ពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន គួរ​ចុះ​សួរសុខទុក្ខ​កងទ័ព​ជួរមុខ និង​ជនភៀសសឹក​ឱ្យ​ញឹកញាប់

0
37
ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន (ឆ្វេង) ពេលកំពុងសួរសុខទុក្ខ​តារាកំប្លែង​ នាយក្រិន ដែល​កំពុងព្យាបាលជំងឺ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ កាលពីថ្ងៃទី២២ មីនា ២០២៦។ រូប៖ ហ្វេសប៊ុកព្រឹទ្ធសភា
ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន (ឆ្វេង) ពេលកំពុងសួរសុខទុក្ខ​តារាកំប្លែង​ នាយក្រិន ដែល​កំពុងព្យាបាលជំងឺ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ កាលពីថ្ងៃទី២២ មីនា ២០២៦។ រូប៖ ហ្វេសប៊ុកព្រឹទ្ធសភា

ពលរដ្ឋ​និង មន្ត្រី​បក្ស​ប្រឆាំង​ថា ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន គួរតែ​ចុះ​សួរសុខទុក្ខ​កងទ័ព​រង​បួស គ្រួសារ​កងទ័ព​ពលី និង ជនភៀសសឹក រាប់ម៉ឺន​នាក់ ដែល​បាន​បាត់បង់​ដីធ្លី និង​ផ្ទះសម្បែង ឱ្យ​បាន​ញឹកញាប់ នោះ​ទើប​ជា​រឿង​ប្រសើរ។ ការ​ស្នើ​នេះ ក្រោយ​ពី​លោក ហ៊ុន សែន បាន​ទៅ​សួរសុខទុក្ខ តារា​កំប្លែង​ម្នាក់ ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​ភ្នំពេញ និង​បង្ហោះ​រូបថត​នៅ​លើ​ហ្វេសប៊ុក។​

ចាប់តាំងពី​កម្ពុជា​ត្រូវ​បាន​យោធា​ថៃ​ឈ្លានពាន​ទឹកដី និង​បង្ក​សង្គ្រាម​សម្លាប់​ពលរដ្ឋ​ខ្មែរ និង​កងទ័ព នៅ​តាម​ព្រំដែន អស់​ជាច្រើន​នាក់​មក ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន​និង​ជា​អគ្គ​ភស្តុភារ​កំពូល​នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​មិនទាន់​ចុះ​មូលដ្ឋាន​បាន​ម្ដង ដើម្បី​ជួប​សួរសុខទុក្ខ​គ្រួសារ​កងទ័ព​ពលី កងទ័ព​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ និង​ជនភៀសសឹក​នោះ​ទេ​។ ករណី​នេះ មន្ត្រី​បក្ស​ប្រឆាំង និង​ពលរដ្ឋ​រិះគន់​ថា លោក ហ៊ុន សែន ហាក់​ពុំ​បាន​អើពើ​អំពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ និង​កងទ័ព នោះ​ឡើយ។

ពល​ការិនី​ម្នាក់​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង លោកស្រី វង់ សារ៉ែម ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី ២៣ ខែមីនា ថា លោក ហ៊ុន សែន គួរតែ យកចិត្ត​ទុក្ខ​ខ្ពស់​ទៅលើ​កងទ័ព​តាម​ព្រំដែន ដោយ​ផ្ដល់​ស្បៀង និង​ផ្គត់ផ្គង់​អាវុធ​ទំនើបៗ​ដល់​កងទ័ព និង​សួរសុខទុក្ខ​ជនភៀសសឹក ដែល​កំពុង​ជួប​ការ​លំបាក។

លោកស្រី​បន្ត​ថា ការ​ដែល លោក ហ៊ុន សែន ទៅ​សួរសុខទុក្ខ​តារា​កំប្លែង ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ គឺជា​រឿង​ល្អ​ហើយ ប៉ុន្តែ​ហាក់​ធ្វើឡើង​មិន​ចំ​គោលដៅ​ជា​អាទិភាព​។ កញ្ញា រិះគន់ លោក ហ៊ុន សែន ថា ជា​មេដឹកនាំ​ដែល​តែងតែ​បង្កើត​ព្រឹត្តិការ ដើម្បី​បន្លំ​ភ្នែក​មហាជន​ថា​ខ្លួន​ជា​មេដឹកនាំ​ល្អ ហើយ តែងតែ​ខ្វល់​ពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​គ្រប់​ទីកន្លែង។

លោកស្រី វង់ សារ៉ែម៖ «យើង​ឃើញ​ហើយ បញ្ហា​នៅ​ព្រំដែន​។ បញ្ហា​ជនភៀសសឹក គឺ​គាត់​ត្រូវការ​ជំនួយ​ខ្លាំង​មែនទែន ហើយ​មាន​វិបត្តិ​ផ្លូវចិត្ត​ផង វិបត្តិ​បំណុល​ផង​។ ពួកគាត់​ត្រូវ​បាន​គេ​រឹត​អូស​ផ្ទះ ដោយសារ​ថៃ ឈ្លានពាន​ផង ប៉ុន្តែ ហ៊ុន សែន មិន​ទៅ​បំពេញ​កិច្ច​ការដែល​ត្រូវធ្វើ បែរជា​ទៅ​យក​ឧស្សាហ៍​តារា​កំប្លែង​នាយក​ក្រិន ដែល​ឃើញ​មហាជន​ចាប់អារម្មណ៍​អ៊ីចឹង​ទៅ»។

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន នៅ​ថ្ងៃទី​២២ ខែមីនា បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេសប៊ុក របស់​លោក​ដោយ​រៀបរាប់ ថា លោក​បាន​ឆ្លៀត ទៅ​សួរសុខទុក្ខ​តារា​កំប្លែង​ម្នាក់ ឈ្មោះ នាយ​ក្រិន ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ភ្នំពេញ។

ភ្ជាប់​ជាមួយ​រូបភាព​ជាង​១០​សន្លឹក លោក ហ៊ុន សែន ក៏​បាន​កោតសរសើរ​ចំពោះ​សិល្បករ សិល្បការិនី​ដែល​ចូលរួម​អាណិត នាយ​ក្រិន ពិសេស ស្រីនិច ហៅ ប្រិមប្រិយ និង​ប្អូន​របស់​នាយ​ក្រិន ដែល​បាន បោះបង់​ការងារ​ចោល ដើម្បី​មក​មើល​ថែទាំ នាយ​ក្រិន នៅក្នុង​មន្ទីរពេទ្យ​។ ទន្ទឹមគ្នា​នោះ លោក ហ៊ុន សែន ក៏​ហាក់​ខ្វល់ខ្វាយ​សម្បើម​ណាស់ បាន​ដើរ​តួនាទី​ចាត់ចែង​ឱ្យ​ស្រីនិច ដែល​ជា​ប្អូន​នាយ​ក្រិន ទៅ​ជួយ​មើលថែ​កូនៗ​នាយ​ក្រិន ទាំង​៣​នាក់ ដែល​កំពុង​រស់នៅ​ខេត្តបាត់ដំបង​ជា​បណ្ដោះអាសន្ន។

ទោះជា​បែបនេះ​ក្ដី គេ​នៅ​មិនទាន់​ឃើញ លោក ហ៊ុន សែន ទៅ​ជួប​សួរសុខទុក្ខ​ជនភៀសសឹក និង​កងទ័ព​តាម​ព្រំដែន ដែល​កំពុង ខ្វះខាត​ស្បៀង ទឹក​ប្រើប្រាស់ និង គ្រួសារ​កងទ័ព ដែល​មាន ឪពុក ឬ កូន​បាន​ពលី​នៅក្នុង​សមរភូមិ សង្គ្រាម​ជាមួយ​ថៃ​នោះ​ទេ​។ ករណីនេះ អ្នកឃ្លាំមើល​បញ្ហា​នយោបាយ​សង្គម ជំរុញ​ឱ្យ លោក ហ៊ុន សែន​គួរតែ​ចេះ​បែងចែក​ការងារ ជា​អាទិភាព និង​មាន​ប្រយោជន៍​ធំ​ដល់​ជាតិ ល្អ​ជាជាង​ផ្ដោត​លើ​កិច្ច​ការងារ​តូចតាច។

ប្រមុខ​ដឹកនាំ​ស្ថាប័ន អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន ចាត់ទុក លោក ហ៊ុន សែន ទៅ​សួរសុខទុក្ខ​តារា​កំប្លែង​នាយ​ក្រិន​គឺ​គ្មាន​ប្រយោជន៍ អ្វី​នោះ​ទេ ព្រោះ​កិច្ច​ការងារ​នេះ លោក ហ៊ុន សែន អាច​ឱ្យ​ជំនួយការ ឬ​មន្ត្រី​ថ្នាក់ក្រោម​ជួប​បាន ប្រសិនបើ​លោក ហ៊ុន សែន ពិត​ជា​មាន​ចិត្តធម៌​មែន​នោះ​។ លោក​ហាក់​មើល​មិន​ឃើញ​សោះ​ថា​នេះ ជា​អំពើ​ចិត្តធម៌ ពិត​ប្រាកដ របស់ លោក ហ៊ុន សែន ក្រៅ​តែ​ពី សកម្មភាព​នយោបាយ​ប្រជាភិថុតិ ដែល​លោក​តែង​ធ្វើ ដើម្បី​បន្លំ​ស្ថានការណ៍ ឬ​ចង់​លាក់បាំង​ភាព​កម្សោយ​នៃ​ការដឹកនាំ​របស់​រដ្ឋាភិបាល​ត្រកូល​«​ហ៊ុន»។

លោក អ៊ុំ សំអាន៖ «ត្រកូល​ហ៊ុន​នេះ​ធ្វើ​នយោបាយ​បោកប្រាស់​ប្រជាពលរដ្ឋ​អត់​យកចិត្តទុកដាក់​ចំពោះ​ទាហាន​ជួរមុខ​ហ្នឹងហើយ បាន​ធ្វើ​ឱ្យ​យើង​បាត់បង់​ទឹកដី​។ ច្បាំង​ចាញ់​ថៃ​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​ដល់​ទៅ​៥១​ទីតាំង»។

ស្រដៀង​គ្នា​នេះ មហាជន​ផ្ទុះ​ការរិះគន់​កូនប្រុស​ពៅ លោក ហ៊ុន សែន គឺ​លោក​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែល​គ្រោង រៀបចំ​កម្មវិធី​នគរ​សង្ក្រាន្ត រាំ​លេង​សប្បាយ​ដើម្បី​អបអរសាទរ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ នៅ​ជំរុំ​ភៀស​សឹក និង​នៅ​ភ្នំពេញ ខណៈ​ពលរដ្ឋ​កំពុងតែ​កើតទុក្ខ ដោយសារតែ​បាត់បង់ ផ្ទះសម្បែង និង ទឹកដី ក្រោយពី​យោធា​ថៃ​បាន​រំលោភ​យក​អស់​។ អ្នកខ្លះ​បាន លើកឡើង ថា លោក ហ៊ុន ម៉ា​នី ហាក់​មិន​ចេះ​ខ្មាស​ភាគី​ថៃ ដែល​កំពុង​កាន់កាប់​ដីធ្លី​ខ្មែរ និង​កំពុងតែ​សស្រាក់សស្រាំ ក្នុង​ការ​សាងសង់​សំណង់​រឹង ដើម្បី គ្រប់​គ្រង់​ដី​ខ្មែរ​ជា​អចិន្ត្រៃយ៍។

ត្រឡប់​មក លោក ហ៊ុន សែន វិញ បើ​ទោះ​ជា​ប្រទេសជាតិ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​មិន​ប្រាកដប្រជា​ដោយសារ​សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា និង​ពលរដ្ឋ​បាត់បង់​ផ្ទះ ដីធ្លី ដោយសារ​យោធា​ថៃ​ឈ្លានពាន​ក្តី លោក​ហាក់​ខ្វល់ តែ​ពី​រឿង​បង្ហោះ​វីដេអូ និង បទ​ចម្រៀង​រៀបរាប់ ពី​គ្រួសារ​ត្រកូល​«​ហ៊ុន​» បែប​មនោសញ្ចេតនា ស្នេហា និង​កោតសរសើរ​ពី​ការដឹកនាំ​របស់​ខ្លួន​ប៉ុណ្ណោះ​។ អ្នកឃ្លាំមើល និង​ពលរដ្ឋ​ជំ​រុញ​ឱ្យ​រដ្ឋាភិបាល គួរតែ​គិតគូរ​ពី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ មិន​គួរ​គិតតែ​ពី​រឿង​បុគ្គល និង ប្រយោជន៍​គ្រួសារនិយម​នោះ​ទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ