ការ​ពន្យារ​ពេល​ចូលនិវត្តន៍​៤​លើក​របស់​ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ «បង្ហាញ​ពី​បរាជ័យ​នៃ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ»

0
58
ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ លោក សេង ស៊ីវុត្ថា។ រូប៖ គេហទំព័រសាលាឧទ្ធរណ៍​ភ្នំពេញ
ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ លោក សេង ស៊ីវុត្ថា។ រូប៖ គេហទំព័រសាលាឧទ្ធរណ៍​ភ្នំពេញ

មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ លោក សេង ស៊ីវុត្ថា ដែល​ដល់​អាយុ​ត្រូវ​សម្រាក​ពី​ការងារ​នោះ បាន​ពន្យារពេល​ចូលនិវត្តន៍​២​ឆ្នាំ​បន្ថែម​ទៀត។ គិត​មក​ទល់​ពេល​នេះ លោក សេង ស៊ីវុត្ថា បាន​ពន្យារ​ពេល​ចូលនិវត្តន៍​ចំនួន​៤​លើក​មក​ហើយ។

ការ​អនុញ្ញាត​ឲ្យ​ប្រធាន​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​លោក សេង ស៊ីវុត្ថា ដែល​ដល់​អាយុ​ចូលនិវត្តន៍​តាំង​ពី​ឆ្នាំ​២០២៣ អាច​ពន្យារពេល​ចូលនិវត្តន៍​ជា​លើក​ទី​៤ ដោយ​បន្ត​កាន់​តួនាទី​ដ៏​មាន​ឥទ្ធិពល​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​ដដែល​នេះ កំពុង​រង​ការ​រិះគន់​ថា ជា​ការ​បំពាន​ច្បាប់ និង​រាំង​ខ្ទប់​ឱកាស​អ្នក​បន្តវេន ព្រមទាំង​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​ការ​បរាជ័យ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌។

ប្រធាន​អង្គការ​សម្ពន្ធ​ខ្មែរ​ដើម្បី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក អ៊ិន ណាត យល់ថា ការ​បន្ត​អាណត្តិ​ការងារ​ឲ្យ​លោក សេង ស៊ីវុត្ថា នេះ មិនមែន​មកពី​តម្រូវការ​ចាំបាច់​នៃ​ចំណេះ​ដឹង​ផ្លូវច្បាប់​របស់​លោក​នោះ​ទេ ប៉ុន្តែ​គឺ​មកពី​ប្រធាន​តុលាការ​ជាន់ខ្ពស់​រូប​នេះ មាន​ទំនាក់ទំនង​ជ្រាលជ្រៅ និង​យក​ច្បាប់​ធ្វើជា​ឧបករណ៍​បម្រើ​ផលប្រយោជន៍​ឲ្យ​វង្ស​ត្រកូល​របស់​លោក ហ៊ុន សែន។ លោក​ពន្យល់​ថា ជាទូទៅ មេដឹកនាំ​ផ្ដាច់ការ មិន​ទុកចិត្ត​មនុស្ស​ជំនាន់​ក្រោយ​ដែល​មិនមែន​ជា​សាច់ឈាម ឬ​បក្ខពួក​របស់​ខ្លួន​នោះ​ទេ ម្ល៉ោះ​ហើយ​មេដឹកនាំ​របប​ផ្ដាច់ការ តែង​រក្សាទុក​តំណែង​សំខាន់ៗ​ឲ្យ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​”​មនុស្ស​ជំនិត​”​របស់​ខ្លួន​តែប៉ុណ្ណោះ ដើម្បី​ការពារ​អំណាច ឬ​ហៅថា​”​វប្បធម៌​ឯង ជួយ​អញ អញ​ជួយ​ឯង​” ។ លោក អ៊ិន ណាត យល់​ថា អំពើ​បក្ខពួក​និយម​នេះ នឹង​បង្កើត​ឲ្យ​មាន​អំពើពុករលួយ អំពើ​អយុត្តិធម៌​សង្គម និង​បិទ​ឱកាស​យុវជន​ជំនាន់​ក្រោយ​ដែល​គ្មាន​សែស្រឡាយ​ជា​អ្នកកាន់អំណាច។

លោក អ៊ិន ណាត៖ «ក្នុង​តំណែង​ជា​ប្រធាន​តុលាការ​គឺជា​តំណែង​ដែល​បើ​និយាយ​ឲ្យ​ចំ​គឺជា​កន្លែង​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​ហើយ ព្រោះ​កន្លែង​ហ្នឹងហើយ​ដែល​អយុត្តិធម៌​បំផុត​។ បើ​យើង​ពិនិត្យមើល​កន្លងមក អ្នក​ខុស​ទៅជា​ត្រូវ អ្នក​ត្រូវ​ទៅជា​ខុស ដូចជា​ការ​កាត់ទោស​សកម្មជន​មាតា​ធម្មជាតិ សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​សកម្មជន​នយោបាយ គឺ​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ហើយ​គ្មាន​ការលើកលែង​ទេ​។ ចំណែក​មេដឹកនាំ​ឬ​មេខ្លោង​នៃ​មជ្ឈមណ្ឌល​ឆបោក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ត្រកូល​”​ហ៊ុន​” គឺថា មក​ទល់​ពេល​នេះ អត់​មាន​អ្នក​ណាមួយ ត្រូវ​បាន​ចាប់ ឬ​កាត់ទោស​ទេ​។ ដូច្នេះ​វា​ពាក់ព័ន្ធ​នឹង​អំពើ​អយុត្តិធម៌​តែម្តង»។

ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ដែល​ទូរទស្សន៍​អាស៊ីសេរី ទើប​ទទួល​បាន​នៅ​ថ្ងៃទី​៣ ខែមីនា បង្ហាញ​ថា លោក សេង ស៊ីវុត្ថា ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​កាន់​តួនាទី​ជា​ប្រធាន​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​រយៈពេល​២​ឆ្នាំ​បន្ថែម​ទៀត ចាប់ពី​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២៦ ដល់​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២៨ តាម​ការ​ទួល​ថ្វាយ​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ។

លោក សេង ស៊ីវុត្ថា ត្រូវ​ដល់​អាយុ​សម្រាក​ពី​ការងារ​តាំងពី​ឆ្នាំ​២០២៣​មក​ម្ល៉េះ​។ ប៉ុន្តែ​មក​ទល់​ពេល​នេះ លោក បាន​ពន្យារពេល​ចូលនិវត្តន៍​ចំនួន​៤​លើក​មក​ហើយ បើ​ទោះ​បី​ជា​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា ចែងថា ចៅក្រម និង​ព្រះរាជអាជ្ញា​ទាំង​ពីរ​ភេទ ត្រូវ​ចូលនិវត្តន៍​ពេល​គ្រប់​អាយុ​៦០​ឆ្នាំ​ក្តី។

លោក សេង ស៊ីវុត្ថា ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ​កាលពី​ឆ្នាំ​២០២១ បន្ទាប់​ពី​លោក​មាន​ស្នាដៃ​កាន់​សំណុំរឿង​នយោបាយ​ធំៗ​ជាច្រើន​ដូចជា​សំណុំរឿង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី លោក ហុង សុខហួរ និង​លោក អ៊ំ សំអាន ពាក់ព័ន្ធ​នឹង​បញ្ហា​រិះគន់​រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម​និង​សំណុំរឿង​អាស្រូវ​ស្នេហា​របស់​លោក កឹម សុខា ជាដើម។ សំណុំរឿង​នយោបាយ​ទាំងនេះ លោក សេង ស៊ីវុត្ថា ដែល​មាន​តួនាទី​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​តែងតែ​សម្រេច​ឲ្យ​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ជាប់ពន្ធនាគារ​ដូច​តុលាការ​ជាន់​ទាប​ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ ចាត់ទុកថា ជា​ការ​កាត់ក្តី​បែប​នយោបាយ​សុទ្ធសាធ។

លើស​ពី​នេះ ការណ៍​ដែល​លោក សេង ស៊ីវុត្ថា អាច​ឈរជើង​លើ​តំណែង​ដ៏​មាន​ឥទ្ធិពល​នេះ បាន​យូរ​ជាង​ចៅក្រម​ដទៃទៀត ទំនងជា​ដោយសារ​ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ​រូប​នេះ​និង​ប្រពន្ធ​របស់​លោក គឺ​អ្នកស្រី​វេជ្ជបណ្ឌិត ស្រី វិបុប្ផា មាន​ទំនាក់ទំនង​ជិតដិត​ជាមួយ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន​។ ជាពិសេស លោក សេង ស៊ីវុត្ថា តែង​ប្រើប្រាស់​ស្ថាប័ន​តុលាការ​ចេញ​លិខិត​ប្រកាស​គាំទ្រ​ការដឹកនាំ​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ជា​បន្តបន្ទាប់ ព្រមទាំង​តែង​បរិច្ចាគ​លុយរាប់​ម៉ឺន​ដុល្លារ​ដល់​កាកបាទ​ក្រហម​កម្ពុជា​របស់​អ្នកស្រី ប៊ុន រ៉ានី និង​តាម​ការ​រៃអង្គាស​លុយ​ម្តងៗ​ពី​សំណាក់​លោក ហ៊ុន សែន​។ បន្ថែម​ពី​នេះ លោក សេង ស៊ីវុត្ថា ក៏​ជា​សមាជិក​ជាន់ខ្ពស់​គណ​បក្ស​កាន់អំណាច និង​តែង​ចុះ​ពង្រឹង​បក្ស​ជាមួយ​លោក កើត រិទ្ធ ដែរ។

ជុំវិញ​ការ​ពន្យា​ពេល​ចូលនិវត្តន៍​នេះ​ទូរទស្សន៍​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​ពី​លោក សេង ស៊ីវុត្ថា បាន​នៅ​ឡើយ​ទេ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា ថ្លែង​ថា ការ​ពន្យារ​ពេល​ចូលនិវត្តន៍​ម្តង​ហើយ​ម្តង​ទៀត​របស់​ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ​នេះ គឺជា​គំរូ​អាក្រក់​សម្រាប់​មន្ត្រីរាជការ​តាម​ស្ថាប័ន​ផ្សេងទៀត និង​ធ្វើ​ឲ្យ​បាត់បង់​ឱកាស​ឡើង​កាន់​តំណែង​របស់​ចៅក្រម​ជំនាន់​ក្រោយ​ដែល​គ្មាន​បណ្ដាញ​ទំនាក់ទំនង​ជាមួយ​អ្នកកាន់អំណាច​កំពូល។ លោក​បន្ថែម​ថា នៅពេល​ប្រធាន​សាលាឧទ្ធរណ៍ ដែល​ជា​ស្ថាប័ន​កាត់សេចក្តី​ជាន់ខ្ពស់​ទី​២​នៃ​ប្រទេស បន្ត​កាន់​តំណែង​តាម​បែប​ពុករលួយ និង​បំពាន​ច្បាប់​បែបនេះ ក៏​នឹង​ធ្វើ​ឲ្យ​សាធារណជន​បាត់​ទំនុកចិត្ត​លើ​ឯករាជ្យ​ភាព​នៃ​តុលាការ។

លោក ស៊ឹង សែនករុណា៖ «ការ​បន្ត​ក្រាញ​កាន់​តួនាទី​ឬក៏​អំណាច ខ្ញុំ​យល់ថា ជា​ការ​គប់គិត​គ្នា និង​បក្ខពួក​និយម ។ គួរ​គប្បី​ផ្តល់​ឱកាស​ដល់​អ្នក​ជំនាន់​ក្រោយ​ដែល​គេ​មានចំណេះ​ជំនាញ​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ធ្វើការ​បម្រើ​ទៅដល់​ប្រជាពលរដ្ឋ ឬ​បម្រើ​ដល់​សង្គមជាតិ​។ ព្រោះ​ជូន​កាល​គាត់​ធ្វើ​បាន​ល្អ​ជាង​អ្នក​មុនៗ​ទៀត​។​យើង​មើលឃើញ​ហើយ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា អ្នក​ដែល​មាន​តួនាទី​ទាំងអស់​នេះ​ភាគច្រើន ប្រព្រឹត្ត​អំពើពុករលួយ បក្ខពួក​និយម បម្រើ​នូវ​ផលប្រយោជន៍​របស់​អ្នក​មាន​អំណាច​អី​ជាដើម»។

អ្នកឃ្លាំមើល​យល់​ថា ប្រសិនបើ​ចៅក្រម ឬ​ប្រធាន​តុលាការ អាច​ពន្យារពេល​ចូលនិវត្តន៍​តាមចិត្ត​ចង់​ឬ​អាស្រ័យ​លើ​អ្នកកាន់អំណាច នោះ​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ចៅក្រម នឹង​ក្លាយទៅជា​ក្រដាស​ស្នាម​ដែល​គ្មាន​តម្លៃ​ឡើយ ហើយ​ពលរដ្ឋ ក៏​គ្មាន​សង្ឃឹម​ចំពោះ​ការ​ទទួល​បាន​យុត្តិធម៌​ពី​ការសម្រេច​ក្តី​របស់​បុគ្គល​ដែល​ជំពាក់​គុណ​”​ម្ចាស់​អំណាច​”​បាន​ដែរ​។​

កាលពី​ឆ្នាំ​២០២៥ អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា នៅ​ជិត​បាត​តារាង គឺ​ជាប់​លេខ​១៤១ ក្នុងចំណោម ១៤៣​ប្រទេស​ដែល​មាន​កេរ្តិ៍ឈ្មោះ​អសោច​ខាង​ការ​មិន​គោរព និង​រំលោភ​ប្រព័ន្ធ​នីតិរដ្ឋ។ អង្គការ​អន្តរជាតិ​មួយ​នេះ បញ្ជាក់​ថា ចំណាត់ថ្នាក់​អាក្រក់​នេះ​ដោយសារតែ​អំពើពុករលួយ និង​មានការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​របស់​ត្រកូល​”​ហ៊ុន​”៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ