អ្នកឃ្លាំមើល​អំពាវនាវ​ឲ្យ​បក្ស​នយោបាយ​ទាំងអស់​រួបរួម​គ្នា​ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ​ដើម្បី​អភិវឌ្ឍ​ជាតិ

0
29
លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។ RFA/Tin Zakariya
លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។ RFA/Tin Zakariya

អ្នកឃ្លាំមើល​សង្គម​កម្ពុជា​បន្ត​អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​ក្នុង និង​ក្រៅប្រទេស​រួបរួម​គ្នា​ក្នុង​នាម​ខ្មែរ​តែមួយ​ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ដើម្បី​ការពារ​និង​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​បាន​រីកចម្រើន ខណៈ​យោធា​ថៃ​កំពុង​ឈ្លាន និង​កាន់កាប់​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់។

ស្ថានការណ៍​នៅ​តំបន់​ព្រំដែន នៅតែ​មាន​ភាព​តានតឹង ដោយ​ទាហាន​ថៃ​បាន​បង្កើន​សកម្មភាព​ចូល​ឈ្លានពាន​ក្នុង​ទឹកដី​ខ្មែរ​កាន់តែ​ជ្រៅ ប៉ុន្តែ​អ្នកនយោបាយ​កម្ពុជា​ទាំង​នៅក្នុង​ស្រុក​និង​ក្រៅ​ស្រុក នៅតែ​ខ្វែងគំនិត​គ្នា មិនទាន់​អាច​បង្រួបបង្រួម​គ្នា​បាន​នៅឡើយ បើ​ទោះ​បី​ជា​បក្ស​កាន់អំណាច​តែងតែ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​អំពាវនាវ​ឲ្យ​ខ្មែរ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ក៏ដោយ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ក្នុង​ប្រវត្តិសាស្ត្រ​រាប់ពាន់​ឆ្នាំ​របស់​កម្ពុជា មេរៀន​ដ៏​ជូរចត់ និង​ផ្អែមល្ហែម​បំផុត​បាន​បង្រៀន ថា កាលណា​ខ្មែរ​បែកបាក់ ខ្មែរ​ចុះ​ខ្សោយ កាលណា​ខ្មែរ​រួបរួម​ខ្មែរ​ខ្លាំង​។ លោក​ថា សាមគ្គីភាព​មិនមែន​គ្រាន់តែ​ជា​ពាក្យស្លោក​នោះ​ទេ ប៉ុន្តែ​វា​គឺជា​ខ្នងបង្អែក​ដែល​ធានា​នូវ​ការ​រស់រាន​មានជីវិត​នៃ​ជាតិ​សាសន៍។

លោក សេក សុជាតិ បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ការ​ខ្វែងគំនិត​គ្នា​ជា​រឿង​ធម្មតា ប៉ុន្តែ​នៅ​ចំពោះមុខ​វាសនា​ជាតិ និង​អធិបតេយ្យភាព អ្នកនយោបាយ​ទាំងអស់​ត្រូវ​តម្កល់​ផលប្រយោជន៍​រួម​ឱ្យ​ខ្លាំង​ជាង​ផលប្រយោជន៍​បុគ្គល ឬ​ក្រុម​។ ការ​រួបរួម​រវាង​ខ្មែរ​ក្នុងស្រុក និង​ខ្មែរ​នៅ​ក្រៅ​ប្រទេស គឺជា​មហា​កម្លាំង​ដែល​គ្មានអ្វី​អាច​មក​រារាំង​ការ​អភិវឌ្ឍ​ជាតិ​បាន​ឡើយ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត រូប​នេះ យល់ឃើញ​ថា ជាតិនិយម​ពិតប្រាកដ គឺ​ការ​ផ្ដល់​តម្លៃ​ឱ្យ​គ្នា​ទៅវិញទៅមក​ក្នុងនាម​ជា​កូន​ខ្មែរ ទោះបី​រស់នៅ​ទីណា​ក៏ដោយ​។ សាមគ្គីភាព​គឺជា របង​ដែក ដែល​មាំ​ជាងគេ​បំផុត​។ កាលណា​ខ្មែរ​ឯកភាព​ផ្ទៃក្នុង និង​មានការ​គាំទ្រ​ពី​កូន​ខ្មែរ​គ្រប់ទិសទី នោះ​កម្ពុជា​នឹង​មាន​កិត្យានុភាព​រឹងមាំ និង​រុងរឿង​លើ​ឆាក​អន្តរជាតិ។

លោក សេក សុជាតិ៖ «ពួកយើង​ក្នុងនាម​ជា​ជាតិ​សាសន៍​ខ្មែរ​គ្រប់រូប​គ្រប់​និន្នាការ​ទាំងអស់​ត្រូវ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​នាំ​ឱ្យ​មានការ​ស្អប់ខ្ពើម​គ្នា​ក្នុងចំណោម​ខ្មែរ និង​ខ្មែរ ហើយ​ត្រូវ​រក​ចំណុច​រួម​មួយ​ដើម្បី​អភិវឌ្ឍន៍​សហគមន៍​រស់នៅ ទៅតាម​ជាក់ស្តែង​ដោយ​ប្រកាន់​នូវ​ជំហរ​យោគយល់​គ្នា អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​ដើម្បី​ឲ្យ​សាមគ្គីភាព​នោះ​អាច​រីកចម្រើន​ដែល​ខ្លាច​ទៅជា​របង​ដែក​រឹងមាំ​សម្រាប់​ការពារ​កម្ពុជា​ទាំងមូល»។

មកទល់​ពេល​នេះ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​តែងតែ​អំពាវនាវ​ឲ្យ​ខ្មែរ​រួបរួមសាមគ្គី​ជាតិ​ជា​ធ្លុង​មួយ មិនបាន​បង្ហាញ​ឱ្យ​ឃើញ​លទ្ធផល​អ្វី​នោះ​ទេ ក្រៅពី​បន្ត​ចាប់ចង និង​ធ្វើទុក្ខបុកម្នេញ​លើ​សំឡេង​រិះគន់ និង​សំឡេង​ប្រឆាំង​ឥត​ឈប់ឈរ។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ​កម្ពុជា ២៣ តុលា លោក គឹម សុខ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា រដ្ឋាភិបាល​២៣​តុលា បបួល​លោក​ហ៊ុន ម៉ា​ណែ​ត​ឲ្យ​អង្គុយ​ទល់មុខ​គ្នា ជជែក​គ្នា​អំពី​ដំណោះស្រាយ​បង្រួបបង្រួម​ជាតិ​។ មូលដ្ឋាន​ក្នុង​ការ​បង្រួបបង្រួម​ជាតិ ក្នុង​សង្គម​ប្រជាធិបតេយ្យ​គឺ​ត្រូវ​ផ្តើម​ចេញ​ពី​ការប្រកួតប្រជែង​គ្នា​ដោយ​សេចក្តី​ថ្លៃថ្នូរ សេរី បើកចំហ នឹង​ដោយ​ការគោរព​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ប្រទេស។

លោក គឹម សុខ៖ «​បើ​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ា​ណែ​ត​មិន​ហ៊ាន​ដើរ​លើ​ផ្លូវ​ផ្ទះផ្សារ​បង្រួបបង្រួម​ជាតិ​ដោយ​ការ​អង្គុយ​ទល់មុខ​គ្នា​ជជែក​អំពី​ដំណោះស្រាយ​ជាក់ស្តែង​ទេ ជំហរ​របស់​យើងខ្ញុំ​នៃ​រដ្ឋាភិបាល​ឯករាជ្យ​២៣​តុលា ច្បាស់លាស់​ណាស់​គឺ​បន្ត​រួមគ្នា​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​និង​យុទ្ធជន​ខ្មែរ​បណ្តេញ​ក្រុម​គ្រួសារ​ហ៊ុន ចេញពី​អំណាច​ឲ្យ​បាន ពេល​ក្រុម​គ្រួសារ​ហ៊ុន អស់អំណាច​ដឹកនាំ​ប្រទេស​ហើយ យើង​អាច​រួបរួម​ខ្មែរ​តែមួយ​យ៉ាង​លឿន​នៅ​ក្រោម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា»។

កន្លង​មក គណបក្ស​កម្លាំង​ជាតិ ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង អ្នក​ជាប់ឃុំ​មនសិការ​ទាំងអស់ ដើម្បី​បង្ហាញ​ពី​ការផ្សះផ្សា​ជាតិខ្មែរ​ជា​ធ្លុង​មួយ ក្នុង​កាលៈទេសៈ ដែល​ខ្មែរ​កំពុង​ត្រូវ​រង​នូវ​ការបំពាន​ពី​ប្រទេសជិតខាង។

ទាក់ទង​ទៅ​និង​ការឈ្លានពាន​កាន់កាប់​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​ពី​សំណាក់​យោធា​ថៃ អភិបាល​ខេត្ត​បន្ទាយមានជ័យ​លោក អ៊ុំ រាត្រី បាន​អះអាង​កន្លង​មក​ថា យោធា​ថៃ​បាន​រាយ​លួស​បន្លា​ព័ទ្ធ​យក​ដី​ខ្មែរ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ចំនួន ៣​តំបន់ ដែល​មាន ២០​ទីតាំង ដោយ​ដាក់​ពង្រាយ​លួស​បន្លា និង​ទូ​កុងតឺន័រ​ជាង​១០០​ទូ (១០៥​ទូ​) ដែល​គិត​ជា​ផ្ទៃដី​សរុប ទំហំ​ជិត​៨០០​ហិកតារ (៧៦៣​ហិកតារ)។

យ៉ាងណាក៏ដោយ ក្រុម​អ្នកឃ្លាំមើល​សង្គម​អះអាង​ថា ការ​ឈ្លោះ​គ្នា​របស់​អ្នកនយោបាយ ធ្វើ​ឲ្យ​ពលរដ្ឋ​កើតទុក្ខ បាត់បង់​ជីវិត ខូច​កិត្តិយស​ប្រទេស និង​បាត់បង់​ធនធាន ដើម្បី​អភិវឌ្ឍ​កម្ពុជា​។ ប្រសិនបើ​អ្នកនយោបាយ​ខ្មែរ មាន​ភាព​ចាស់ទុំ ឈប់​ធ្វើ​នយោបាយ​ដោយ​ការ​ចងគំនុំ​ឈ្នានីស​គ្នា ពលរដ្ឋ​កម្ពុជា​នឹង​អាច​ជឿនលឿន​ដូច​ប្រទេស​ដទៃ។

ក្រុម​អ្នកឃ្លាំមើល​សង្គម​អះអាង​ថា ប្រទេស​កម្ពុជា បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា អ្នកនយោបាយ​ខ្មែរ នៅតែ​មិន​បោះបង់ចោល​ឥរិយាបថ​នយោបាយ​ចាត់ទុក​គ្នា​ជាស​ត្រូវ ធ្វើ​ឲ្យ​អ្នកនយោបាយ​ខ្លះ​កំពុង​ជាប់ពន្ធនាគារ និង​ជាប់​បណ្តឹង​នៅ​តុលាការ។

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) បាន​កត់​សម្គាល់​ឃើញថា អាជ្ញាធរ​បាន​បន្ត​ចាប់ខ្លួន និង​ឃុំខ្លួន សកម្មជន​បរិស្ថាន សកម្មជន​សង្គម អ្នកនយោបាយ អ្នកការពារ​សិទ្ធិមនុស្ស សហជីព អ្នកសារព័ត៌មាន និង​ពលរដ្ឋ ដាក់គុក​ជិត​១០០(៩៧) នាក់​ហើយ បន្ទាប់ពី​ពួកគាត់ បាន​ប្រើប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ដែល​ស្រប​ទៅ​តាម​ច្បាប់រដ្ឋធម្មនុញ្ញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ