អតីតមន្ត្រី​ប៉ូលិស​ខេត្ត​កណ្ដាល​ម្នាក់ ជាប់​ពាក់ព័ន្ធ​រឿង​សម្លាប់​ពលរដ្ឋ ទទួល​បាន​តំណែង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ស្អាង

0
29
អភិបាលស្រុក​ស្អាង លោក ជឺ គឹមហៃ។ រូបហ្វេសប៊ុករដ្ឋបាលស្រុក​ស្អាង
អភិបាលស្រុក​ស្អាង លោក ជឺ គឹមហៃ។ រូបហ្វេសប៊ុករដ្ឋបាលស្រុក​ស្អាង

ពលរដ្ឋ និង​សង្គម​ស៊ីវិល ព្រួយបារម្ភ ក្រោយពី អតីតមន្ត្រី​ប៉ូលិស​ស្រុក​ស្អាង ខេត្ត​កណ្ដាល​ម្នាក់ គឺ​លោក ភក្តី វិទូ ដែល​ធ្លាប់​មាន​រឿងអាស្រូវ ប្រព្រឹត្ត​អំពើ​ហិង្សា មក​លើ​ពលរដ្ឋ ២​នាក់ បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ និង​ស្លាប់ កាលពី​ឆ្នាំ​២០២១៦ ទទួល​បាន តំណែង​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ស្អាង។ អភិបាលស្រុក​ស្អាង​ថា ការ​តែងតាំង លោក ភក្តី វិទូ គឺ​ធ្វើ​ឡើង តាម​នីតិវិធី​បក្ស ដោយ​ពុំបាន​គិត​ពី​រឿងអាស្រូវ ដែល​ធ្លាប់​កើត មាន​នោះ​ឡើយ។

ពលរដ្ឋ​សំដែង​ការ​ភ្ញាក់ផ្អើល​ផង និង​មិន​ពេញចិត្ត​ផង​ចំពោះ​ការតែងតាំង អតីតមន្ត្រី​ប៉ូលិស​ស្រុក​ស្អាង លោក ភក្តី វិទូ ដែល​ធ្លាប់ រង​ការ​ចោទប្រកាន់​ថា បាន​ព្រួត​គ្នា​វាយ​បុរស​ម្នាក់ រហូតដល់​ស្លាប់​និង​ម្នាក់ទៀត​រង​របួស​ធ្ងន់ កាលពី​ឆ្នាំ​២០១៦។

ពលរដ្ឋ​ម្នាក់​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​៩ ខែមីនា ក្នុង​លក្ខខណ្ឌ មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ ពី​សុវត្ថិភាព លើកឡើង​ថា ជា​រឿង គួរ​ឱ្យ​ព្រួយបារម្ភ នៅ​ពេល​ដែល​អតីតមន្ត្រី​ប៉ូលិស​ស្រុក​ស្អាង លោក ភក្តី វិទូ ដែល​ធ្លាប់​មាន​រឿងអាស្រូវ​សម្លាប់ ពលរដ្ឋ​ម្នាក់ បែរជា ទទួល​បាន​តំណែង ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ស្អាង​។​ពលរដ្ឋ​រូប​នេះ​ហាក់​មាន​មន្ទិល​ថា​ការតែងតាំង នេះ​អាច​ធ្វើឡើង​ក្រោម​រូបភាព​អំពើ ពុករលួយ ឬ​បក្ខពួក​និយម។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖ «អ៊ីចឹង​ខ្ញុំ​គិតថា​វា​ជា​រឿង​មិន​ប្រក្រតី​។​គាត់​ចូល​តាមរបៀប​ណា​? គាត់​ចូល​តាមរបៀប បានជា​គាត់​អាច​ចូល​ធ្វើ​ការ​បាន​។ ជា​ក្រុមប្រឹក្សា​ស្រុក​តំណែង​នេះ​ធំ​តើ មិនមែន​តូច​ទេ​។ ដូច​ខ្ញុំ​គិត​ថា ជា​ឧក្រិដ្ឋកម្ម​នេះ​វា​ត្រូវ​ជាប់ទោស​១៥ ទៅ​២០​ឆ្នាំ​។ អ៊ីចឹង​បាន​ខ្ញុំ​គិតថា ហេតុអ្វី​បានជា​គាត់​មិន​ទទួល​ទោស​ទណ្ឌ»។

កាលពី​ថ្ងៃទី​២១ ខែ​តុលា ឆ្នាំ​២០១៦ បុរស​ម្នាក់​ឈ្មោះ ចំរើន សីហា អាយុ ២៦​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​ក្រុង​តាខ្មៅ និង​បុរស​ម្នាក់ទៀត​ឈ្មោះ ទិត្យ លាភ អាយុ ២២​ឆ្នាំ បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​ពួកគាត់​ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង ៣​នាក់​ព្រួត​គ្នា​វាយដំ ក្រោយ​ពី​មាន​ជម្លោះ​ជិះ​ម៉ូតូ ប្រជែង​គ្នា ហើយ​ត្រូវ​បាន​នគរបាល​ចោទ​ថា ជា​ចោរប្លន់។

ប៉ូលិស​ទាំង​៣​នាក់​នោះ រួមមាន អតីត​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង លោក ភក្ដី វិទូ អតីត នាយ​ផ្នែក​អន្តោប្រវេសន៍​នៃ​អធិការដ្ឋាន​នគរបាល លោក ឆៃ ស៊ីណា និង​អតីត​នាយរង​ផ្នែក​ពិនិត្យ និង​វិភាគ កន្លែង​កើត​ហេតុ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក លោក ឃាង សុង​ថេង។ ទោះជា​យ៉ាងណា ពួកគេ​ទាំង​បី​នាក់​ពុំ​ត្រូវ​បាន​ចាប់ខ្លួន ឬ​ផ្ដន្ទាទោស តាមផ្លូវ​ច្បាប់​នោះ​ឡើយ។

ក្រោយ​មក ពួកគេ ក៏បាន​ចេញមុខ មក​ដោះស្រាយ​បញ្ហា ជាមួយ​ជនរងគ្រោះ ដោយ​ផ្ដល់​សំណង​ចំនួន ២​ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​បញ្ចប់រឿង​។ បន្ទប់​មក​ទៀត នៅ​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៧ អតីតរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ក៏​បាន​បណ្ដេញ អ្នក​ទាំង​៣ ចេញពី​ក្របខ័ណ្ឌ មន្ត្រី​នគរបាល​ជាតិ ដោយ​មូលហេតុ «បោះបង់​ការងារ​ចោល»។

ក្រោយពី​រឿងហេតុ​នេះ​បាន ស្ងប់ស្ងាត់ អស់​រយៈពេល​ជិត​១០​ឆ្នាំ នៅក្នុង​អាណត្តិ​ដឹកនាំ​របស់ នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បន្ត​ពី​ឪពុក គឺ​លោក ហ៊ុន សែន លោក ភក្ដី វិទូ ក៏​ទទួល​បាន​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ស្អាង ខេត្ត​កណ្ដាល ដែល​មាន​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ។ ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​៩ ខែមីនា បាន​សួរ​បញ្ជាក់​ពី លោក ភក្ដី វិទូ ជុំវិញ​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ស្អាង ប៉ុន្តែ លោក​ឆ្លើយ​យ៉ាង​ខ្លី​ថា «​គ្មាន​តួនាទី​អ្វី​នោះ​ទេ»។

លោក ភក្ដី វិទូ៖ «ខ្ញុំ​អត់​មាន​ធ្វើការ​អី​ផង​។ អត់​មាន​ទេ អត់​មាន​ទេ​!.»។

ចំណែក អភិបាលស្រុក​ស្អាង លោក ជឺ គឹមហៃ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃ​ដដែល​នេះ​ថា​លោក ភក្ដី វិទូ ពិត​ជា​មាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ស្អាង​មែន។ លោក​ថា ការតែងតាំង​នេះ គឺធ្វើ​ឡើង​តាម​នីតិវិធី​ផ្ទៃក្នុង​បក្ស ព្រោះថា មក​ទល់​ពេល​នេះ លោក​ពុំ​ទាន់​ទទួល​បាន​លិខិត​បញ្ជាក់​ពី​តុលាការ​នៅឡើយ ដែល​ថា លោក ភក្ដី វិទូ មាន​បទល្មើស​ព្រហ្មទណ្ឌ។

លោក ជឺ គឹមហៃ៖ «យើង​រៀបចំ​គាត់​ទៅតាម​នីតិវិធី ព្រោះ​ជា​ធម្មតា​ការរៀបចំ​បេក្ខជន យើង​មើល​តាម​នីតិវិធី សម្រាប់​កិច្ចការ​ផ្ទៃក្នុង​របស់​គណបក្ស​ផង​ដែរ។កាលនោះ យើង​មិនបាន ទាក់ទង​រឿង​ករណី​ព្រហ្មទណ្ឌ​របស់​គាត់ ព្រោះ​យើង​តែងតាំង​ហើយ​។ គណបក្ស​បាន​រៀបចំ​ហើយ ជា​គោលការណ៍​គាត់​ជា​បេក្ខជន និង​ជា​សមាជិក​ក្រុមប្រឹក្សា​ហើយ​។ អត់​ទេ ខ្ញុំ​អត់​អាច​ឆ្លើយ​បានទេ ពាក់ព័ន្ធ​រឿងអាស្រូវ»។

បើ​ទោះជា​បែបនេះ​ក្ដី អ្នកឃ្លាំមើល​ឡើង​ថា ការតែងតាំង​មន្ត្រី​តាម​មូលដ្ឋាន​របស់​គណបក្ស​កាន់អំណាច និង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​កន្លងមក ហាក់​ធ្វើឡើង​យ៉ាង​អនាធិបតេយ្យ ដោយ​មិន​ខ្វល់​ពី​លក្ខណៈ​សម្បត្តិ របស់​មន្ត្រី​នោះ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អំពើពុករលួយ និង​បញ្ហា​អយុត្តិធម៌ សង្គម ចេះតែ​បន្ត​កើនឡើង​។ ពួកគាត់​ថា ករណីនេះ ពុំ​មែន​ទើបតែ​កើតមាន​នោះ​ទេ កន្លង​ទៅ មន្ត្រី​នគរបាល​ជាច្រើន ដែល​ធ្លាប់​ប្រើ​អំពើ​ហិង្សា មក​លើ​សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន និង សកម្មជន​សហជីព​ជាដើម អ្នក​ទាំងនោះ​តែងតែ​រួច​ផុត​ពី​សំណាញ​ច្បាប់។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា យល់ឃើញ​ថា ការតែងតាំង​បុគ្គល​ណា​ម្នាក់ ដោយ​ពុំ​ខ្វល់​លើ លក្ខណៈ​សម្បត្តិ ឬ រឿងអាស្រូវ របស់​បេក្ខជន នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​លែង​មាន​ជំនឿ​ចិត្ត ហើយ ប្រជាប្រិយភាព របស់​គណបក្ស​នោះ ក៏​នឹង​បាត់បង់​ផង​ដែរ​។ លោក​ថា ប្រសិនបើ​កម្ពុជា មាន​ប្រព័ន្ធ​បោះឆ្នោត ត្រឹមត្រូវ និង យុត្តិធម៌ អ្នកនយោបាយ នឹង​ប្រយ័ត្នប្រយែង ក្នុង​ការ​ដាក់​បេក្ខជន ព្រោះ ខ្លាច​បាត់បង់ សន្លឹកឆ្នោត​។ ប៉ុន្តែ លោក​ថា ជា​រឿង​សោកស្ដាយ ដែល​ការតែងតាំង​បុគ្គល គឺ​ភាគច្រើន ធ្វើឡើង មិន​ត្រូវ​តាម​ការ​ចង់​របស់​ពលរដ្ឋ។

លោក នី សុខា៖ «ប្រសិនបើ​យើង​ទៅ​ជ្រើសរើស​មនុស្ស​ដែល​ពលរដ្ឋ​មើល​ឃើញ​ថា ជា​មនុស្ស មិនល្អ និង​មានរឿង​អាស្រូវ​ច្រើន នៅក្នុង​សង្គម មាន​បញ្ហា​ច្រើន​នៅក្នុង​សង្គម​។ ខ្ញុំ​គិតថា​គណបក្ស​នយោបាយ​ហ្នឹង នៅ​ថ្ងៃ​អនាគត​នឹង​បាត់បង់​ប្រជាប្រិយភាព និង​បាត់បង់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​។ នេះ​ជា​រឿង​មួយ​ដែល គណបក្ស​នយោបាយ​នីមួយៗ​គួរតែ​គិតពិចារណា ក្នុង​ការ​តែងតាំង​មន្ត្រី ដែរ​បាទ»។

មន្ត្រី​សង្គម​ស៊ីវិល និង ពលរដ្ឋ​លើកឡើង​ថា រដ្ឋាភិបាល​មិន​គួរ​តែងតាំង​បុគ្គល ដែល​មាន​រឿង អាស្រូវ មិន​ល្អ ព្រោះ​អាច​នឹង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ប្រទេសជាតិ ជាពិសេស ជន​ដែល ធ្លាប់​ពាក់ព័ន្ធ អំពើ​ឃាតកម្ម ដូចជា​ករណី​លោក ភក្ដី វិទូ។ ពួកគាត់​ថា ការតែងតាំង បុគ្គល​ដែល​មាន រឿង​ពាក់ព័ន្ធ ឃាតកម្ម គឺ ប្រៀប​ដូច​ទៅ​នឹង កា​រលើ​កម្ពស់​ឱ្យ មាន​អំពើ និទ្ទណ្ឌភាព ខណៈ​ជនរងគ្រោះ ត្រូវ​បាត់បង់ ជីវិត​ដោយ​អយុត្តិធម៌ ហើយ​ជន​បង្ក​រស់នៅ​ដើរហើរ​ដោយ​សេរី និង​មាន​តួនាទី​នៅក្នុង ស្ថាប័ន​ជាតិ​ថែម​ទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ