អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ទំនើបកម្ម​វិស័យ​ការពារ​ជាតិ និង​អភិវឌ្ឍ​តំបន់​ព្រំដែន ខណៈ​ថៃ​មាន​មហិច្ឆតា​ឈ្លានពាន

0
6
រដ្ឋមន្ត្រីការពារជាតិ លោក ទៀ សីហា (ស្ដាំ) និងឪពុក​ដែលជាអតីតរដ្ឋមន្ត្រី​ការពារជាតិ​លោក ទៀ បាញ់ ចូលរួមកម្មវិធីប្រកួតវាយកូនគោល កាលពីថ្ងៃទី១១ មករា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ទៀ សីហា
រដ្ឋមន្ត្រីការពារជាតិ លោក ទៀ សីហា (ស្ដាំ) និងឪពុក​ដែលជាអតីតរដ្ឋមន្ត្រី​ការពារជាតិ​លោក ទៀ បាញ់ ចូលរួមកម្មវិធីប្រកួតវាយកូនគោល កាលពីថ្ងៃទី១១ មករា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ទៀ សីហា

អ្នកឃ្លាំមើល​សង្គម​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ទំនើបកម្ម​វិស័យ​ការពារ​ជាតិ និង​អភិវឌ្ឍ​តំបន់​ព្រំដែន​ឱ្យ​មាន​ប្រជាជន​រស់នៅ ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន ខណៈ​ប្រទេស​ថៃ​នៅតែ​មាន​មហិច្ឆតា​ឈ្លានពាន​មក​លើ​ប្រទេស​កម្ពុជា តាមរយៈ​សកម្មភាព​ចល័ត​សព្វាវុធ​ធុន​ធ្ងន់​ទៅកាន់​តំបន់​ព្រំដែន។

ក្រោយពី​អនុវត្ត​បទ​ឈប់​បាញ់ យោធា​ថៃ​ធ្វើ​សកម្មភាព​ព័ទ្ធ​យក​ដី​ខ្មែរ ដោយ​ពង្រាយ​ទូ​កុងតឺន័រ រាយ​លួស​បន្លា ជីក​ប្រឡាយ សាងសង់​លេណដ្ឋាន​ថ្មី និង​ចល័ត​សព្វាវុធ​ធុន​ធ្ងន់​ទៅកាន់​តំបន់​ព្រំដែន ហាក់​មាន​បំណង​ពង្រីក​ការ​ឈ្លានពាន ខណៈ​ទាហាន​ខ្មែរ ជីក​លេណដ្ឋាន​តូចៗ​ដោយ​ប្រើប្រាស់​ចបកាប់ និង​ប៉ែល។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា ថ្លែង​ក្នុង​ឱកាស កិច្ចពិភាក្សា​តុមូល​ស្ដីពី «​សណ្ដាប់ធ្នាប់​ពិភពលោក​ក្នុង​បរិបទ​ថ្មី​» ដែល​រៀបចំឡើង​នៅ​រាជបណ្ឌិត្យសភាកម្ពុជា នា​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២៦​ថា ថៃ​នៅតែ​មាន​មហិច្ឆតា​ឈ្លានពាន​លើ​កម្ពុជា ហើយ​ប្រសិនបើ​កម្ពុជា​នៅតែ​បន្ត​ខ្សោយ ឬ​នៅតែ​បន្ត​ក្រីក្រ ដោយ​យក​ហេតុផល​ថា ទើបតែ​ផុត​ពី​សង្គ្រាម នោះ​ហានិភ័យ​នៃ​ការឈ្លានពាន​អាច​បន្ត​កើត​មាន​ឡើង​ទៀត។

លោក គិន ភា បាន​បន្ថែម​ទៀត​ថា ដើម្បី​ឱ្យ​ប្រទេសជាតិ​ខ្លាំង និង​អាច​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន​បាន កម្ពុជា​ត្រូវតែ​រៀន​ក្លាយជា​ម្ចាស់ការ​លើ​ជោគវាសនា​របស់​ខ្លួន​។ ប្រសិនបើ​កម្ពុជា​មិន​ខ្លាំង​ដោយ​ខ្លួនឯង​ទេ នោះ​ក៏​គ្មាន​អ្នកណា​មក​ជួយ​ការពារ​ទឹកដី​ឲ្យ​ដែរ។

លោក គិន ភា៖ «យើង​ធ្វើ​ម៉េច​ឲ្យ​ព្រំដែន​របស់​យើង​ទៅជា​ព្រំដែន​ដែល​មាន​ប្រជាជន​រស់នៅ ដី​ដែល​នៅ​ព្រំដែន​កុំ​តែ​ដី​របស់​ឧកញ៉ា អ្នកធំ ត្រូវតែ​ដី​ប្រជាពលរដ្ឋ យើង​ឃើញ​ហើយ​នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ នៅ​ពេល​ដែល​សៀម​ចូល​ឈ្លានពាន​ទៅ​គឺ​ប្រជាជន​ស្រុះគ្នា​ហ្មង ព្រោះ​ដី​គាត់​ផ្ទះ​គាត់​នៅ​កន្លែង​ហ្នឹង​ឲ្យ​គាត់​ទៅណា តែបើ​ដី​អ្នកធំ ដី​ឧកញ៉ា សួរ​ថា តើ​ពួក​ឧកញ៉ា​ទៅ​ការពារ​ដី​ដូច​ពួក​ប្រជាជន​នៅ​ព្រៃ​ចាន់​និង​ជោគជ័យ​ដែរ អត់​ទៅរួច​ទេ អីចឹង​ដី​ព្រំដែន​បើសិន​ថា​បាន​ហើយ គឺ​ឲ្យ​កងទ័ព​ឲ្យ​ប្រជាជន និង​អភិវឌ្ឍន៍​មែនទែន»។

អ្នកជំនាញ​ទំនាក់ទំនង​អន្តរជាតិ រូប​នេះ បន្ថែម​ថា កម្ពុជា​ត្រូវ​ទទួលស្គាល់​ការ​ពិត​ថា កម្ពុជា​ខ្សោយ​ឬក៏​ក្រីក្រ ឬ​អត់ ហើយ​មិន​គួរ​អួតអាង​ថា ខ្លាំង ឬ​មានសម្បត្តិ ខណៈ​ដែល​ការពិត​មិនមែន​ដូច្នោះ​ឡើយ​។ កម្ពុជា ត្រូវ​ធ្វើ​ទំនើបកម្ម​វិស័យ​ការពារ​ជាតិ ហើយ​ក្រសួងការពារជាតិ​ដឹង​ជាង​អ្នកណាៗ​ទាំងអស់​ថា ត្រូវធ្វើ​យ៉ាងម៉េច។

ពាក់ព័ន្ធ​នឹង​ការ​ពង្រឹង​កម្លាំងយោធា​នេះ​ដែរ មេបញ្ជាការ​ទ័ពអាកាស​ថៃ លោក ប្រាក់ផាត សនចៃឌី(Praphas Sonjaidee) បាន​អះអាង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្នុង​សង្គ្រាម​ជាមួយ​កម្ពុជា ទ័ពអាកាស​ថៃ មាន​លទ្ធភាព​គ្រប់គ្រង​ដែនអាកាស​របស់​កម្ពុជា​ទាំងស្រុង ដោយសារតែ​កម្ពុជា គ្មាន​យន្តហោះ​ចម្បាំង​ទំនើប ដូច​ប្រទេស​ថៃ សូម្បីតែ​មួយ​គ្រឿង។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ​កម្ពុជា ២៣ តុលា លោក គឹម សុខ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ដើម្បី​ទប់ទល់​ការឈ្លានពាន​របស់​ថៃ គឺ​រដ្ឋាភិបាល​របស់​ត្រកូល​ហ៊ុន ត្រូវតែ​ចូល​តុ​ចរចា​ដើម្បី​បង្រួបបង្រួម​ជាតិ។ ប្រសិន បើ​កម្ពុជា មិន​ឯកភាព​ផ្ទៃក្នុង​របស់​ខ្លួន គឺ​កម្ពុជា​មិនអាច​ទប់ទល់​និង​សត្រូវ​ឈ្លានពាន​បាន​នោះ​ទេ។

អភិបាលខេត្ត​បន្ទាយមានជ័យ​លោក អ៊ុំ រាត្រី បាន​ប្រាប់​អង្គទូត កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភ​: ឆ្នាំ​២០២៦ ថា យោធា​ថៃ​បាន​រាយ​លួស​បន្លា​ព័ទ្ធ​យក​ដី​ខ្មែរ​ក្នុង​ខេត្តបន្ទាយមានជ័យ​ចំនួន ៣​តំបន់ ដែល​មាន ២០​ទីតាំង ដោយ​ដាក់​ពង្រាយ​លួស​បន្លា និង​ទូ​កុងតឺន័រ ១០៥​ទូ ដែល​គិត​ជា​ផ្ទៃដី​សរុប ទំហំ ៧៦៣​ហិកតារ។

យ៉ាងណាក៏ដោយ ក្រុម​អ្នកឃ្លាំមើល​សង្គម​អះអាង​ថា ការ​ពង្រឹង​កម្លាំងយោធា​របស់​ថៃ នៅ​តំបន់​ព្រំដែន​កម្ពុជា​នៅ​ពេល​នេះ ហាក់​មាន​បំណង​ពង្រីក​ការឈ្លានពាន និង​កាន់កាប់​ទឹកដី​កម្ពុជា ដែល​យោធា​ថៃ​ដណ្ដើម​បានជា​អចិន្ត្រៃយ៍ ដែល​តម្រូវ​ឲ្យ​កម្ពុជា​ត្រូវធ្វើ​ធ្វើ​ទំនើប​កម្មវិស័យ​ការពារ​ជាតិ និង​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ ដើម្បី​ប្រឆាំង​នឹង​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ មក​លើ​កម្ពុជា។

ក្នុង​ពេល​សង្គ្រាម​ឈ្លានពាន​កម្ពុជា កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០២៥ កន្លងទៅ យោធា​ថៃ បាន​ប្រើប្រាស់ គ្រាប់បែក​ចង្កោម ផ្សែង​ពុល យន្តហោះ​ចម្បាំង F-16 យន្តហោះ Gripen និង​យន្តហោះ T-50 វាយប្រហារ​លើ​ប្រជាជន​ស៊ីវិល បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​ជន​ស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង​បំផ្លាញ​បំផ្លាញ​ប្រាសាទបុរាណ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ