

កងទ័ពខ្លះដាក់លក់ផ្ទះដើម្បីបានលុយព្យាបាលជំងឺក្រោយពីរងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ពីការបាញ់ផ្សែងពុលរបស់យោធាថៃ ក្នុងអំឡុងពេលមានសង្គ្រាមចំនួនពីរលើក។ ពួកគាត់ថា ការលក់ផ្ទះ ព្រោះតែ ជីវភាពខ្វះខាតខ្លាំង គ្មានថវិកាចំណាយថ្លៃព្យាបាល ជំងឺការធ្វើដំណើរ និងការហូបចុកជាដើម ខណៈជំនួយពីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏គ្មាន។
បើទោះបីជាសង្គ្រាម ឈ្លានពានរបស់ថៃ មកលើកម្ពុជា បានផ្អាកការបាញ់ផ្លោង ដាក់គ្នាជាង២ខែ មកហើយក្ដី កងទ័ពខ្មែរខ្លះដែលបានឆ្លងកាត់សង្គ្រាមនេះ ខ្លះបានបាត់បង់ជីវិត ខ្លះមានជំងឺស្គមរ៉ាំរ៉ៃ ពិការដៃជើង និងខ្លះទៀតកំពុងលាងឈាម ដោយសារតែ រងឥទ្ធិពលផ្សែងពុល ដែលយោធាថៃបាន បាញ់ស្រោច មកកងទ័ពខ្មែរ។ កងទ័ពខ្លះ សឹងតែគ្មានសង្ឃឹមសោះថា នឹងមានជីវិតអាចរស់នៅបន្តទៀត ព្រោះតែគ្មានថវិកាសម្រាប់ព្យាបាលជំងឺ។
ប្រពន្ធកងទ័ពម្នាក់ លោកស្រី សុទ្ធ ខោន ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១១ ខែមីនា ថាប្ដី លោកស្រី ឈ្មោះ យ៉ែម ឡាម ជាកងទ័ពឈរជើងនៅតំបន់មុំបី ខេត្តព្រះវិហារ។ ប្ដីលោកស្រីចូលធ្វើកងទ័ព ជាង២០ឆ្នាំហើយ។ អំឡុងពេលផ្ទុះសង្គ្រាមជាមួយថៃ ចំនួន២លើក ប្ដីលោកស្រីនៅតែជួរមុខ រហូតដល់ថ្ងៃដួលសន្លប់ ព្រោះតែសុខភាពទ្រុឌទ្រោម ក្រោយពីរងផលប៉ះពាល់ផ្លូវដង្ហើមខ្លាំងពេក ដោយសារផ្សែងពុល យោធាថៃ បានបាញ់ស្រោច។
បច្ចុប្បន្នប្ដី លោកស្រីកំពុងស្នាក់នៅ បន្ទប់ជួលមួយកន្លែងនៅភ្នំពេញ ពុំទាន់អាចត្រឡប់ទៅស្រុកកំណើត វិញបាននៅឡើយ ព្រោះត្រូវលាងឈាម នៅមន្ទីរពេទ្យកេតុមាលា ឬហៅថាពេទ្យទាហាន ។ ថ្វីត្បិតថា មន្ទីរពេទ្យនេះ ពុំអស់ថ្លៃព្យាបាលក្ដី លោកស្រីថា នៅតែចំណាយថ្លៃទិញថ្នាំជំនួយកម្លាំងខ្លះ ពីខាងក្រៅ ដោយខ្លួនឯង។ ទន្ទឹមគ្នានោះ លោកស្រីក៏ត្រូវចំណាយថ្លៃ ជួលបន្ទប់ស្នាក់នៅខាងក្រៅ ព្រោះគេមិនឱ្យស្នាក់នៅក្នុងមន្ទីរពេទ្យនោះឡើយ។
កាន់តែលំបាកទៀតនោះ ប្ដីលោកស្រី បានខូចក្រលៀនអស់ ដែលត្រូវឱ្យដូរក្រលៀនថ្មី។ លោកស្រីថា ប្រសិនបើដូរអាចចំណាយចន្លោះពី ៣ទៅ៤ម៉ឺន ដុល្លារ ដូច្នេះលោកស្រីត្រូវបង្ខំចិត្តលក់ផ្ទះ នៅឯស្រុកកំណើត ដើម្បីបានលុយយកមកព្យាបាលប្ដី ព្រោះថា ការដូរក្រលៀន គឺតម្រូវឱ្យបង់ថ្លៃដោយខ្លួនឯង។ លោកស្រីបញ្ជាក់ថា មកទល់ពេលនេះលោកស្រីពុំដែលទទួលបានប្រាក់ឧបត្ថម្ភពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នោះទេ គឺ ធ្លាប់បានជំនួយម្ដងគត់ ពីព្រះមហាក្សត្រ ចំនួន ៦លានរៀល និងពីសប្បុរសជនខ្លះ។
លោកស្រី សុទ្ធ ខោន៖ «សម្បូរណាស់ អ្នករងប៉ះពាល់ផ្សែងពុល។ ខ្លះត្រូវធ្ងន់ ខ្លះស្រាល។ ប្ដីខ្ញុំត្រូវធ្ងន់ រហូតដល់លាងឈាម។ អ្នកខ្លះគេអត់ធ្ងន់ អត់លាងឈាមទេ គ្រាន់តែដាក់សារ៉ូ ១ខែ ឬកន្លះខែ ចេញបាន។ ជីវភាព ទៅមុខទៀត មិនដឹងម៉េចទេ ខ្ញុំបានដាក់លក់ផ្ទះ ប៉ុន្តែលក់មិនដាច់ ហើយមិនដឹងធ្វើការអីកើតទៀត ព្រោះគ្មានអ្នកមើលប្ដីខ្ញុំទេ។ សុខគាត់ឧស្សាហ៍ធ្វើទុក្ខ ពេលយប់ព្រលប់ណាស់បងអើយ!..។»
ស្រដៀងគ្នានេះ នៅលើបណ្ដាញសង្គមវិញ គេតែងឃើញ គ្រួសារកងទ័ពខ្លះបង្ហោះវីដេអូ និងរូបភាព រកជំនួយពីសប្បុរសជន ដើម្បីយកលុយ ព្យាបាលកងទ័ព ដែលរងផលប៉ះពាល់ ក្រោយសង្គ្រាម។ ក្នុងនោះ កងទ័ពខ្លះ មានអាការៈស្គមស្គាំង បាត់បង់សតិ និងខ្លះទៀត ពិការដៃជើង និងមានស្នាមរបួសពេញរាងកាយ។ បញ្ហានេះ តម្រូវឱ្យគ្រួសារ មើលថែ ដិតដល់ជាប្រចាំ។
ចំណែក កងទ័ពខ្លះទៀត ពុំមានគ្រួសារមើលថែ ពួកគាត់ ត្រូវធ្វើដំណើរ តែម្នាក់ឯង មកព្យាបាលជំងឺ នៅមន្ទីរយោធា រាជធានីភ្នំពេញ។ លោកស្រី សុទ្ធ ខោន ថា អាការៈអ្នកកើតជំងឺលាងឈាម ឬ អ្នកដែល រងផលប៉ះពាល់ ដោយសារផ្សែងពុល ភាគច្រើន ប្រកាច់បាត់បង់ស្មារតី និងថប់ដង្ហើម ធ្វើឱ្យកងទ័ពខ្លះ ជួបការលំបាកជាខ្លាំង បើគ្មានគ្រួសារមើលថែបានត្រឹមត្រូវ។ ក្នុងនោះ លោកស្រីសង្កេតឃើញថា កងទ័ពដែលរងផលប៉ះពាល់ពីផ្សែងពុល ដូចប្ដីលោកស្រី មានច្រើននាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកេតុមាលាភ្នំពេញ។
ទូរទស្សន៍អាស៊ីសេរី ពុំអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី១១ ខែមីនា។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា យល់ថា ជារឿងគួរឱ្យសោកស្ដាយ ដែលកងទ័ពខ្លះ គ្មានថវិកាព្យាបាលជំងឺ រហូតដល់លក់ផ្ទះ។ លោកថា ករណីនេះ គួរតែរដ្ឋាភិបាល ជាអ្នកទទួលខុសត្រូវ ក្នុងការចំណាយថ្លៃ ព្យាបាលទាំងអស់ ព្រោះថា កងទ័ពបានលះបង់ច្រើនណាស់ ដើម្បីការពារជាតិ។ លោកបន្តថា ប្រសិនបើ កងទ័ពពិតជាមានជំងឺ ដោយសារតែផ្សែងពុល ដែលយោធាថៃ បានបាញ់ស្រោចអំឡុងពេលសង្គ្រាមមែននោះ រដ្ឋាភិបាល ត្រូវប្រមូលភស្តុតាងដើម្បីប្ដឹងថៃទៅកាន់ តុលាការអន្តរជាតិ ពាក់ព័ន្ធឧក្រិដ្ឋកម្មសង្គ្រាម។
លោក នី សុខា៖ «មានពាក្យថា ប្រឹងការពារជាតិហើយ ពេលមានជំងឺដង្កាត់ បែរជារដ្ឋាភិបាលមិនយកចិត្តទុកដាក់ ។ នេះជារឿងមួយជះឥទ្ធិពលមិនល្អទេ ប្រសិនបើមានរឿងនេះកើតឡើងមែន វាជារូបភាពមួយ ធ្វើឱ្យប៉ះពាល់រដ្ឋាភិបាលធ្ងន់ធ្ងរ។ សម្រាប់ខ្ញុំស្នើឱ្យស្រាវជ្រាវជាបន្ទាន់ នៅព័ត៌មានទាំងអស់ហ្នឹង ដែលមានផលប៉ះពាល់ហ្នឹង។ ទី១.មួយដើម្បីដោះស្រាយ ឆ្លើយទៅនឹងស្ថានភាព សុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាសុខភាពរបស់កងទ័ពដែលនៅជួរមុខ»។
សង្គមស៊ីវិល និងគ្រួសារកងទ័ព ជំរុញឱ្យរដ្ឋាភិបាល គួរតែយកចិត្តទុកដាក់ខ្ពស់ទៅលើជីវភាពកងទ័ព និងការផ្ដល់សេវាថែទាំសុខភាព ដោយឥតថ្លៃ និងត្រូវ ផ្ដល់ទីជម្រកសម្រាប់ សម្រាកព្យាបាលជំងឺ ឱ្យបាន សមរម្យ ព្រោះថា ចាប់តាំងពី កម្ពុជាមានជម្លោះប្រដាប់អាវុធ ជាមួយថៃមក គេឃើញថាកងទ័ពខ្មែរខ្លះ ដែលរងរបួស ឬ មានជំងឺ ប្រចាំកាយក្រោយចប់សង្គ្រាម ហាក់ពុំសូវឃើញ រដ្ឋាភិបាល យកចិត្តទុកដាក់លើពួកគាត់នោះឡើយ ដែលធ្វើឱ្យកងទ័ពខ្លះ មានអារម្មណ៍តែលតោល និងអស់សង្ឃឹមក្នុងការលះបង់ ដើម្បីការពារទឹកដី៕








