

សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់សាលក្រមចំនួនពីររបស់សាលាដំបូងរាជធានីភ្នំពេញដែលផ្ដន្ទាទោសលើកញ្ញា នួន តឿន ទុកជាបានការដដែល។ សង្គមស៊ីវិលសោកស្ដាយ និងចាត់ទុកការចាប់ចោទប្រកាន់ និងឃុំខ្លួននេះ ថា នឹងប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ។
សាលាឧទ្ធរណ៍ភ្នំពេញកាលពីថ្ងៃទី២ ខែមីនា បានប្រកាសសាលដីកា ដោយតម្កល់សាលក្រមចំនួនពីររបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្ដន្ទាទោស លើអតីតពលករខ្មែរដែលចាប់បញ្ជូនពីប្រទេសម៉ាឡេស៊ី គឺកញ្ញា នួន តឿន ឲ្យជាប់ពន្ធនាគារជិត ៤ឆ្នាំ។
សំណុំរឿងទី ១ សាលាឧទ្ធរណ៍សម្រេចឲ្យកញ្ញា នួន តឿន ជាប់ពន្ធនាគារចំនួន ១៨ខែ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និង«ញុះញង់ឱ្យមានការរើសអើង» និងសំណុំរឿងទី២ ជាប់ពន្ធនាគារ ២ ឆ្នាំ ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ»។ ក្រៅពីផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារហើយតុលាការ ក៏បានពិន័យប្រាក់ ២លានរៀល ឬស្មើ ៥០០ដុល្លារផងដែរ។
ការផ្ដន្ទាទោសកញ្ញា នួន តឿន នេះ ពាក់ព័ន្ធនឹងការបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក ករណីរិះគន់លោក ហ៊ុន សែន។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO)លោក អំ សំអាត លើកឡើងថា ប្រសិនបើអាជ្ញាធរ និងតុលាការ មិនបានកំណត់ឲ្យច្បាស់អ្វីជាសេរីភាពបញ្ចេញមតិ និងអ្វីជាបទល្មើសនោះទេ នឹងប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិ។
លោក អំ សំអាត៖ «ការបញ្ចេញមតិវាអាចជាការបញ្ចេញមតិផ្ទុយ ការបញ្ចេញមតិស្រប និងការរិះគន់ និងការចូលរួមទៅលើបញ្ហាសង្គមផ្សេងៗ ឬក៏ការបង្ហាញនូវ បញ្ហាផ្សេងៗនៅក្នុងសង្គម។ អ៊ីចឹងសេរីភាពនៅក្នុងការបញ្ចេញមតិនេះ វាជាមូលដ្ឋានគ្រឹះមួយនៃសង្គមប្រជាធិបតេយ្យផងដែរ។ អ៊ីចឹង បើសិនជាសេរីភាពនៅក្នុងការបញ្ចេញមតិនេះ មានការរួមតូច ឬក៏ធ្លាក់ចុះ អាហ្នឹងក៏អាចប៉ះពាល់ដល់ដំណើរការ នៃលទ្ធិប្រជាធិបតេយ្យផងដែរ»។
កញ្ញា នួន តឿន គឺជាស្ត្រីម្នាក់ធ្លាប់បានធ្វើការងារនៅប្រទេសម៉ាឡេស៊ី និងជាអ្នកគាំទ្រគណបក្សប្រឆាំង។ កញ្ញាត្រូវបានចាប់ខ្លួន និងបញ្ជូនមកប្រទេសកម្ពុជាវិញ កាលពីចុងឆ្នាំ២០២៤ តាមសំណើរបស់អាជ្ញាធរកម្ពុជា។
ការចាប់ខ្លួនពលកររូបនេះ បន្ទាប់ពីតែងតែប្រើប្រាស់បណ្ដាញសង្គមនិយាយរឿងអយុត្តិធម៌ក្នុងសង្គម បញ្ហាព្រំដែនជាមួយប្រទេសវៀតណាម ជាពិសេស រិះគន់ការដឹកនាំរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
អ្នកឃ្លាំមើលជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការទាំងអស់ ឲ្យមានសេរីភាព និងត្រូវបញ្ឈប់សកម្មភាពចាប់ និងឃុំខ្លួនពលរដ្ឋខ្មែរ ដែលគ្មានកំហុស ទុកធ្វើជាចំណាប់ ខ្លាំងនៃអំណាចរបស់គ្រួសារត្រកូលហ៊ុនបន្តទៀត ហើយងាកមកបើកផ្លូវផ្សះផ្សាជាតិកម្ពុជា ដើម្បីរួមកម្លាំងគ្នាតទល់នឹងការឈ្លានពានរបស់ថៃវិញ៕









