

ក្រុមហ៊ុនទូទាត់លុយ ហួយវ័ន ផេ (Huione Pay) របស់លោក ហ៊ុន តូ ត្រូវបានអតិថិជនជាច្រើនអះអាងថា បានចាប់ផ្ដើមកាត់លុយរបស់ពួកគាត់ចេញពីគណនី ហួយវ័ន (Huione) និងអេច-ផេ (H-Pay) ខណៈអតិថិជនមួយចំនួនក៏មិនអាចចូលទៅមើលសមតុល្យសាច់ប្រាក់ ឬចំនួនលុយក្នុងគណនីរបស់ខ្លួនបានឡើយ។ ជនរងគ្រោះដែលមានលុយរាប់ម៉ឺនដុល្លារបានបញ្ជាក់ថា មកដល់ពេលនេះលុយរបស់ពួកគាត់បានបាត់បង់ទាំងស្រុងចេញពីគណនីដោយសារតែក្រុមហ៊ុនលោក ហ៊ុន តូ បានប្លន់យកទាំងអស់។
ក្រុមអតិថិជនដែលរងគ្រោះបានបង្ហាញការឈឺចាប់ចំពោះលុយរបស់ខ្លួនដែលខិតខំប្រឹងប្រែងធ្វើការបានដោយលំបាកនោះបែរជាត្រូវបានក្រុមហ៊ុន លោក ហ៊ុន តូ ប្លន់យកស្រស់ៗដោយគ្មានស្ថាប័នពាក់ព័ន្ធណាហ៊ានចេញមុខអន្តរាគមន៍ និងការពារជនរងគ្រោះឡើយ។
ជនរងគ្រោះលោកស្រី ជា ស្រីមុំ អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១ ខែឧសភាថា មកដល់ពេលនេះលុយរបស់លោកស្រីចំនួនជាង ១ម៉ឺន ៣ពាន់ដុល្លារត្រូវបានក្រុមហ៊ុនកាត់ចេញពីគណនីទាំងអស់ បន្ទាប់ពីមិនអាចចូលកម្មវិធីហួយ វ័ន ពិនិត្យមើលចំនួនទឹកលុយអស់រយៈពេលជាច្រើនខែ។ លោកស្រីបញ្ជាក់ថា លុយទាំងនេះគឺបានមកដោយការលំបាកដោយលោកស្រីខិតខំប្រឹងប្រែងធ្វើការទាំងថ្ងៃទាំងយប់មិនហ៊ានសូម្បីតែសម្រាក ប៉ុន្តែនៅពេលក្រុមហ៊ុនប្លន់យកបែបនេះគឺជារឿងអយុត្តិធម៌បំផុតសម្រាប់លោកស្រី។
លោកស្រី ជា ស្រីមុំ៖ «ខ្ញុំមានអារម្មណ៍ថា បាត់បង់ទំនុកចិត្តលើប្រទេសខ្លួនឯងហ្មង និយាយចំទៅលើរាជរដ្ឋាភិបាល លក្ខណៈថា អត់មានទំនួលខុសត្រូវលើប្រជាពលរដ្ឋដែលប្រើហួយវ័ន។ ធនាគារអត់មានសមត្ថភាព អត់មានគិតដល់ប្រជាពលរដ្ឋដែលកំពុងប្រើហ្នឹងថា កំពុងជួបវិបត្តិ ហើយធនាគារជាតិឱ្យខ្ញុំទៅប្ដឹងតុលាការ។ នៅពេលដែលយើងប្ដឹងតុលាការ យើងមានមេធាវីឯណាកាន់ក្ដីឱ្យយើង? បើពួកខ្ញុំដើររកមេធាវីអស់ហើយ អត់មានអ្នកណាគេកាន់ក្ដីឱ្យពួកខ្ញុំទេ»។
លោកស្រី ជា ស្រីមុំ បញ្ជាក់ថា ជនរងគ្រោះភាគច្រើនក៏បានខិតខំស្វែងរកមេធាវី ដើម្បីការពារក្ដី និងរៀបចំឯកសារប្ដឹងផ្ដល់ក្រុមហ៊ុនតាមប្រព័ន្ធតុលាការដែរ ប៉ុន្តែមិនមានមេធាវីណាហ៊ានកាន់សំណុំរឿង និងការពារក្ដីជូនពួកគាត់ឡើយ។ លោកស្រីក៏បានរិះគន់ធនាគារជាតិនៃកម្ពុជាថា ជាស្ថាប័នអសមត្ថកិច្ចបំផុត ដោយសារតែមិនជួយអន្តរាគមន៍ការពារអតិថិជនដែលជនរងគ្រោះ។
រីឯ ជនរងគ្រោះម្នាក់ទៀតប្រកបមុខរបររកស៊ីខាងជួល និងលក់រថយន្តថ្លែងដោយអស់សង្ឃឹមថា លុយដែលក្រុមហ៊ុនប្លន់យកនោះលោកមិនរំពឹងថា នឹងទទួលបានត្រឡប់មកវិញឡើយ ទោះបីជាដោះស្រាយតាមប្រព័ន្ធតុលាការក៏ដោយ។ លោកអះអាងថា លុយរបស់ខ្លួនមានក្នុងគណនីហួយវ័នមានជាង ៣០ម៉ឺនដុល្លារ ប៉ុន្តែពេលនេះក្រុមហ៊ុនបានកាត់ពីគណនីទាំងអស់សល់តែចំនួនទឹកលុយសូន្យដុល្លារប៉ុណ្ណោះ។ លោកថា ថៅកែ និងមិត្តភ័ក្ដិជាច្រើននាក់ទៀតមានលុយក្នុងគណនី ហួយវ័ន ច្រើនជាងលោកទៅទៀតជួបបញ្ហានេះដូចគ្នា។
ពលរដ្ឋ៖«រឿងលុយស្ដាយគឺស្ដាយហើយលុយយើងខំរក។ តែយើងមិនដឹងត្រូវធ្វើម៉េច មានតែខំប្រឹងរកសាជាថ្មី យើងក៏ខាតបង់ទាំងអស់ហើយ។ និយាយឱ្យអស់ពីចិត្តហ្មង គ្រាន់តែថា វាមិនសង្ឃឹមទេ លុយហ្នឹង មិនសង្ឃឹមថា នឹងបានត្រឡប់មកវិញ ដូចជាថៅកែរោងចក្រគេខាតបង់ធំៗច្រើនជាងខ្ញុំ។ អ្នកស្គាល់គ្នាជាមួយខ្ញុំ ក៏អស់ច្រើនជាងខ្ញុំទៀត ថៅកែគ្រឿងសំណង់ ថៅកែរោងចក្រ ថៅកែឡាន គេអស់ច្រើនជាងខ្ញុំសឹងតែគុណ ១០ដង។ យើងមិនចង់និយាយអីវែងឆ្ងាយឱ្យកុំប៉ះពាល់ គឺយើងគ្រាន់តែចង់បានលុយថា ដូចថាមានដំណោះស្រាយមួយថ្ងៃអាចសុំដកបានប៉ុន្មាន ១ពាន់ ២ពាន់ដុល្លារសម្របសម្រួលអ៊ីចឹងក៏យើងព្រមទទួលដែរ»។
ក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ បានប្រកាសបង្កកលុយអតិថិជនកាលពីចុងឆ្នាំ២០២៥ និងបានប្ដូរឈ្មោះជាក្រុមហ៊ុន អេច-ផេ (H-Pay) វិញក្រោយរងទណ្ឌកម្មពីអាមេរិក និងអង់គ្លេសពាក់ព័ន្ធនឹងសកម្មភាពលាងលុយកខ្វក់ឱ្យក្រុមឧក្រិដ្ឋជន។ ជនរងគ្រោះបញ្ជាក់ថា ដំបូងឡើយពួកគាត់អាចចូលមើលចំនួនលុយរបស់ខ្លួនដែលមានក្នុងគណនី និងនៅមានក្ដីសង្ឃឹមក្នុងការទទួលបានលុយមកវិញប្រសិនបើស្ថាប័នពាក់ព័ន្ធ ជាពិសេសធនាគារជាតិជួយអន្តរាគមន៍។
លុយរបស់អតិថិជន ហួយវ័ន ផេ ដែលត្រូវបានក្រុមហ៊ុនកាត់ចេញពីគណនីនេះ កើតឡើយបន្ទាប់ពីធនាគារជាតិបានជំរុញឱ្យជនរងគ្រោះដែលបាត់បង់លុយស្វែងរកដំណោះស្រាយដោយខ្លួនឯងតាមប្រព័ន្ធតុលាការ។ លើសពីនេះ ធនាគារជាតិក៏បានស្ដីបន្ទោសជនរងគ្រោះថា ជាក្រុមជនឆ្លៀតឱកាស និងជាអ្នកប្រើអំពើហិង្សាពេលដែលពួកគាត់ចេញតវ៉ាដោយសន្តិវិធីនាពេលថ្មីៗនេះ។
មកដល់ពេលនេះ អាជ្ញាធរបានចាប់ខ្លួនប្រធានក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) ឈ្មោះ លី សុង (LI XIONG) ជាជនជាតិចិនតែម្នាក់ប៉ុណ្ណោះបញ្ជូនត្រឡប់ទៅប្រទេសចិន ក្រោយធនាគារជាតិកម្ពុជាបានប្រកាសថា ក្រុមហ៊ុននេះខុសច្បាប់ និងដកអាជ្ញាប័ណ្ណតាំងពីឆ្នាំ២០២៤។ រីឯ សហប្រធាននៃក្រុមហ៊ុននេះ គឺលោក ហ៊ុន តូ និងនាយកគ្រប់គ្រងពាក់ព័ន្ធដែលជាជនជាតិចិនយ៉ាងហោចណាស់ជិត ១០នាក់ទៀតនៅក្រៅសំណាញ់ច្បាប់នៅឡើយ។
ជុំវិញរឿងនេះ ប្រធានចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ (KDM) អ្នកស្រី មូរ សុខហួរ មានប្រសាសន៍ថា ជនរងគ្រោះទាំងអស់ត្រូវតែបន្តរួមរួប និងសាមគ្គីគ្នាជាធ្លុងមួយក្នុងការតវ៉ាដោយអហិង្សាប្រឆាំងនឹងក្រុមហ៊ុន លោក ហ៊ុន តូ និងបន្តដាក់សម្ពាធឱ្យរដ្ឋាភិបាលត្រកូល ហ៊ុន ចេញមុខដោះស្រាយ។ អ្នកស្រីក៏បន្តជំរុញឱ្យជនរងគ្រោះទាំងអស់ប្រមូលផ្ដុំគ្នាដាក់ញត្តិតវ៉ាទៅកាន់ស្ថានទូតអាមេរិក និងអង់គ្លេសឱ្យជួយអន្តរាគមន៍ដោយសារបណ្ដាស្ថានទូតនៃប្រទេសទាំងនេះបានដឹងពីសកម្មភាពខុសច្បាប់ និងដាក់ទណ្ឌកម្មលើក្រុមហ៊ុន លោក ហ៊ុន តូ។
អ្នកស្រី មូរ សុខហួរ៖ «បងប្អូននៅតែតស៊ូមតិ នៅតែទាមទារនៅប្រទេសកម្ពុជា កុំដកខ្លួនឱ្យសោះ ប៉ុន្តែជាមួយគ្នាត្រូវតែរកផ្លូវរកវិធានការ រួមកម្លាំងធ្វើជាពាក្យបណ្ដឹងមួយរួមទៅចក្រភពអង់គ្លេស ទៅសុំជួបជាមួយស្ថានទូតអង់គ្លេស ស្ថានទូតអាម៉េរិកាំង ទៅរួមទៅ កុំខ្លាច កុំខ្លាចឱ្យសោះបងប្អូន។ យើងអត់ទៅសួរគេ យើងអត់ទៅសុំឱ្យគេជួយម៉េចក៏គេជួយ?»។
អ្នកស្រី មូរ សុខហួរ លើកឡើងថា ប្រសិនបើជនរងគ្រោះទាំងអស់សម្រេចចិត្តបោះបង់ការតវ៉ាប្រឆាំងនឹងក្រុមហ៊ុនលោក ហ៊ុន តូ នោះជនរងគ្រោះទាំងអស់នឹងមិនទទួលបានយុត្តិធម៌ និងលុយកាក់របស់ខ្លួនមកវិញឡើយ។ មិនតែប៉ុណ្ណោះអ្នកស្រីថា បញ្ហានេះនឹងកើតជាអំពើនិទ្ទណ្ឌភាពដែលធ្វើឱ្យក្រុមហ៊ុនធនាគារផ្សេងទៀតនឹងបន្តប្លន់លុយជនរងគ្រោះតាមវិធីរបស់ក្រុមហ៊ុនលោក ហ៊ុន តូ បន្ថែមទៀត៕








