លោក ហ៊ុន ម៉ាណែត ថា កម្ពុជា​មិន​បាន​ព្រងើយកន្តើយ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ឡើយ

0
66
(ពី​ស្ដាំ) ប្រធាន​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) លោក ហ៊ុន តូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ជា បងប្អូន​ជីដូនមួយ​លោក ហ៊ុន ម៉ាណែត។ រូប៖ បណ្ដាញ​សង្គម
(ពី​ស្ដាំ) ប្រធាន​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) លោក ហ៊ុន តូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ជា បងប្អូន​ជីដូនមួយ​លោក ហ៊ុន ម៉ាណែត។ រូប៖ បណ្ដាញ​សង្គម

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទទួលស្គាល់​ថា បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដូចជា អំពើ​ឆបោក​តាម​អនឡាញ ជួញដូរ​មនុស្ស គ្រឿងញៀន និង​ការ​លាង​លុយកខ្វក់​គឺ​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ដែល​ក្រុម​បណ្ដាញ​ឧក្រិដ្ឋជន​នៅតែ​បន្ត​មាន​ប្រតិបត្តិការ​នៅ​កម្ពុជា និង​បាន​ធ្វើ​ឱ្យ​ខូចប្រយោជន៍​សេដ្ឋកិច្ច និង​កេរ្តិ៍ឈ្មោះ​ជាតិ​លើ​ឆាក​អន្តរជាតិ​។ ទន្ទឹម​នឹង​ការ​ទទួល​ស្គាល់​នេះ លោក ហ៊ុន ម៉ាណែត មិន​បាន​បង្ហាញ​ជំហរ​ក្នុង​ការ​បោសសម្អាត​កម្ចាត់​អ្នក​ដែល​ពាក់ព័ន្ធ ជាពិសេស​មេខ្លោង​អ្នក​មាន​អំណាច​កំពូលៗ​ដែល​កាង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នេះ​ឡើយ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្ត​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ពង្រឹង​ប្រតិបត្តិការ​ក្នុង​យុទ្ធនាការ​បោសសម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ឱ្យ​អស់​ចេញពី​ទឹកដី​កម្ពុជា​។ ជាមួយ​គ្នា​នេះ លោក​ក៏​ស្នើ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ចាត់ទុក​បញ្ហា​គ្រឿងញៀន​ជា​គោលដៅ​អាទិភាព និង​ពង្រីក កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ ដើម្បី​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​ស៊ើបអង្កេត​លើ​ក្រុម​បណ្ដាញ​ឧក្រិដ្ឋជន​លាងលុយកខ្វក់​នៅ​កម្ពុជា​។​

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា យុទ្ធនាការ​បោសសម្អាត​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ចុង​ក្រោយនេះ​ក៏​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពលរដ្ឋ​ដែល​ជា​ម្ចាស់​អាជីវកម្ម អ្នក​លក់ដូរ និង​ម្ចាស់​ផ្ទះ​ជួល​ជាដើម ប៉ុន្តែ​លោក​អះអាង​ថា រដ្ឋាភិបាល​មិន​អនុញ្ញាត​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋកម្ម​នេះ​បន្ត​មាន​វត្តមាន​នៅ​កម្ពុជា​បន្ត​ទៀត​ឡើយ​។ លោក​ទទួលស្គាល់​ថា បណ្ដាញ​ឧក្រិដ្ឋជន​ដែល​ប្រើប្រាស់​ទឹកដី​កម្ពុជា​ប្រតិបត្តិការ​អំពើ​ឧក្រិដ្ឋកម្ម​ទាំងនេះ​បាន​ធ្វើ​ឱ្យ​ខូចខាត​ផលប្រយោជន៍​សេដ្ឋកិច្ច វិស័យ​ទេសចរណ៍ និង​កេរ្តិ៍ឈ្មោះ​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

លោក ហ៊ុន ម៉ាណែត៖ «បើ​យើង​មិន​ថែទាំ​សេដ្ឋកិច្ច ស សេដ្ឋកិច្ច​ខ្មៅ​កាន់តែ​រីក​វា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពណ៌​ស វា​ធ្វើ​ឱ្យ​ប្រទេសជាតិ​របស់​យើង​មានការ​លំបាក អ៊ីចឹង​បាន​ខ្ញុំ​សុំ​ឱ្យ​មានការ​យោគយល់​ការចូលរួម យើង​ត្រូវ​មាន​ការវះកាត់ និង​រួមគ្នា ដើម្បី​បោសសម្អាត​បញ្ហា (Scam) នេះ​ឱ្យ​ចេញពី​ប្រទេស​យើង​ទាំងអស់គ្នា ដើម្បី​ឱ្យ​ជាតិខ្មែរ ប្រទេស​ខ្មែរ​ទាំងមូល​កុំឱ្យ​ពាក់ព័ន្ធ​ជាមួយ​អាហ្នឹង​។ រដ្ឋបាល​រាជធានី​ខេត្ត​បាន​អនុវត្ត ហើយ​សុំ​បន្ត​តទៅទៀត ចលនា​នេះ​គឺជា​ចលនា​ដែល​យើង​ត្រូវ​បន្ត​ធ្វើ​ដើម្បី​សម្អាតផ្ទះ​យើង»។

លោក​ថ្លែង​បែប​នេះ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០២៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៦ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កាលពី​រសៀល​ថ្ងៃទី​៦ ខែមីនា​។ ទន្ទឹម​នឹង​ការ​ទទួលស្គាល់​ពី​ផល​ប៉ះពាល់​លោក ហ៊ុន ម៉ាណែត មិនបាន​បង្ហាញ​ជំហរ ឬ​ឆន្ទៈ​កម្ចាត់ និង​ស៊ើបអង្កេត​សាច់ញាតិ​បក្ខពួក​ខ្លួន​ដូចជា លោក ហ៊ុន តូ រួម​ទាំង​មន្ត្រី​ឧកញ៉ា​គ្រាក់ៗ​ដូចជា​លោក លី យ៉ុងផាត់ និង​លោក កុក អាន ដែល​រង​ការ​ចោទប្រកាន់​ថា ជា​មេខ្លោង​កាង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ឡើយ​។ ក្រៅ​ពី​នេះ ទន្ទឹម​នឹង​មេដឹកនាំ​ក្រុងភ្នំពេញ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​សហការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​អាជ្ញាធរ​នៃ​របប​ត្រកូល ហ៊ុន បែរជា​បន្ត​បង្ក្រាប​ពលរដ្ឋ​ដែល​ហ៊ាន​និយាយ​ការពិត និង​បន្ត​ចាប់​អ្នកកាសែត​ដែល​រាយការណ៍​ពី​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ទៅវិញ។

លោក ហ៊ុន ម៉ាណែត ក៏​បន្ត​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​ថា ចំណូល​នៃ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​ពី​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ។ លោក​បកស្រាយ​ថា អ្នក​ដែល​ទទួល​បាន​ផលប្រយោជន៍​សេដ្ឋកិច្ច​ពី​បណ្ដាញ​ឧក្រិដ្ឋកម្ម​អនឡាញ​គឺជា​ពលរដ្ឋ​ដែល​ជា​ម្ចាស់​អាជីវកម្ម និង​អ្នក​រត់​តាក់ស៊ី​ជាដើម ដែល​មាន​មុខរបរ ឬ​ប្រកបការងារ​នៅ​តំបន់​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ។

ស្ថាប័ន​អន្តរជាតិ​ជំនាញ​ធំៗ​បាន​វាយតម្លៃ​ថា កម្ពុជា​អាច​ក្លាយជា​ឋានសួគ៌​នៃ​បណ្ដាញ​ឧក្រិដ្ឋជន​បង្កើត​ជា​អាណាចក្រ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​បាន​ដូច​សព្វថ្ងៃ​គឺ​ដោយសារតែ​ជា​ប្រទេស​គ្មាន​នីតិរដ្ឋ និង​ជា​ប្រទេស​មាន​អំពើពុករលួយ​ខ្លាំង​ជាង​គេ​ក្នុង​តំបន់​អាស៊ី។

ប្រធាន​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា ទំហំ​នៃ​ឧក្រិដ្ឋកម្ម​ដែល​រីក​ពាសពេញ​ប្រទេស លោក ហ៊ុន ម៉ាណែត មិន​អាច​ប្រកាស​ទទួលស្គាល់ ហើយ​គេច​ចេញពី​ការទទួលខុសត្រូវ​បាន​នោះ​ទេ។ អ្នកស្រី​ថា ទាមទារ​ឱ្យ​មាន​ការបង្កើត​គណៈកម្មាធិការ​អន្តរជាតិ​ឯករាជ្យ ព្រោះ​អ្នកស្រី​ថា គណៈកម្មាធិការ​ជាតិ​ដែល​រដ្ឋាភិបាល​ត្រកូល ហ៊ុន ដាក់ចេញ​បង្ក្រាប​ឧក្រិដ្ឋជន​តាម​អន​ឡាញ​នោះ​ប្រៀប​បីដូច​ជា «​យក​ចោរ​ទៅ​ចាប់ចោរ​»​។ ក្រៅ​​ពីនេះ អ្នកស្រី​មើល​ឃើញ​ថា ចំណាត់​បង្ក្រាប​កន្លងមក​មិន​ត្រឹមតែ​គ្មាន​ចាប់ខ្លួន​មេខ្លោង​មានអំណាច​កំពូល​នោះ​ទេ រដ្ឋាភិបាល​ត្រកូល ហ៊ុន ក៏​មិនបាន​ផ្ដល់​កិច្ច​គាំពារ​ជួយ​ដល់​ជនរងគ្រោះ​ពី​អំពើ​ឆបោក​តាម​អនឡាញ​ឡើយ។

អ្នកស្រី មូរ សុខហួរ៖ «អ្នក​ដែល​រងគ្រោះ​មកពី​ប្រទេស​ក្នុង​សកលលោក​មាន​រហូតដល់​អាហ្វ្រិក​ទៀត​នោះ​សម្លាប់​ខ្លួន​ផង មានការ​ធ្វើ​ទារុណកម្ម​គ្រប់បែប​ទាំងអស់​នៅ​មជ្ឈមណ្ឌល​ឆបោក​ហ្នឹង​។ តាមច្បាប់​អន្តរជាតិ​អ្នក​ទាំងនោះ​គឺជា​ជនរងគ្រោះ អ្នកនោះ​ត្រូវតែ​ទទួល​បាន​ការពារ​ពី​ប្រទេស​របស់​ខ្លួន ព្រមទាំង​ប្រទេស​ដែល​សព្វថ្ងៃ​គ្នា​នៅឯណា គ្នា​នៅ​ប្រទេស​កម្ពុជា​។ យើង​អត់​មាន​ឃើញថា រដ្ឋាភិបាល​ប្រទេស​កម្ពុជា​មាន​ចាត់វិធានការ​ច្បាស់លាស់​ក្នុង​ការ​ការពារ​អ្នក​ទាំង​នោះ​ទេ។ អ្នក​ទាំង​នោះ​បាន​រត់ចេញ​មក​ហើយ​បើ​គ្នា​មាន​ថវិកា គ្នា​មាន​មធ្យោបាយ​ទៅ​ប្រទេស​វិញ​ដោយ​ខ្លួនឯង»។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​បាន​ជ្រើស​យក​ប្រទេស​កម្ពុជា​បង្កើត​ជា​អាណាចក្រ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ពាសពេញ​ប្រទេស​បាន​ដោយ​ងាយស្រួល តាមរយៈ​កសាង​ទំនាក់ទំនង និង​ឃុបឃិត​ជាមួយ​មន្ត្រី​កំពូលៗ​ក្នុង​ជួរ​រដ្ឋាភិបាល និង​ឧកញ៉ា​ឈ្មួញ​ទុច្ចរិត​មួយចំនួន​នៅ​កម្ពុជា​។ ឧក្រិដ្ឋជន​ខ្លះទៀត​ដូចជា ចេន ហ្ស៊ី ចូល​មក​ពង្រីក​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​តាមរយៈ​ការទិញ​សញ្ជាតិ​ខ្មែរ​ពី​រដ្ឋាភិបាល​ត្រកូល ហ៊ុន និង​ទទួល​បានការ​កាង​ការពារ​ដោយ​ផ្ទាល់ ដើម្បី​ពង្រីក​បណ្ដាញ​ឧក្រិដ្ឋកម្ម ដែល​បង្ក​ការឈឺចាប់​ដល់​ជនរងគ្រោះ​តាមរយៈ​ការ​ឆបោក​លុយរាប់​ពាន់​លាន​ដុល្លារ និង​ការ​ធ្វើ​ទារុណកម្ម​មនុស្ស​រាប់​សិប​នាក់​នៅ​ជុំវិញ​ពិភពលោក៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ