ពលរដ្ឋ​មួយចំនួន​រង​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ក្រោយ​សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ

0
56
ទិដ្ឋភាពសមត្ថកិច្ច​បង្ក្រាបឧក្រិដ្ឋជនអនឡាញ (Online Scam) នៅ​កម្ពុជា។ រូប៖ បណ្ដាញសង្គម
ទិដ្ឋភាពសមត្ថកិច្ច​បង្ក្រាបឧក្រិដ្ឋជនអនឡាញ (Online Scam) នៅ​កម្ពុជា។ រូប៖ បណ្ដាញសង្គម

សេដ្ឋកិច្ច​នៅ​តាម​តំបន់​មួយចំនួន​ដូចជា ខេត្ត​ព្រះសីហនុ និង​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កំពុង​ធ្លាក់ចុះ​ក្រោយ​ការ​បង្ក្រាប​អគារ​អនឡាញ និង​បណ្ដាញ​ឆបោក​តាម​អ៊ីនធឺណិត​។ អាជីវករ​ខ្នាត​តូច​ជាច្រើន​ត្អូញត្អែរ​ពី​ការលក់ដូរ​ធ្លាក់ចុះ​ខ្លាំង រីឯ​អ្នក​រត់​កង់​បី​ក៏​រក​ចំណូល​មិនសូវ​បាន​នៅ​ពេល​ដែល​ជនបរទេស​នាំគ្នា​សម្រុក​ចាកចេញ​។ អ្នកឃ្លាំមើល​រិះគន់​ថា បញ្ហា​នេះ​កើតឡើង​ដោយសារតែ​រដ្ឋាភិបាល​ត្រកូល ហ៊ុន អសមត្ថភាព​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​តាមផ្លូវ​ត្រឹមត្រូវ តែ​បែរជា​រៀបចំ​ជា​ប្រព័ន្ធ​ឱ្យ​សេដ្ឋកិច្ចជាតិ​ពឹងផ្អែក​លើ​ឧក្រិដ្ឋកម្ម​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ជួប​វិបត្តិ​សេដ្ឋកិច្ច​នៅ​ពេល​នេះ។

ក្រុម​អាជីវករ​លក់​ដូរ​តូចតាច​ដែល​ធ្លាប់​រកស៊ី​នៅ​ក្បែរៗ​តំបន់​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​បណ្ដា​ខេត្ត​មួយចំនួន​កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច ក្រោយ​សមត្ថកិច្ច​បន្ត​ចុះ​ប្រតិបត្តិ​ការ​ចាប់​ជនបរទេស​នៅ​តាម​អគារ​ឆបោក​តាម​អនឡាញ។

ទន្ទឹមគ្នា​នេះ រដ្ឋាភិបាល​ត្រកូល «​ហ៊ុន​» ក៏​រង​ការ​រិះគន់​ថា បាន​ទាញ​ប្រទេស​កម្ពុជា​ឱ្យ​ក្លាយ​ជា «​អាណាចក្រ​នៃ​ជម្រក​ឧក្រិដ្ឋជន​» ដែល​មិន​ត្រឹមតែ​នាំ​អន្តរាយ​ដល់​សេដ្ឋកិច្ចជាតិ​ឡើយ ថែមទាំង​ធ្វើ​ឱ្យ​កម្ពុជា​អាប់ឱន​កេរ្តិ៍ឈ្មោះ​នៅ​លើ​ឆាក​អន្តរជាតិ​នា​ពេល​កន្លង​មក​នេះ។

អ្នក​រត់​កង់​បី​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ​លោក គឹម ស៊ឺន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​៤ ខែមីនា​ថា ក្រោយ​សមត្ថកិច្ច​បង្ក្រាប​ទីតាំង​អគារ​ឆបោក​តាម​អនឡាញ ទីក្រុង​ព្រះសីហនុ​មាន​សភាព​ស្ងាត់ជ្រងំ ដែល​ធ្វើ​ឱ្យ​ការ​រកស៊ី​របស់​លោក​ធ្លាក់ចុះ​។ លោក​បញ្ជាក់​ថា ការ​រីករាលដាល មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​ក្រុងព្រះសីហនុ​ក៏បាន​បង្ក​បញ្ហា​អសន្តិសុខ​សង្គម​ជាច្រើន​ដូចជា ជនជាតិ​ចិន​ខ្លះ​បាញ់បោះ​សេរី ការ​ជួញដូរ​គ្រឿងញៀន និង​ករណី​ចាប់ជំរិត​នា​ពេល​កន្លងមក​។ ទោះជា​យ៉ាងណា លោក​ចង់​ឃើញ​រដ្ឋាភិបាល​កម្ចាត់​ឧក្រិដ្ឋកម្ម​ឆបោក​ឱ្យ​មាន​ប្រសិទ្ធភាព និង​អភិវឌ្ឍ​ខេត្ត​ជាប់មាត់​សមុទ្រ​នេះ​ប្រកបដោយ​ភាព​ត្រឹមត្រូវ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អាច​ទាញ​ប្រយោជន៍​ពី​សេដ្ឋកិច្ច។

លោក គឹម ស៊ឺន៖ «កាល​អាជ្ញាធរ​គេ​អត់​ទាន់​ចុះ​បង្ក្រាប​អនឡាញ​យើង​រក​មធ្យម យើង​រក​លំបាក​ដែរ​តែ​មធ្យម​តែ​ឥឡូវ​វា​លំបាក​ខ្លាំង​បើ​ប្រៀបធៀប​ពីមុន និង​ឥឡូវ​គឺ​ខុសគ្នា​ឆ្ងាយ ពីមុខ​យើង​រក​អត់​សូវ​ប្រឹង​ទេ​យើង​រស់​ស្រួល ១០​ម៉ឺន ១០​ម៉ឺន​ជាង តែ​ឥឡូវ​ទាល់តែ​យើង​ប្រឹង​ខ្លាំង​រកលុយ​មិនបាន ៧ ទៅ ៨​ម៉ឺន​ផង ប្រឹង​ទាំងយប់​ផង​ថ្ងៃ​ផង។ តែ​អាជ្ញាធរ​គេ​បង្ក្រាប​អនឡាញ​ក៏​វា​ល្អ​ដែរ ទីមួយ​ស្រុកទេស​យើង​សុវត្ថិភាព​វា​អត់​សូវ​មាន​ចោរ បង្កើត​ឱ្យ​មាន​ល្បែង​ហ្នឹង​ចោរ​ច្រើនណាស់​កំពង់សោម​ឥឡូវ​មិន​ដូច​ពីមុន ជាពិសេស​គ្រឿងញៀន​ដូច​អត់​ថមថយ​សោះ ឮ​តែ​ចាប់ៗ​តែ​នៅតែ​មាន​ចរាចរ»។

ចំណែក អាជីវករ​លក់ដូរ​នៅ​តាម​តំបន់​តាម​ច្រកព្រំដែន​ដូចជា ច្រក​ដូង ឬ​ឡែ​ម​ខេត្តបាត់ដំបង ក្រុង​បាវិត​ខេត្តស្វាយរៀង និង ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ជាដើម​ក៏​រង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដែរ​។ ពលរដ្ឋ​ឱ្យដឹង​ថា ទីតាំង​អគារ​ជាច្រើន​ក្នុង​ក្រុង​ប៉ោយប៉ែត​ត្រូវ​ដាក់​ស្លាក​ជួល ប៉ុន្តែ​នៅ​តាម​អគារ​ខ្លះ​ក៏​នៅ​មាន​ជនបរទេស​ជាច្រើន​នាក់​រស់នៅ​ប្រមូល​ផ្ដុំគ្នា​ធ្វើការ​ដដែល ទោះបីជា​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ជា​បន្តបន្ទាប់​ក្ដី។

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី ឱ្យដឹង​ថា សេដ្ឋកិច្ច​ពលរដ្ឋ​នៅ​តាម​ជាយដែន​រង​ផល​ប៉ះពាល់​ផ្ទួនៗ ក្រោយ​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​អន​ឡាញ និង​ម្យ៉ាងទៀត​ច្រកព្រំដែន​ក៏​ត្រូវ​បាន​បិទ​ខ្ទប់​ដោយសារ​បញ្ហា​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​។ លោក​ថា បញ្ហា​អំពើ​ឆបោក​តាម​អនឡាញ​មិន​ត្រឹមតែ​មិន​ផ្ដល់​ស្ថិរភាព​ដល់​សេដ្ឋកិច្ច​អ្នក​រកស៊ី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឧក្រិដ្ឋកម្ម​នេះ​បាន​អូសទាញ​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​ក្លាយជា​ជនរងគ្រោះ និង​រង​ការ​រំលោភបំពាន​សិទ្ធិ​ការងារ​ផ្សេងៗ​តាមរយៈ​ការ​លួងលោម​ឱ្យ​រួមចំណែក​ធ្វើការ​ឆបោក​មនុស្ស​ជុំវិញ​ពិភពលោក។

លោក ឌិន ពុទ្ធី៖ «ពួក​អ្នក​ឆបោក​តាម​អនឡាញ (Scamer) ក៏​ជួល​កម្លាំង​ពលកម្ម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ធ្វើ​គឺ​ធ្វើការ​លើស​ម៉ោង​គ្មាន​ថ្ងៃ​ឈប់សម្រាក អត់​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​ទៅតាម​ច្បាប់​ការងារ​ទេ​។ អ៊ីចឹង​អ្នក​ទៅ​ធ្វើ​ការងារ​ក៏​ជា​អ្នករងគ្រោះ​ដែរ​បាន​លុយ​តិចតួច​មែន ប៉ុន្តែ​រងគ្រោះ​គឺជាប់​ឈ្មោះ​ឆបោក​អ្នកដទៃ​ដោយសារតែ​ការ​បញ្ជា​ពី​មេ (Scamer) ហើយ​នេះ​គឺជា​រឿង​មួយ​ដែល​អកុសល​ដែល​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​។ រដ្ឋាភិបាល​បង្ក្រាប​ហ្នឹង​គឺជា​ការ​ចាប់ផ្ដើម​ល្អ ហើយ​ខ្ញុំ​គិតថា រដ្ឋាភិបាល​បង្ក្រាប​ទាំងអស់​ជាពិសេស​មេៗ​អនឡាញ (Scamer) តែម្ដង»។

លោកនាយក​រដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត លើកឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​រីក​រាលដាល​នៃ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ថ្វីត្បិតតែ​មានការ​ផ្ដល់​ប្រយោជន៍​សេដ្ឋកិច្ច​ដោយ​ប្រយោល​ដល់​អាជីវកម្ម​ក្នុងស្រុក ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​កម្ពុជា​មិនបាន​ទទួលផល​ប្រយោជន៍​ពី​ឧក្រិដ្ឋកម្ម​នេះ​ឡើយ​។ ក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​អាស៊ាន​-​កម្ពុជា​នៅ​ថ្ងៃទី​៤ ខែមីនា លោក ហ៊ុន ម៉ាណែត ក៏បាន​ប្រកាស​ប្ដេជ្ញា​ថា នឹង​លុបបំបាត់​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ឱ្យ​អស់ពី​កម្ពុជា​ត្រឹម​ខែមេសា ដើម្បី​ធានា​ដល់​អ្នក​វិនិយោគ​។​

ការ​រីក​រាលដាល​អំពើ​ឆបោក​តាម​អនឡាញ​មិន​ត្រឹមតែ​បង្ក​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ចំពោះ​អាជីវករ​អ្នក​រកស៊ី​តូចតាច​តែប៉ុណ្ណោះ​ទេ សម្រាប់​យុវជន​ពេញ កម្លាំង​ដែល​បាន​ប្រឡូក​ក្នុង​វិស័យ​ការងារ​នេះ​ជាច្រើន​នាក់​ក៏​ត្រូវ​ប្រឈម​អត់​ការងារ​ធ្វើ និង​បាត់បង់​ចំណូល​។ លើស​ពី​នេះ ពួកគាត់​ក៏​មិន​អាច​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេសជិតខាង​ដូច​មុន ដើម្បី​ធ្វើការ​បាន​ចំណូល​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ និង​ដោះបំណុល​ធនាគារ​ឡើយ ខណៈ​ការងារ​នៅក្នុង​ស្រុក​ក៏​មាន​កំណត់​ហើយ​ទទួល​បាន​ប្រាក់ខែ​តិច។

ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ លោក ឌី ថេហូយ៉ា ថ្លែង​ថា អំពើ​ឆបោក​តាម​អនឡាញ​បាន​បំផ្លាញ​កេរ្តិ៍ឈ្មោះ និង​សេដ្ឋកិច្ច​កម្ពុជា​ទាំងមូល។ លោក​បារម្ភ​ថា បើ​រដ្ឋាភិបាល​នៅតែ​អសមត្ថភាព​កម្ចាត់​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​បង្កើត​ឱកាស​ការងារ​ត្រឹមត្រូវ​នោះ​ពលរដ្ឋ​ដែល​ចំណាកស្រុក​ពី​ថៃ​ក៏​ប្រឈម​អត់​ការងារ​ធ្វើ ហើយ​ពួកគាត់​ក៏​ងាយ​រងគ្រោះ​ដោយសារតែ​អំពើ​ឆបោក​តាម​អនឡាញ​នេះ​ដែរ។

លោក ឌី ថេហូយ៉ា៖ «ពលរដ្ឋ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាង ២​លាន​នាក់​ត្រឡប់មកវិញ​ជាង ៥០​ភាគរយ​ហើយ​។ ប្រសិនបើ​ប្រទេស​កម្ពុជា​សេដ្ឋកិច្ច​គ្មាន​ការ​អភិវឌ្ឍ​ច្បាស់​ណាស់​ការងារ​វា​មិនអាច​កើនឡើង​ទេ​។ កាលណា​គាត់​អត់​មាន​ការងារ​ធ្វើ អ៊ីចឹង​ពួកគាត់​គឺជា​ក្រុម​ជន​ដែល​ងាយ​រងគ្រោះ​គាត់​អត់​មាន​ដីស្រែ​ចម្ការ​ធ្វើ ដើម្បី​បាន​ចំណូល​ចិញ្ចឹម​ជីវភាព​ប្រចាំថ្ងៃ អ៊ីចឹង​ប្រសិនបើ​មាន​អ្នក​ទាក់ទង​បង្ហាញ​ពី​ការងារ​ស្រួល​ឱកាស​បាន​លុយ​ចេះ​ចុះ ប្រាកដ​ណាស់​គាត់​អាច​នឹង​ចាញ់បោក​គេ​។ អាហ្នឹង​ហើយ​គឺជា​ភាព​រងគ្រោះ និង​ភាព​គ្រោះថ្នាក់​ទីមួយ​ប្រទេសជាតិ​ទាំងមូល ទី​ពីរ​ប្រជាជាតិ​កម្ពុជា​តែម្ដង​ដែល​ពិបាក​ក្នុង​ការ​ងើប​ពី​ស្ថានភាព​អាក្រក់​នៃ​អំពើ​ជួញដូរ​ក្នុង​កាលៈទេសៈ​បែបនេះ ប្រសិនបើ​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ចាត់វិធានការ​លុបបំបាត់ ឬ​បោសសម្អាត​នោះ​ទេ»។

អ្នកឃ្លាំមើល​ថា ផល​ប៉ះពាល់​សេដ្ឋកិច្ច​លើ​ប្រជាពលរដ្ឋ និង​ក្រុម​អាជីវករ​នា​ពេល​នេះ​ឆ្លុះបញ្ចាំង​ពី​សេដ្ឋកិច្ច​តាម​មូលដ្ឋាន​កន្លងមក គឺ​ពលរដ្ឋ​បាន​ពឹងផ្អែក​សេដ្ឋកិច្ច​ប្រចាំថ្ងៃ​ពី​បណ្ដាញ​ឧក្រិដ្ឋកម្ម​ទាំងនេះ​ស្ទើរតែ​ទាំងស្រុង ប៉ុន្តែ​វា​ក៏​មិនបាន​ធានា​ដល់​ស្ថិរភាព​នៃ​សេដ្ឋកិច្ច​ពលរដ្ឋ​ក្នុង​រយៈពេល​យូរអង្វែង​នោះ​ទេ​។ មន្ត្រី​សង្គម​ស៊ីវិល​ចង់​ឃើញ​រដ្ឋាភិបាល​បោសសម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ដោយ​បង្ក្រាប​ឱ្យ​ចំ​គោលដៅ​មេខ្លោង​ធំៗ​ដែល​មាន​អំណាច និង​បង្កើត​ឱកាស​ការងារ​បែប​ថ្លៃថ្នូរ ដោយ​មិន​បណ្ដែត​បណ្ដោយ​ឱ្យ​ឧក្រិដ្ឋកម្ម​រាលដាល​បំផ្លាញ​ប្រទេសជាតិ និង​ផ្ដល់​សេដ្ឋកិច្ច​មិន​ប្រាកដប្រជា​ដល់​ពលរដ្ឋ​តាម​មូលដ្ឋាន​ដូច​ពេល​បច្ចុប្បន្ន​នេះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ