ក្រសួងទេសចរណ៍​អំពាវនាវ​ឲ្យ​ទេសចរ​បរទេស​មក​ទស្សនា​កម្ពុជា

0
9
ទេសចរ​ចិន​មក​លេង​ខេត្ត​សៀមរាប។ រូប៖ ក្រសួង​ទេសចរណ៍
ទេសចរ​ចិន​មក​លេង​ខេត្ត​សៀមរាប។ រូប៖ ក្រសួង​ទេសចរណ៍

ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​១១ ខែមីនា បាន​អំពាវនាវ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស បន្ត​ធ្វើ​ដំណើរ​កម្សាន្ត​នៅក្នុង​ប្រទេស​កម្ពុជា។ ក្រសួង​ទេសចរណ៍ បាន​លើកឡើង​នៅក្នុង​សេចក្តី​ជូនដំណឹង​ចំនួន​៥​ភាសា​រួមមាន ភាសា​ខ្មែរ អង់គ្លេស បារាំង ចិន និង​ភាសា​អារ៉ាប់​ថា ប្រទេស​កម្ពជា នៅតែ​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព ជាមួយនឹង​ស្ថិរភាព​នយោបាយ សណ្ដាប់ធ្នាប់ សង្គម​ល្អ ព្រមទាំង​ផ្តល់​បរិយាកាស​កក់ក្តៅ ស្វាគមន៍​ភ្ញៀវ​ទេសចរ មកពី​គ្រប់ទិសទី​នៃ​ពិភពលោក។

ក្រសួងទេសចរណ៍ ក៏​មិន​ភ្លេច​លើក​សរសើរ​លោក ហ៊ុន ម៉ាណែត ដែរ​ថា ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ស្វាហាប់​ឈ្លាសវៃ និង​ប៉ិនប្រសប់​របស់​លោក និង​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ព្រមទាំង​វិស័យ​ឯកជន​នោះ បាន​អនុវត្ត​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ធានា​សុវត្ថិភាព និង​បង្កើន​ទំនុកចិត្ត​សម្រាប់​ភ្ញៀវ​ទេសចរ​ទាំងអស់។

ក្រៅពី​អំពាវនាវ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​នៅ​កម្ពុជា​ប្រកបដោយ​អារម្មណ៍​សុវត្ថិភាព និង​មាន​ទំនុកចិត្ត​ពេញលេញ​នោះ ក្រសួងទេសចរណ៍ ក៏​អំពាវនាវ​ឲ្យ​ភ្ញៀវ​ទេសចរ​ទាំងអស់ បន្ត​គាំទ្រ និង​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក​ឲ្យ​បាន​ទូលំទូលាយ អំពី​កម្ពុជា​ដែល​ជា​ទឹកដី​អច្ឆរិយ​: ពោរពេញ​ដោយ​សម្បត្តិ​បេតិកភណ្ឌ​វប្ប​ធ​ម​ដ៏​សម្បូរ​បែប ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​ស្អាត សង្គម​ប្រកបដោយ​សុខុដុមនីយកម្ម និង​ប្រជាជន​មាន​ភាពរួស​រាយ​រាក់ទាក់។

ជុំវិញ​រឿង​នេះ អ្នក​ឃ្លាំមើល យល់ថា ទោះបីជា​ក្រសួង​ទេសចរណ៍ ខំប្រឹង​ផ្សព្វផ្សាយ​យ៉ាង​ណា​ក្តី ក៏​នឹង​មិនបាន​ផល​ច្រើន​ឡើយ ប្រសិនបើ​រដ្ឋាភិបាល គ្មាន​ឆន្ទ​:​លុបបំបាត់​អំពើពុករលួយ បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​អំពើ​អសន្តិសុខ​ក្នុង​សង្គម​ទេ​នោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ