កម្ពុជា​បណ្ដេញ​ជនបរទេស​រាប់ម៉ឺន​នាក់ ប៉ុន្តែ​បណ្ដាញ​ឆបោក​តាម​អនឡាញ​នៅ​តែ​ដំណើរការ

0
51
ទិដ្ឋភាពក្រសួងមហាផ្ទៃបញ្ជូនជនជាតិកូរ៉េខាងត្បូងសរុបចំនួន ៦៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យត្រឡប់ទៅប្រទេសដើមវិញ កាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ រូប៖ កាសែត​កម្ពុជាថ្មី
ទិដ្ឋភាពក្រសួងមហាផ្ទៃបញ្ជូនជនជាតិកូរ៉េខាងត្បូងសរុបចំនួន ៦៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យត្រឡប់ទៅប្រទេសដើមវិញ កាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ រូប៖ កាសែត​កម្ពុជាថ្មី

ទោះបី​រដ្ឋាភិបាល​កម្ពុជា​បន្ត​បង្ហាញ​សកម្មភាព​បង្ក្រាប និង​អះអាង​ពី​ការចាប់ខ្លួន និង​បណ្ដេញ​ជនបរទេស​រាប់​ម៉ឺន​នាក់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ​ជា​បន្តបន្ទាប់​ក្ដី ក៏​បណ្ដាញ​ឧក្រិដ្ឋជន​នៅតែ​បន្ត​ដំណើរការ​នៅតាម​តំបន់​នៃ​បណ្ដា​ខេត្ត​មួយចំនួន​ដដែល​។ អ្នកធ្វើការ​លើ​វិស័យ​ឆបោក​តាម​អន​ឡាញ និង​អ្នកឃ្លាំមើល​ថា ក្រុម​ឧក្រិដ្ឋជន​នៅតែ​អាច​ប្រើប្រាស់​ទីតាំង​អគារ​តូចតាច ឬ​អគារ​ដែល​មាន​លក្ខណៈ​សាមញ្ញៗ​សម្រាប់​ធ្វើជា​មូលដ្ឋាន​អូសទាញ​ជនបរទេស​ឱ្យ​ប្រតិបត្តិការ​ឆបោក​លើ​ជនរងគ្រោះ​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ។

អាជ្ញាធរ​កម្ពុជា​បន្ត​ចុះបង្ក្រាប​អគារ​ឆបោក​តាម​អនឡាញ រួម​ទាំង​ឃាត់ខ្លួន និង​បណ្ដេញ​ជនបរទេស​ជាច្រើន​នាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​ដោយ​ចោទ​ថា ពួកគេ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ និង​ការ​ស្នាក់នៅ​កម្ពុជា​ដោយ​ខុសច្បាប់​។ ទោះជា​យ៉ាងណា ទន្ទឹម​នឹង​ការ​បង្ក្រាប​របស់​សមត្ថ​កិច្ច បណ្ដាញ​ឧក្រិដ្ឋជន​ក៏​នៅតែ​បន្ត​ប្រតិបត្តិការ​អំពើ​ឆបោក​តាម​អនឡាញ​នៅ​តំបន់​អគារ​មួយចំនួន​ដដែល រីឯ​ករណី​ចាប់ជំរិត​ក៏​បន្ត​កើតមាន​ស្ទើរតែ​មិន​លុះ​ថ្ងៃ។

បុគ្គលិក​បម្រើ​ការងារ​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អន​ឡាញ​ម្នាក់​ថ្លែង​សុំ​លាក់​អត្តសញ្ញាណ​ព្រោះ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ឱ្យ​ទូរទស្សន៍​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃទី​២ ខែមីនា​ថា ជនបរទេស​មួយចំនួន​ក្នុង​ក្រុងព្រះសីហនុ​នៅតែ​ត្រូវ​បាន​ថៅកែ​ចិន​នាំទៅ​ដាក់​ក្នុង​អគារ​តូចៗ​ដែល​មាន​លក្ខណៈ​សាមញ្ញ និង​កំណត់​ចំនួន​មនុស្ស​តិច​ជាង​មុន ដើម្បី​ឱ្យ​បន្ត​ធ្វើ​ប្រតិបត្តិការ​ឆបោក​តាម​អន​ឡាញ​។ ប្រភព​ដដែល​បញ្ជាក់​ថា ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ជាច្រើន​នាក់​ពិតជា​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ចាប់​នៅ​តាម​អគារ​អនឡាញ រីឯ​ក្រុម​ជនបរទេស​ខ្លះទៀត​ដូចជា ជនជាតិ​ចិន និង​ឥណ្ឌូណេស៊ី​ជាដើម​បន្ត​ចាក​ចេញពី​ក្រុងព្រះសីហនុ​យ៉ាង​គំហុក​ដែល​ធ្វើ​ឱ្យ​ស្ថានភាព​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​បច្ចុប្បន្ន​មាន​សភាព​ស្ងាត់ជ្រងំ។

ទោះជា​យ៉ាងណា បុគ្គលិក​រូបនេះ​វាយតម្លៃ​ថា យុទ្ធនាការ​របស់​សមត្ថកិច្ច​អាច​ជា​ការ​បង្អើល​ជនបរទេស ឬ​ម្ចាស់​អគារ​ឆបោក​តាម​អនឡាញ​តែ​ក្នុង​រយៈពេល​ខ្លី​តែប៉ុណ្ណោះ

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖ «​មាន​លួចលាក់​តូចតាច ៤ ទៅ ១០​នាក់​ធ្វើ​លួចលាក់ ប៉ុន្តែ​ឮថា ខែ​បួន ថៅកែ​ខ្ញុំ​អី​ប្រហែល​ចូលឆ្នាំ​ហើយ​បើក​វិញ​គេ​ផ្អាក ប៉ុន្តែ​គេ​ឱ្យធ្វើតាម​ផ្ទះ​ប៉ុន្តែ​អត់​មាន​អ្នកធ្វើ​ផង​ខ្លាច​ប៉ូលិស​ចុះ​ចាប់​ដល់​ផ្ទះ​ដែរ​ហ្នឹង​។ ខ្មែរ​ឥឡូវ​ប៉ូលិស​ចាប់ ខ្មែរ​ក៏​ចាប់​ដែរ​ឥឡូវ ខ្មែរ​ចាប់​អត់​លែង​ទេ​ឥឡូវ​លុយ​អី​ពិបាក​ណាស់​ឥឡូវ​អត់​យក​ទេ​។ គេ​ធ្វើ​ឱ្យ​ល្អមើល [​អំពើ​ឆបោក​តាម​អនឡាញ​] មាន​ធម្មតា​តាម​កាស៊ីណូ មាន​អន​ឡាញ លេងបៀ»។

ការ​លើកឡើង​នេះ​ស្រប​ពេល​ដែល​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​ត្រកូល ហ៊ុន បន្ត​បង្ហាញ​រូបភាព​ចុះ​បង្ក្រាប​ទីតាំង​អគារ​ឆបោក​តាម​អន​ឡាញ​ជា​បន្តបន្ទាប់​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន​ដូចជា​ខេត្ត​ព្រះសីហនុ ក្រុង​បាវិត​ខេត្តស្វាយរៀង និង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ជាដើម​។ អាជ្ញាធរ​ក៏បាន​បញ្ជាក់​ចំពោះ​ការ​បណ្ដាញ​ចេញ​នៃ​ជនបរទេស​រាប់​ពាន់​នាក់​ចេញពី​កម្ពុជា​ជា​បន្តបន្ទាប់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​ការ​ចូល​មក​ធ្វើការ​ស្នាក់នៅ​កម្ពុជា​ដោយ​ខុសច្បាប់

ក្រសួងមហាផ្ទៃ​បញ្ជាក់​ថា ចាប់​តាំង​ពី​ដើមខែ​មករា មក​យ៉ាងហោចណាស់​មាន​ជនបរទេស​ជាង ៣​ម៉ឺន​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ត្រូវ​បាន​សមត្ថកិច្ច​បណ្ដេញ​ចេញពី​កម្ពុជា​។ រីឯ ជនបរទេស​ជាង ២១​ម៉ឺន​នាក់​ផ្សេងទៀត​ពួកគេ​បាន​ចាក​ចេញពី​កម្ពុជា​ដោយ​ខ្លួនឯង ដើម្បី​វិល​ទៅ​ប្រទេស​កំណើត​វិញ​។ អង្គការសហប្រជាជាតិ និង​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ធំៗ​រក​ឃើញ​ថា ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ដែល​ចាក​ចេញពី​កម្ពុជា​នេះ​ស្ថិត​ក្នុងចំណោម​ជនបរទេស​ជាច្រើន​ទៀត​ដែល​ភាគច្រើន​គឺជា​ជនរងគ្រោះ​នៃ​អំពើ​ឆបោក​តាម​អនឡាញ និង​ចាញ់បោក​តាម​ល្បួង និង​រង​ការ​បង្ខាំង​ធ្វើ​ទារុណកម្ម​ក្នុង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​តំបន់​នានា​នៃ​ប្រទេស​កម្ពុជា។

តួលេខ​នៃ​ជនបរទេស​នេះ​ក៏​ជា​ចំនួន​ច្រើន​លើសលប់​ដែល​កន្លងមក​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន តែងតែ​ព្យាយាម​បិទបាំង​ព័ត៌មាន និង​ភូត​កុហក​សហគមន៍​ជាតិ និង​អន្តរជាតិ​ថា គ្មាន​ជនបរទេស​រង​ការ​បង្ខាំង​ក្នុង​អគារ​អន​ឡាញ ឬ​ចូល​មក​ធ្វើការ​ខុសច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា។

ក្រៅ​ពី​នេះ ទីតាំង​អគារ​ឆបោក​តាម​អនឡាញ​នីមួយៗ​នៅ​កម្ពុជា​ក្រុម​ឧក្រិដ្ឋជន​មិន​ត្រឹមតែ​ប្រើប្រាស់​ជាទី​កន្លែង​ធ្វើ​ទារុណកម្ម និង​រំលោភបំពាន​សិទ្ធិមនុស្ស​ផ្សេងៗ​នោះ​ទេ ប៉ុន្តែ​ក្រុម​ឧក្រិដ្ឋជន​ក៏​មាន​បង្កប់​ការ​ជួញដូរ​ផ្លូវភេទ និង​ការ​ជួញដូរ​គ្រឿងញៀន​ដោយ​សេរី​។ ជាក់ស្ដែង ប្រតិបត្តិ​ការ​បង្ក្រាប​ទីតាំង​អគារ​ឆបោក​តាម​អនឡាញ​ក្នុង​អគារ​ពាណិជ្ជកម្ម​ឈ្មោះ ឆុង ឈីង ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១ ខែមីនា សមត្ថកិច្ច​ក៏បាន​រឹបអូស​កាំភ្លើងខ្លី និង​គ្រឿងញៀន​មួយ​ចំនួន​ធំ​ពី​ក្រុម​ម៉ាហ្វីយ៉ា (Mafia) ដែល​ភាគច្រើន​គឺជា​ជនជាតិ​ចិន។

ទោះជា​យ៉ាងណា ចាប់តាំងពី​មាន​ប្រតិបត្តិ​ការ​បង្ក្រាប​កាលពីដើម​ខែមករា ជនល្មើស​តូចតាច​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នៅ​តាម​អគារ​ឆបោក​តាម​អន​ឡាញ​នោះ​គឺ​មានតែ​ចំនួន ប៉ុន្តែ​រាល់​ព័ត៌មាន​ចំពោះ​ដំណើរការ​នីតិវិធី​តាមផ្លូវ​ច្បាប់​លើ​ជនសង្ស័យ​ទាំងនោះ​ត្រូវ​បាន​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​ត្រកូល ហ៊ុន បំបិទ​ព័ត៌មាន​ស្ទើរតែ​ទាំងស្រុង​។ លើស​ពី​នេះ មេខ្លោង​ធំៗ​ដែល​ជា​មន្ត្រី​កំពូលៗ និង​ឧកញ៉ា​គ្រាក់ៗ​ដែល​រង​ការ​ចោទ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​នេះ​ក៏​គ្មាន​ស្ថាប័ន​ណា​ហ៊ាន​បើក​ការស៊ើបអង្កេត​ហើយ​ពួកគេ​នៅតែ​អាច​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅឡើយ។

ជុំវិញ​រឿង​នេះ ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ លោក ឌី ថេហូយ៉ា លើកឡើង​ថា ទោះបី​ជា​មាន​រូបភាព​បង្ក្រាប រដ្ឋាភិបាល​មិនទាន់​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​កម្ចាត់​មេខ្លោង​ធំៗ​ដែល​ពាក់ព័ន្ធ​យក​មក​អនុវត្ត​តាមច្បាប់​នៅឡើយ​។ លោក​ថា ក្រុម​បណ្ដាញ​ឧក្រិដ្ឋជន​នឹង​ប្ដូរ​រូបភាព​ថ្មី​តាមរយៈ​ការ​ជម្លៀស​ជនបរទេស​ឱ្យ​ប្រមូល​ផ្ដុំគ្នា​ក្នុង​អគារ​តូចតាច​សាមញ្ញៗ​សម្រាប់​បន្ត​ប្រតិបត្តិការ​នៃ​អំពើ​ឆបោក​តាម​អនឡាញ។ លោក​ក៏​ព្រមាន​ថា ការ​គ្មាន​វិធានការ​បង្ក្រាប​លើ​មេខ្លោង​ធំៗ​ដែល​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​នេះ​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​ដុនដាប និង​បាត់បង់​ទំនុកចិត្ត​ពី​អ្នក​វិនិយោគ​ល្អៗ។

លោក ឌី ថេហូយ៉ា៖ «​ទាំង​នេះ​ហើយ​ដែល​ជា​ចំណុច​ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាតិខ្មែរ​ខូច​ឈ្មោះ​ទូទាំង​ពិភពលោក​គេ​ចាត់ទុកជា​តំបន់​មជ្ឈមណ្ឌល​នៃ​ការ​ឆបោក​តាម​អន​ឡាញ​។ នៅ​ពេល​ដែល​គេ​មើលឃើញ​ថា ប្រទេស​មួយ​ដែល​ជា​ប្រទេស​ម៉ាហ្វីយ៉ា (Mafia) តាម​អនឡាញ ហើយ​ចំណាត់ការ​ផ្នែក​ច្បាប់​នៅ​ទន់ខ្សោយ​មិន​អាច​ចាត់ការ​ពួក​ហ្នឹង​បាន​វា​ជំរុញ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ទាំងមូល​។ ប៉ះពាល់​សេដ្ឋកិច្ច​ទីមួយ​គឺ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ គ្មាន​អ្នកណា​ចង់​មក​ទេសចរ​នៅ​ប្រទេស​ដែល​​​​​​​​​​​​​​​​​​​​​​​មាន​ឈ្មោះ​អាក្រក់​ពាក់ព័ន្ធ​ការ​ឆបោក​តាម​អនឡាញ​ទេ​។ កាលណា​វិស័យ​ទេសចរណ៍​ធ្លាក់ចុះ​ខ្លាំង វិស័យ​ផ្សេងៗ​ក៏​ប៉ះពាល់​ដូចជា វិស័យ​វិនិយោគ»។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​រង​នៃ​ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី​២ ខែ​មីនា​។

ទន្ទឹម​រដ្ឋាភិបាល​ទទួល​ស្គាល់ និង​ប្រកាស​ពី​យុទ្ធនា​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​អន​ឡាញ​នេះ បណ្ដាញ​អ្នក​ឆបោក​តាម​អន​ឡាញ​នៅតែ​បន្ត​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​ឱ្យ​បម្រើ​ការងារ​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ​ជាពិសេស​ស្ថិតនៅ​តំបន់​ផ្សារ​ព្រំ​ខេត្ត​ប៉ៃលិន និង​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ជាដើម​។ ឃោសនិក​ដែល​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​មាន​ទាំង​ភាសា​ខ្មែរ អង់គ្លេស និង​ចិន បាន​លើកឡើង​បែប​បញ្ចុះបញ្ចូល​លើ​ការងារ​ដោយ​គ្រាន់តែ​ចាំ​ឆ្លើយតប​ឆាត (Add Contact) ប៉ុន្តែ​ទទួល​បាន​ប្រាក់ខែ​ខ្ពស់ និង​ធានា​ចំពោះ​ទីតាំង​ការងារ​អាច​ចេញចូល​ដោយ​សេរី​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ