តុលាការ​បន្ត​ឃុំ​ខ្លួន​អ្នកសារព័ត៌មាន​អនឡាញ​លោក ហែម វណ្ណា ដែល​ផ្សាយ​រឿង​ឆបោក​អនឡាញ

0
2
លោក ហែម វណ្ណា ចាងហ្វាង​កាសែត​HVNN TV Online។ រូប៖ បណ្ដាញសង្គម
លោក ហែម វណ្ណា ចាងហ្វាង​កាសែត​HVNN TV Online។ រូប៖ បណ្ដាញសង្គម

ប្រពន្ធ​របស់​ចាងហ្វាង​ការផ្សាយ​ព័ត៌មាន​HVNN TV online ទទូច​ឲ្យ​តុលាការ​ដោះលែង​ប្ដី ដោយ​ថា ការ​បន្ត​ឃុំខ្លួន​នេះ នឹង​ប៉ះពាល់​ការសិក្សា​កូនៗ និង​ជីវភាព​គ្រួសារ​។ ការ​ទទូច​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សាលាឧទ្ធរណ៍​ខេត្ត​បាត់ដំបង តម្កល់​សេចក្ដីសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​រូប​នេះ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

ប្រពន្ធ​របស់​លោក ហែម វណ្ណា ស្នើ​ឲ្យ​តុលាការ​ដោះលែង​ប្ដី​វិញ ដោយ​ថា ការ​ឃុំខ្លួន​ប្ដី​នេះ ធ្វើ​ឲ្យ​កូន​របស់​លោកស្រី​ពីរ​នាក់​បោះបង់​ការសិក្សា ដើម្បី​ជួយ​រកលុយ​ដោះបំណុល​ធនាគារ និង​ផ្គត់ផ្គង់​ជីវភាព។

សាលាឧទ្ធរណ៍​ខេត្តបាត់ដំបង​នៅ​ថ្ងៃទី​០២ ខែមេសា​បាន​ប្រកាស​សាលដីកា ដោយ​តម្កល់​សេចក្ដីសម្រេច​របស់​ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ទុក​ជា​បាន​ការ​ដដែល ពោល​គឺ​មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​លោក ហែម វណ្ណា នៅ​ក្រៅ​ឃុំ​បណ្ដោះ អាសន្ន​តាម​ការ​ស្នើសុំ​នោះ​ទេ។

កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ សម្រេច​មិន​អនុញ្ញាត​ឲ្យ​លោក ហែម វណ្ណា នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ក្រោម​ហេតុផល​ថា សំណុំរឿង​លោក ហែម វណ្ណា ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើបអង្កេត​នៅឡើយ ហើយ​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ អាច​ធ្វើ​ឲ្យ​អ្នកសារព័ត៌មាន​អនឡាញ​រូប​នេះ ដាក់​សម្ពាធ​គាប​សង្កត់ ឬ​ត្រូវរ៉ូវ​ជាមួយ​ជន​ត្រូវ​ចោទ​ផ្សេងទៀត។

ប្រពន្ធ​របស់​លោក ហែម វណ្ណា គឺ​លោកស្រី សែម ស្រីពៅ សង្ឃឹម​ថា តុលាការ​នឹង​ដោះលែង​ប្ដី​ឲ្យ​មាន​សេរីភាព​វិញ។ លោកស្រី​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២ ខែ​មេសា ថា ការ​បន្ត​ឃុំខ្លួន​ប្ដី​បន្ត​ទៀត​នេះ ធ្វើ​ឲ្យ​លោកស្រី និង​កូនៗ ត្រូវ​ទទួលបន្ទុក​ធ្ងន់ធ្ងរ។

លោកស្រី សែម ស្រីពៅ៖ «ស្នើសុំ​ឲ្យ​តុលាការ​ជួយ​ដោះលែង​ប្ដី​ខ្ញុំ​នៅ​ក្រៅ​ឃុំ ពីព្រោះ​គ្រួសារ​ខ្ញុំ​មាន​បន្ទុក​ធ្ងន់ ខ្ញុំ​ជំពាក់​ធនាគារ​ច្រើន ហើយ​ប្ដី​ខ្ញុំ​គាត់​មាន​ជំងឺលើសឈាម និង​លើស​ជាតិ​ស្ករ រលាក​ប្លោកនោម ហើយ​ប្ដី​ខ្ញុំ​គាត់​ធ្លាប់​បក​ភ្នែក។ ឥឡូវ​ភ្នែក​គាត់​ខ្សោយ​ជាង​មុន​។ ខ្ញុំ​នៅ​រៀន​ទាំងអស់ នៅពេល​ដែល​មាន​បញ្ហា​ហ្នឹង កូន​ខ្ញុំ​ពីរ​នាក់ គាត់​បាន​ផ្អាក​រៀនសូត្រ ដើម្បី​ការងារ​ធ្វើ ដើម្បី​យក​លុយ​ដោះ​ទ័ល​នៅក្នុង​គ្រួសារ​។ កូន​ខ្ញុំ​បង​គេ គាត់​ត្រូវ​ចូលរៀន​នៅ​មហាវិទ្យាល័យ កូន​ទី​២ គាត់​រៀន​ថ្នាក់​ទី​១១​។ ខ្ញុំ​សង្ឃឹមថា តុលាការ​នឹង​មាន​ភាព​យុត្តិធម៌​ជូន​ប្ដី​ខ្ញុំ»។

លោក ហែម វណ្ណា ចាងហ្វាង​កាសែត​HVNN TV Online ត្រូវ​បាន​កង​រាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ​កុម្ភៈ ក្រោយ​បាន​រាយការណ៍​ព័ត៌មាន​តាម​អនឡាញ​ពី​ទីតាំង​អគារ​មួយ​កន្លែង​នៅក្នុង​ក្រុង​ប៉ោយប៉ែត ដែល​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​ការ​ប្រើប្រាស់​ហិង្សា​លើ​ជនជាតិ​ចិន។ នៅក្នុង​វីដេអូ​នោះ លោក​បាន​រៀបរាប់​ថា ទីតាំង​ឆបោក​អនឡាញ​នោះ ស្ថិតនៅ​ខាងក្រោយ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត ប្រមាណ ១០០​ម៉ែត្រ​ប៉ុណ្ណោះ ដោយ​ហាក់​ចង់​បញ្ជាក់​ថា បើ​វា​នៅ​ជិត​គ្នា​បែបនេះ សមត្ថកិច្ច​គួរតែ​បានដឹង​អំពី​បញ្ហា​នេះ។

ទោះជា​យ៉ាង ក្រោយ​ការផ្សាយ​នេះ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ឃាត់ខ្លួន​លោក​សួរនាំ និង​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ដោយ​តុលាការ ចោទ​ប្រកាន់​បទ​«​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ ឧក្រិដ្ឋជាអាទិ៍​» និង «​ស្តាប់​ឮ និង​ថត​ពាក្យ​សម្ងាត់​ឯកជន​» តាម​មាត្រា ៤៩៥ និង ៣០១ នៃ​ក្រមព្រហ្មទណ្ឌ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ (LICAHDO) លោក អំ សំអាត សោកស្ដាយ និង​ចាត់ទុក​ការសម្រេច​បន្ត​ឃុំខ្លួន​អ្នកសារព័ត៌មាន​លោក ហែម វណ្ណា ថា នឹង​ជះឥទ្ធិពល​មិនល្អ និង​ប៉ះពាល់​ដល់ សិទ្ធិ​និង​លំហ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា ខណៈ​លោក ហែម វណ្ណា ជា​អ្នក សារព័ត៌មាន​បំពេញវិជ្ជា​ជីវៈ និង​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ព័ត៌មាន​ផង​ដែរ។ លោក​ថា ប្រសិន​បើ​អ្នក​សារព័ត៌មាន​ផ្សាយ​មាន​កំហុសឆ្គង ត្រូវ​យក​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​មក​អនុវត្ត ដោយ​មិន​គួរ​យក​ច្បាប់ក្រម​ព្រហ្មទណ្ឌ មក​ធ្វើការ​ចាប់ខ្លួន ចោទប្រកាន់ និង​ឃុំខ្លួន​អ្នកសារព័ត៌មាន ដែល​កំពុង​បំពេញ​វិជ្ជាជីវៈ និង​ផ្សាយ ព័ត៌មាន​នោះ​ឡើយ។

លោក អំ សំអាត៖ «បញ្ហា​នេះ គឺ​វា​ជះឥទ្ធិពល​មិនល្អ និង​ប៉ះពាល់​ដល់​សិទិ្ធ និង​សេរីភាព ឬក៏​លំហ​សេរីភាព​សារព័ត៌មាន ដែល​ធ្វើ​ឲ្យ​មានការ​រឹ​ត្បិត​ទៅលើ​សេរីភាព​នៃ​សារព័ត៌មាន ដែល​វា​ផ្ទុយ​ពី​កម្ពុជា​យើង​តែងតែ​លើកឡើង​ថា របប​សារព័ត៌មាន វា​ជា​អំណាច​ទី​៤ នៅក្នុង​ប្រទេស​កម្ពុជា​។ អ៊ីចឹង​បើ​យើង​មើលទៅ​ការអនុវត្ត​ជាក់ស្ដែង​វា​មានការ​ផ្ទុយ​ស្រលះ វា​ជា​ការ​រិតត្បិត​ទៅលើ​លំហ​សេរីភាព​សារព័ត៌មាន»។

អង្គការ​សង្គម​ស៊ីវិល ចាត់ទុក​ការ​ចាប់​ឃុំខ្លួន​លោក ហែម វណ្ណា ជា​ការ​បំបិទ​សំឡេង​របស់​អ្នកសារព័ត៌មាន​បន្ថែម​ទៀត ក្រោយពី​អ្នកសារព័ត៌មាន​យ៉ាងហោចណាស់​ចំនួន​៥​នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ដោយសារ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ចាប់តាំងពី​ខែមករា​មក​។ ពួកគេ​បាន​ទាមទារ​រដ្ឋាភិបាល​គោរព និង​ការពារ​សេរីភាព​អ្នកសារព័ត៌មាន​ដើម្បី​ពួកគេ​អាច​បំពេញ​មុខងារ​វិជ្ជាជីវៈ​ដោយ​មិន​មាន​ការភ័យខ្លាច ការ​យាយី ការ​បំភិតបំភ័យ និង​ការ​ចាប់​ដាក់​ពន្ធនាគារ។

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​ចំណាត់ថ្នាក់​កម្ពុជា​លេខ ១៦១ ក្នុងចំណោម ១៨០ ប្រទេស​នៅក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០២៥​។ ចំណាត់ថ្នាក់​នេះ បង្ហាញ​ថា កម្ពុជា​គឺជា​ប្រទេស​មួយ​ក្នុងចំណោម ៤២ ផ្សេងទៀត​ដែល​សេរីភាព​សារព័ត៌មាន​កំពុង​ស្ថិត​នៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ