ពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន​ប្រ៊ីលាន​ស៊ីធី​ព្រមាន​ចេញ​តវ៉ា​ឆាប់ៗ​បើ​គ្មាន​ដំណោះស្រាយ

0
24
រូបឯកសារ៖ (កណ្ដាល) លោក ហ៊ុន ម៉ាណែត និង​អ្នកស្រី ឡេង ចាន់ណា ​អគ្គនាយិកា​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) និង​សហការី​របស់​អ្នកស្រី (ឆ្វេង) នៅ​ក្នុង​ពិធី​បញ្ចូល​សមាជិក​គណបក្សប្រជាជន នៅ​ខេត្តសៀមរាប កាល​ពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុក Oknha Leng Channa
រូបឯកសារ៖ (កណ្ដាល) លោក ហ៊ុន ម៉ាណែត និង​អ្នកស្រី ឡេង ចាន់ណា ​អគ្គនាយិកា​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) និង​សហការី​របស់​អ្នកស្រី (ឆ្វេង) នៅ​ក្នុង​ពិធី​បញ្ចូល​សមាជិក​គណបក្សប្រជាជន នៅ​ខេត្តសៀមរាប កាល​ពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុក Oknha Leng Channa

ពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន ប្រ៊ីលានស៊ីធី របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា ព្រមាន​ចេញ​តវ៉ា​ឆាប់ៗ បើ​តុលាការ និង​រដ្ឋាភិបាល នៅតែ​មិន​អើពើ​ដោះស្រាយ ជូន​ពួកគាត់។ ការព្រមាន​នេះ បន្ទាប់ពី​សំណុំរឿង​ឆបោក​ប្រាក់​ពលរដ្ឋ ប្រមាណ ៣០០ លាន​ដុល្លារ បន្ត​អូស​បន្លាយ​ដោយ​គ្មាន​ដំណោះស្រាយ បើ​ទោះបី​ជា​ពលរដ្ឋ ស្វែងរក​កិច្ច​អន្តរាយ​គម​ន៍​ពី​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ជួយ​ក៏ដោយ។

ពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន​ប្រ៊ីលាន ស៊ីធី អះអាង​ថា ប្រសិនបើ​តុលាការ​មិន​កំណត់​ពេលវេលា​ជាក់លាក់ ក្នុង​ការ​ដោះស្រាយ​សំណង​ឲ្យ​បាន​ឆាប់​នោះ​ទេ ពួកគាត់​ជា ជនរងគ្រោះ នឹង​ប្រមូល​ផ្ដុំគ្នា​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​មុខ​ផ្ទះ​នាយករដ្ឋមន្ត្រី។

តំណាង​ពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី លោកស្រី ហាក់ ណារ៉េត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៩ ខែមីនា​ថា រយៈពេល​ប្រមាណ ៣​ឆ្នាំ​ហើយ ដែល​ពួកគាត់​រង់ចាំ​ដំណោះស្រាយ​ពី​ស្ថាប័ន​តុលាការ ខណៈ​ក្រសួង​យុត្តិធម៌​បាន​ត្រឹម​ចេញ​ក្រដាស​មួយ​សន្លឹក​ឲ្យ​តុលាការ​ពន្លឿន។ លោកស្រី​បន្ត​ថា ការ​អូស បន្លាយ នេះ ធ្វើ​ឲ្យ​ពួកគាត់​រងគ្រោះ​ផ្ទួនៗ​គ្នា ដោយ​អ្នកខ្លះ​សម្លាប់​ខ្លួន ខ្លះ​បែកបាក់​គ្រួសារ កូនៗ​បោះបង់​ការសិក្សា ដោយសារ គ្រួសារ​ជាប់បំណុល​ធនាគារ​វ័ណ្ឌក។

លោកស្រី ហាក់ ណារ៉េត៖ «នៅតែ​ថា​ពន្លឿន​ពួក​ខ្ញុំ​ម៉េច​សុខចិត្ត ព្រោះ​អី​រងគ្រោះ​នេះ មិនមែន តិច​ឆ្នាំ​ទេ វា ៣ ឆ្នាំ​ហើយ ធនាគារ​ចង់​អូស​ក​ទៅ​ហើយ ទៅ​ភូមិ​ក៏​គេ​ហៅ ទៅ​ឃុំ​ក៏ គេ​ហៅ​ដីស្រែ ដែល​ឪពុកម្ដាយ​ចែក​ឲ្យ​ក៏​លក់​អស់ លុយ​ក៏​អស់​ទៀត អ៊ីចឹង​សួរ​ថា ប្រជាពលរដ្ឋ​សង្ឃឹម​អី​ទៀត បើសិនជា​អត់​មាន​ដំណោះស្រាយ​បែបនេះ គឺ​ពួក​ខ្ញុំ​អត់ អាច​នៅ​រង់ចាំ​ទៀត​ទេ ព្រោះ​ពី​វា​៣ ឆ្នាំ បើសិនជា​នៅ​រង់ចាំ គាត់​ថា គាត់​ធ្វើ​ហើយ គាត់​ពន្លឿន​ហើយ ប៉ុន្តែ​បើ​នៅតែ​ប៉ុន​នេះ​ទៀត ពួក​ខ្ញុំ​មិន​ងាប់​ហើយ»។

តំណាង​ពលរដ្ឋ​ម្នាក់ទៀត គឺ​លោកស្រី ហាប ហៀម លើកឡើង​ថា ពួកគាត់​បាន លក់​ទ្រព្យសម្បត្តិ​ដោះបំណុល​ធនាគារ និង​សង​ឯកជន ពីព្រោះ​តែ រង់ចាំ ដំណោះស្រាយ​ពី​តុលាការ ប៉ុន្តែ​ស្ថាប័ន​នេះ ចេះតែ​ពន្យារពេល ដោយ​លើក ហេតុផល​ថា ជនរងគ្រោះ​មិនទាន់​ចូល​បំភ្លឺ​នៅ​តុលាការ​។ លោកស្រី​ចាត់ទុក​ការ លើកឡើង របស់​តុលាការ​រយៈពេល​ប្រមាណ ២ ឆ្នាំនេះ បង្ហាញថា តុលាការ​ហាក់ គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​ជូន​ពួកគាត់​នោះ​ទេ។

លោកស្រី ហាប ហៀម ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១៩ ខែមីនា​ថា ជន​រង គ្រោះ​ជាង ៨​ពាន់​នាក់​អស់​ការ​អត់ធ្មត់ ទើប​គ្រោង​នាំគ្នា​ប្រមូលផ្ដុំ​តវ៉ា​ជាថ្មី​ទៀត ពីព្រោះ​ការស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​យុត្តិធម៌ និង​រដ្ឋាភិបាល​កន្លង​មក​មិន​បាន​ផល​អ្វី​សោះ។

លោកស្រី ហាប ហៀម៖ «នាំគ្នា​ធ្វើបាតុកម្ម​ចំនួន ៣​ថ្ងៃ​ហ្នឹង សុំ​ធ្វើ​ផ្ទះ​នាយករដ្ឋមន្ត្រី​តែម្ដង ពួក​ខ្ញុំ​បាន​ដាក់​ទៅ​ខាង​តុលាការ​រួចហើយ ប្រាប់​ទៅ​ខាង​តុលាការ​រួចហើយ បើ​នៅតែ​អត់​មាន​ដំណោះស្រាយ​ទៀត ពីព្រោះ​អ្វី​ដែល​ខ្ញុំ​ទាមទារ​មក វា​យូរ​ឆ្នាំ​ហើយ អត់​មាន​ដំណោះស្រាយ​អ្វី​ទាំងអស់​។ អ្វី​ដែល​តុលាការ​លើក​ឡើង​មក ជនរងគ្រោះ​ខ្ញុំ ទាំងអស់គ្នា ទទួល​បាន​ដំណឹង​ហើយ គឺ​អស់សង្ឃឹម ក្នុង​ប្រព័ន្ធ​ច្បាប់ អស់សង្ឃឹម​នឹង​តុលាការ​មែនទែន អត់​មាន​សង្ឃឹម​អ្វី​ទៅ​នឹង​តុលាការ​លើកឡើង​ទេ»។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​សុំ​ការ​អត្ថាធិប្បាយ ពី​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​សៀមរាប​លោក យិន ស្រាង ទាក់ទង​នឹង​រឿង​នេះ បាន​ទេ នៅ​ថ្ងៃទី​១៩ ខែ​មីនា។

សំណុំរឿង​រកស៊ី​ឆបោក​ដ៏​ធំ របស់​ក្រុមហ៊ុន ប្រ៊ីលានស៊ី​ធី រយៈពេល ជាង​២ ឆ្នាំ​មក​នេះ តុលាការ​បាន​ចាប់​ឃុំខ្លួន​នាយិកា​ក្រុមហ៊ុន អ្នកស្រី ឡេង ចាន់ណា និង​បក្ខពួក ប្រមាណ​១០​នាក់​ដាក់​ពន្ធ​ធនាគារ។

បន្ថែម​ពី​នេះ កាលពី​ខែ​សីហា​កន្លង​ទៅ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) សម្រេច​ព្យួរ​តំណែង​អនុប្រធាន​អង្គភាព​របស់​ខ្លួន និង​មាន​តួនាទី ជា​រដ្ឋលេខាធិការ ក្រសួង​អប់រំ គឺ​លោក ស៊ាន បូរ៉ាត់ ព្រមទាំង​ព្យួរ​តំណែង​អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ឧត្តមសេនីយ៍ ស ថាវី ដោយសារ​ជាប់​ពាក់ព័ន្ធ​ករណី​ឆបោក លុយ​រាប់​លាន​ដុល្លារ​ជាមួយ​អ្នកស្រី ឡេង ចាន់ណា ដែរ​។ លោក ស៊ាន បូរ៉ាត់ គឺជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន ម៉ាណែត ព្រោះ​លោក​គឺជា​អនុប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លោក ហ៊ុន ម៉ាណែត ជា​ប្រធាន។

អ្នកឃ្លាំមើល​លើក​ឡើង​ថា ការ​ពន្យារ​ដោះស្រាយ​របស់​តុលាការ​នេះ​ដោយសារ អ្នក​នៅ​ពី​ក្រោយខ្នង​សំណុំរឿង​ឆបោក​លុយ​ពលរដ្ឋ​ចំនួន ៣០០​លាន​ដុល្លារ គឺ ជា​អ្នក​មាន​អំណាច ទើប​តុលាការ​ដោះស្រាយ​មិន​ចេញ ខណៈ​អ្នកស្រី ឡេង ចាន់ណា កាល​នៅ​មាន​សេរីភាព​ធ្លាប់​បាន​និយាយ​ថា ការ​ចាត់ការ​ណាមួយ​លើ​ក្រុមហ៊ុន ប្រ៊ីលាន​ស៊ី​ធី របស់​អ្នកស្រី ស្មើនឹង​ប៉ះពាល់​លោក ហ៊ុន ម៉ាណែត រហូតដល់​អ្នកស្រី ហ៊ាន​ប្រកាស​ប្រាប់​សមាជិក ក្រុមហ៊ុន​ថា ប្រ៊ីលានស៊ីធី គឺជា​ក្រុមហ៊ុន​របស់​លោក ហ៊ុន ម៉ាណែត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ