ជនជាតិ​ដើម​ភាគតិច​កាចក់​នៅ​ខេត្តរតនគិរី ប្ដឹង​អាជ្ញាធរ​ភូមិ​ឃុំ​ទៅ​តុលាការ​ពាក់ព័ន្ធ​ការ​កាប់​រុករាន​ដី​​ព្រៃ​សហគមន៍

0
24
មេឃុំ​តាឡាវ លោក ថា ប៊ុនឡត នៃ​ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី។ រូប៖ បណ្ដាញសង្គម
មេឃុំ​តាឡាវ លោក ថា ប៊ុនឡត នៃ​ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី។ រូប៖ បណ្ដាញសង្គម

ជនជាតិ​ដើម​ភាគតិច​កាចក់ រស់នៅ​ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី សម្រេច​ប្ដឹង​អាជ្ញាធរ​ភូមិ​ឃុំ​ពី​បទ​បរិហារ​ទៅ​តុលាការ​ខេត្ត ពាក់ព័ន្ធ​ការ​ឃុបឃិត​គ្នា​កាប់​រុករាន​ដី​ព្រៃ​សហគមន៍។ មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​ប្ដឹង​ពី​បទ​បរិហារ ពាក់ព័ន្ធ​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​ទៅ​តុលាការ ជា​ទង្វើ​ស្រប​ទៅ​តាម​ច្បាប់។

ជនជាតិ​ដើម​ភាគតិច​កាចក់ រស់នៅ​ភូមិ​កាណាត ឃុំ​តាឡាវ ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី បានសម្រេច​ចិត្ត​ប្ដឹង​អាជ្ញាធរ​ភូមិ​ឃុំ ក្នុង​នោះ​មាន​លោក​មេឃុំ​តាឡាវ ថា ប៊ុនឡត និង​មេភូមិ​កាណាត លោក រម៉ាស់ យ៉ែក ពី​បទ​បរិហារ ដែល​បាន​ឃុបឃិត​គ្នា​លក់​ដី​ព្រៃ​សហគមន៍​ឲ្យ​ទៅ​ក្រុម​ឈ្មួញ និង​បាន​កាប់​រុករាន ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​រាប់​សិប​ហិកតារ។

តំណាង​ជនជាតិ​ដើម​ភាគតិច​កាចក់​នៅ​ភូមិ​កាណាត លោក សល់ ផែន អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី៩ ខែ​មិថុនា ថា ពលរដ្ឋ​បានសម្រេច​ប្ដឹង​អាជ្ញាធរ​ភូមិ​ឃុំ ដែល​បាន​ចុះហត្ថលេខា​លក់​ដី​ព្រៃ​សហគមន៍​ឲ្យ​ទៅ​ក្រុម​ឈ្មួញ​អ្នកមាន​លុយ និង​បាន​កាប់​រុករាន​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ភូមិ​កាណាត។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ដែល​អនុវត្ត​ច្បាប់​ត្រូវ​ចាត់វិធានការ​ឲ្យ​តឹងរ៉ឹង និង​ត្រូវ​ប្រគល់​ដី​ដែល​ឈ្មួញ​បាន​ឈូស​ឆាយ ឲ្យ​ទៅ​សហគមន៍​គ្រប់គ្រង​វិញ។

លោក សល់ ផែន៖ «ឲ្យ​គាត់​ដោះស្រាយ​កាត់​ឲ្យ​ប្រជាពលរដ្ឋ​ទៅ ដី​នឹង​ជា​ដី​ប្រជាពលរដ្ឋ ឲ្យ​គាត់​ជូន​ដី​ឲ្យ​ប្រជាពលរដ្ឋ​វិញ ព្រោះ​ដី​នឹង​គឺជា​ដី​សហគមន៍​ដែល​គាត់​អាស្រ័យ​ផល និយាយ​រឿង​សែន​ជំនឿ ជំនឿ​លើ​ភ្នំ អារក្ស អ្នកតា ក្រុមហ៊ុន​ចែង​ឲ្យ​ប្រជាពលរដ្ឋ គាត់​បែង​ចែង​ក្រៅពី​នៅ​សេសសល់​ពី​សម្បទាន ឲ្យ​ប្រជាពលរដ្ឋ ឥទ្បូវ​មាន​អាជ្ញាធរ​មានការ​គប់គិត​គ្នា​ជា​ប្រព័ន្ធ វា​ពិបាក​ត្រង់​នឹង សូម​ឲ្យ​ប្រគល់​ដី​ឲ្យ​ប្រជាពលរដ្ឋ​វិញ ព្រោះ​ប្រជាពលរដ្ឋ ការ​លក់​ការទិញ​ដូរ ប្រជាពលរដ្ឋ​អត់​មានការ​ដឹង​លឺ​ទេ»។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង មេឃុំ​តាឡាវ លោក ថា ប៊ុនឡត និង​មេភូមិ​កាណាត លោក រម៉ាស់ យ៉ែក ដើម្បី​សុំ​ការ​ឆ្លើយ​តប​បានទេ នៅ​ថ្ងៃទី​០៩ ខែមិថុនា​។ ទោះជា​យ៉ាងណា កាលពី​ថ្ងៃទី​០១ ខែមិថុនា មេភូមិ​កាណាត លោក រម៉ាស់ យ៉ែក បាន​ប្រាប់​អាស៊ីសេរី​ថា លោក​មិនបាន​លក់​ដី​ព្រៃ​សហគមន៍​ដូច​ការចោទប្រកាន់​នោះ​ឡើយ ហើយ​លោក​ក៏បាន​ហាមឃាត់​ក្រុម​ឈ្មួញ​នោះ​កុំ​ឲ្យ​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​ដែរ ប៉ុន្តែ​ក្រុម​ឈ្មួញ​ទាំងនោះ​មិន​ស្ដាប់​តាម​ការណែនាំ​របស់​អាជ្ញាធរ​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក យិន ម៉េងលី លើកឡើង​ថា ករណី​ពលរដ្ឋ​ប្ដឹង​បរិហារ​ទៅ​តុលាការ មានន័យថា​ពលរដ្ឋ​កំពុង​ប្រាប់​អំពី​បទល្មើស​កើតឡើង​នៅ​តំបន់​នោះ ដើម្បី​ឲ្យ​មន្ត្រី​តុលាការ​ចុះ​ស៊ើបអង្កេត ពាក់ព័ន្ធ​បទល្មើស ដើម្បី​ចាត់វិធានការ​តាមច្បាប់ ហើយ​ពលរដ្ឋ​សម្រេចចិត្ត​ប្ដឹង​បែបនេះ​វា​ស្រប​ទៅ​តាម​ច្បាប់ មិន​មិនជា​ទង្វើ​ខុសច្បាប់​នោះ​ឡើយ។

លោក យិន ម៉េងលី៖ «គាត់​ក៏​ជា​ម្ចាស់​នៃ​ទ្រព្យសម្បត្តិ​ទាំងអស់​នឹង​ដែរ គាត់​ដាក់​ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា​អត់​ខុស​អី​ទេ ព្រះរាជអាជ្ញា​គប្បី​ធ្វើការ​អង្កេត​ទ្បើង​វិញ​ទៅលើ​ព័ត៌មាន​ដែរ​ទទួល​បាន​ពី​ប្រជាពលរដ្ឋ ដើម្បី​ថែរក្សា​ទ្រព្យសម្បត្តិ​សាធារណៈ អត់​អាច​ធ្វើការ​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​យក​ដី​ប្រជាពលរដ្ឋ ដី​សហគមន៍ ឬ​ដី​របស់​រដ្ឋ​បានទេ»។

កាលពី​ថ្ងៃទី​២៦ ខែឧសភា កន្លងទៅ​សហគមន៍​បាន​នាំគ្នា​តវ៉ា​បណ្ដេញ​គ្រឿងចក្រ និង​ក្រុម​សន្តិសុខ របស់​ក្រុម​ឈ្មួញ​អ្នក​មាន​អំណាច មិន​ឲ្យ​ឈូស​ឆាយ ឬ​ហ៊ុមព័ទ្ធ​យក​ដី​ព្រៃ​ជំនឿ​របស់​ពលរដ្ឋ​នោះ​ទេ ពីព្រោះ​ព្រៃ​មួយ​នេះ​ជនជាតិ​ដើម​ភាគតិច​កាចក់​គោរព​បូជា​តាំងពី​ដូនតា​មក​។ ក្រោយ​មាន​ករណី​តវ៉ា អាជ្ញាធរ​ស្រុក​បាន​ប្រជុំ​ជាមួយ​សហគមន៍​រក​ដំណោះស្រាយ ប៉ុន្តែ​ការ​រក​ដំណោះស្រាយ​នោះ មិន​មាន​លទ្ធផល​នោះ​ឡើយ។

ករណី​អ្នកមាន​លុយ​មានអំណាច ឬ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​វិនិយោគ​រំលោភ​យក​ដីស្រែ​ចម្ការ ដី​ព្រៃ​សហគមន៍ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​របស់​ពលរដ្ឋ​ក្នុង​ខេត្តរតនគិរី មិនមែន​កើតឡើង​តែ​នៅក្នុង​ស្រុក​អណ្តូង​មាស​ប៉ុណ្ណោះ​ទេ យ៉ាងហោចណាស់​មាន​ប្រជាពលរដ្ឋ​ចំនួន​ពីរ​ស្រុក​ផ្សេងទៀត ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​រំលោភ​យក​ដីស្រែ​ចម្ការ ឈូស​ឆាយ​បំផ្លាញ​ផលដំណាំ​របស់​ពួកគាត់​ដែរ ក្នុង​នោះ​រួមមាន​នៅ​ស្រុក​អូយ៉ាដាវ និង​ស្រុក​លំផាត់​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ