លោក ហ៊ុន ម៉ាណែត ព្រមាន​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ណា​ដែល​នាំចូល​ប្រេង​ពី​ប្រទេស​ថៃ

0
38
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធី​សំណេះសំណាលជាមួយគ្រួសារយោធិន ១៨រូប ដែលយោធាចាប់ខ្លួន នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ កញ្ញា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធី​សំណេះសំណាលជាមួយគ្រួសារយោធិន ១៨រូប ដែលយោធាចាប់ខ្លួន នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ កញ្ញា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ព្រមាន​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ណា​ដែល​នាំចូល​ប្រេង​ពី​ប្រទេស​ថៃ​។ ការ​ព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​សារព័ត៌មាន​ថៃ រាយការណ៍​ថា មានការ​លួច​នាំ​ប្រេង​ខុសច្បាប់​ពី​ប្រទេស​ថៃ ចូល​មក​កម្ពុជា។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី៣ ខែមេសា​នេះ បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី ក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ អគ្គនាយក​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម រួម​ទាំង លោក ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ត្រូវ​ស្រាវជ្រាវ​ឲ្យ​ឃើញ​មុខសញ្ញា​ពាក់ព័ន្ធ​ទាំងអស់ ដែល​នាំ​ប្រេង​ពី​ថៃ​ចូល​កម្ពុជា ហើយ​ត្រូវ​ចាត់វិធានការ​ច្បាប់​ឲ្យ​បាន​តឹង​បំផុត​។ លោក ហ៊ុន ម៉ាណែត សរសេរ នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ប្រសិន​ជា​មាន​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ប្រេង​ណាមួយ ត្រូវ​ដក​អាជ្ញាប័ណ្ណ​។ នាយករដ្ឋមន្ត្រី អះអាង​ដែរ​ថា បើ​ពាក់ព័ន្ធ​មន្ត្រីរាជការ ឬ​កងកម្លាំងប្រដាប់អាវុធ​កម្ពុជា ត្រូវ​បញ្ចប់​តួនាទី និង​បណ្ដេញ​ចេញពី​ក្របខណ្ឌ ជា​កំហិត មិន​ថា​បុគ្គល​នោះ​មាន​តួនាទី ឬ​ឋានន្តរស័ក្តិ​ប៉ុណ្ណា​នោះ​ទេ។

ការ​បញ្ជា​នេះ ធ្វើឡើង​បន្ទាប់ពី​បណ្ដាញ​ព័ត៌មាន ដឹ នេហ្សិន (The Nation ) របស់​ថៃ រាយការណ៍​កាលពី​ថ្ងៃទី​០២ ខែមេសា ថា នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) បាន​បើក​ការវាយប្រហារ​ខ្លាំងៗ ទៅលើ​ក្រុម​អ្នករត់ពន្ធ​ប្រេងឥន្ធនៈ​ខុសច្បាប់ ចូល​ប្រទេស​កម្ពុជា​។ លោក អានុទីន បាន​ហៅ​ពួក​អ្នក​នាំ​ប្រេងឥន្ធនៈ​ចូល​កម្ពុជា ថា​ជា «​ជន​ក្បត់ជាតិ​» និង បង្ក​ការ​គំរាមកំហែង​សន្តិសុខ​ជាតិ។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​០២ ខែមេសា លោក អានុទីន បាន​បញ្ជា​ឲ្យ​មានការ​បង្ក្រាប​ទ្រាយ​ទ្រាយ​ធំ លើ​ការ​រត់​ពន្ធ​ប្រេងឥន្ធនៈ​ខុសច្បាប់​ចូល​មក​កម្ពុជា ដោយ​ពាក់​ស្លាក​ក្រុមហ៊ុន​ដែល​គាំទ្រ​ដោយ​សាជីវកម្ម​។ ការ​បង្ក្រាប​ដ៏​ធំ​របស់​ថៃ​នេះ គឺជា​ប្រតិបត្តិ​ការ​រួម​កម្រិត​ខ្ពស់ ដែល​មាន​ការចូលរួម​ពី​នគរបាល កម្លាំង​យោធា និង​ការិយាល័យ​ប្រឆាំង​ការ​លាង​លុយកខ្វក់។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​លោក សេង វណ្ណលី ចាត់ទុក​ការ​ព្រមាន​របស់​លោក ហ៊ុន ម៉ាណែត ថា គ្រាន់តែ​ជា​នយោបាយ​ប្រជាភិថុតិ និង​ជា​ការ​សម្ដែង​សាច់ដុំ​តាម​ទម្លាប់​ចាស់ ដើម្បី​បិទបាំង​ភាព​អសកម្ម​មន្ត្រី​របស់​ខ្លួន​តែប៉ុណ្ណោះ​។ លោក​ថា កន្លងមក មុននឹង​មាន​ភាគី​ថៃ​ចេញមុខ​ទម្លាយ​រឿងរ៉ាវ​រត់ពន្ធ​នេះ រដ្ឋាភិបាល​ហាក់​ធ្វើ​មិនដឹងមិនឮ ហើយ​បណ្ដោយ​ឲ្យ​មាន​ការនាំ ប្រេង និង​ទំនិញ​ខុសច្បាប់​ចូល​កម្ពុជា យ៉ាង​អណាធិបតេយ្យ។

លោក សេង វណ្ណលី យល់​ថា ជាធម្មតា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចេញ​បញ្ជា​ឲ្យ​បង្ក្រាប​ម្ដងៗ លុះត្រា​តែ​មាន​សម្ពាធ​ពី​ខាងក្រៅ ឬ​មានការ​រិះគន់​ខ្លាំងៗ តាម​បណ្ដាញ​សង្គម ប៉ុន្តែ​ក្រោយពេល​រឿងរ៉ាវ​ស្ងប់ស្ងាត់​ទៅវិញ យុទ្ធនាការ បង្ក្រាប​ក៏​ស្ងាត់​ដែរ​។ លោក​ថា បើ​លោក ហ៊ុន ម៉ា​ណែ​ត ចង់​បង្ហាញ​ឆន្ទៈ​កែទម្រង់ កម្ចាត់​អំពើ​ល្មើស​ឲ្យ​ពិតប្រាកដ​មែន លោកនាយក​រដ្ឋមន្ត្រី​ត្រូវ​និយាយ​មែន ធ្វើ​មែន ដោយ​ត្រូវ​ហ៊ាន​ចាត់ការ​មន្ត្រី​មានអំណាច​ណា ដែល​នៅ​ពីក្រោយ​ក្រុមហ៊ុន​រត់ពន្ធ ទាំងនោះ ឲ្យ​ឃើញជាក់ស្ដែង​ចាប់ពី​ថ្ងៃនេះ​ទៅ។

អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី។ រូប៖ ហ្វេសប៊ុកលោក សេង វណ្ណលី

លោក សេង វណ្ណលី៖ «​ខ្ញុំ​ឆ្ងល់​ហេតុអ្វី​បានជា​រដ្ឋាភិបាល ទើបតែ​ភ្ញាក់ខ្លួន​បញ្ជា​ឲ្យ​ស្រាវជ្រាវ នៅ​ពេល​ដែល​ថៃ​គេ​ចុះផ្សាយ​ពេល​ស្រុក​គេ​ទៅ​ហើយ​។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញថា បើ​គ្មាន​ការរិះគន់​ពី​ក្រៅ​ទេ ម្ហេះ​មន្ត្រី​ពុករលួយ ក្រុមហ៊ុន​កាង​ទាំងនោះ ប្រហែល​នៅតែ​បន្ត​ជញ្ជក់​ឈាម​រដ្ឋ​ដោយ​សេរី​។ ខ្ញុំ​គិតថា សកម្មភាព​ជាក់ស្ដែង សំខាន់​ជាង​ពាក្យសម្ដី ហើយ​បើ​លោក ហ៊ុន ម៉ា​ណែ​ត​ពិតជា​ចង់​កែទម្រង់​មែន​ត្រូវ ចាប់ផ្ដើម​វះកាត់​សាច់​ស្អុយ ដែល​ជា​មន្ត្រី​ធំៗ​នៅ​ជុំវិញ​ខ្លួន​លោក និង​គណបក្ស​ជា មុន​សិន កុំ​បង្ហាញ​តែ​ការ​​​​​បង្ក្រាប​នៅ​​​​​​លើ​អ្នក​ដឹកជញ្ជូន​តូចតាច ដើម្បី​ធ្វើជា​ឆាក ល្ខោន នយោបាយ​ប្រជាភិថុតិ ឲ្យ​ប្រជាពលរដ្ឋ​មើលទៅ​ហាក់ដូចជា​ស្មោះត្រង់ ព្រោះថា សាធារណជន​មើលទៅ​លែង​ជឿ​លើ​ពាក្យសម្ដី ដែល​និយាយ​ឲ្យ​រួចពីមាត់ មួយ​ឆាវៗ​ទៀតហើយ»។

ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៣១ ខែមីនា​ថា ប្រេងសាំង​ធម្មតា មានតម្លៃ ៥៤៥០​រៀល​ក្នុង​មួយ​លីត្រ ហើយ​ប្រេងម៉ាស៊ូត ថ្លៃ ៧៥០០​រៀល ក្នុង​មួយ​លីត្រ ហើយ​តម្លៃ​នេះ អនុវត្ត​ចាប់ពី​ថ្ងៃទី​០១ ខែ​មេសា រហូតដល់​ថ្ងៃ​ជូនដំណឹង​ជាថ្មី។

អ្នកឃ្លាំមើល​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គ្មាន​ទាំង​សមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​ការ​រត់ពន្ធ​ប្រេង​ខុសច្បាប់​ពី​ប្រទេសជិតខាង និង គ្មាន​ទាំង​សមត្ថភាព​ក្នុង​ការ​រក​ប្រភព​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ទើប​មាន​កំណើន​ចរន្ត​នាំ​ប្រេងឥន្ធនៈ ខុសច្បាប់​ចូល​កម្ពុជា​កាន់តែ​ច្រើន នៅពេល​កម្ពុជា​ខ្វះ​លទ្ធភាព​ផ្គត់ផ្គង់​ប្រេង​។ ពួកគាត់​ថា ប្រឈម​នឹង​ការ​ខ្វះ​ប្រេងឥន្ធនៈ​ដូច​សព្វថ្ងៃ វិធានការ​របស់​​​លោក ហ៊ុន ម៉ាណែត អាច​ជា​ល្ខោន​សម្ដែង​ឱ្យ​តែ​ល្អមើល ដោយ​មាត់​និយាយ​ថា ទប់ស្កាត់​ឲ្យ​តឹងរ៉ឹង តែ​នៅ​ពីក្រោយ​ខ្នង បែរជា​បើកដៃ​ឱ្យ​បក្ខ​ពួក​ខ្លួន ដែល​មាន​អំណាច បើក​ព្រំដែន​នាំ​ប្រេង​ខុសច្បាប់​ចូល​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ