

រូបភាពសមត្ថកិច្ចដែលបន្តចុះបង្ក្រាបទីតាំងអគារឆបោកតាមអនឡាញ និងចាប់ជនបរទេសជាហូរហែហាក់បានក្លាយជាហេតុផលមួយសម្រាប់រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន អះអាងពីការប្ដេជ្ញាចិត្តក្នុងការបង្ក្រាបឧក្រិដ្ឋកម្ម។ ថ្វីត្បិតតែមានការបង្ក្រាប ក៏រដ្ឋាភិបាលមិនបានចាប់មេខ្លោងធំៗដែលពាក់ព័ន្ធយកមកអនុវត្តច្បាប់នោះទេ ដែលធ្វើឱ្យបណ្ដាញឧក្រិដ្ឋជនធំៗនៅអាចបន្តប្រតិបត្តិការឆបោកតាមអនឡាញដដែល។
ចំណាត់ការបង្ក្រាបរបស់រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន លើទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅតែរងការរិះគន់ថា ជាចំណាត់ការបង្ក្រាបធ្វើឡើងតែមួយខ្យល់ និងមិនផ្ដល់ផលវិជ្ជមានសម្រាប់ស្ដារមុខមាត់ប្រទេសជាតិនោះឡើយ។
ថ្វីត្បិតមកដល់ពេលនេះ សមត្ថកិច្ចបានបន្តចុះបង្ក្រាបទីតាំងអគារឆបោកតាមអនឡាញ និងបង្ហាញពីការឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍ជាបន្តបន្ទាប់មេខ្លោងដូចជាឧក្រិដ្ឋជនចិនធំៗ និងមន្ត្រីកំពូលគ្រាប់ៗពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះនៅតែមានសេរីភាពបន្តរកស៊ីលើឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។
ទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញនានានៅតាមបណ្ដាខេត្តស្ទើរតែទូទាំងប្រទេសរួមទាំងរាជធានីភ្នំពេញផងក៏ត្រូវបានបង្ហាញជាបន្តបន្ទាប់ បន្ទាប់អាជ្ញាធរនៃរដ្ឋាភិបាលត្រកូល ហ៊ុន បានព្យាយាមលាក់បាំងអស់រយៈពេលជាច្រើនឆ្នាំនាពេលកន្លងមកនេះ។ ទន្ទឹមគ្នានេះ ប្រព័ន្ធឃោសនាលើកជើង និងតែងតែនាំពាក្យឱ្យរដ្ឋាភិបាលត្រកូល ហ៊ុន បដិសេធលើរបាយការណ៍អន្តរជាតិនានាកន្លងមកនោះ ក៏បង្ហាញពីឃ្លិបវីដេអូបង្ក្រាបចុងក្រោយរបស់សមត្ថកិច្ចឆ្មក់ចូលបង្ក្រាបស្ដែងៗនៅទីតាំងអគារឆបោកមួយកន្លែងក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែមីនា។
ក្នុងឃ្លិបវីដេអូបានបង្ហាញពីជនជាតិចិន និងខ្មែរបានប្រមូលផ្តុំគ្នាជាច្រើននាក់អង្គុយធ្វើការឆបោកតាមអនឡាញនៅខាងមុខកុំព្យូទ័រស្ថិតនៅអគារ ហ្គោលដិន វ័ន (Golden One) ក្នុងខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន ៨នាក់ និងខ្មែរ ៥៧នាក់ និងបានចោទប្រកាន់ថា ពួកគេ ពាក់ព័ន្ធនឹងអំពើឆបោកតាមតាមអនឡាញក្នុងការអូសទាញជនរងគ្រោះពីគោលដៅតំបន់អឺរ៉ុបឱ្យដាក់លុយវិនិយោគក្លែងក្លាយ។
អ្នកធ្វើការលើវិស័យឆបោកតាមអនឡាញម្នាក់ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ជនបរទេសជាពិសេសគឺជនជាតិចិនដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងពេលចុះបង្ក្រាប ត្បិតតែពួកគេអាចពាក់ព័ន្ធនឹងបទល្មើស ប៉ុន្តែមិនមែនជាមេខ្លោងធំក្នុងការបង្កើតមជ្ឈមណ្ឌលឆបោកតាមអនឡាញនោះទេ។ ប្រភពដដែលបញ្ជាក់ថា ជនជាតិចិននៅតាមអគារឆបោកតាមអនឡាញមួយចំនួនមានតួនាទីជាមេការ ជំនួញការគ្រប់គ្រងបុគ្គលិក និងអ្នកខ្លះទៀតគឺជាជនរងគ្រោះដែលត្រូវបានគេអូសទាញ និងរងការបង្ខាំងធ្វើទារុណកម្មបង្ខំឱ្យធ្វើការលើវិស័យឆបោកតាមអនឡាញ។
ពលរដ្ឋលាក់ឈ្មោះ៖ «ពួកមេធំមិនងាយចុះមកទេ ពេលចុះមកមានសុទ្ធតែអង្គរក្ស។ មួយខែ ឬពីរខែវាមកម្ដង យ៉ាងតិចលុយ ៣ កាតាបធំៗវាច្រកយកលុយពីពួកអនឡាញវាបោកបានហ្នឹងវាយកទៅហើយ អាហ្នឹងគ្រាន់តែលុយពួកវាបោកបាន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីសប្ដាហ៍មុនបានប្រកាសទទួលស្គាល់ថា បណ្ដាញឆបោកតាមអនឡាញអាចប្ដូរទម្រង់ធ្វើការងារដោយកាត់បន្ថយចំនួនមនុស្ស និងលាក់ខ្លួននៅតាមអគារតូចៗ និងណែនាំឱ្យអាជ្ញាធរតាមបណ្ដាខេត្តទាំងអស់បង្កើនការចុះត្រួតពិនិត្យ។ លោកថា រដ្ឋាភិបាលក៏កំពុងរៀបចំធ្វើច្បាប់ប្រឆាំងនឹងអំពើឆបោកតាមអនឡាញ ដោយម្ចាស់អាជីវកម្មដូចជាសណ្ឋាគារ ផ្ទះជួល និងម្ចាស់អគារផ្សេងៗត្រូវទទួលខុសត្រូវ និងត្រួតពិនិត្យមុននឹងជួលឱ្យជនបរទេស។
ចំណែក ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា លើកឡើងថា សាធារណជនជាតិ និងអន្តរជាតិពិបាកនឹងជឿលើចំណាត់ការរដ្ឋាភិបាលដែលប្រកាសបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ ដោយសារតែការអនុវត្តជាក់ស្ដែងរដ្ឋាភិបាលមិនបានចាប់ខ្លួនមេខ្លោងធំៗយកមកអនុវត្តច្បាប់។ លោកបន្តថា ការមិនបង្ក្រាប ឬចាប់មេខ្លោងធំៗបណ្ដាញឧក្រិដ្ឋជនមិនត្រឹមតែមិនខ្លាចញញើតនឹងច្បាប់កម្ពុជាឡើយ ប៉ុន្តែពួកគេនឹងបន្តសកម្មភាព និងបង្កើតទីតាំងអគារឆបោកតាមអនឡាញលើទឹកដីកម្ពុជាបន្ថែមទៀត។
លោក ឌី ថេហូយ៉ា៖ «អ្វីដែលខ្ញុំមើលឃើញថា ប្រសិទ្ធភាពវានៅទាបមិនអាចឆ្លើយតបនឹងបញ្ហាហ្នឹងកើតគឺទីមួយយើងអត់ទាន់ឃើញចាប់មេខ្លោង។ មេខ្លោងមួយយើងឃើញចាប់បាន ប៉ុន្តែមិនមែនមានតែម្នាក់ហ្នឹងឯណា បណ្ដាញវាមានច្រើនហូរហែប្រចាំតំបន់ ប្រចាំពិភពលោកប្រចាំប្រទេស ប្រចាំខេត្ត ប្រចាំមូលដ្ឋាន។ អ៊ីចឹងនៅពេលបង្ក្រាបឃើញមានជនបរទេសរត់ចេញឆ្វៀលឆ្វាយអ៊ីចឹងមែន ប៉ុន្តែការបង្ក្រាបហាក់ដូចជា មិនសូវជាមានយុទ្ធសាស្ត្រអីក្នុងការតាំងចិត្តចាប់យកមេខ្លោងប្រចាំតំបន់ ប្រចាំកន្លែងនីមួយៗបាន»។
អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ (UN) ផងបានអំពាវនាវជាបន្តបន្ទាប់ឱ្យរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន ចាត់វិធានការតឹងរ៉ឹង និងមានប្រសិទ្ធភាពដោយបង្ក្រាប ឱ្យចំមេខ្លោងធំៗពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដោយសារតែឧក្រិដ្ឋកម្មនេះបានផ្សាភ្ជាប់នឹងបទល្មើសអំពើជួញដូរមនុស្ស ការបង្ខំឱ្យជនរងគ្រោះធ្វើការខុសច្បាប់ និងបង្កការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ប្រទេសលោកសេរី និងអង្គការជំនាញនានាក៏បានវាយតម្លៃថា ការរាលដាលនៃមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជាគឺដោយសារតែ រដ្ឋាភិបាលគ្មានឆន្ទៈបោសសម្អាតអំពើពុករលួយ និងមានមន្ត្រីកំពូលៗក្នុងជួររដ្ឋាភិបាលឃុបឃិតជាមួយបណ្ដាញឧក្រិដ្ឋជន ទើបធ្វើឱ្យរដ្ឋាភិបាលបរាជ័យក្នុងការបង្ក្រាបឧក្រិដ្ឋកម្មនេះ៕









