គ្រួសារ​ជនរងគ្រោះ​ទទូច​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​ជួយ​រក​យុត្តិធម៌ ក្រោយ​អាជ្ញាធរ​ខេត្តក្រចេះ​បាញ់​យុវជន​ម្នាក់​ស្លាប់ និង​មិន​ទទួលខុសត្រូវ

0
2
មន្ត្រីនគរបាលនៃស្នងការនគរបាលខេត្ត​ក្រចេះ។ រូបបណ្ដាញសង្គម
មន្ត្រីនគរបាលនៃស្នងការនគរបាលខេត្ត​ក្រចេះ។ រូបបណ្ដាញសង្គម

គ្រួសារ​ជនរងគ្រោះ​ម្នាក់ ដែល​សមត្ថកិច្ច​ខេត្ត​ក្រចេះ បាញ់​ច្រឡំ​បណ្ដាល​ឲ្យ​ស្លាប់​ក្នុង​ពេល​ចុះ​បង្ក្រាប​គ្រឿងញៀន កាលពី​ខែកុម្ភៈ​កន្លង​ទៅ​នេះ ស្នើសុំ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​ជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់ ក្រោយពី​ប៉ូលិស ខេត្តក្រចេះ បាន​គេច​វេះ​មិន​ទទួលខុសត្រូវ​។ មន្ត្រី​សង្គម​ស៊ីវិល យល់​ឃើញ​ថា ក្នុង​រឿង​នេះ​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​ចំណុច ដូច្នេះ​អាជ្ញាធរ​ពាក់ព័ន្ធ គួរតែ​ចុះ​ស៊ើបអង្កេត​លើ​បញ្ហា​នេះ ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ។

គ្រួសារ​ជនរងគ្រោះ​ម្នាក់ នៅ​ឃុំ​សណ្ដាន់ ស្រុក​សំបូរ ខេត្តក្រចេះ ទទូច​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​ជួយ​រក​យុត្តិធម៌ បន្ទាប់ពី​កូនប្រុស​ត្រូវ​បាន​នគរ​បាល​ខេត្តក្រចេះ បាញ់​ច្រឡំ​បណ្ដាល​ឲ្យ​ស្លាប់ នៅ​នឹង​កន្លែង ហើយ​សមត្ថកិច្ច​គេចវេះ​មិន​ទទួល​ខុសត្រូវ។

ម្ដាយ​ជនរងគ្រោះ លោកស្រី ពុំ សាវុន អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១២ ខែ​មីនា​ថា កាលពី​ថ្ងៃទី​២២ ខែ​កុម្ភៈ​កន្លងទៅ សមត្ថកិច្ច​ខេត្តក្រចេះ​ជាច្រើន​នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ បាន​ចុះ​ចាប់​អ្នកប្រើប្រាស់​គ្រឿងញៀន​ម្នាក់​ឈ្មោះ ពុំ ស៊ីឌន ដែល​មាន​ផ្ទះ​នៅ​តំបន់​នោះ ប៉ុន្តែ​សមត្ថកិច្ច​មិនបាន​ចាប់​បុរស​ដែល​ប្រព្រឹត្ត​នោះ​ទេ ផ្ទុយទៅវិញ​សមត្ថកិច្ច​បាន​ដក​កាំភ្លើង​បាញ់សម្លាប់​កូន​របស់​លោកស្រី ដែល​ជា​មនុស្ស​ស្អាតស្អំ​។ លោកស្រី​បន្ថែម​ថា នៅពេល​កូន​របស់​លោកស្រី​ត្រូវ​គ្រាប់កាំភ្លើង​ភ្លាមៗ​នោះ សមត្ថកិច្ច​បាន​ដឹក​កូនលោក​ស្រី​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​កូនលោក​ស្រី​បាន​បាត់បង់​ជីវិត​ទៅ​ហើយ ក្រោម​មក​អាជ្ញាធរ​ប្រាប់​ថា ក្នុង​ខ្លួន​កូន​របស់​លោក​ស្រី​មាន​លាក់​គ្រឿងញៀន​ទៅវិញ។

លោកស្រី ពុំ សាវុន៖ «កូន​ខ្ញុំ​ទៅ​ស្រោច​ទឹក​ឲ្យ​តា ចំ​ពេល​នឹង​ឯង ហើយ​អ្នក​រត់​មុននឹង កូន​ខ្ញុំ​ដើរទៅ​មើល ហើយ​ម្នាក់​កាន់​អាយ​កូម​ថា​រត់​ទៀតហើយ ចាប់​មិន​បានទេ ហើយក៏​ថាបើ​ចាប់​មិនបាន បាញ់​ឲ្យ​ងាប់​ទៅ ហើយ​ប៉ូលិស​ដែរ​បាញ់​បាន​និយាយ​ថា គាត់​មិនបាន​ធ្វើ​ទេ គាត់​រត់​ដួល ខ្ញុំ​និយាយ​ឲ្យ​អស់ នៅពេល​ស្រាវជ្រាវ​ថា​ម៉េចៗ គឺ​និយាយ​អស់ហើយ ពេល​ដីកា​មក​ចាប់​មនុស្ស​តែ​ម្នាក់​ទេ ហេតុអ្វី​បាន​បាញ់​កូន​ខ្ញុំ​ស្លាប់​អញ្ចឹង ខ្ញុំ​បាន​ដាក់​ពាក្យបណ្ដឹង​រក​យុត្តិធម៌​ឲ្យ​កូន​ខ្ញុំ​ទៅ​មុខ​ទៀត មិនដឹង​យ៉ាងម៉េច​ទេ ចាំ​មើល​ច្បាប់​គេ​ដោះស្រាយ​ធ្វើ​ម៉េច​ទៀត​ឲ្យ​ដឹង»។

លោកស្រី ពុំ សាវុន អះអាង​ទៀត​ថា អាជ្ញាធរ​មូលដ្ឋាន និង​អ្នកភូមិ​បានដឹង​ច្បាស់​ថា កូន​របស់​លោកស្រី​មិនមែន​ជា​អ្នកប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ដូច​ការចោទប្រកាន់​ឡើយ​។ លោកស្រី​ថា បច្ចុប្បន្ន​លោកស្រី​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ប៉ុស្តិ៍​នគរបាល​មូលដ្ឋាន និង​តុលាការ​ខេត្តក្រចេះ​រួចហើយ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ​នោះ​ទេ​។ លោកស្រី​បន្ថែម​ថា ប្រសិនបើ​អាជ្ញាធរ​ថ្នាក់​ជាតិ​មិន​ជួយ​រក​យុត្តិធម៌​នោះ​ទេ ដោយ​បណ្ដោយ​ឱ្យ​នគរបាល ដែល​ប្រព្រឹត្ត​ខុសច្បាប់​រួចខ្លួន​បែបនេះ គឺជា​គំរូ​អាក្រក់​មួយ និង​ហាក់ដូចជា​លើកទឹកចិត្ត​ឱ្យ​ករណី​បែប​នេះ​កើត​ឡើង​ញឹកញាប់។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ស្នងការ​នគរបាល​ខេត្តក្រចេះ លោក ហ៊ន ប៉ូច ដើម្បី​សុំ​ការ​បកស្រាយ​បន្ថែម​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​១២ ខែមីនា។ ចំណែក ប៉ុស្តិ៍​នគរបាល​ឃុំ​សណ្ដាន់ ក៏​ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

ទោះជា​យ៉ាងណា កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ស្នងការ​នគរបាល​ខេត្តក្រចេះ​បាន​ចេញ​សេចក្ដី​បំភ្លឺ​ថា ករណីនេះ​សមត្ថកិច្ច​ខេត្តក្រចេះ​បាន​ចុះ​បង្ក្រាប មុខសញ្ញា​ក្រុម​ជួញដូរ​គ្រឿងញៀន និង​មាន​បទល្មើស​ចំនួន​១០​ដីកា ដែល​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​ចំនួន​៤​នាក់ ហើយ​នៅ​ថ្ងៃ​កើត​ហេតុ​នោះ បុរស​ឈ្មោះ ថា មករា ដែល​ជា​ជនសង្ស័យ បាន​កាន់​កាំបិតផ្គាក់​ដង​ខ្លី ក្នុង​គោលបំណង​រារាំង​សមត្ថកិច្ច ដើម្បី​ឲ្យ​បក្សពួក​របស់​ខ្លួន​រត់​គេច ទើប​អាជ្ញាធរ​ផ្ទុះអាវុធ ធ្វើ​ឲ្យ​លោក ថា មករា រង​របួស​ធ្ងន់ និង​បាត់​បង់ជីវិត​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ហើយ​សមត្ថកិច្ច​បាន​រក​ឃើញ​ម្សៅ​ពណ៌​ស​ចំនួន​៤​កញ្ចប់ ដែល​សមត្ថកិច្ច​សង្ស័យ​ថា ជា​គ្រឿងញៀន។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី ដែល​ចុះ​ស៊ើបអង្កេត​រឿង​នេះ លើកឡើង​ថា ក្នុង​ករណី​នេះ​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​ចំណុច ដូច្នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ចុះ​ស៊ើបអង្កេត​លើ​បញ្ហា​នេះ ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។ លោក​ថា ប្រសិនបើ​សមត្ថកិច្ច​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​ការពារ​ខ្លួន មិន​គួរ​បាញ់កាំភ្លើង​សំដៅចំ​កន្លែង​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ដែរ​។ លោក​បន្ថែម​ថា អាជ្ញា​ធរមាន​ជម្រើស​ផ្សេងទៀត ដើម្បី​បាញ់​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​បែបនេះ។

លោក យិន ម៉េងលី៖ «មធ្យោបាយ​សមត្ថកិច្ច​មា​ន​ច្រើនណាស់ បើសិន​សម​កិច្ច​បើ​ចង់​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន​នោះ តែ​ហេតុអ្វី​ផ្ទុះ​តែមួយ​គ្រាប់​ចេញ​ចំ​ខ្នង​ចេញទៅ​ខាងមុខ នេះ គឺជា​ចំណុច​ដែល​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់លាស់​ពី​ព្រះរាជអាជ្ញា ឬ​ពី​ក្រុម​អធិការកិច្ច​ពិសេស​ណាមួយ​ដែល​ចុះ​ពី​ក្រសួង ព្រោះ​បើ​ស្នងការ​អធិការដ្ឋាន​នគរបាល​ខេត្តក្រចេះ ធ្វើការ​ស៊ើបអង្កេត​នោះ យើង​មានការ​បារម្ភ​ថា មិន​យុត្តិធម៌ អញ្ចឹង​យើង​សូម​ឲ្យ​មានការ​ស៊ើបអង្កេត​ពិសេស​ដើម្បី​រក​យុត្តិធម៌​ក្នុង​រឿង​នេះ»។

គ្រួសារ​ជនរងគ្រោះ រៀបរាប់​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ ជនរងគ្រោះ ឈ្មោះ ថា មករា មាន​អាយុ ២៧​ឆ្នាំ បាន​ជិះ​ម៉ូតូ​ទៅ​ងូតទឹក​ឲ្យ​ជីតា​ចាស់ជរា​មិនអាច​ងើប​ពី​កន្ទេល​រួច ដែល​មាន​ផ្ទះ​ជាប់​របង​ជាមួយ​ផ្ទះ​ជនសង្ស័យ​ឈ្មោះ ពុំ ស៊ីឌន ជា​រៀងរាល់ថ្ងៃ​។ បន្ទាប់ពី​ងូតទឹក​ឲ្យ​ជីតា​រួច កូន​របស់​លោកស្រី បាន​អង្គុយ​ចុច​ទូរស័ព្ទ នៅ​ខាងក្រោយ​ផ្ទះ ដោយ​មិនដឹង​ថា មាន​សមត្ថកិច្ច​ចុះទៅ​ទីនោះ​ឡើយ ក្រោយពី​ឮ​សំឡេង​គ្រាប់កាំភ្លើង​ផ្ទុះ មីង​របស់ យុវជន​ឈ្មោះ ថា មករា បាន​ដើរទៅ​មើល​ខាងក្រោយ​ផ្ទះ ស្រាប់តែ​ឃើញ​យុវជន​រូប​នេះ​ដួល​ផ្កាប់មុខ​នៅក្នុង​ផ្លុង​ឈាម ដោយមាន​ស្នាម​គ្រាប់កាំភ្លើង​បាញ់​ពី​ខាងក្រោយ ធ្លុះ​ទៅ​ខាង​មុខ​។ គ្រួសារ​ជនរងគ្រោះ ចាក់​ទុក​ការ​បាញ់​សម្លាប់​យុវជន ថា មករា ជា​ការ​បាញ់​ច្រឡំ​មនុស្ស ទម្លាក់កំហុស​ឲ្យ​យុវជន​នោះ ថា​ជា​អ្នក​ជួញដូរ​គ្រឿងញៀន គឺ​ដើម្បី​គេចវេះ​មិន​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់។

ករណី​មន្ត្រី​សមត្ថកិច្ច​ប្រើ​អំពើ​ហិង្សា​ទាំង​បំពាន​ច្បាប់​លើ​ប្រជាពលរដ្ឋ ឬ​ចាប់​មនុស្ស​ច្រឡំ ព្រមទាំង​បាញ់​ច្រឡំ​បណ្ដាល​ឲ្យ​ពលរដ្ឋ ឬ​ជនសង្ស័យ​ស្លាប់​ក្នុង​ពេល​ចុះ​បង្ក្រាប​បទល្មើស​នានា​នៅ​តាម​មូលដ្ឋាន​នោះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា កើតមាន​ជា​ញឹកញាប់​នៅក្នុង​ប្រទេស​កម្ពុជា​។ អ្នកឃ្លាំមើល​យល់​ថា មូលហេតុ ដែល​សមត្ថកិច្ច​តែងតែ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​បែបនេះ គឺ​ដោយសារ​ពួកគេ​មិនសូវ​យល់ដឹង​ពី​ច្បាប់ និង​តែងតែ​រួចខ្លួន​ពី​សំណាញ់​ច្បាប់ ព្រមទាំង​ទំនងជា​ទម្លាប់​អាក្រក់ ដែល​បន្សល់​មកពី​រប​ប​ខ្មែរក្រហម បូករួម​ទាំង​គ្មាន​គំរូ​ល្អ ពី​ថ្នាក់ដឹកនាំ​កំពូលៗ​ថែមទៀត​ផង​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ