

នៅក្នុងសវនាការថ្ងៃទី២ លើសំណុំរឿងរបស់ខ្លួន ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានស្នើសុំឲ្យតុលាការសម្រេចលើកលែងការចោទប្រកាន់ទាំងអស់លើរូបលោក ដើម្បីបង្ហាញពីការរួបរួម សាមគ្គីជាតិ ព្រោះលោក មិនមានចេតនាគប់គិតជាមួយរដ្ឋបរទេសដើម្បីផ្តួលរលំរដ្ឋាភិបាលដូចការចោទប្រកាន់នោះឡើយ។ ចំណែកសហមេធាវីការពារក្តីលោក កឹម សុខា ក៏បានធ្វើសេចក្តីសន្និដ្ឋាន បដិសេធទាំងស្រុងទៅលើអង្គហេតុនៃសាលក្រមរបស់សាលាដំបូង។ រីឯសាលាឧទ្ធរណ៍បានសម្រេចថា សាលក្រមលើសំណុំរឿងនេះ នឹងប្រកាសនៅពេលក្រោយតាមរយៈការជូនដំណឹងជាលាយលក្ខណ៍អក្សរ។
ថ្លែងនៅក្នុងបន្ទប់សវនាការទាំងអួលដើមករ និងស្រក់ទឹកភ្នែកនៅមុខក្រុមប្រឹក្សាជំនុំជម្រះ ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានលើកឡើងថា លោកស្នើសូមឲ្យតុលាការសម្រេចឲ្យគាត់រួចការចោទប្រកាន់ទាំងអស់ ព្រោះគាត់ មិនមានចេតនាគប់គិតជាមួយបរទេសដើម្បីផ្តួលរលំរដ្ឋាភិបាលដូចការចោទប្រកាន់នោះទេ។ លោកថា ការលើកលែងចោទប្រកាន់ដល់គាត់ឲ្យរួចផុតពីបទចោទនេះ គឺបង្ហាញពីការសាមគ្គីជាតិ ការរួបរួមជាតិ និងបង្ហាញបរទេសឲ្យឃើញថាខ្មែរចេះដោះស្រាយជម្លោះជាមួយគ្នា។
លោក កឹម សុខា បានបន្ថែមទៀតថា ការតម្កល់សាលក្រមនេះ គឺមិនត្រឹមតែអយុត្តិធម៌ សម្រាប់រូបលោកនោះទេ គឺអយុត្តិធម៌ ដល់ប្រទេសជាតិទាំងមូល ហើយក៏ធ្វើឲ្យការទំនាក់ទំនងមិនល្អជាមួយរដ្ឋបរទេសឬក៏ប្រទេសដែល រងនូវការចោទប្រកាន់ដែលថាគាត់ត្រូវរ៉ូវផងដែរ។ លោកថា ដើម្បីប្រយោជន៍ជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាត្រូវមានទំនាក់ទំនងល្អជាមួយបរទេសទាំងអស់ដែលគេបានជួយកម្ពុជាកន្លងមក។
ទាក់ទងទៅនឹងសំណុំរឿងនេះ សហមេធាវីការពារក្តីលោក កឹម សុខា គឺលោក ផែង ហេង បញ្ជាក់ប្រាប់អ្នកកាសែតនៅក្រៅសវនាការ ថា មេធាវីបានបដិសេធទាំងស្រុងទៅលើអង្គហេតុនៃសាលក្រមរបស់សាលាដំបូងដោយលើកហេតុផលថា លោក កឹម សុខា គ្មានជាប់ពាក់ព័ន្ធនឹងសកម្មភាព ឬចេតនាប្រព្រឹត្តិបទល្មើស «សន្ទិដ្ឋិភាពជាមួយបរទេស» នោះឡើយ។
លោក ផែង ហេង បានបន្តទៀតថា តំណាងអយ្យការនិងមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ដែលយកសម្តីរបស់លោក កឹម សុខា មកសន្មតថា សម្ដីនិយាយទាំងអស់ បង្ហាញថា គាត់ត្រូវរ៉ូវ ហើយយកការសន្មតមកប្រើ គឺមិនអាចយកជាការបានោះទេ ពីព្រោះមិនមានភស្តុតាងយកមកបង្ហាញ។
លោក ផែង ហេង៖ «ដើម្បីថ្លែងប្រាប់ទៅតុលាការថា គាត់អត់មានប្រព្រឹត្តដូចការចោទប្រកាន់ទេ ហើយនៅក្នុងគោលការណ៍ច្បាប់ធាតុចេតនាសំខាន់ ព្រោះនៅក្នុងបទល្មើសហ្នឹង ហើយឯកឧត្តម កឹម សុខា គាត់នឹងបង្ហាញថា គាត់គ្មានចេតនាសូម្បីតែនឹកឃើញដូច្នេះគ្មានចេតនាឧក្រិដ្ឋទេ ក្នុងគោលការណ៍ច្បាប់បើសិនជាអត់មានចេតនា រកមិនឃើញចេតនាឧក្រិដ្ឋគឺគ្មានទោសទេ»។
ទាក់ទងទៅនឹងបញ្ហានេះមន្ត្រីអង្កេតជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ដែលចូលរួមតាមដានសវនាការនេះ បានថ្លែងឲ្យដឹងថា តាមការកត់សម្គាល់របស់លោក នៅក្នុងសវនាការ ព្រះរាជអាជ្ញា ក៏ដូចជាមេធាវីដើមចោទ ភស្តុតាងភាគច្រើនយកពីសាលក្រមរបស់សាលាដំបូង យកមកជជែកដោយគ្មានភស្តុតាងថ្មី ដូច្នេះ ការសន្និដ្ឋានចុងក្រោយ របស់មេធាវីការពារឲ្យចុងចោទ គឺសូមបដិសេធសាលក្រមរបស់សាលាដំបូងចោល ដោយសារតែការចោទប្រកាន់ពុំមានភស្តុតាងជាក់ស្តែងពិតប្រាកដទេ។
លោក យី សុខសាន្ត៖ «មកដល់ម៉ោងនេះគាត់ក៏អត់ដឹងថា បរទេសមួយណា អង្គការណាអ្នកផ្តល់ជំនួយ បុគ្គលបរទេសណាមកបង្រៀនមកអីគឺអត់មានទេ ចំណុចត្រង់ហ្នឹងហើយដែលធ្វើឲ្យការសន្និដ្ឋានរបស់មេធាវីការពារលោក កឹម សុខា បានបដិសេធសាលក្រមទាំងមូលចោល»។
លោក យី សុខសាន្ត បន្ថែមទៀតថា បន្ទាប់ពីសវនាការពេញមួយថ្ងៃនៅថ្ងៃនេះ ក្រោយភាគីទាំងអស់បានធ្វើសេចក្តីសន្និដ្ឋានរៀងៗខ្លួន តុលាការសម្រេចថា សាលក្រមលើសំណុំរឿងនេះ នឹងប្រកាសនៅពេលក្រោយតាមរយៈការជូនដំណឹងជាលាយលក្ខណ៍អក្សរ។
ទាក់ទងទៅនឹងបញ្ហានេះអ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ករណីលោក កឹម សុខា ប្រសិនបើបារាំងប្រើឥទ្ធិពលរបស់ខ្លួនក្នុងការដាក់សម្ពាពទៅលើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គឺអាចនឹងមានការបន្ធូរបន្ថយខ្លះ គឺលោក កឹម សុខា អាចមានស្ថានភាពល្អប្រសើរ។ គាត់អាចដើរហើរធ្វើបុណ្យទានបាន ប៉ុន្តែជីវិតធ្វើនយោបាយឡើងវិញរបស់គាត់នៅមើលមិនទាន់ច្បាស់នៅឡើយនោះទេ។
លោក គឹម សុខ៖ «បើបារាំងប្រើឥទ្ធិពលរបស់ខ្លួនដាក់លក្ខខណ្ឌឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវតែបន្ធូរករណីលោក កឹម សុខា បើមិនដូច្នោះទេបារាំងនឹងលុបចោលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជាដែលគ្រោងធ្វើនៅខែវិច្ឆិកាខាងមុខហ្នឹង នោះអាចនោះអាចមានលទ្ធផលវិជ្ជមានគួរសមដែរ»។
នៅក្នុងសំណុំរឿងលោក កឹម សុខា គិតចាប់តាំងពីឆ្នាំ២០២៤មក សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការលើបណ្តឹងប្រឆាំងនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញលើសំណុំរឿងលោក កឹម សុខា ចំនួនជាង១០លើករួចមកហើយតែចូលដល់ដំណាក់កាលនៃការធ្វើសេចក្តីសន្និដ្ឋាន សវនាការក៏ត្រូវបានលើកពេល ៣លើក ដោយមិនបានបញ្ជាក់ពីហេតុផលច្បាស់លាស់នោះឡើយ។ ការពន្យារពេលលើកទីមួយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ ការពន្យារពេលលើកទីពីរនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ និងការពន្យារពេលលើកទីបីនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។
កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៣ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមកាត់ទោសលោកកឹម សុខា ដាក់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដោយត្រូវឃុំខ្លួននៅក្នុងផ្ទះ ព្រមទាំងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាស្ថាពរទៀតផង។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ដំណោះស្រាយដ៏ល្អបំផុតសម្រាប់ស្ថិរភាពយូរអង្វែងរបស់កម្ពុជា គឺ រដ្ឋាភិបាលកម្ពុជា ត្រូវទម្លាក់ចោលសំណុំរឿងលោក កឹម សុខា ដើម្បីបោះជំហានឆ្ពោះទៅរកការផ្សះផ្សាជាតិពិតប្រាកដ ការផ្តល់សេរីភាពពេញលេញដល់លោក កឹម សុខា និងសកម្មជនដទៃទៀត នឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការកសាងទំនុកចិត្តជាមួយពលរដ្ឋ និងសហគមន៍អន្តរជាតិ៕









