ថៃ​សាទរ​ចំពោះ​ការតែងតាំង​ប្រធាន​គណៈកម្មការ​ផ្សះផ្សា​ជម្លោះដែនសមុទ្រ​ជាមួយ​កម្ពុជា ប៉ុន្តែ​មិន​ឱ្យ​តម្លៃ​លទ្ធផល​សម្រេច

0
74
រដ្ឋមន្ត្រី​ក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន (ឆ្វេង) និងរដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ថ្លែងក្នុងកិច្ចប្រជុំ​នៅអង្គការសហប្រជាជាតិ។ រូប៖ គេហទំព័រ UN
រដ្ឋមន្ត្រី​ក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន (ឆ្វេង) និងរដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ថ្លែងក្នុងកិច្ចប្រជុំ​នៅអង្គការសហប្រជាជាតិ។ រូប៖ គេហទំព័រ UN

ប្រមុខ​ការទូត​ថៃ​បាន​បង្ហាញ​ពី​ទំនុកចិត្ត​លើ​សមត្ថភាព​របស់​ប្រធាន​គណៈកម្មការ​ផ្សះផ្សា អ្នកស្រី កាទ្រីណា ឃូបភើរ (Katrina Cooper) ដែល​ជា​មន្ត្រី​ការទូត​របស់​ប្រទេស​អូស្ត្រាលី (Australia) ឱ្យ​ធ្វើជា​ប្រធាន​អ្នកសម្របសម្រួល​ជម្លោះដែនសមុទ្រ​រវាង​កម្ពុជា និង​ថៃ​។ ក៏ប៉ុន្តែ ថៃ​ដែល​ជា​ភាគី​ធ្លាប់​ជំទាស់​នឹង​យន្តការ​ដោះស្រាយ​តាម​យន្តការ​ផ្សះផ្សា​នេះ បាន​លើកឡើង​ដោយ​មិនសូវ​ឱ្យ​តម្លៃ​ទៅលើ​លទ្ធផល​សម្រេច និង​បដិសេធ​ក្នុង​ការ​លើកយក​ប្រធានបទ​បែងចែក​ធនធាន​រួម​ក្នុង​សមុទ្រ មក​ជជែក​ដោះស្រាយ​នៅ​ឡើយ។

រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បាន​បង្ហាញ​ពី​ការ​សាទរ​ចំពោះ​ការតែងតាំង​អ្នកស្រី ខាទ្រីណា ឃូបភើរ មក​ធ្វើជា​ប្រធាន​គណៈកម្មការ​សម្របសម្រួល​ដោយ​បង្ខំ ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២ ដើម្បី​ដោះស្រាយ​ជម្លោះដែនសមុទ្រ​រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា​។​

ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​១៦ ខែសីហា នេះ លោក ស៊ីហាសាក់ បាន​បង្ហាញ​ពី​ទំនុកចិត្ត​លើ​ភាព​មិន​លំអៀង និង​បទពិសោធន៍​របស់​ប្រធាន​គណៈកម្មការ​ផ្សះផ្សា អ្នកស្រី កាទ្រីណា ឃូបភើរ ជា​បេក្ខភាព​ដែល​ប្រទេស​ថៃ​គាំទ្រ។

ទោះជា​យ៉ាងនេះ​ក្ដី ប្រមុខ​ការទូត​ថៃ​រូប​នេះ បាន​លើកឡើង​ជាថ្មី​ថា លទ្ធផល​នៃ​ការ​សម្របសម្រួល​ក្រោម​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ គឺ​គ្រាន់តែ​ជា «​អនុសាសន៍​» ដែល​គ្មាន​ទម្ងន់​ផ្នែក​ច្បាប់ ហើយ​និង​មិនអាច​តម្រូវ​ឱ្យ​ប្រទេស​ភាគី​ជម្លោះ​ណាមួយ​ត្រូវតែ​អនុវត្ត​នោះ​ឡើយ​។ លោក​បន្ត​ថា អនុសាសន៍​ដែល​ជា​លទ្ធផល​សម្រេច​នេះ យ៉ាងច្រើន​អាច​ប្រើប្រាស់​ត្រឹមតែ​ជា​គោល​ការណ៍​ណែនាំ និង​ជា​មូលដ្ឋាន​សម្រាប់​ការចរចា​ទ្វេភាគី​នា​ពេល​អនាគត​រវាង​ភាគី​កម្ពុជា និង​ភាគី​ថៃ​តែប៉ុណ្ណោះ​។ ក្នុង​ន័យ​នេះ លោក ស៊ីហាសាក់ បាន​អះអាង​ថា នា​ពេល​អនាគត កម្ពុជា និង​ថៃ នៅតែ​ជៀស​មិន​រួច​ពី​ការចរចា​ទ្វេភាគី​ដដែល​នោះ​ឡើយ។

បន្ថែម​ពី​នេះ លោក ស៊ីហាសាក់ បាន​បញ្ជាក់​ពី​គោលជំហរ​មុតមាំ​ថា ក្នុង​ដំណើរការ​ដោះស្រាយ​វិវាទ​ដែនសមុទ្រ​រវាង​កម្ពុជា និង​ថៃ កម្មវត្ថុ​ដែល​ត្រូវ​លើកយក​មក​ពិភាក្សា​ត្រូវតែ​ផ្ដោត​តែ​លើ​ការកំណត់​ព្រំដែន​សមុទ្រ​ចុងក្រោយ និង​ពេញលេញ និង​មិន​លើកយក​បញ្ហា​ការ​ចែករំលែក​ធនធាន​ក្នុង​សមុទ្រ​យក​មក​ពិភាក្សា​ជាដាច់ខាត ទោះបីជា​កម្ពុជា​ចង់​លើកយក​បញ្ហា​មក​បូក​បញ្ចូល​បន្ថែម​ក៏ដោយ។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​រដ្ឋ​មន្ត្រី​ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន ឡាំ ជា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​១៦ ខែសីហា។

កាលពី​ថ្ងៃទី​១៤ ខែសីហា ក្រសួងការបរទេស​កម្ពុជា បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ ដោយ​បង្ហាញ​ក្ដី​សាទរ​ចំពោះ​ការតែងតាំង​អ្នកស្រី ខាទ្រីណា ឃូបភើរ ធ្វើជា​ប្រធាន​គណៈកម្មការ​សម្របសម្រួល​ដោយ​បង្ខំ​។ ផ្ទុយ​ពី​គោលជំហរ​របស់​ភាគី​ថៃ កម្ពុជា​បាន​បង្ហាញ​ក្ដី​រំពឹង​ថា យន្តការ​ផ្សះផ្សា​នេះ​នឹង​ផ្ដល់​ដំណោះស្រាយ​បញ្ហា​ខ្វែងគំនិត​គ្នា​លើ​ការកំណត់​ព្រំដែន​សមុទ្រ និង​ការ​សម្របសម្រួល​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​ធនធាន​ប្រេង និង​ឧស្ម័ន​ដែល​ភាគី​កម្ពុជា និង​ថៃ​បាន​ទាមទារ ហើយ​កំណត់​ជា​តំបន់​ត្រួតស៊ីគ្នា។

គិត​មកដល់ពេលនេះ បេក្ខភាព​តំណាង និង​ប្រធាន​គណៈកម្មការ​ផ្សះផ្សា ត្រូវ​បាន​ជ្រើសរើស និង​តែងតាំង​រួចរាល់​ហើយ ដោយ​នៅ​រង់ចាំ​តែ​ការ​សម្របសម្រួល​ជា​លើកដំបូង ដែល​គេ​រំពឹង​ថា នឹង​ត្រូវ​ធ្វើឡើង​នៅក្នុង​ខែក​ញ្ញា ខាងមុខនេះ។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន យល់ឃើញ​ថា ទោះបីជា​ភាគី​ថៃ​មិន​អនុវត្ត​តាម​លទ្ធផល ឬ​អនុសាសន៍​របស់​គណៈកម្មការ​សម្របសម្រួល​ក៏ដោយ កម្ពុជា​គួរតែ​យក​លទ្ធផល​សម្រេច​នេះ​ធ្វើជា​ភស្តុតាង​ដើម្បី​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដោយ​មិន​ចាំបាច់​សុំ​អង្វរ​ថៃ​ចរចា​ទ្វេភាគី​នោះ​ឡើយ​។ លោក​បន្ត​ថា គោលបំណង​របស់​ភាគី​ថៃ គឺ​លេប​យក​ទាំង​ដែនសមុទ្រ រួម​ទាំង​ធនធានធម្មជាតិ​ក្រោម​សមុទ្រ ដែល​ជា​ចំណែក​របស់​កម្ពុជា​ផ្ដាច់មុខ។

លោក អ៊ុំ សំអាន៖ «តាមពិត​មិន​គួរ​ចរចា​បែងចែក​ផលប្រយោជន៍​នៃ​ការ​ធ្វើ​អាជីវកម្ម​ប្រេង និង​ឧស្ម័ន​មុន​កំណត់ព្រំដែន​សមុទ្រ​នោះ​ទេ គួរតែ​កំណត់ព្រំដែន​សមុទ្រ​សិន​។ រឿង​រកស៊ី​ប្រេង​អីហ្នឹង​កុំ​ប្រញាប់​ពេក ប៉ុន្តែ​ប្រហែលជា​រដ្ឋាភិបាល​លោក​មាន​វិបត្តិ​ខ្វះ​ថវិកា ទោះបី​មិនទាន់​កំណត់ព្រំដែន​សមុទ្រ ក៏​ចង់​យក​ធនធាន​របស់​យើង​ទៅ​រក​ស៊ី​ជាមួយ​ថៃ​ដែរ​។ ចំណុច​ហ្នឹង​ខ្ញុំ​យល់ថា មិនជា​រឿង​ល្អ​នោះ​ទេ»។

កម្ពុជា​បាន​ផ្ដួចផ្ដើម​ប្រើប្រាស់​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ បន្ទាប់ពី​គណៈរដ្ឋមន្ត្រី​ថៃ​របស់​រដ្ឋាភិបាល​លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បានសម្រេច​លុបចោល​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​២០០១ ឬ​MOU44 ជាមួយ​កម្ពុជា ជា​ឯកតោភាគី ខណៈ​អនុស្សរណៈ​នេះ ធ្លាប់​ប្រើ​ធ្វើជា​យន្តការ​ដោះស្រាយ​ជម្លោះដែនសមុទ្រ​រវាង​កម្ពុជា និង​ថៃ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ​។​

ការ​លុប MOU44 របស់​លោក អា​នុ​ទីន នេះ ត្រូវ​បាន​អ្នកនយោបាយ​ថៃ​រិះគន់​ថា ធ្វើឡើង​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​នយោបាយ​តាមរយៈ​ការប្រើប្រាស់​ចរន្ត​ជាតិនិយម​របស់​ពលរដ្ឋ​។ អ្នកនយោបាយ​ថៃ​លើកឡើង​ថា បញ្ហា​នេះ​បាន​ធ្វើឱ្យ​ភាគី​កម្ពុជា​មាន​លេស ដើម្បី​អូសទាញ​ភាគី​ទី​បី ឱ្យមក​ចូលរួម​ក្នុង​បញ្ហា​ជម្លោះដែនសមុទ្រ​រវាង​កម្ពុជា និង​ថៃ។

ចំណែក​ភាគី​កម្ពុជា​វិញ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ដែល​ជា​មគ្គុទ្ទេសក៍​អ្នក​ណែនាំ​នាយករដ្ឋមន្ត្រី​កូន គឺ​លោក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ថា ថៃ​កំពុង​ចូល​អន្ទាក់​របស់​លោក ក្នុង​ការចរចា​ជម្លោះដែនសមុទ្រ​តាមរយៈ​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ។

ទោះជា​បែបនេះ​ក្ដី អ្នកឃ្លាំមើល​យល់ឃើញ​ថា អន្ទាក់​របស់​មេដឹកនាំ​កម្ពុជា នៃ​គ្រួសារ​ត្រកូល​ហ៊ុន​នេះ គឺ​សម្រាប់​ដាក់​ពលរដ្ឋ​ខ្លួនឯង និង​ជា​ឧបាយកល​ដើម្បី​ទិញ​ពេលវេលា និង​ស្អំ​ចិត្ត​ពលរដ្ឋ បន្ទាប់ពី​រដ្ឋាភិបាល​មួយ​នេះ បាន​ដឹកនាំ​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​ទាំង​ដែន​គោក និង​ដែនសមុទ្រ​ទៅកាន់​ប្រទេស​ថៃ។

យ៉ាងណា​ក៏ដោយ​ចុះ រដ្ឋាភិបាល​ស៊ីវិល​របស់​ថៃ​បច្ចុប្បន្ន ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា ចំណុះ​ឱ្យ​អំណាច​របស់​ក្រុម​យោធា បាន​បង្ខំ​ឱ្យ​កម្ពុជា​ចរចា​ដែនសមុទ្រ​ជា​លក្ខណៈ​ទ្វេភាគី​ទល់មុខ​គ្នា ដោយ​យក​ការចរចា​ដែន​គោក មក​ដាក់​សម្ពាធ​លើ​កម្ពុជា​។ លើស​ពី​នេះ ថៃ​ដែល​មាន​កម្លាំងយោធា​ខ្លាំង​ជាង​កម្ពុជា បាន​ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការ​សម្របសម្រួល​ដោយ​បង្ខំ​នោះ​ឡើយ ប្រសិនបើ​សេចក្ដីសម្រេច​នេះ ធ្វើ​ឱ្យ​ថៃ​ខាតបង់​ផលប្រយោជន៍៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ