អ្នកឃ្លាំមើល​សង្គម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ដើម្បី​ឱ្យ​ពួកគេ​បន្ត​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ

0
78
សកម្មជន​ចលនា​មាតា​ធម្មជាតិ ទាំង ៥រូប (ពីស្ដាំ​) កញ្ញា ឡូង គន្ធា លោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា និង​កញ្ញា ភួន កែវរស្មី ដើរចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​បញ្ចប់សវនាការ​លើក​ទី៣ នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែមិថុនា ឆ្នាំ២០២៤។ (រូប៖ ពលរដ្ឋផ្ដល់ឱ្យ)
សកម្មជន​ចលនា​មាតា​ធម្មជាតិ ទាំង ៥រូប (ពីស្ដាំ​) កញ្ញា ឡូង គន្ធា លោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា និង​កញ្ញា ភួន កែវរស្មី ដើរចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​បញ្ចប់សវនាការ​លើក​ទី៣ នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែមិថុនា ឆ្នាំ២០២៤។ (រូប៖ ពលរដ្ឋផ្ដល់ឱ្យ)

អ្នកឃ្លាំមើល​សង្គម​កម្ពុជា​បន្ត​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ឲ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​ឲ្យ​ពួកគេ​អាច​វិល​ត្រឡប់​មក​ធ្វើការ​ងារ និង​ធ្វើជា​ភ្នែក​ច្រមុះ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​និង​ធនធានធម្មជាតិ។ ការ​អះអាង​នេះ​បន្ទាប់​ពី​សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក យឹម លាងហ៊ី សរសេរ​សំបុត្រ​ចេញពី​ពន្ធនាគារ ខេត្តកំពង់ស្ពឺ ជូន​ទៅ​ដល់​ម្តាយ​របស់​ខ្លួន​នៅក្នុង​ទិវា​អ្នក​ម្ដាយ ដោយ​សន្យា​ជាមួយ​ម្តាយ​របស់​លោក​ដែល​កំពុង​ជម្នះ​រស់​ជាមួយ​នឹង​ជំងឺមហារីក​ថា លោក​នឹង​មិន​ដោះដូរ​យក​សេរីភាព ដែល​បាន​មកពី​ការ​ឱនក្បាល​ចំពោះ​ភាព​អយុត្តិធម៌​នោះ​ទេ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា ទទូច​ឱ្យ​រដ្ឋាភិបាល ពិនិត្យមើល​ករណី​របស់​សកម្ម​ជន​ចលនា​មាតា​ធម្មជាតិ​ឡើងវិញ ពីព្រោះ​លោក​ថា អ្វី​ដែល​យុវជន​ទាំងអស់​នោះ​បាន​ធ្វើ​គឺ​ដើម្បី​ផលប្រយោជន៍​របស់​ប្រទេសជាតិ ហើយ​រដ្ឋាភិបាល មិន​គួរ​ចាប់ខ្លួន​ពួកគេ​ដាក់​ពន្ធនាគារ​ឱ្យ​រស់នៅ​ព្រាត់ប្រាស​ក្រុមគ្រួសារ​នោះ​ទេ។

លោក ស៊ឹង សែនករុណា៖ «ខ្ញុំ​គិតថា​រដ្ឋាភិបាល ទោះ​បី​ថា មិន​ចាំបាច់​ទៅ​ឲ្យ​ពួក​សកម្មជន​យុវជន​ទាំងអស់​ទៅ​ចុះចូល​អ្វី​នោះ​ទេ គ្រាន់តែ​ដោះលែង​ពួកគេ ឲ្យ​ពួកគេ​ធ្វើ​កិច្ច​ការងារ​តាម​វិជ្ជាជីវៈ​របស់​ពួកគេ​ហ្នឹង​ក៏​ជា​ផ្នែក​មួយ​ដ៏​ល្អ​ប្រសើរ​ទៅ​ហើយ គឺ​ពួកគេ​បាន​ធ្វើ​ទាំងអស់​នេះ​គឺ ជា​ភ្នែក​ច្រមុះ ជួយ​ទៅដល់​រដ្ឋាភិបាល​ទៅវិញ​ទេ»។

លោក ស៊ឹង សែនករុណា បន្ថែមទៀត​ថា រដ្ឋាភិបាល​គួរតែ​រក្សាទុក​ពួកគេ​ដើម្បី​ជា​ប្រយោជន៍​របស់​រដ្ឋាភិបាល​ខ្លួនឯង ក្នុង​ការ​បង្ក្រាប​ទៅលើ​ក្រុម​មន្ត្រី​ខិលខូច ដែល​តែងតែ​រាយការណ៍​បំផ្លើស ទៅ​ឲ្យ​ថ្នាក់ដឹកនាំ និង​នៅ​កាង​ពីក្រោយ​បទល្មើស។

ការ​អះអាង​របស់​ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​រូប​នេះ បន្ទាប់ពី​សកម្មជន​ចលនា​មាតា​ធម្មជាតិ​គឺ លោក យឹម លាងហ៊ី បាន​សរសេរ​សំបុត្រ​ចេញពី​ពន្ធនាគារ ខេត្តកំពង់ស្ពឺ មក​ឲ្យ​ម្តាយ​របស់​ខ្លួន ដែល​មាន​ចំណងជើង​ថា «​សំបុត្រ​លា​ទាំង​ស្រណោះ និង​ការសន្យា​ចុងក្រោយ​» ដែល​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ​នៅ​ថ្ងៃទី​១០ ខែឧសភា ដោយ​លោក យឹម លាងហ៊ី បាន​និយាយ​ថា លោក​បាន​ទទួល​ដំណឹង​ពី​សុខភាព​របស់​ម្ដាយ​ហើយ ប៉ុន្តែ​បែរជា​គ្មាន​ឱកាស​បាន​នៅ​ក្បែរ​ដើម្បី​បម្រើ​ម្ដាយ​ទៅវិញ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ​រូបនេះ អះអាង​បន្ថែមទៀត​ថា លោក​មាន​ផ្លូវ​មួយ​ដែល​អាច​ចេញទៅ​ជួប​មុខ​អ្នក​ម្ដាយ​ជា​លើក​ចុងក្រោយ​បាន​ភ្លាមៗ គឺ​គ្រាន់តែ​ពោល​ពាក្យ “​សុំទោស​” ហើយ​បោះបង់ចោល​ឧត្តម​គតិ​ជីវិត​របស់​លោក​។ ប៉ុន្តែ លោក​តែង​ចងចាំ​ជានិច្ច​នូវ​សម្ដី​មាស​របស់​ម្ដាយ​លោក​ដែល​ថា “​ទោះ​ស្លាប់ ក៏​ត្រូវ​ស្លាប់​ដោយមាន​តម្លៃ​” គឺ ម្ដាយ​របស់​លោក​មិន​ចង់ឱ្យ​លក់​ព្រលឹង ដើម្បី​ដោះដូរ​យក​សេរីភាព​ផ្ទាល់ខ្លួន​ឡើយ ព្រោះ​សេរីភាព​ដែល​បាន​មក​ពី​ការ​ឱនក្បាល​ចំពោះ​ភាព​អយុត្តិធម៌ គឺជា​សេរីភាព​ដែល​គ្មាន​តម្លៃ។

លោក យឹម លាងហ៊ី បាន​រៀប​រាប់ទាំង​ក្តុកក្តួល​ថា ក្នុង​គ្រា​ចុងក្រោយ​នេះ លោក​សូម​សន្យា​ចំពោះ​ម្ដាយ​របស់​លោក​ថា លោក​នឹង​បន្ត​ឆន្ទៈ​ការពារ​បរិស្ថាន និង​ការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ​ដែលជា​ដង្ហើម​របស់​ខ្មែរ​គ្រប់រូប ដូចដែល​ម្ដាយ​បាន​ផ្ដាំផ្ញើ​។ លោក​នឹង រឹងមាំ​បំផុត ទោះបីជា​ត្រូវ​ជាប់ឃុំ ៦ ឆ្នាំ​ទៀត ក៏​មិន​ឱ្យ​ជញ្ជាំង​ដែក​ទាំងនេះ​បង្ខាំង​ស្មារតី​លោក​បាន​ឡើយ។

យ៉ាងណាក៏ដោយ លោក​នឹង​រក្សា​កិត្តិយស​គ្រួសារ ពានរង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស​ឆ្នើម ពានរង្វាន់ Frontline Defenders និង​ពានរង្វាន់​អន្តរជាតិ Right Livelihood ដែល​លោក និង​ស្ថាប័ន​ទទួល​បាន​។ នោះ​គឺជា​សក្ខីភាព​ដែល​ឆាក​អន្តរជាតិ​ទទួល​ស្គាល់​ថា​អ្វី​ដែល​លោក​បាន​ធ្វើ​គឺ​ត្រឹមត្រូវ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ​រូប​នេះ បន្ថែម​ថា ទោះបីជា​ថ្ងៃមុខ​គ្មាន​វត្តមាន​ម្ដាយ ក៏​វិញ្ញាណ​របស់​ម្ដាយ​ខ្លួន​នឹង​ស្ថិត​នៅ​ក្នុង​ខ្យល់អាកាស និង​ព្រៃឈើ​ដែល​ខ្លួន​ធ្លាប់​បាន​ចូលរួម​ជួយ​ការពារ​។ ហើយ​បើ​ទោះជាតិ​នេះ ខ្លួន​គ្មាន​វាសនា​បានឃើញ​មុខ​អ្នក​ម្ដាយ​ជា​លើក​ចុងក្រោយ ក៏​សូមអ្នក​ម្ដាយ​ចាកចេញ​ទៅ​ដោយ​ក្ដី​ស្ងប់​ចុះ។

​កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២៦ តុលាការ​កំពូល​បាន​បើកសវនាការ​លើ​សំណុំរឿង សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង​៥​នាក់ រួមមាន លោក យឹម លាងហ៊ី លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវ​រស្មី ដោយ​តុលាការ​សម្រេច​ឱ្យ​អ្នក​ទាំង​៥ មានទោស​ពី​បទ រួមគំនិត​ក្បត់ និង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ តាម​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដូច​មុន​ដដែល។

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ខែកក្កដា ឆ្នាំ​២០២៤ បាន​ផ្ដន្ទាទោស​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន​១០​នាក់ ឱ្យ​ជាប់ពន្ធនាគារ​ពី ៦​ឆ្នាំ ដល់ ៨​ឆ្នាំ ពី​បទ រួមគំនិត​ក្បត់ និង​ប្រមាថ អង្គ​ព្រះមហាក្សត្រ ប៉ុន្តែ​ក្នុងចំណោម​នោះ​គឺ​មានតែ​សកម្មជន​៥​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ដល់​សព្វថ្ងៃ​នេះ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង​៥​នាក់ ត្រូវ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខុសៗ​ពីគ្នា ក្នុង​នោះ លោក យី​ម លាងហ៊ី ត្រូវ​​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ខេត្តកំពង់ស្ពឺ លោក ថុ​ន រដ្ឋា ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុង ខេត្ត​ត្បូងឃ្មុំ។ ចំណែក កញ្ញា ភួ​ន កែវ​រស្មី ត្រូវ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តពោធិ៍សាត់​។ រីឯ លោក លី ចាន់ដារ៉ាវុធ ត្រូវ​បាន​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល​ខណៈ​កញ្ញា ឡុង គន្ធា ត្រូវ​បាន​ឃុំ​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ។

យ៉ាងណាក៏ដោយ អ្នកឃ្លាំមើល​សង្គម​កម្ពុជា អះអាង​ថា រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​អនុវត្ត​បញ្ច្រាស​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ដែល​ធ្វើ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​រហូត​មក​ដល់​សព្វថ្ងៃ​នេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ