុំយល់ថាមិនមែនជារឿងសាមញ្ញនោះទេ ព្រោះលោក ថាក់ស៊ីន គឺជាអ្នកនយោបាយជើងចាស់ លោក ថាក់ស៊ីន ប្រហែលជាជ្រើសរើសការប្រើប្រាស់អំណាចទន់ ឬការទូតដើម្បីដាក់សម្ពាធលើប្រយោជន៍សេដ្ឋកិច្ច និងនយោបាយជាជាងការបង្កជម្លោះដោយផ្ទាល់ ប៉ុន្តែការសម្រេចចិត្តចុងក្រោយនឹងឆ្លងកាត់ពីផលប្រយោជន៍ជាតិ និងសេដ្ឋកិច្ចដែលជាអាទិភាពចម្បងរបស់គណបក្សភឿថៃ»។
ទំនាស់រវាងគ្រួសារបងប្អូនធម៌របស់មេដឹកនាំកម្ពុជានៃគ្រួសារត្រកូលហ៊ុន និងគ្រួសារអតីតមេដឹកនាំថៃនៃត្រកូលស៊ីណាវ៉ាត់ ត្រូវគេមើលឃើញថា គឺជាដើមហេតុបង្កឱ្យផ្ទុះសង្គ្រាមតាមព្រំដែន ដែលធ្វើឱ្យយោធាថៃឆ្លៀតឱកាសចូលឈ្លានពានទឹកដីកម្ពុជា។
ទំនាស់នេះ ផ្ដើមចេញដោយលោក ហ៊ុន សែន បានធ្វើឱ្យបែកធ្លាយសំឡេងសន្ទនាតាមទូរស័ព្ទរវាងលោក និងអតីតនាយករដ្ឋមន្ត្រីថៃអ្នកស្រី ផែថងថាន ដើម្បីសុំឱ្យកម្ពុជាបើកច្រកព្រំដែនវិញ កាលពីខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីយោធាថៃបានបិទជាឯកតោភាគី។ ការបែកធ្លាយកិច្ចសន្ទនានេះ បានធ្វើឱ្យអ្នកស្រី ផែថងថាន ត្រូវតុលាការព្រហ្មទណ្ឌថៃសម្រេចព្យួរតំណែង រហូតត្រូវបណ្ដេញចេញជាស្ថាពរ និងទទួលរងសម្ពាធពីក្រុមយោធាថៃ អ្នកជាតិនិយម និងគណបក្សប្រឆាំង ដោយសារអ្នកស្រីបាននិយាយរិះគន់ក្រុមយោធាថៃ។
ចំណែកលោក ហ៊ុន សែន ក្រោយពីបានអុជអាល និងបង្កជម្លោះជាមួយគ្រួសាររបស់លោក ថាក់ស៊ីន ហើយនោះ លោកបានបង្ហោះបទចម្រៀងឌឺដងនៅលើហ្វេសប៊ុក ដែលលោកបានរំលេចចំពោះខ្លួនលោកថា ជាអ្នកធ្វើឱ្យរង្គោះរង្គើរដ្ឋាភិបាលទីក្រុងបាងកក និងបានព្យាករណ៍ថា ថៃនឹងមានការផ្លាស់ប្ដូររដ្ឋាភិបាលថ្មី នៅក្នុងរយៈពេលបីខែខាងមុខ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១១ ខែឧសភា។
សម្រាប់អ្នកវិភាគ និងអ្នកនយោបាយរបស់ថៃ យល់ឃើញថា ក្រោយពីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញហើយនោះ លោក ថាក់ស៊ីន នឹងស្ដារប្រជាប្រិយភាព និងអំណាចរបស់គណបក្សភឿថៃឡើងវិញ តាមរយៈការចងសម្ព័ន្ធជាមួយគណបក្សរបស់ក្រុមអ្នកនយោបាយអភិរក្សនិយម មុននឹងបោះជំហានដើម្បីសងសឹកលើគ្រួសារមេដឹកនាំកម្ពុជាវិញ។
នៅមុនជាប់ពន្ធនាគារ លោក ថាក់ស៊ីន បាននិយាយថា «ជម្លោះកម្ពុជា និងថៃគឺប្រៀបដូចជាល្បែងជ្រមុជទឹក អ្នកណាជ្រមុជបានយូរជាងអ្នកនោះគឺជាអ្នកឈ្នះ ហើយអ្នកដង្ហើមខ្លីនឹងត្រូវស្លាប់»។ ចំណែកលោកស្រី ផែថនថាន បានសច្ចានៅមុខក្រុមសមាជិកបក្ស ក្នុងកិច្ចប្រជុំគណបក្សភឿថៃ ថា អ្នកស្រីនឹងប្រយុទ្ធលុះក្ស័យ ដើម្បីរកយុត្តិធម៌រឿងលោក ហ៊ុន សែន លួចថតសំឡេងសន្ទនាគ្នាជាឯកជន និងធ្វើឱ្យបែកធ្លាយជាសាធារណៈ ដែលធ្វើឱ្យគ្រួសាររបស់អ្នកស្រីជួបគ្រោះផ្ទួនៗ។
យ៉ាងណាក៏ដោយ លោក សេង វណ្ណលី លើកឡើងថា ការប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ និងសន្ធិសញ្ញាព្រំដែនរបស់អាណានិគមបារាំង នឹងក្លាយជាខែលការពារកម្ពុជា ក្នុងស្ថានភាពដែលនយោបាយនៅក្នុងប្រទេសថៃមានការប្រែប្រួល។ លោកបន្តថា ស្ថិតក្នុងស្ថានភាពនេះ កម្ពុជាគួរតែពង្រឹងគោលជំហរការទូត និងការពារអធិបតេយ្យភាពរបស់កម្ពុជាឱ្យបានរឹងមាំ និងត្រូវតាមដានការវិវឌ្ឍរបស់កិច្ចព្រមព្រៀងនានា ដើម្បីការពារកុំឱ្យទំនាក់ទំនងរវាងកម្ពុជា និងថៃវិលទៅរកអតីតកាលដ៏ជូរចត់៕









