ថៃ​បន្ត​អភិវឌ្ឍ​និង​ត្រៀម​ជួសជុល​ប្រាសាទបុរាណ​ខ្មែរ​ចំនួន​បី ក្រោយ​ដណ្ដើម​យក​ពី​កម្ពុជា ក្នុង​អំឡុង​សង្គ្រាម​ឈ្លានពាន​តាម​ព្រំដែន

ថៃ​បន្ត​សាងសង់​សំណង់ និង​ត្រៀម​ជួសជុល​ប្រាសាទបុរាណ​ខ្មែរ​ចំនួន​បី នៅ​លើ​ខ្នងភ្នំ​ដងរែក ខេត្ត​ឧត្ដរមានជ័យ ដែល​យោធា​ថៃ​បាន​ចូលកាន់​កាប់ ក្រោយ​សង្គ្រាម​ឈ្លានពាន​កម្ពុជា​នៅ​តាម​ព្រំដែន មាន​ដូចជា​ប្រាសាទ​តា​ក្របី តា​មាន់​ធំ និង​ប្រាសាទខ្នារ។ ថៃ​បាន​ប្រកាស​ថា ក្រោយ​ការ​ជួសជុល​រួច ប្រាសាទ​ទាំងនោះ​នឹង​ត្រូវ​អភិវឌ្ឍ​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​ម្ដងទៀត ក្រោយ​ស្ថានការណ៍​នៅ​តាម​ព្រំដែន​វិល​ទៅ​រក​សភាព​ដើម​វិញ ដោយ​ប្រទេស​ថៃ នឹង​កាន់កាប់​ប្រាសាទ​ទាំង​បី​នេះ​ផ្ដាច់មុខ។

បន្ទាប់ពី​បាន​ធ្វើ​សង្គ្រាម​វាយប្រហារ​ចូលកាន់​កាប់​ប្រាសាទបុរាណ​ខ្មែរ​នៅ​តាម​ព្រំដែន​មិន​ដល់​មួយឆ្នាំ​ផង​នោះ ពេលនេះ​ថៃ​បាន​ប្រកាស​ភាពជា​ម្ចាស់​កម្មសិទ្ធិ​ផ្ដាច់មុខ និង​ធ្វើ​ការកែ​លំអ​ដើម្បី​គ្រប់គ្រង​ជា​អចិន្ត្រៃយ៍។

នៅ​តំបន់​ប្រាសាទ​តា​ក្របី ដែល​ស្ថិតនៅ​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ យោធា​ថៃ​នៅតែ​បន្ត​សាងសង់​សំណង់​រឹង កាំជណ្ដើរ និង​រូបសំណាក​ជាច្រើន​នៅ​តាម​បណ្ដោយ​ផ្លូវ​ទៅកាន់​ភ្នំ​៣៥០​។ ពលរដ្ឋ​ថៃ​បាន​បង្កើត​មូលនិធិ​សម្រាប់​ប្រមូល​វិភាគទាន​យក​មក​អភិវឌ្ឍ​តំបន់​ប្រាសាទ​តា​ក្របី ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​ក្នុង​រយៈពេល​ដ៏​ខ្លី ដោយ​ពួកគេ​ថែមទាំង​កៀរគរ និង​ផ្សព្វផ្សាយ​ដល់​ភ្ញៀវ​ទេសចរ​ឱ្យមក​ទស្សនា ទោះបីជា​ប្រាង្គ​ប្រាសាទខ្មែរ​មួយ​នេះ មាន​សភាព​ស្ទើរតែ​ដួល​រលំ​ហើយក៏​ដោយ។

ទន្ទឹម​គ្នា​នេះ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ថៃ អ្នកស្រី សាប៊ីដា ថៃសេដ (Sabida Thaised) បាន​ប្រកាស​ថា អ្នកស្រី​នឹង​បញ្ជូន​ក្រុមបច្ចេកទេស​ឱ្យ​វាយតម្លៃ និង​ជួសជុល​ប្រាសាទ​តា​ក្របី​ឱ្យ​ដូចដើម​ជាទីបំផុត ក្នុង​រយៈពេល​២​ឆ្នាំ​។ ទោះជា​យ៉ាងណា អ្នកស្រី​បន្ត​ថា បញ្ហា​ក្នុង​ការ​ជួសជុល​ប្រាសាទ​តា​ក្របី គឺ​ស្ថិត​នៅ​លើ​ថ្ម​ដែល​យក​មក​ប្រើ​សម្រាប់​ជួសជុល​ប្រាសាទ មាន​ពណ៌ និង​គុណភាព​ខុសពី​ថ្ម​ប្រាសាទ​ចាស់ ដែល​បណ្ដាល​ឱ្យ​ប្រាសាទ​អាច​នឹង​មាន​ពណ៌​ផ្សេងគ្នា ក្រោយ​ការ​ជួសជុល​រួច។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ លោក ស៊ុំ ម៉ាប់ ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​១ ខែ​ឧសភា។

កន្លង​មក​ក្រសួង​វប្បធម៌​កម្ពុជា បាន​តវ៉ា​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​វត្តមាន និង​ការ​បន្ត​ធ្វើ​សកម្មភាព​ខុសច្បាប់​របស់​អាជ្ញាធរ​ថៃ នៅ​ប្រាសាទ​តា​ក្របី និង​តំបន់​ជុំវិញ ដែល​ជា​ទីតាំង​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យភាព​កម្ពុជា ដែល​ជា​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ហើយ​ជា​សកម្មភាព​ខុសច្បាប់។

ទាក់ទិន​រឿង​នេះ អ្នកជំនាញ​បុរាណវិទ្យា​នៅ​ខេត្តសៀមរាប លោក ជួន សុវឌ្ឍន៍ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ជា​សំណេរ​តាម​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​ថា នៅក្នុង​ដំណើរ​ជួសជុល​ប្រាសាទបុរាណ ប្រសិនបើ​ក្រុម​អ្នកបច្ចេកទេស​ថៃ​យក​ផ្នែក​ផ្សេង​មក​ជំនួស ឬ​ប៉ះប៉ូវ​លើស​ពី​៥០​ភាគរយ នៃ​ផ្នែក​ដើម​របស់​ប្រាសាទ នោះ​នឹង​បណ្ដាល​ឱ្យ​បាត់បង់​តម្លៃ​វប្បធម៌​ប្រវត្តិសាស្ត្រ​របស់​ប្រាសាទបុរាណ ទោះបីជា​ក្រោយ​ជួសជុល​ហើយ ធ្វើ​ឱ្យ​ប្រាសាទ​នោះ​មាន​សភាព​ស្អាត​លើស​ដើម​ក៏ដោយ ដោយសារ​ប្រាសាទបុរាណ​គឺជា​ផ្នែក​មួយ​នៃ​អរិយធម៌​ដែល​ឆ្លងកាត់​ពេលវេលា និង​កត់ត្រា​នូវ​រឿងរ៉ាវ​ជាច្រើន​ទសវត្ស។

លោក ជួន សុវឌ្ឍន៍ ពន្យល់​បន្ថែម​ថា ក្រៅពី​មានតម្លៃ​ផ្នែក​វប្បធម៌ ប្រាសាទ​ដែល​កសាង​ឡើង​នៅ​លើ​ភ្នំ​ដងរែក ក៏​មាន​តម្លៃ​ផ្នែក​ស្ថាបត្យកម្ម​ផង​ដែរ ដោយ​ដំណើរការ​សាងសង់​ប្រាសាទ​នោះ​លើ​ភ្នំ គឺ​មាន​ការ​លំបាក និង​មាន​រយៈពេល​យូរ​ជាង​ប្រាសាទ​ដែល​សាងសង់​ឡើង​នៅ​លើ​ដី​រាប ឬ​ទីតាំង​ដែល​នៅ​ជិត​ផ្លូវទឹក ដែល​ប្រើ​សម្រាប់​ដឹកជញ្ជូន​ថ្ម។

ពាក់ព័ន្ធ​នឹង​ការ​ជួសជុល​ប្រាសាទ​តា​ក្របី របស់​ក្រសួង​វប្បធម៌​ថៃ​វិញ លោក ជួន សុវឌ្ឍន៍ យល់ឃើញ​ថា សកម្មភាព​នេះ​គឺជា​ការ​លួច​ប្រាសាទ និង​វប្បធម៌​របស់​បុព្វបុរស​ខ្មែរ​បុរាណ ដែល​បាន​លះបង់​អាយុជីវិត កម្លាំងកាយ និង​កម្លាំងចិត្ត ដើម្បី​ស្ថាបនា​ប្រាសាទ​នៅ​លើ​ភ្នំ​ដងរែក។

ក្រៅពី​ប្រាសាទ​តា​ក្របី ថៃ​កំពុង​កាន់កាប់ និង​សាងសង់​សំណង់​ក្នុង​តំបន់​ប្រាសាទខ្មែរ​ចំនួន​ពីរ​ទៀត នៅ​លើ​ភ្នំ​ដងរែក ខេត្ត​ឧត្តរមានជ័យ​។ ក្នុង​នោះ​នៅ​តំបន់​ប្រាសាទ​តាមាន់ធំ យោធា​ថៃ​បាន​ពង្រីក​ផ្លូវ រាយ​បន្លា​លួស​ជាច្រើន​ជាន់ និង​ដាក់​ពង្រាយ​កម្លាំង​យាមល្បាត​នៅ​តាម​បរិវេណ​ប្រាសាទ​។ ថៃ​បាន​ប្រកាស​ពី​គម្រោង​ស្ដារ​តំបន់​ប្រាសាទ​តាមាន់ធំ​នេះ ឱ្យ​មាន​ភាព​ខៀវខ្ចី​ស្រស់បំព្រង​ឡើងវិញ ដោយសារ​ប្រាសាទខ្មែរ​មួយ​នេះ បាន​ទទួលរង​ការវាយប្រហារ និង​មានការ​ខូចខាត​តិច​ជាង​ប្រាសាទ​តា​ក្របី​។​

ចំណែក​នៅ​ប្រាសាទ​ខ្នារ ស្ថិត​ក្នុង​តំបន់​អូរ​ស្មាច់ ខេត្ត​ឧត្តរមានជ័យ​វិញ យោធា​ថៃ​បាន​បំបុក​ព្រៃ​ឈូសឆាយ​ដី ដើម្បី​ធ្វើ​ផ្លូវ​ទៅកាន់​ប្រាសាទ​ខ្នារ​។ ទោះបីជា​ប្រាសាទបុរាណ​ខ្មែរ​មួយ​នេះ នៅ​សល់តែ​កំពែង​ថ្មបាយក្រៀម​ដែល​មាន​សភាព​បែកបាក់ និង​គ្មាន​ប្រាង្គ​ដូច​ប្រាសាទ​តា​ក្របី និង​ប្រាសាទ​តាមាន់ធំ​ក្ដី ក៏​អាជ្ញាធរ​ថៃ​បាន​ប្រកាស​ថា នឹង​កែប្រែ​ប្រាសាទ​ខ្នារ​ឱ្យ​ក្លាយ​ទៅជា​តំបន់​ទេសចរណ៍ តាមរយៈ​ការសាងសង់​រូបសំណាក កែលំអ​ទេសភាព និង​សាងសង់​របាំង​ដើម្បីឱ្យ​អ្នក​មក​កម្សាន្ត​អាច​ទស្សនា​ទិដ្ឋភាព​ក្នុងស្រុក​ខ្មែរ នៅ​ពីលើ​តំបន់​ប្រាសាទ​ខ្នារ​បាន។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត មាន​ប្រសាសន៍​ថា សកម្មភាព​របស់​ថៃ​គឺជា​ការឈ្លានពាន​ដោយ​រំលោភច្បាប់​អន្តរជាតិ និង​ធ្វើជា​តូបនីយកម្ម​សម្បត្តិ​បេតិកភណ្ឌ​ខ្មែរ ឱ្យ​ទៅ​ជា​របស់​ថៃ​។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា ប្ដឹង​ថៃ​ដោយ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ មុននឹង​ប្រាសាទបុរាណ​ខ្មែរ​ទាំង​បី ត្រូវ​ថៃ​ជួសជុល និង​កាន់កាប់​ផ្ដាច់មុខ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្រក់​ទឹកភ្នែក​ត​ជំនាន់។

លោក ម៉ែន ណាត៖ «​វា​ពាក់ព័ន្ធ​នឹង​ការ​ប្ដឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ តែ​មកដល់ពេលនេះ គឺ​នៅតែ​គ្មាន​ដំណោះស្រាយ​។ ប្ដឹង​ក៏​មិន​ប្ដឹង ដូចជា​កំពុង​ធ្វើ​ប្រជាភិថុតិ​មក​លើ​ប្រជាពលរដ្ឋ​ខ្លួនឯង ហើយ​រិះគន់​មិនបាន រិះគន់​នឹង​ចាប់​គេ​ដាក់គុក​តាម​អំពើ​ចិត្ត​។ នេះ​ហើយ​គឺជា​ក្ដី​បារម្ភ​របស់​ពលរដ្ឋ​ខ្មែរ ដែល​ត្រូវ​ថៃ​ចូល​គ្រប់គ្រង​ទឹកដី ហើយ​តទៅ​មុខ​វា​អាច​នឹង​ពិបាក​ក្នុង​ការ​ទាមទារ​មកវិញ ឱ្យ​តែ​កម្ពុជា​នៅតែ​ខ្សោយ»។

នៅមុន​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន​កម្ពុជា និង​ថៃ បាន​ឈរជើង​ជាមួយគ្នា​នៅ​តំបន់​ប្រាសាទ​តា​ក្របី និង​ប្រាសាទ​តាមាន់ធំ រហូតដល់​ផ្ទុះ​សង្គ្រាម​លើកទីមួយ ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២៤ រហូតដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២៥ ទាហាន​ខ្មែរ​បាន​គ្រប់គ្រង​ប្រាសាទ​ទាំងពីរ​នេះ​ទាំងស្រុង​។​ក៏ប៉ុន្តែ ក្រោយ​ភាគី​ថៃ​ហែក​ចោល​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​កម្ពុជា និង​បើក​ការឈ្លានពាន​តាម​ព្រំដែន​មក​លើ​កម្ពុជា ជា​លើក​ទី​២ ចាប់ពី​ថ្ងៃទី​៧ រហូតដល់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ទាហាន​ថៃ​បាន​ផ្លោង​គ្រាប់​កម្ទេច​ប្រាសាទ​តា​ក្របី ស្ទើរតែ​រលំ​រាប​ដល់​ដី និង​បាន​ចូលកាន់​កាប់​ប្រាសាទ​នេះ​ទាំងស្រុង រួម​ទាំង​ប្រាសាទ​តាមាន់ធំ និង​តំបន់​មួយចំនួន​ទៀត ខណៈ​ប្រាសាទព្រះវិហារ ត្រូវ​បាន​យោធា​ថៃ​វាយប្រហារ រហូត​ទទួលរង​ការ​បែកបាក់ និង​ដួល​រលំ​ជាច្រើន​ទីតាំង ក៏ប៉ុន្តែ ប្រាសាទ​នេះ​មិនបាន​បាត់បង់​ទៅ​ភាគី​ថៃ​នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ