

អ្នកឃ្លាំមើលបញ្ហានយោបាយ និងសង្គម រិះគន់ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែនដែលអំពាវនាវ ឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ជាមួយគ្រួសារកងទ័ពពលី រងរបួស និងពិការ អំឡុងពេល សង្គ្រាមជាមួយថៃ គឺគ្រាន់តែជា សារប្រជាភិថុតិ និងគ្មានប្រសិទ្ធភាពនោះទេព្រោះ គ្មានផែនការច្បាស់លាស់ក្នុងជួយដល់ពួកគាត់។ ពួកគាត់មើលឃើញថា កងទ័ពខ្លះ ដែលរងរបួស និងមានជំងឺ ប្រចាំកាយ ក្រោយសង្គ្រាមរួច កំពុងតែប្រឈមគ្មានថវិកា ព្យាបាលជំងឺឱ្យបានត្រឹមត្រូវ។
រដ្ឋាភិបាលកម្ពុជា ហាក់ពុំសូវឱ្យតម្លៃ និងគិតគូរពីជីវភាពកងទ័ពឱ្យបានត្រឹមត្រូវនោះឡើយ បើទោះបីជាដឹងថា កងទ័ពបានលះបង់ជីវិតដើម្បីការពារជាតិ និងពលរដ្ឋ ។ ផ្ទុយទៅវិញ គេតែងតែឃើញមន្ត្រីធំៗខ្លះ យកវិស័យការពារជាតិ ជាកន្លែងសម្រាប់រកលុយ និងតែងតាំងកូនចៅបក្ខពួកខ្លួនឱ្យមានតួនាទីធំៗ ដើម្បីចាំការពារអំណាច មេដឹកនាំត្រកូល«ហ៊ុន» និងផលប្រយោជន៍ផ្ទាល់ខ្លួន។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៨ ខែ ឧសភាថា វិស័យការពារជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជាង៤ទសវត្សរ៍នេះបានក្លាយជាឧបករណ៍នយោបាយរបស់បក្សកាន់អំណាច ហើយជាស្ថាប័នដែលអន់ថយគ្មានការរីកចម្រើនជាដុំកំភួននោះទេ ខណៈដែលអំពើពុករលួយ បានចាក់ស្រេះយ៉ាងជ្រៅ រីឯអ្នករងគ្រោះ គឺកងទ័ពជួរមុខ ពុំសូវមានជីវភាពល្អប្រសើរ ហើយសម្ភារៈយោធា ក៏មិនសូវមានទំនើបៗ។
លោកបន្តថា ការដែលប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន អំពាវនាវ ឱ្យអាជ្ញាធរមូលដ្ឋានត្រូវខ្វល់ខ្វាយ ពីទុក្ខលំបាករបស់គ្រួសារកងទ័ព ដែលបានពលី និងពិកាភាព ដោយសារតែសង្គ្រាមជាមួយថៃចំនួនលើក២មកនេះ គ្រាន់តែជាសារប្រជាភិថុតិ។ ទន្ទឹមគ្នានោះ លោកថា លោក ហ៊ុន សែន ក៏ទំនងជាមនុស្សម្នាក់នៅពីក្រោយនៃការគំរាមកំហែង និងរឹតត្បិតគ្រួសារកងទ័ពមិនឱ្យនិយាយជាមួយអ្នកសារព័ត៌មាន របៀបរាប់ពីទុក្ខលំបាក ក្រោយពីប្ដី ឬឪពុកបានពលីក្នុងសង្គ្រាម ដោយយកលេសថាខ្លាចប៉ះពាល់ទឹកចិត្តកងទ័ព និង មុខមាត់រដ្ឋាភិបាល។ លោក ម៉ែន ណាត ថា ការរឹតត្បិតសិទ្ធិសេរីភាពនេះ បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់អំពីការមិនអើពើ របស់រដ្ឋាភិបាល ចំពោះទុក្ខលំបាក ពិតប្រាកដ របស់គ្រួសារ កងទ័ពនោះឡើយ ហើយថែមទាំងចង់បិទបាំង ពីភាពកម្សោយរបស់ខ្លួន។
លោក ម៉ែន ណាត៖ «លោក ហ៊ុន សែន ធ្វើខ្វល់ខ្វាយពីកងទ័ពតែ១ដង្ហើមចង្រិតហើយ គឺបំភ្លេចចោល ហើយបណ្ដែតបណ្ដោយឱ្យគ្រួសារកងទ័ពរហេមរហាម និងឆ្លៀតឱ្យពួកមន្ត្រី និងពួកយោធា មេបញ្ជាការរបស់យោធាថ្នាក់លើហ្នឹង កេងប្រវ័ញ្ចប្រាក់ខែកងទ័ពទៀត។ មិនត្រឹមតែ កេងប្រវ័ញ្ចប្រាក់ខែទេ ថែមទាំងកាត់ប្រាក់ខែ គាត់យកទៅធ្វើនេះ ធ្វើនោះ សព្វបែបយ៉ាង។ អ៊ីចឹងអត់មានគំនិត អត់មានគំនិតជាក់ស្ដែងក្នុងការលើកទឹកចិត្ត គ្រួសារកងទ័ពទេ»។
ការលើកឡើងនេះ ក្រោយពីប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានថ្លែងនៅក្នុងពិធីសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ នៅឯខេត្តតាកែវ កាលថ្ងៃទី៨ ខែឧសភា ដោយអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ជាមួយសមាជិកគ្រួសារកងទ័ពដែលបានពលី កងទ័ពដែលពិកា និងរបួស អំឡុងពេលសង្គ្រាមជាមួយថៃ ឱ្យបានដិតដល់ ដោយលោកបានអះអាងថា កងទ័ពជួរមុខទាំងនោះបានលះបង់ច្រើនណាស់ ដើម្បីការពារជាតិ ទឹកដី និងប្រជាជនទាំងមូល។
លោក ហ៊ុន សែន៖ «សូមលោកមេឃុំ ជំទប់ក្រុមប្រឹក្សាឃុំ និងមន្ត្រីចុះមូលដ្ឋានរបស់យើង ក្ដាប់ឱ្យជាប់ថាក្នុងមូលដ្ឋានរបស់ខ្លួន មានអ្នកយុទ្ធជនពលីប៉ុន្មាន មានយុទ្ធជនពិកាប៉ុន្មាន មានគ្រួសារនៅសមរភូមិមុខប៉ុន្មាន។ កុំឱ្យគេប្រយុទ្ធនៅសមរភូមិមុខផង ប្រពន្ធនៅខាងក្រោយជិតឆ្លងទន្លេ ដោយគ្មានការអើពើពីអាជ្ញាធរមូលដ្ឋាន។ សូមបងប្អូនការពារជាតិ ដើម្បីសេចក្ដីសុខដល់បងប្អូនទាំងអស់គ្នា ដូច្នេះដោយយើងគ្រាន់តែអើតមើល ជួយទំនុកបម្រុង សម្រាប់ក្រុមគ្រួសាររបស់គាត់ ដែលជាកាតព្វកិច្ចរបស់យើងដែលចូលរួមក្នុងវិស័យការពារជាតិ។ បង្គោលគ្រួសារត្រូវបានបាត់បង់ ពលីជីវិតទៅហើយ យើងត្រូវជួយមើលពួកគាត់ មើលកូនគាត់ ដើម្បីឱ្យកូនគាត់បានរៀនសូត្រ»។
ទោះជាយ៉ាងណា គេសង្កេតឃើញថា ចាប់តាំងពីកម្ពុជា មានសង្គ្រាមជាមួយថៃចំនួន២លើកឡើង មានគ្រួសារកងទ័ពមួយចំនួន បានប្រើប្រាស់បណ្ដាញសង្គមអំពាវនាវដល់សប្បុរសជនឱ្យជួយ ដល់ពួកគាត់ ព្រោះតែជីវភាពខ្វះខាត ខណៈកងទ័ពខ្លះ ពិកា និងមានជំងឺប្រចាំកាយ ទាំងគ្មានថវិកា សម្រាប់ចំណាយលើការព្យាបាល ឱ្យបានត្រឹមត្រូវ។ រីឯ កងទ័ពខ្លះទៀត ដែលមានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្ដាញសង្គម ក៏មាន សប្បុរសជន ជួយច្រើន រួមទាំងមានប្រាក់ឧបត្ថម្ភ បន្ថែមពីរដ្ឋាភិបាល។ ចំណែកគ្រួសារ កងទ័ពខ្លះ ដែលពុំចេះប្រើប្រាស់បណ្ដាញសង្គម ដើម្បីសុំជំនួយពីសប្បុរសជន បន្តរស់នៅដោយជីវភាពក្រខ្សត់។
រីឯកងទ័ពម្នាក់ដែលបាន ឈរជើងនៅតំបន់ជួរភ្នំដងរែកខេត្តឧត្តរមានជ័យ អំឡុងពេលផ្ទុះសង្គ្រាមជាមួយថៃ ចំនួន២លើកប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងសំឡេងព្រោះបារម្ភពី សុវត្ថិភាពលើកឡើងថា បច្ចុប្បន្ន លោកកំពុងតែដេកសម្រាកព្យាបាលជំងឺជិត៧ខែ ហើយ។ លោកត្រូវលាងឈាមជាប្រចាំសប្ដាហ៍នៅមន្ទីរពេទ្យកេតុមាលា ឬហៅថាពេទ្យទាហាន ភ្នំពេញ ក្រោយពីរងឥទ្ធិពលផ្សែងពុល របស់យោធថៃ កាលពីអំឡុងផ្ទុះសង្គ្រាម ជាមួយថ្ងៃ។
ថ្វីត្បិតតែ លោកមានជំងឺ ដោយសារតែ សង្គ្រាមក្ដី លោកពុំទទួលថវិកា ឬការមើលថែដិតដល់ពីរដ្ឋាភិបាលនោះទេ ។ បច្ចុប្បន្ន លោកកំពុងតែ ស្នាក់នៅក្នុងបន្ទប់ជួលដ៏តូចចង្អៀតមួយ នៅរាជធានីភ្នំពេញ ដើម្បីចាំលាងឈាមជាប្រចាំសប្ដាហ៍ ព្រោះលោកមិនអាចត្រឡប់នៅភូមិកំណើតនៅឯខេត្តឧត្តរមានជ័យ បានទេ ព្រោះឆ្ងាយគ្មានថវិកាចំណាយថ្លៃធ្វើដំណើរ។
កន្លងទៅ លោកធ្លាប់បានថវិកាខ្លះពីសប្បុរសជន និងអំណោយបន្តិចបន្តូចពីរដ្ឋាភិបាល ទុកគ្រាន់ទិញម្ហូប និងទិញថ្នាំជំនួយខ្លាំង ប៉ុន្តែ សព្វថ្ងៃលោកកំពុង ជួបការលំបាកជាខ្លាំង ព្រោះគ្មានថវិកា គ្រប់គ្រាន់ ហើយជំងឺលាងឈាមរបស់លោក ក៏តែងតែធ្វើទុក្ខពេលខ្លះលោកសឹងតែ ដកដង្ហើម មិនដល់គ្នា ។ ទោះយ៉ាងណា លោកពុំហ៊ាននិយាយឱ្យបានទូលំទូលាយ ឬអំពាវនាវដល់រដ្ឋាភិបាល ឱ្យជួយថ្លៃព្យាបាលជំងឺនោះទេ ព្រោះមានគេហាមមិនឱ្យលោកនិយាយនោះទេ។
ជាមួយគ្នានោះកងទ័ពខ្លះបានរៀបរាប់ថា ក្រោយពីសង្គ្រាមបានចប់ មានកងទ័ពរងរបួស និង សង្គ្រោះបន្ទាន់ជាច្រើន បានបញ្ជូនមកមន្ទីរពេទ្យរុស្ស៊ី ភ្នំពេញ ដើម្បីសម្រាកព្យាបាល ប៉ុន្តែការរៀបចំឱ្យកងទ័ពដេកសម្រាក គឺធ្វើឡើង ដោយគ្មានតម្លាភាពនោះទេ គឺកងទ័ពខ្លះ ត្រូវបានបែងចែកដោយប្រកាន់បក្ខពួក ក្នុងការរៀបចំឱ្យសម្រាក ដើម្បីងាយស្រួលដល់សប្បុរសជន ឬក៏រដ្ឋាភិបាលមកសួរទុក្ខ ដើម្បីអាចទទួលបានជាថវិកាឧបត្ថម្ភមួយចំនួន។ រីឯ កងទ័ពខ្លះទៀត ដែលរងបួសធ្ងន់ដែរនោះ ប៉ុន្តែពុំមែនជាបក្ខពួក គេបញ្ជូនឱ្យទៅសម្រាកជាមួយអ្នកជំងឺធម្មតា ដែលធ្វើឱ្យពួកគាត់ ពុំទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ឬ សប្បុរសជននោះទេ។
អ្នកឃ្លាំមើល និងមន្ត្រីសង្គមស៊ីវិល បានជំរុញឱ្យ រដ្ឋាភិបាលគិតគូរពីជីវភាពគ្រួសារកងទ័ពពលី និងគ្រួសារកងទ័ពដែលកំពុងឈរជើងតាមព្រំដែន ពិតប្រាកដ។ ពួកគាត់ ថាជាច្រើនឆ្នាំមកនេះ អំពើពុករលួយ ធ្ងន់ធ្ងរពេក ទើបបាន ធ្វើឱ្យវិស័យកងទ័ពគ្មានការរីកចម្រើន ហើយកងទ័ពដែល ឈរជើង តាមព្រំដែនមានជីវភាពខ្វះខាត ជំពាក់បំណុលធនាគារវ័ណ្ឌក ហើយ កូនៗក៏ពុំសូវ ទទួលបានឱកាសរៀនសូត្របានត្រឹមត្រូវដែរ៕









