សហជីព​ជាតិ​និង​អន្តរជាតិ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ការអនុវត្ត​ច្បាប់ ដើម្បី​ធានា​សុវត្ថិភាព​ដឹក​ជញ្ជូន​កម្មករ

0
22
ឡាន​ដឹក​កម្មករ​រោងចក្រ​កាត់ដេរ ចំនួន​៧០​នាក់ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៨ ក្នុង​ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកសហព័ន្ធសហជីពសេរីកម្មករ
ឡាន​ដឹក​កម្មករ​រោងចក្រ​កាត់ដេរ ចំនួន​៧០​នាក់ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៨ ក្នុង​ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកសហព័ន្ធសហជីពសេរីកម្មករ

សង្គម​ស៊ីវិល ព្រមទាំង​សហជីព​ជាតិ​និង​អន្តរជាតិ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ពង្រឹង​ឲ្យ​បាន​តឹងរ៉ឹង នូវ​ការ​អនុវត្ត​ច្បាប់​និង​បទបញ្ជា ពាក់ព័ន្ធ​នឹង​ការ​ដឹកជញ្ជូន​កម្មករ ដើម្បី​ការពារ​សុវត្ថិភាព​កម្មករ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ លើស​ពី​នេះ ពួកគេ​ក៏​ជំរុញ​ឲ្យ​និយោជក និង​សមាគម​និយោជក ប្រតិបត្តិ​កាតព្វកិច្ច​របស់​ខ្លួន ក្នុង​ការ​ដោះស្រាយ​ហានិភ័យ​ជា​ប្រព័ន្ធ។

អង្គការ​សង្គម​ស៊ីវិល និង សហព័ន្ធ​សហជីព​ចម្រុះ​ជាតិ និង​អន្តរជាតិ ប្រមាណ​៥០ សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង លើ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ ដែល​សម្លាប់​កម្មករ​ច្រើន​នាក់ នៅ​លើ​ដងផ្លូវ ក្នុង​ពេល​ថ្មីៗ​នេះ និង បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ ចាត់វិធានការ​បន្ទាន់ ដើម្បី​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ដឹកជញ្ជូន​សម្រាប់​កម្មករ ឱ្យ​មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

ការ​អំពាវនាវ​នេះ បន្ទាប់ពី​កម្មករ​កាត់ដេរ ១៤​នាក់​ស្លាប់ និង រង​របួស​ចំនួន ៧៩​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ នៅក្នុង​ខេត្តកំពង់ឆ្នាំង និង​ខេត្តស្វាយរៀង នៅ​ថ្ងៃទី២៣ ខែ​ឧសភា ឆ្នាំ​២០២៦​។ អ្នករងគ្រោះ ភាគច្រើន​ជា​ស្ត្រី​។ ហេតុការណ៍​ដ៏​អាក្រក់​ទាំងនេះ មិនមែន​ជា​ទម្រង់​ដាច់ដោយឡែក​ឡើយ ប៉ុន្តែ​ជា​ភស្តុតាង​នៃ​បញ្ហា​ដែល​កើតមាន​ទ្បើង​ជា​បន្តបន្ទាប់ និង​ប្រកបដោយ​គ្រោះថ្នាក់ ក្នុង​ការ​ដឹកជញ្ជូន​កម្មករ និង​ការ​ការពារ​សុវត្ថិភាព​កម្មករ នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ នេះ​បើ​តាម​ការសង្កេត​របស់​សង្គម​ស៊ីវិល។

សេចក្តី​ថ្លែងការណ៍​របស់​សង្គម​ស៊ីវិល​កត់សម្គាល់​ថា ទិន្នន័យ​ផ្លូវការ បាន​បង្ហាញ​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​គ្រោះថ្នាក់​ដែល​កើត​មាន​ទ្បើង​នេះ ដោយ​នៅ​ខេត្តកំពង់ឆ្នាំង តែមួយ​មាន​កម្មករ​សរុប ៥៣​នាក់​រង​ផល​ប៉ះពាល់ ក្នុង​នោះ​មាន​អ្នក​ស្លាប់ ៩​នាក់ និង​រងរបួស ៤៤​នាក់​។ ចំណែកឯ នៅ​ខេត្តស្វាយរៀង មាន​កម្មករ ៤០​នាក់​បាន​រង​ផល​ប៉ះពាល់ រួមមាន អ្នក​ស្លាប់ ៥​នាក់ និង​រង​របួស ៣៥​នាក់។

សហជីព និង សង្គម​ស៊ីវិល​លើកឡើង​ថា រៀងរាល់ថ្ងៃ កម្មករ​ជាច្រើន​ពាន់​នាក់ ត្រូវធ្វើ​ដំណើរ​ទៅមក​ពី​គេហដ្ឋាន ទៅ​បំពេញការងារ​នៅ​តាម​បណ្ដា​រោងចក្រ​នានា ដោយ​ប្រើ​យានយន្ត​ដែល​មាន​មនុស្ស​កកកុញ និង​គ្មាន​លក្ខណៈ​សម្បត្តិ សម្រាប់​ដឹកជញ្ជូន​អ្នកដំណើរ​។ កម្មករ​ត្រូវ​បង្ខំ​ឲ្យ​ឈរ ឬ​អង្គុយ​ក្នុង​ស្ថានភាព​មិន​មាន​សុវត្ថិភាព ដោយ​គ្មាន​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព ឬ​ឧបករណ៍​ការពារ​ជា​មូលដ្ឋាន​ណាមួយ ដែល​ធ្វើ​ឱ្យ​ពួកគេ​ប្រឈមមុខ​នឹង​ហានិភ័យ​កម្រិត​ខ្ពស់ នៅពេល​មាន​គ្រោះថ្នាក់ កើតឡើង។

សហជីព និង​សង្គម​ស៊ីវិល ទទូច​ឲ្យ​រដ្ឋាភិបាល ធ្វើ​កំណែ​ទម្រង់​ជា​ប្រព័ន្ធ​ជាបន្ទាន់ និង​ជា​ចាំបាច់ នៅ​ពេល​នេះ ដើម្បី​ធានា​សុវត្ថិភាព​ដឹកជញ្ជូន​កម្មករ ។ បន្ថែម​លើ​នេះ រដ្ឋាភិបាល​ត្រូវ​ផ្តល់ សេវា​ព្យាបាល និង​សំណង ឲ្យ​បាន​ត្រឹមត្រូវ ដល់​កម្មករ​រងគ្រោះ ទាំង​ក្នុង​លក្ខខណ្ឌ​បន្ទាន់ និង​តាម​ប្រព័ន្ធ​បេទ្បាជាតិ​សន្តិសុខ​សង្គម ប​.ស​.ស។

សហជីព និង​សង្គម​ស៊ីវិល ក៏បាន​អំពាវនាវ​ឲ្យ​ហាមឃាត់​ការប្រើប្រាស់​យានយន្ត​មិន​មាន​សុវត្ថិភាព ។ ពួកគេ​ទាមទារ​ឲ្យ​កំណត់​ស្តង់ដារ​សុវត្ថិភាព​ច្បាស់លាស់ និង ធានា​ការ​ត្រួតពិនិត្យ​ជាប្រចាំ និង​ការទទួលខុសត្រូវ​។ លើស​ពី​​នេះ រដ្ឋាភិបាល ត្រូវ​ជំរុញ​ការ​វិនិយោគ​សាធារណៈ​បន្ថែម​លើ​ប្រព័ន្ធ​ដឹកជញ្ជូន​សុវត្ថិភាព ដែល​អាច​ដំណើរការ​បាន​ល្អ និង​មានតម្លៃ​សមរម្យ សម្រាប់​កម្មករ​នៅ​ទូទាំង​ប្រទេស។

សហជីព និង​សង្គម​ស៊ីវិល លើកឡើង​ដែរ​ថា និយោជក និង​សមាគម​និយោជក ត្រូវ​ទទួលស្គាល់​កាតព្វកិច្ច​របស់​ខ្លួន ក្នុង​ការ​ដោះស្រាយ​ហានិភ័យ​ជា​ប្រព័ន្ធ​នៅក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​។ ម្ចាស់​ម៉ាក​យីហោ​ត្រូវ​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ដើម្បី​ធានា​ថា រោងចក្រ​ត្រូវ​វិនិយោគ​លើ​ការ​ដឹកជញ្ជូន​សុវត្ថិភាព និង​ធានា​ថា សុវត្ថិភាព​កម្មករ ទាំង​ក្នុង​និង​ក្រៅ​កន្លែង​ការងារ គឺជា​ស្តង់ដារ​ដែល​មិន​អាច​បដិសេធ​បាន។

អ្នកគ្រប់គ្រង កម្មវិធី​ការងារ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ លោក ឃុន ថារ៉ូ មានប្រសាសន៍​ថា ប្រព័ន្ធ​នៃ​ការ​ដឹកជញ្ជូន​កម្មករ​បច្ចុប្បន្ន​នេះ មិនទាន់​មាន​គុណភាព និង​ស្តង់ដារ​គ្រប់គ្រាន់ ដើម្បី ធានា​សុ​វត្តិភាព និង​មិនមែន​ជា​ជម្រើស​ល្អ សម្រាប់​កម្មករ​ទេ​។ លោក​បន្ត​ថា រដ្ឋាភិបាល ត្រូវ​មានគំនិត​ផ្ដួចផ្ដើម ដើម្បី​ធ្វើកំណែ​ទម្រង់ និង​ផ្លាស់ប្ដូរ​ស្ថានភាព​មធ្យោបាយ​របស់​កម្មករ​និយោជិក ដោយមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ អ្នកបញ្ជា​ទិញ និង​វិស័យ​ឯកជន។

លោក ឃុន ថារ៉ូ៖ «កម្មករ​និយោជិក​ភាគច្រើន គឺ​គាត់​លើកឡើង​អំពី​កង្វល់ បញ្ហា ក្ដី​បារម្ភ​ពី​សុ​វត្តិភាព​របស់​ពួកគាត់ នៅក្នុង​ការ​ធ្វើដំណើរ​ពី​ផ្ទះ​ទៅ​កន្លែងធ្វើការ ពី​កន្លែងធ្វើការ​ទៅផ្ទះ​។ អ៊ីចឹង ដើម្បី​កំណែទម្រង់​មួយ​ផ្នែក វា​មិនទាន់​គ្រប់គ្រាន់ នៅឡើយ​ទេ សំខាន់​ពាក់ព័ន្ធ​ទៅ​ស្ថានភាព​កត្កា​សេដ្ឋកិច្ច​របស់​កម្មករ​និយោជិក ដើម្បី​ឲ្យ​គាត់​អាច មានលទ្ធភាព​នៅក្នុង​កា​រ​ចំណាយ​ទៅលើ​អ្នកផ្ដល់​សេវា ហើយ​ពេលនោះ គាត់​អាច​ទាមទារ​ទៅ​នឹង​លក្ខខណ្ឌ​សេវា​មួយ​ដែល​ប្រសើរ សម្រាប់ ពួកគាត់»។

លើស​ពី​នេះ លោក ឃុន ថារ៉ូ ថា អង្គការ​សង្គម​ស៊ីវិល សហព័ន្ធ​សហជីព និង សមាគម​នានា គ្រោង​នឹង​ជំរុញ​ករណីនេះ ទៅ​ក្រុម​ក្រុមហ៊ុន​បញ្ជា​ទិញ ចំពោះ ស្ថានភាព​កម្មករ ដែល​បាត់​បង់ជីវិត ដោយសារ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ នៅ​ខេត្តកំពង់ឆ្នាំង និង​ខេត្តស្វាយរៀង​។ លោក ថា ការជំរុញ​នេះ គឺ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ ពិចារណា​ផ្ដល់​សំណង​ជូន​កម្មករ ដែល​នេះ​ជា​ទំនួល​ខុសត្រូវ​ផ្នែក​សង្គម ក្នុង​ការ​លើកកម្ពស់​សុខភាព និង​សុវត្ថិភាព​របស់​កម្មករ។

អនុប្រធាន​សហព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​(​ស៊ី​ខៅ​ឌូ​) លោក អាត់ ធន់ គាំទ្រ​ការ​ស្នើ​របស់​អង្គការ សមាគម និង សហជីព ដែល​ធ្វើការ​លើ​វិស័យ​ការងារ ទាំង​នៅក្នុង​ប្រទេស និង​នៅក្នុង​តំបន់​។ លោក​ប្រាប់​ទូរទស្សន៍ អាស៊ីសេរី​នៅ​ថ្ងៃទី​៩ ខែមិថុនា ថា ប្រសិន បើ​រដ្ឋាភិបាល មិន​ចាត់វិធានការ បន្ទាន់​ទេ ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​កម្មករ​នឹង​អាច​បន្ត​កើតមាន​នៅពេល​ក្រោយ​ទៀត។

លោក អាត់ ធន់៖ «ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ចាត់វិធានការ​ជាបន្ទាន់ ព្រោះ​ធម្មតា​រឿង អស់នេះ​វា​ធំ វា​ធំ​អ៊ីចឹង​ទាល់តែ​រដ្ឋ​អន្តរាគមន៍​ឬ ក៏​រដ្ឋ​ចាត់វិធានការ ខ្ញុំ​គិតថា បាន​វា មាន​ប្រសិទ្ធភាព​លឿន ហើយ​បើសិនជា​មិន​មាន​អន្តរាគមន៍​ទេ ខ្ញុំ​គិតថា ការងារ នឹង​វា​យឺត ហើយ​វា​អាច​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​អី​លើក​ក្រោយៗ​ទៀត វា​បង្ក​ផល លំបាក សម្រាប់​កម្មករ​ហ្នឹង និង​ប្រជាពលរដ្ឋ​យើង​ទេ»។

ទូរទស្សន៍​អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ លោក ស៊ុន មេសា ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​៩ ខែមិថុនា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ គ្មាន​អ្នក​ទទួល។

សហជីព និង សង្គម​ស៊ីវិល អះអាង​ថា ពួកគេ​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ចូលរួម​សហការ ស្ថាបនា​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​ជួយ​កម្មករ​កាត់ដេរ​ទាំង​អស់​នៅ កម្ពុជា ឲ្យ​មាន​លក្ខខណ្ឌ​ការងារ និង​ការ​ធ្វើ​ដំណើរ​ដែល​មាន​សុវត្ថិភាព និង មាន​សេចក្តី​ថ្លៃថ្នូរ​ក្នុងនាម​ជា​មនុស្ស។

សហជីព និង សង្គម​ស៊ីវិល​លើកឡើង​ថា សុវត្ថិភាព​កម្មករ ត្រូវតែ​ពង្រីក​លើស ពី​ច្រកចូល​របស់​រោងចក្រ គឺ​ត្រូវ​ធានា​ថា មិន​មាន​កម្មករ​ណា​ម្នាក់ ត្រូវ​ប្រឈមមុខ​នឹង​ហានិភ័យ ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ ដើម្បី​ពួកគាត់​អា​ចរក​ចំណូល ដើម្បី​ផ្គត់ផ្គង់​គ្រួសារ និង​ការរស់នៅ​ដោយ​សេចក្ដី​ថ្លៃថ្នូរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ