ឧត្តម​ស្នងការ​អ.ស.ប​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​លោក កឹម សុខា និង​អ្នក​ដែល​ត្រូវ​បាន​ឃុំខ្លួន​តាម​ទំនើងចិត្ត

0
43
(ឆ្វេង) ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស លោក វ៉ូលគើ ធើក (Volker Türk) និងប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។ រូប៖ OCHR និង ហ្វេសប៊ុក​ កឹម សុខា
(ឆ្វេង) ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស លោក វ៉ូលគើ ធើក (Volker Türk) និងប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។ រូប៖ OCHR និង ហ្វេសប៊ុក​ កឹម សុខា

ឧត្តមស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ចេញ​សេចក្តី​ថ្លែងការណ៍​ព្រួយបារម្ភ​អំពី​ការ​តម្កល់​សេចក្តី​សម្រេច​ផ្តន្ទាទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឲ្យ​ជាប់ពន្ធនាគារ​២៧​ឆ្នាំ និង​បន្ថែម​ទោស​មិន​ឲ្យ​ចេញពី​ប្រទេស​កម្ពុជា​៥​ឆ្នាំ​ទៀត​ពី​បទ​ក្បត់ជាតិ​។

ក្រៅ​ពី​នេះ ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ក៏​ព្រួយបារម្ភ​ការ​កាត់ទោស​បុគ្គល​៣៣​នាក់​ផ្សេងទៀត ដែល​ជា​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ា​រី សកម្មជន​នយោបាយ សកម្មជន​សង្គម និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ឲ្យ​ជាប់ទោស​ពី​១៨​ខែ​ដល់​២​ឆ្នាំ ពី​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​។ ការ​ដាក់​ទោសទណ្ឌ​លើ​មនុស្ស​ទាំង​៣៣​នាក់​នេះ គឺ​ជាប់​ពាក់​ពន្ធ​នឹង​ការ​បញ្ចេញមតិ​រឿង​គម្រោង​អភិវឌ្ឍ​តំបន់​ត្រីកោណ​កម្ពុជា ឡាវ និង​វៀតណាម ឬ​ហៅថា គម្រោង​CLV។

ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស លោក វ៉ូលគើ ធើក (Volker Türk) លើកឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃទី​១ ឧសភា​ថា ការ​ផ្តន្ទាទោស និង​ការ​កាត់ទោស​នេះ មិន​អនុលោម​ទៅតាម​ច្បាប់​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស និង​មាន​ហានិភ័យ​ធ្វើ​ឲ្យ​ប៉ះពាល់​បន្ថែម​ទៀត​ទៅលើ​ផល​ប៉ះពាល់​ដែល​ទទួលរង​ធ្ងន់ធ្ងរ​រួចទៅ​ហើយ ដោយសារ​ច្បាប់ព្រហ្មទណ្ឌ​ដែល​ចែង​បែប​ទូលំទូលាយ មិន​ច្បាស់លាស់ និង​ការ​អនុវត្ត​តាម​អំពើ​ចិត្ត​នៃ​ច្បាប់​នេះ​ទៅលើ​សង្គម​ស៊ីវិល អ្នកសារព័ត៌មាន និង​ប្រជាជន​ទូទៅ​នៅ​កម្ពុជា​។ បន្ថែម​ពី​នេះ លោក វ៉ូលគើ ធើក លើកឡើង​ថា លោក កឹម សុខា និង​បុគ្គល​៣៣​នាក់​ផ្សេងទៀត គ្រាន់តែ​អនុវត្ត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​របស់​ពួកគេ​។ ការ​ជំនុំជម្រះ​ករណី​របស់​ពួកគេ ក៏​បង្ហាញ​ឲ្យ​មានការ​ព្រួយបារម្ភ​អំពី​ការរំលោភ​សិទ្ធិ​ទទួល​បាន​នីតិវិធី​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ និង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌។

ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធានា​ថា ការរិះគន់ និង​ការ​បញ្ចេញមតិ​ដែល​ស្របច្បាប់ ត្រូវ​ទទួល​បាន​ការការពា​រ ជាជាង​ត្រូវ​បាន​កំណត់​ជា​បទល្មើស ដើម្បី​ធានា​ដល់​លំហ​សង្គម​ស៊ីវិល ធានា​ឯករាជ្យភាព​របស់​តុលាការ និង​លើកកម្ពស់​ការធានា​ដល់​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌។

ជាមួយ​គ្នា​នេះ ឧត្តម​ស្នងការ ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា លុបចោល​ភ្លាមៗ​នៅ​សាលដីកា​ផ្ដន្ទាទោស​លោក កឹម សុខា និង​ត្រូវ​ដោះលែង​លោក ព្រមទាំង​បុគ្គល​ផ្សេងទៀត​ដែល​ត្រូវ​បាន​ឃុំខ្លួន​តាម​អំពើ​ចិត្ត ដោយ​គ្មាន​លក្ខខណ្ឌ។

នៅ​ថ្ងៃ​ដដែល​នេះ ក្រសួង​អឺរ៉ុប និង​ការបរទេស​បារាំង ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ការសម្រេច​តម្កល់​សាលក្រម​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ២៧ ឆ្នាំ លើ​លោក កឹម សុខា ដែល​ជា​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​ជា​ឥស្សរជន​ឆ្នើម​ម្នាក់​នៃ​គណបក្សប្រឆាំង នៅក្នុង​សវនាការ​ជំនុំជម្រះ​ដំណាក់កាល​ឧទ្ធរណ៍​របស់​លោក។

ប្រទេស​បារាំង អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា ឱ្យ​គោរព​សិទ្ធិ​មូលដ្ឋាន​ឱ្យ​ស្រប​ទៅតាម​ការ​ប្តេជ្ញាចិត្ត​ជា​អន្តរជាតិ​របស់​ខ្លួន និង​លើកទឹកចិត្ត​ឱ្យ​មាន​ការពិចារណា​លើ​វិធានការ​អនុគ្រោះ​នានា ចំពោះ​បុគ្គល​ទាំងឡាយ​ណា​ដែល​កំពុង​ជាប់​ឃុំឃាំង​ដោយសារតែ​ការអនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​ពួកគេ ក៏ដូចជា​ដើម្បី​ពង្រឹង​នីតិរដ្ឋ​នៅក្នុង​ប្រទេស។

ដោយឡែក កាលពី​ម្សិលមិញ​វិញ ក្រុម​អង្គការ​ក្នុងស្រុក អង្គការ​អន្តរជាតិ ព្រមទាំង​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ដូចជា​អូស្ត្រាលី អង់គ្លេស សហភាព​អឺរ៉ុប កាណាដា និង​អាល្លឺម៉ង់​ជាដើម បាន​បង្ហាញ​ការ​ខកចិត្ត​ដូចៗ​គ្នា​ចំពោះ​ការសម្រេច​ឲ្យ​លោក កឹម សុខា បន្ត​ជាប់ទោស​ទាំង​គ្មាន​កំហុស ព្រមទាំង​ទាមទារ​ឲ្យ​លុបចោល​ការចោទប្រកាន់ និង​ដោះលែង​លោក កឹម សុខា វិញ ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច ការ​វិនិយោគ និង​ដំណើរការ​ប្រជាធិបតេយ្យ​ពេញលេញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ