គណៈរដ្ឋមន្ត្រី​ថៃ​អនុម័ត​ថវិកា​ជាង​១៣​លាន​ដុល្លារ​ឱ្យ​យោធា​ពង្រឹង​ប្រព័ន្ធ​ការពារ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា

0
88
ទិដ្ឋភាពយោធាថៃ​បង្ហាញរថក្រោះ កាលពីថ្ងៃទី១៩ មិថុនា ២០២៦។ រូប៖ បណ្ដាញសង្គមទាហានថៃ
ទិដ្ឋភាពយោធាថៃ​បង្ហាញរថក្រោះ កាលពីថ្ងៃទី១៩ មិថុនា ២០២៦។ រូប៖ បណ្ដាញសង្គមទាហានថៃ

ខណៈ​រដ្ឋាភិបាល​ឪពុក​កូន គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ា​ណែ​ត កំពុង​រវល់​ខ្វាយខ្វល់​រឿង​អូសទាញ និង​បំបែកបំបាក់​អ្នកនយោបាយ​បក្ស​ប្រឆាំង​នោះ រដ្ឋាភិបាល​ថៃ​វិញ ពួកគេ​កំពុង​រវល់​រៀបចំ​ការគ្រប់គ្រង​ទឹកដី​ខ្មែរ​ជា​អចិន្ត្រៃយ៍​។ ឥឡូវនេះ គណៈរដ្ឋមន្ត្រី​ថៃ​បាន​អនុម័ត​ថវិកា​ចំនួន​ជាង ១៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក​បន្ថែម​ទៀត ដើម្បី​យក​ទៅ​ចំណាយ​លើ​ការ​ពង្រឹង​ប្រព័ន្ធ​ការពារ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា និង​ថៃ​។ ថវិកា​នេះ នឹង​ត្រូវ​ចំណាយ​លើ​សកម្មភាព​បន្ទាន់​ចំនួន​បី​គឺ ការសាងសង់​លេណដ្ឋាន ប៉ម​យាម និង​ប្រព័ន្ធ​ប្រកាស​ភាព​អាសន្ន​នៅ​តាម​តំបន់​ជាប់​ព្រំដែន​។ អ្នកឃ្លាំមើល​យល់ឃើញ​ថា ប្រទេស​ថៃ​ហាក់​កំពុង​ត្រៀមខ្លួន​សម្រាប់​ការ​ទប់ទល់​សង្គ្រាម ដើម្បី​កាន់កាប់​ទឹកដី​ដែល​ឈ្លានពាន​បាន​ពី​កម្ពុជា ជា​អចិន្ត្រៃយ៍។

អស់​រយៈពេល​មួយឆ្នាំ ចាប់តាំងពី​កាន់កាប់​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន ថៃ​បាន​ពង្រឹងកម្លាំង​ទ័ព សាងសង់​ខ្សែក្រវាត់​យុទ្ធសាស្ត្រ​ការពារ និង​អភិវឌ្ឍ​តាម​តំបន់​ព្រំដែន​គ្មាន​លោះ​ពេល​នោះ​ឡើយ។

កាលពី​ថ្ងៃទី​១៨ ខែសីហា គណៈរដ្ឋមន្ត្រី​ថៃ​បាន​អនុម័ត​ការបែងចែក​ថវិកា​ចំនួន​ជាង ១៣​លាន​ដុល្លារ សម្រាប់​គាំទ្រ​គម្រោង​ការពារ​តំបន់​ព្រំដែន និង​ពង្រឹង​សន្តិសុខ​នៅក្នុង​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ចំនួន​៧​របស់​យោធា​ថៃ។

បើ​តាម​មន្ត្រី​នាំពាក្យ​របស់​ទីស្ដីការ​នាយករដ្ឋមន្ត្រី​ថៃ បាន​បញ្ជាក់​ថា ថវិកា​ទាំងនេះ​នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​ក្នុង​ផែនការ​បន្ទាន់​ចំនួន​បី​គឺ ការសាងសង់​លេណដ្ឋាន​យោធា និង​ទី​សុវត្ថិភាព​ចំនួន​ជាង​១​ពាន់ ៦​រយ​ទីតាំង ការសាងសង់​ប៉ម​ល្បាត និង​ប្រកាស​អាសន្ន​ចំនួន​ជាង​១៤០​ទីតាំង និង​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​ទំនាក់ទំនង​តាម​បច្ចេកវិទ្យា​សម័យថ្មី ដើម្បី​ត្រៀមខ្លួន​ក្នុង​ពេល​មាន​សង្គ្រាម​ផ្ទុះឡើង​ដោយ​ប្រការ​ណាមួយ។

ក្រៅពី​ទទួល​បាន​ថវិកាជាតិ​សម្រាប់​ការ​អភិវឌ្ឍ និង​ពង្រឹងកម្លាំង​ទ័ព​នៅ​តាម​ព្រំដែន​កម្ពុជា​ហើយ​នោះ យោធា​ថៃ​ថែមទាំង​បាន​ទទួល​ជំនួយ​ពី​មូលនិធិ​របស់​ប្រជាពលរដ្ឋ និង​រាជវង្ស យក​ទៅ​សាងសង់​របង​ព្រំដែន​អចិន្ត្រៃយ៍ ផ្លូវ​យុទ្ធសាស្ត្រ រូបសំណាក បណ្ដាញ​អគ្គិសនី និង​សេវា​អ៊ីនធឺណិត​ជាដើម។

សន្ទុះ​នៃ​ការ​អភិវឌ្ឍ​របស់​យោធា​ថៃ​នេះ​ធ្វើឡើង​ក្នុងពេលដែល​ស្ថានការណ៍​ជម្លោះ​នៅ​តាម​ព្រំដែន​កម្ពុជា​មាន​ភាព​តានតឹង និង​មិន​ប្រាកដប្រជា ដោយ​ភាគី​ថៃ​បាន​ចេញ​មក​ចោទប្រកាន់​មក​លើ​ភាគី​កម្ពុជា ថា បាន​ចល័ត​កម្លាំង​ទ័ព សម្ភារៈ​យោធា និង​ផ្ទុះអាវុធ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ជាដើម​។ ក្នុង​នោះ​ភាគី​យោធា​ថៃ​នៅតែ​បន្ត​ចូល​រាយ​បន្លា​លួស​ក្នុង​ទឹកដី​កម្ពុជា និង​បង្កទំនាស់​ជាមួយ​ទាហាន​ខ្មែរ​ជា​ញឹកញាប់​ទៀត​ផង។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃ​១៩ ខែសីហា​។​

ពាក់ព័ន្ធ​រឿង​នេះ អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ចេញ​សេចក្ដីថ្លែងការណ៍ ដោយ​តវ៉ា​ចំពោះ​សកម្មភាព​ចូលកាន់​កាប់ និង​អភិវឌ្ឍ​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​ពី​សំណាក់​យោធា​ថៃ បន្ទាប់ពី​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង ទីតាំង​សាសនា លួច​ទ្រព្យសម្បត្តិ​ជន​ស៊ីវិល និង​ការរារាំង​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ត្រឡប់​ទៅ​លំនៅឋាន​វិញ​។ រដ្ឋាភិបាល​កម្ពុជា​លើកឡើង​ថា សកម្មភាព​នេះ​គឺជា​ការ​កែប្រែ​ទីតាំង និង​ស្ថានភាព​នៅ​លើ​ដី​ជាក់ស្ដែង (fait accomplis) ដែល​ជា​ការបំពាន​មក​លើ​ដែន​អធិបតេយ្យភាព បូរណភាព​ទឹកដី​កម្ពុជា និង​បំពាន​ច្បាប់​អន្តរជាតិ​យ៉ាង​ច្បាស់​ក្រឡែត។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន យល់​ឃើញ​ថា សកម្មភាព​របស់​យោធា​ថៃ​ហាក់​កំពុង​ត្រៀមខ្លួន​សម្រាប់​ការ​ទប់ទល់​សង្គ្រាម ដើម្បី​ឈាន​ដល់​ការ​កាន់កាប់​ទឹកដី​ដែល​ឈ្លានពាន​បាន​ពី​កម្ពុជា ជា​អចិន្ត្រៃយ៍​។ លោក​បន្ត​ថា ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ រដ្ឋាភិបាល​កម្ពុជា​គួរតែ​រក​វិធីសាស្ត្រ​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​យោធា​ថៃ បើ​មិន​ដូច្នេះ​ទេ ថៃ​នឹង​គ្រប់គ្រង​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន​ជា​អចិន្ត្រៃយ៍ ដោយ​ប្រើប្រាស់​គោលការណ៍​ឌឺ ហ្វាក់តូ (De facto) ដែល​ជា​ការ​កាន់កាប់​ផ្អែក​តាម​ទិដ្ឋភាព​ជាក់ស្ដែង។

លោក អ៊ុំ សំអាន៖ «​ការ​កាន់កាប់​ជាក់ស្តែង​យូរៗ​ទៅ នឹង​ក្លាយទៅជា​ទឹកដី​របស់​គេ យើង​ទាមទារ​លែង​បាន​ហើយ​។ អ៊ីចឹង​ហើយ​បាន​យើង​នៅតែ​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ប្រញាប់​ប្តឹង​ទៅ​តុលាការអន្តរជាតិ​។ តាម​ពិត​ទៅ​គាត់​អត់​ព្រម​ប្តឹង ដូច្នេះ​ខ្ញុំ​ជឿ​ថា នៅ​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត នេះ ១០០​ភាគរយ គឺ​មិនអាច​ទាមទារ​ទឹកដី​បាន​មកវិញ​នោះ​ទេ ហើយនឹង​ថែម​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​ខ្មែរ​យើង​បន្ថែម​ទៀត​ទៅ​ខាង​ភាគី​ថៃ»។

បច្ចុប្បន្ន​នេះ ស្ថានភាព​ឈរជើង​របស់​កងកម្លាំង​កម្ពុជា និង​ភាគី​ថៃ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន មាន​ភាព​ខុស​ស្រលះ​ពីគ្នា​ឆ្ងាយ​។ នៅ​ខាង​ភាគី​ថៃ យោធា​ថៃ​បាន​ពង្រីក​ទាំង​កម្លាំង​ទ័ព សព្វាវុធ សាងសង់​ផ្លូវ​យុទ្ធសាស្ត្រ និង​លេណដ្ឋាន​ក្នុង​តំបន់​យុទ្ធសាស្ត្រ​សំខាន់ៗ​យ៉ាង​រឹងមាំ ដែល​ស្ថិត​នៅ​លើ​ទីតាំង​ខ្ពស់​តាម​បណ្ដោយ​ជួរ​ភ្នំ​ដងរែក ខណៈ​ទឹកដី​កម្ពុជា​ដែល​យោធា​ថៃ​បាន​ដណ្ដើមយក​ក្នុង​តំបន់​មួយ​ចំនួន​ទៀត ត្រូវ​យោធា​ថៃ​កាត់​អង្កន់​ចែក​ឱ្យ​ពលរដ្ឋ​ថៃ​ដើម្បី​បង្កបង្កើនផល​ជា​បន្តបន្ទាប់។

ចំណែក​នៅ​ខាង​ភាគី​កម្ពុជា​វិញ ទាហាន​ខ្មែរ​ដែល​ភាគច្រើន​បាន​ដកថយ​មក​ឈរ​ជើង​នៅ​តាម​ជើងភ្នំ និង​ចង្កេះភ្នំ ក្រោយ​សង្គ្រាម​ព្រំដែន​លើក​ទី​ពីរ​នោះ​បាន​នាំគ្នា​ជីកដី​ធ្វើ​លេណដ្ឋាន​ថ្មី ដោយ​ប្រើប្រាស់​ចប និង​ដៃ។

ដោយឡែក​ចំពោះ​មេដឹកនាំ​កម្ពុជា​ឯណេះ​វិញ ក៏​មិនទាន់​បង្ហាញ​ពី​គោលជំហរ​ប្រាកដប្រជា​ណាមួយ ដើម្បី​ប្រឆាំង​នឹង​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ​នោះ​ឡើយ ក្រៅតែ​ពី​ចេញ​លិខិតតវ៉ា និង​ធ្វើ​ប្រជាភិថុតិ​តាម​បណ្ដាញ​សង្គម និង​វេទិកាសាធារណៈ ខណៈ​កន្លងមក មេដឹកនាំ​កម្ពុជា​បាន​លើកឡើង​ពី​យុទ្ធសាស្ត្រ​ជាច្រើន សម្រាប់​ទល់​ទល់​ជាមួយ​យោធា​ថៃ ដូចជា យុទ្ធសាស្ត្រ​ខ្ចីដៃ​សត្រូវ​ដើម្បី​អភិវឌ្ឍ យុទ្ធសាស្ត្រ​អន្ទាក់​ក្រុង​សេ​ប៊ូ និង​យុទ្ធសាស្ត្រ​ស្ងាត់​តែ​មិន​ស្ងៀម ជាដើម។

ក៏ប៉ុន្តែ មកដល់​បច្ចុប្បន្ន​យុទ្ធសាស្ត្រ​ទាំងនេះ ហាក់​គ្មាន​ប្រសិទ្ធភាព​នោះ​ឡើយ ខណៈ​យោធា​ថៃ​នៅតែ​បន្ត​ឈ្លានពាន​កម្ពុជា​គ្រប់​ទម្រង់​រូបភាព និង​អភិវឌ្ឍ​ក្នុង​តំបន់ និង​ទីតាំង​យោធា​របស់​កម្ពុជា​ឥត​ឈប់ឈរ ដោយ​មិន​ខ្វល់​ពី​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ