

ក្រុមអង្គការស៊ីវិលនៅថ្ងៃទី៥ ខែមីនា បានប្រមូលម្ដុំគ្នារៀបចំទិវាសិទ្ធិនារី ៨មីនា ក្រោមប្រធានបទ«សិទ្ធិ យុត្តិធម៌ សកម្មភាពដើម្បីស្ត្រី និងក្មេងស្រី» ក្នុងគោលដៅជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គោរពសិទ្ធិមនុស្ស និងលុបបំបាត់អំពើនិទ្ទណ្ឌភាព មកលើស្ត្រី និងកុមារ។ ទន្ទឹមគ្នានោះ ពួកគាត់បានលើឡើងពីក្ដីបារម្ភជុំវិញបញ្ហាដែលរដ្ឋាភិបាលបន្ត ធ្វើទុក្ខបុកម្នេញ មកលើសកម្មជនសិទ្ធិមនុស្ស បរិស្ថាន និង សហជីព ដែលជាទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ «សិទ្ធិយុត្តិធម៌ សកម្មភាពដើម្បីស្ត្រី និងក្មេងស្រី» ដោយមានមន្ត្រីអង្គការ សមាគម និងសហជីពជាច្រើនបានចូលរួម រួមទាំងស្ត្រីកូដករនៃក្រុមហ៊ុន ណាហ្គាវើលដ៍ជាដើម។
អគ្គលេខាធិការសហជីព ណាហ្គាវើលដ៍ លោកស្រី ឃ្លាំង សុបិន្ត បានថ្លែងនៅ ក្នុងវេទិកាទិវាសិទ្ធិនារី នៅថ្ងៃទី៥ ខែមីនា ដោយរៀបរាប់យ៉ាងលម្អិតអំពីទិដ្ឋភាពដែលអាជ្ញាធរក្រុងភ្នំពេញ បានឃុបឃិត ជាមួយ ម្ចាស់ក្រុមហ៊ុនបនល្បែងកាស៊ីណូ ណាហ្គាវើលដ៍ ធ្វើទុក្ខបុកម្នេញ ថ្នាក់ដឹកនាំសហជីពជាបន្តបន្ទាប់។ ក្នុងនោះ លោកស្រី និងប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ រួមនឹងសមាជិកដទៃទៀត ចំនួន ៨នាក់ ត្រូវអាជ្ញាធរចាប់ខ្លួន ដោយហិង្សា យកមកឃុំក្នុងពន្ធនាគារដោយអយុត្តិធម៌ ក្រោយពីពួកគាត់ បានធ្វើកូដកម្មស្នើឱ្យក្រុមហ៊ុន គោរពសិទ្ធិការងារ ដែលស្រប ទៅនឹងច្បាប់ជាតិ និងអន្តរជាតិ ស្ដីពី «សិទ្ធិការងារ»។
លោកស្រី ឃ្លាំង សុបិន្ត៖ «យើងធ្វើរឿងដើម្បីបុគ្គលិកកម្មករវាគួរបានការលើកទឹកចិត្តគាំទ្រ ប៉ុន្តែវាទៅជាប្រើផ្លូវច្បាប់មកចោទយើង ថាយើងបង្កភាពវឹកវរ។ មិនដឹងថា វឹកវរនៅកន្លែងណាខ្ញុំក៏មិនយល់ពាក្យវឹកវរនោះ បែបណាដែរ។ យើងឈរស្ងៀមៗសោះថា យើងវឹកវរសង្គ្រាម។ យើងអត់ខុសសោះ បែរជាចោទយើង អយុត្តិធម៌ នឹងជារឿងឈឺចាប់មួយដែរ»។
ក្នុងវេទិកានេះដែរ គេឃើញមានមន្ត្រីសង្គមស៊ីវិល និងសហជីព ជាច្រើនបានលើកឡើងពីបញ្ហាប្រឈម របស់ស្ត្រី ដែលជាអ្នកសារព័ត៌មាន សកម្មជនសិទ្ធិមនុស្ស បរិស្ថាន និងសហជីព ជាដើម បានទទួលរងការ ប្រមាថមើលងាយ សព្វបែបយ៉ាង។ រីឯ ក្រសួងកិច្ចការនារី ហាក់គ្មានសកម្មភាពការពារ ស្ត្រីសោះ បើទោះបីកន្លងមកជនរងគ្រោះបានដាក់ពាក្យប្ដឹងជាហូរហែក្ដី។ ជាឧទរការណ៍ ក្រុមកូដករណាហ្គាវើលដ៍ ម្នាក់ ដែលត្រូវបានសមត្ថកិច្ចរុញច្រាន រហូតដល់រលូនកូន ក៏គ្មានឃើញក្រសួងចេញមក ជួយរកដំណោះស្រាយ នោះដែរ។ បន្ថែមពីនោះ សកម្មជនបរិស្ថាន និងសកម្មជនដីធ្លី ជាដើម គឺសុទ្ធតែធ្លាប់ទទួលរងការ បង្ក្រាប ដោយហិង្សា ពីអាជ្ញាធរ និងប៉ះពាល់រងកាយ រហូតដល់ ផ្លូវភេទ តាមតែ អំពើចិត្ត ក៏គ្មានស្ថាប័នរដ្ឋ ជួយអើពើនោះដែរ។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាកម្ពុជា លោក ជា ធីរិទ្ធ ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៥ ខែមីនា ថា រដ្ឋាភិបាលតែងតែ ប្រឹងប្រែងលើកកម្ពស់សិទ្ធិមនុស្ស និងការពារសិទ្ធិស្ត្រី ជាហូរហែ។ លោកថាការរិះគន់របស់សង្គមស៊ីវិល គឺជាសិទ្ធិសេរីភាពបញ្ចេញមតិ។
លោក ជា ធីរិទ្ធ៖ «ពួកយើងបានប្រឹងប្រែងណាស់ ក្នុងការលើកស្ទួយសិទ្ធិមនុស្ស ជាពិសេសសិទ្ធិស្ត្រី ហ្នឹងតែម្ដង ដែលយើងបានព្យាយាមលើកកម្ពស់ និងដាក់ចូលស្ត្រីទៅក្នុងតួនាទីសំខាន់ៗទាំងគណបក្ស និងក៏ដូចជារដ្ឋាភិបាល និងស្ថាប័នជាច្រើនទៀត។ អ៊ីចឹងរដ្ឋាភិបាលរបស់យើងបានផ្ដល់តម្លៃណាស់ ក្នុងការផ្ដល់តួនាទីស្ត្រី ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ»។
បើទោះជាមានការអះអាងបែបនេះក្ដី គេសង្កេតឃើញថា ក្នុងស្ថានភាពដែលប្រទេសជាតិកំពុងតែរងការញាំញី ដោយទង្វើឈ្លានពានពីសំណាក់យោធាថៃ ពលរដ្ឋរាប់ម៉ឺននាក់ បានបាត់បង់ ផ្ទះសម្បែង រដ្ឋាភិបាល របស់ លោក ហ៊ុន ម៉ាណែត មិនបានបន្ធូរដៃក្នុងចាប់ចង ពលរដ្ឋដែលរិះគន់ បញ្ហារឿងព្រំដែននោះទេ និងគ្មានការអើពើពីការរំលោភសិទ្ធិមនុស្សដែរ។ គិតត្រឹមថ្ងៃទី៥ ខែមីនា មានពលរដ្ឋ សហជីព អ្នកនយោបាយ និងអ្នកសារព័ត៌មាន ជិត១០០(៩៨)នាក់ ត្រូវបានចាប់ដាក់គុក ក្រោយពីពួកគាត់ ប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិ ដែលស្របទៅនឹងច្បាប់។
ជុំវិញរឿងនេះ មន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក និងជាអតីតអ្នកជាប់ពន្ធនាគារដោយសារតែ កិច្ចការតស៊ូមតិរឿងសិទ្ធិមនុស្ស លោក យី សុខសាន្ត បានថ្លែងក្នុងវេទិកាសិទ្ធិនារីដែរថា ជាច្រើនឆ្នាំមកនេះ បញ្ហារំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យកាន់តែអាក្រក់។ លោកថា ការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងសកម្មជនសង្គម នៅតែបន្តកើតមាន ក្រោយពីពួកគាត់ បានបញ្ចេញមតិ រិះគន់ រឿងអយុត្តិធម៌សង្គម។ លោកថា ការចាប់ខ្លួនអ្នកទាំងនោះ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីទង្វើនៃ ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោកស្នើឱ្យរដ្ឋាភិបាល ត្រូវពិចារណាឡើងវិញ ហើយធានាថា ពលរដ្ឋ សង្គមស៊ីវិល និងអ្នកនយោបាយ មានសេរីភាពពេញលេញ និង លុបបំបាត់អំពើនិទ្ទណ្ឌភាព មកលើស្ត្រី និងកុមារ។
លោក យី សុខសាន្ត៖ «អ្វីដែលរដ្ឋាភិបាលបារម្ភនោះ មិនមែនគាត់ខ្លាចបាត់បង់សិទ្ធិគេនោះទេ ប៉ុន្តែគាត់ខ្លាចបាត់បង់ អំណាចរបស់គាត់។ អ៊ីចឹងគាត់ភ័យខ្លាចនៅពេលដែលយើង ហ៊ាននិយាយ ហ៊ានថា ត្រូវបានគាត់រឹតត្បិត។ មកដល់ពេលនេះ យើងមើលឃើញការធ្វើទុក្ខបុកម្នេញ ទៅលើសកម្មជននយោបាយ។ ក្រោយមកនេះ ធ្វើទៅលើអ្នកសារព័ត៌មាន ដោយគាត់មិនខ្វល់ ពីច្បាប់របបសារព័ត៌មានទេ ។ គាត់ឃើញកន្លែងណាគាត់ចាប់ដាក់គុកហ្នឹង។ យើងមិនដឹងថា ហេតុអ្វីគេមិនយកច្បាប់មកអនុវត្ត។ ការដែលប្រទេសមួយបង្កើតច្បាប់ ហើយមិនអនុវត្តហ្នឹង នោះហើយគឺជាការរំលោភសិទ្ធិមនុស្ស»។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានចេញរបាយការណ៍ក្នុងឆ្នាំ២០២៦ដោយរកឃើញថា ចាប់តាំងពី លោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែង ស្ថានភាពសិទ្ធិមនុស្សកាន់តែដាំក្បាល ចុះ តាមរយៈការ ចាប់ខ្លួន អ្នករិះគន់ក្រោមបទចោទ «ញុះញង់» ឬ «រួមគំនិតក្បត់»។ រីឯ តុលាការបានក្លាយ ជាឧបករណ៍នយោបាយ ចាំបង្ក្រាបអ្នកមានគំនិតផ្ទុយ ហើយការពារឥស្សរជននយោបាយបក្សកាន់អំណាច។ ករណីនេះត្រូវបានគេមើលឃើញថា ឱកាសនាំធ្វើឱ្យអំពើពុករលួយកើនឡើង ជាប្រព័ន្ធ អំពើអយុត្តិធម៌សង្គម និង បទល្មើសឆបោកអនឡាញ ក៏បន្តរីកដុះដាលយ៉ាងខ្លាំង ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ៕









