អ្នកសារព័ត៌មាន​ជាប់​ទោស​ករណី​ព្រំដែន​ស្នើ​ឲ្យ​សាលាឧទ្ធរណ៍​ខេត្តបាត់ដំបង​ដោះលែង​ពួកគាត់

0
5
​អ្នកសារព័ត៌មាន​បាត់ដំបង​ប៉ុស្តិ៍ លោក ផន សុភាព (ឆ្វេង) និង​អ្នកសារព័ត៌មាន TSP68 TV Online លោក ភាព ភារ៉ា ។ រូប៖ បណ្ដាញសង្គម
​អ្នកសារព័ត៌មាន​បាត់ដំបង​ប៉ុស្តិ៍ លោក ផន សុភាព (ឆ្វេង) និង​អ្នកសារព័ត៌មាន TSP68 TV Online លោក ភាព ភារ៉ា ។ រូប៖ បណ្ដាញសង្គម

អ្នកសារព័ត៌មាន​ពីរ​រូប​ជាប់​ពន្ធនាគារ ដោយសារ​បង្ហោះ​រូបភាព​ថត​ជាមួយ​ទាហាន​ខ្មែរ​នៅ​តា​ព្រំដែន ស្នើ​ឲ្យ​សាលាឧទ្ធរណ៍​បាត់ដំបង​ដោះលែង​ពួកគាត់​ដោយ​ថា មិនបាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការចោទប្រកាន់​ឡើយ​។ អ្នកជំនាញ​សារព័ត៌មាន និង​សង្គម​ស៊ីវិល​សង្ឃឹម​ថា សាលាឧទ្ធរណ៍​បាត់ដំបង នឹង​ពិចារណា​ចំពោះ​សំណើ​របស់​អ្នកសារព័ត៌មាន​ទាំងពីរ និង​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​វិញ នៅ​ចុងខែ​មីនា​ខាងមុខនេះ។

ការ​ស្នើ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សាលាឧទ្ធរណ៍​បាត់ដំបង​នៅ​ថ្ងៃទី​១៣ ខែ​មីនា បាន​បើក​សវនាការ​បណ្ដឹងឧទ្ធរណ៍​របស់​អ្នកសារព័ត៌មាន​បាត់ដំបង​ប៉ុស្តិ៍ លោក ផន សុភាព និង​អ្នកសារព័ត៌មាន TSP68 TV Online លោក ភាព ភារ៉ា ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម ដែល​កាត់​ឲ្យ​ពួកគេ​មាន​ទោស​ក្នុង​ម្នាក់ៗ​រយៈពេល ១៤​ឆ្នាំ ក្រោម​បទ​ចោទ «​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ» បន្ទាប់ពី​ពួកគេ បង្ហោះ​រូបភាព​ដែល​ខ្លួន​បាន​ថត​នៅ​ប្រាសាទ​តា​ក្របី ជាប់​គ្រាប់មីន​នៅ​ចំហៀង​ខាងក្រោយ​នៅពេល​ពួកគេ​បាន​យក​ជំនួយ​មនុស្សធម៌​ទៅ​ជូន​ក្រុម​ទាហាន​ជួរមុខ។

អ្នកសារព័ត៌មាន​លោក ផន សុភាព និង​លោក ភាព ភារ៉ា ត្រូវ​បាន​សមត្ថកិច្ច ចាប់ខ្លួន ដាច់​ដោយ​ឡែក​ពី​គ្នា នៅក្នុង​ខែកក្កដា ឆ្នាំ​២០២៥ បន្ទាប់ពី​វិលត្រឡប់​ពី​រាយការណ៍​ព័ត៌មាន នៅ​ខេត្ត​ឧត្តរមានជ័យ។

ជុំវិញ​រឿង​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​លោក យិន ម៉េងលី យល់​ថា ការ​បង្ហោះ​រូបភាព​ចែក អំណោយ​របស់​អ្នកសារព័ត៌មាន​ទាំងពីរ​រូប​នេះ ក្នុង​គោលបំណង ដើម្បី​ឲ្យ​សប្បុរស ជន ឬ​ម្ចាស់​អំណោយ​បានឃើញ និង​ដឹង​ថា ពួកគេ​ពិតជា​បាន​ជូន សម្ភារៈ​ទៅដល់​ទីតាំង​យោធា​នោះ​ប្រាកដ​មែន ដោយ​មិន​មាន​ចេតនា​បង្ហោះ​រូបភាព​ឲ្យ​អ្នកណា​យក​ទៅ​ប្រើប្រាស់​នោះ​ទេ។

លោក យិន ម៉េងលី៖ «ពួកគាត់​ជា​អ្នកសារព័ត៌មាន ការ​ថតរូប​របស់​គាត់​ហ្នឹង យើង​អាច​ថា ការ​ថត​របស់​ពួកគាត់​ចេញពី​ការ​មិន​ប្រុងប្រយ័ត្ន ការ​ខ្ជីខ្ជា ដែល​គាត់​ថត​ទៅ​ឲ្យ​ជាប់​គ្រាប់មីន ហើយ​គាត់​ខ្ជីខ្ជា​មិន​បាន​ប្រុងប្រយ័ត្ន​ហើយ​បង្ហោះ​ទៅ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​សន្តិសុខ​ជាតិ​អ៊ីចឹង​ទៅ​។ អ៊ីចឹង​នេះ​ជា​បទមជ្ឈិម»។

លោក យិន ម៉េងលី ស្នើ​ឲ្យ​តុលាការ​យក​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​មក​អនុវត្ត ប៉ុន្តែ​ប្រសិនបើ​មិនបាន​យក​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​មក​អនុវត្ត​នោះ​ទេ តុលាការ​គួរ​ពិនិត្យមើល​មាត្រា ៤៧៩ នៃ​ក្រមព្រហ្មទណ្ឌ​មក​ដាក់ទោស​លើ​ពួកគេ ជាជាង​យក​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ​មក​អនុវត្ត។

លោក យិន ម៉េងលី៖ «មាត្រា ៤៧៩ ហ្នឹង បាន​និយាយ​ពី​ការ​ធ្វើ​សកម្មភាព​ថត​ខ្ជីខ្ជា​មិន​ប្រុងប្រយ័ត្ន​អ៊ីចឹង​ទៅ​។ អ៊ីចឹង​យក​មាត្រា ៤៧៩ មក​អនុវត្ត​លើ​គាត់​វិញ នៅក្នុង​វាក្យ ខណ្ឌ​ទី ២ អ៊ីចឹង​ពួកគាត់​អាច​នឹង​ត្រូវ​បាន​ធ្វើ​ការ​ដោះលែង នៅ​ថ្ងៃ​ប្រកាស​សាលដីកា​តែម្ដង ។ អ៊ីចឹង​មាន ២ ចំណុច ដែល​ខ្ញុំ​ទទូច​សុំ​ឲ្យ​តុលាការ​ពិចារណា​ឡើងវិញ​ទៅលើ ចំណុច​ទាំងអស់​ហ្នឹង»។

ស្រដៀង​គ្នា​នេះ នាយក​ប្រតិបត្តិ នៃ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់ ខេមបូចា (CamboJa) លោក ណុប វី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៣ ខែ​មីនា ថា លោក​យល់ស្រប ចំពោះ​ការ​លើកឡើង​របស់​មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នកសារព័ត៌មាន​ទាំងពីរ​ដែល​បាន​ស្នើ​ទៅកាន់​ចៅក្រម​នៅក្នុង​អង្គ​សវនាការ​ឲ្យ​ប្ដូរ​បទ​ចោទប្រកាន់ ពីព្រោះ​អ្នកសារព័ត៌មាន​ពីរ​រូប​នេះ មិន​មាន​ចេតនា​ទុច្ចរិត ដើម្បី​ប្រព្រឹត្ត​បទល្មើស ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ឲ្យ​រដ្ឋ​បរទេស​នោះ​ឡើយ។

លោក ណុប វី៖ «អ្នកសារព័ត៌មាន​ទាំង​ពីរ​រូប ដែល​បង្ហាញ​ជូន​ទៅដល់​តុលាការ នៅ​ព្រឹក​នេះ គឺ​យើង​ឃើញថា គាត់​បង្ហាញ​នូវ​អ្វី​ដែល​ជា​ភាពស្មោះត្រង់ អ្វី​ដែល​ជា​ភាព​ស្នេហា ជាតិ​របស់​ពួកគាត់​ទាំង​ពីរ​រូប ហើយ​ហ្នឹង​ការប្រើប្រាស់​នូវ​អ្វី​ដែល​ជា​សក្ដានុពល ហើយ នឹង​តួនាទី​របស់​ពួកគាត់​នៅក្នុង​ការ​ផ្ដល់​ព័ត៌មាន ដើម្បី​កុំ​ឲ្យ​មានការ​យល់​ច្រឡំ​ពី​សាធារណជន ជុំវិញ​រឿង​ទាក់ទង​ជាមួយនឹង​ការ​កាន់កាប់​តំបន់​ប្រាសាទ កាល​ពី​ពេល​ហ្នឹង។ អ៊ីចឹង​ហើយ ចេតនា​របស់​ពួកគាត់​ល្អ​ទេ បើ​មែនទែន​ទៅ អ្វី​ដែល​អ្នកសារព័ត៌មាន​គាត់​បាន​លើកឡើង»។

លោក ណុប វី ទទូច​ឲ្យ​តុលា​ការ​យក​ច្បាប់​ស្ដីពី​របប​សារព័ត៌​មាន​មក​អនុវត្ត ប្រសិនបើ​មានការ​ចោទប្រកាន់​លើ​អ្នកសារព័ត៌មាន​នៅពេល​ខាងមុខ។

លោក ណុប វី៖ «ខ្ញុំ​សង្ឃឹមថា នៅ​ថ្ងៃទី​២៦ ខែ​មីនា​នេះ តុលាការខេត្ត​បាត់ដំបង​សម្រេច​ឲ្យ​អ្នកសារព័ត៌មាន​ទាំង​ពីរ​រូប គឺ​លោក សុភាព និង លោក ភារ៉ា រស់នៅ​ក្រៅ​ពន្ធនាគារ ហើយ​ពិចារណា​សម្រេច​ឲ្យ​ពួកគាត់​មាន​សេរីភាព​ឡើងវិញ ហើយ​ទម្លាក់​ចោល​នូវ​ការចោទប្រកាន់​ទាំងឡាយ​លើ​ពួកគាត់​ទាំងពីរ​នាក់ ដើម្បី​ឲ្យ​ពួកគាត់​បាន​បន្ត​បម្រើ​វិស័យ​សារព័ត៌មាន​បន្ត​ទៀត»។

របាយការណ៍​ប្រចាំត្រីមាស របស់​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់ ខេមបូចា​ដែល​ទើប ចេញផ្សាយ​នៅ​ថ្ងៃទី​១៩​កុម្ភៈ បាន​រកឃើញ​ថា ចន្លោះ​ពី​ខែ​តុលា ដល់​ខែធ្នូ ឆ្នាំ​២០២៥ មាន​អ្នកសារព័ត៌មាន​ចំនួន​១៤​នាក់ បាន​រង​ការ​ធ្វើទុក្ខបុកម្នេញ និង​ចាប់ខ្លួន​។ ទន្ទឹម​គ្នា​នេះ​ការ​បៀតបៀន និង​បំពាន​សិទ្ធិ​អ្នកសារព័ត៌មាន​ភាគច្រើន កើតមាន​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ នៅពេល​ចុះ​រាយការណ៍​ស្ដីពី បញ្ហា​ព្រំដែន កម្ពុជា​-​ថៃ​។ ក្នុង​នោះ អ្នកសារព័ត៌មាន​ជា​ស្ត្រី​ចំនួន ៤ នាក់ ទទួលរង​ការ​គំរាមកំហែង ហើយ​បៀតបៀន​ផ្លូវភេទ ការ​ប៉ះពាល់​ដល់​រាងកាយ ការ​គំរាមកំហែង ដោយ​ពាក្យសម្ដី រួម​និង​ការ​គំរាមកំហែង ផ្នែក​ផ្លូវច្បាប់។

ក្រោយពី​បើកសវនាការ​សួរដេញដោល​ជាង ១ ម៉ោង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍​បាត់ដំបង លោក អ៊ី ឃាង សម្រេច​ប្រកាស​សាលដីកា​សំណុំរឿង អ្នកសារព័ត៌មាន​ទាំង​ពីរ​រូប នេះ នៅ​ថ្ងៃទី២៦ ខែ​មីនា ខាងមុខ​នេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ